ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

តើរដ្ឋាភិបាលកុងហ្គោ មានអ្វីលាក់លៀម នៅពីក្រោយឃាតកម្ម មន្ត្រីរបស់UNទាំង២នាក់?

តើរដ្ឋាភិបាលកុងហ្គោ មានអ្វីលាក់លៀម នៅពីក្រោយឃាតកម្ម មន្ត្រីរបស់UNទាំង២នាក់?
 
អ្នកនាង​Zaida Catalan នឹិងលោក Michael Sharp ដែលគេ​សម្លាប់​​នៅ​តំបន់ Kasaï សាធារណៈរដ្ឋ​​ប្រជាធិបតេយ្យ​​កុងហ្គោ ថ្ងៃទី​​១២ មីនា​ ២០១៧។ DR

លោក ម៉ៃឃើល ហ្សាប អាយុ៣៤ឆ្នាំ និងអ្នកស្រី ហ្សៃដា កាតាឡាន អាយុ៣៦ឆ្នាំ​ ត្រូវបានគេសម្លាប់កាលពីថ្ងៃទី១២ មីនា ឆ្នាំ២០១៧ នៅឯតំបន់កាសៃ ភាគកណ្តាលសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ អ្នកទាំង២ គឺជាមន្ត្រីរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើបេសកកម្មស្រាវជ្រាវ អំពីករណីផ្ទុះអំពើហិង្សា សម្លាប់រង្គាលនៅតំបន់នោះ រវាងកងទ័ពសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមជនឧទ្ទាមកាំអ៊ុយណា អ្សាពូ។ នគរបាលអង្គការសហប្រជាជាតិ បានព្យាយាមស្រាវជ្រាវការពិត ជុំវិញអំពើឃាតុកម្មនេះ តែការស៊ើបអង្កេត បានពើបប្រទះនឹងឧបសគ្គជាច្រើន​​ ដែលបង្កឡើង ដោយអាជ្ញាធរនៃសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។

នៅថ្ងៃពុធទី២៨វិច្ឆិកា ២០១៨ ឯកសារជាច្រើនពាន់​ទំព័ររបស់អង្គការសហប្រជាជាតិ ត្រូវបានទំលាយ ដែលក្នុងនោះ ភ្នាក់ងារស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ បានលើកឡើង ពីចេនារារាំងការស៊ើបអង្កេតដោយឯករាជ្យ និងថាការពិត គឺរដ្ឋាភិបាល​សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យកុងហ្គោ បានរៀបចំឆាកល្ខោននេះ គ្រប់ឈុតទាំងអស់។

Congo Files

សម្រាប់អង្គការសហប្រជាតិ អំពើឃាតកម្មលើ មន្ត្រី​អ្នកជំនាញខ្លួន២នាក់ ដែលបំពេញបេសកកម្ម ស្រាវជ្រាវការពិត នៅតំបន់កាសៃ ភាគកណ្តាលសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺជារឿងមួយធ្ងន់ធ្ងរណាស់។ ក្រោយហេតុការណ៍នៅថ្ងៃទី១២មីនា​ឆ្នាំ២០១៧ ក្រុមអ្នកកាសែត របស់វិទ្យុបារាំងអន្តរជាតិ RFI កាសែត Le Monde កាសែត ​Foreign Policy កាសែត Süddeutsche Zeitung និងទូរទស្សន៍ស៊ុយអែត បានសហការគ្នា ដើម្បីតាមដានស្រាវជ្រាវករណីនេះ។ ក្រុមអ្នកកាសែត ទើបតែបានទំនាយចេញនូវ ឯកសារសំងាត់ជាច្រើនរយទំព័រ ដែលជាឯកសារ​របស់អ្នកអង្កេតការណ៍ នៃ​អង្គការសហប្រជាជាតិ ដែលបានព្យាយាមតាមដានវែកមុខ ជនដៃដល់ពិតប្រាកដ។

លោក ម៉ៃឃើល ហ្សាប អាយុ៣៤ឆ្នាំ ជាជ​នជាតិអាមេរិកកាំង និងអ្នកស្រី ហ្សៃដា កាតាឡាន អាយុ៣៦ឆ្នាំជាជនជាតិស៊ុយអែដ ដើមកំណើតឈីលី។ អ្នកទាំង២ ត្រូវបានអង្គការសហប្រជាជាតិបញ្ជូន ឲ្យស៊ើបអង្កេត នៅតំបន់កាសៃ កាលពីពាក់កណ្តាលឆ្នាំ២០១៦ ដើម្បីស្រាវជ្រាវពីករណីអំពើហិង្សា​សម្លាប់រង្គាល រវាងកងទ័ពប្រជាធិបតេយ្យកុងហ្គោ និងក្រុបឧទ្ទាមបះបោរ ដែលមានឈ្មោះថា កាំអ៊ុយណា អ្សាពូ (Kamuina Nsapu)។

៧ខែគត់ បន្ទាប់ពីបានទៅដល់តំបន់កាសៃ មន្ត្រីអង្គការសហប្រជាជាតិទាំង២ ត្រូវបានគេសម្លាប់ នៅថ្ងៃទី​១២មីនា ឆ្នាំ២០១៧។ ភាពស្រពេចស្រពិល ជុំវិញឃាតកម្ម និងជនសង្ស័យដែល​ពាក់ព័ន្ធនឹងអំពើនេះ បានធ្វើឲ្យ​ក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ឈឺក្បាលយ៉ាងខ្លាំង។ ភ្លាមៗក្រោយឃាតកម្ម​ នគរបាលអង្គការសហប្រជាជាតិ បានចាប់ផ្តើមស៊ើបអង្កេត បើទោះបីជាលក្ខខណ្ឌការងារនៅតំបន់កាសៃមានការលំបាកយ៉ាងណាក៏ដោយ។

នៅក្នុងរបាយការណ៍ផ្ទៃក្នុង របស់មន្ត្រីអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការងារស៊ើបអង្កេត ហាក់ដូចជាត្រូវបានអាជ្ញាធរកុងហ្គោធ្វើគ្រប់យ៉ាង ដើម្បីរារាំង បង្កការលំបាក។ បន្ទាប់ពីបានអះអាងថា អ្នកជំនាញទាំង២​ នៅរស់នៅឡើយ ក្រុមសមត្ថកិច្ចកុងហ្គោ បានបង្កភាពយឺតយ៉ាវ ដល់ក្រុមការងារស៊ើបអង្កេត ក្នុងការធ្វើដំណើរ ឬក៏ស៊ើបសួរព័ត៌មាន។ របាយការណ៍បន្តថា លក្ខខណ្ឌការងារ មានការលំបាកបំផុត គ្មានសេវ៉ាអ៊ីនធឹណិត គ្មានទឹកប្រើប្រាស់ ហើយមានរថយន្តតែមួយគ្រឿងគត់ ដែលអាជ្ញាធរកុងហ្កោបានដាក់ឲ្យប្រើប្រាស់។ របាយការណ៍ផ្ទៃក្នុងកត់សំគាល់បន្ថែមថា គឺមន្ត្រីរបស់ទីភ្នាក់ងារចារកិច្ចកុងហ្គោតែម្តង ដែលបានបញ្ចេញអាកប្បកិរិយា រឹងទទឹង រារាំងដំណើរការទៅមុខនៃការស៊ើបអង្កេត។

វីដេអូ ថតបានសកម្មភាពសម្លាប់

ស្រាប់តែនៅថ្ងៃទី២៤ មេសា ២០១៧ វិទ្យុនិងទូរទស្សន៍ជាតិកុងហ្គោ ដែលមានទីតាំងនៅក្នុង ក្រសួងព័ត៌មានកុងហ្គោ បានហៅមន្ត្រីអង្គការសហប្រជាជាតិឲ្យទៅជួប ដើម្បីបង្ហាញវីដេអូមួយ។ គឺវីដេអូ ដែលគេថតបានក្នុងពេលដែលក្រុមឃាតករ បានសម្លាប់មន្ត្រីអង្គការសហប្រជាជាតិទាំង២រូប ព្រមជាមួយអ្នកបើកឡាន និងអ្នកបកប្រែសរុប៣នាក់ទៀត។ សម្រាប់អាជ្ញាធរកុងហ្គោ គឺវាប្រាកដណាស់ ដែលថា ឃាតករ គឺជាក្រុមឧទ្ទាមកាំអ៊ុយណា អ្សាពូ។ អាជ្ញាធរកុងហ្គោ លើកឡើងថា ក្នុងវីដេអូ លោកស្រី ហ្សៃដា កាតាឡាន ត្រូវគេសម្លាប់កាត់ក្បាល ដែលនេះគឺជាទំនៀបទំលាប់ដ៏ព្រៃផ្សៃ របស់ពួកឧទ្ទាមជនជាតិភាគតិចនេះ។

ជនម្នាក់ឈ្មោះ Jean Bosco Mukanda បានក្លាយជាអ្នកនាំផ្លូវ ជួយក្នុងការស៊ើបអង្កេត។ ក៏បន្តែបន្តិចម្តងៗ មន្ត្រី​អង្គការសហប្រជាជាតិបានកត់សម្គាល់ថា ជននេះដឹងរឿងច្រើន យ៉ាងចម្លែក និងមិនគួរឲ្យទុកចិត្តទាល់តែសោះ។ ក្រៅពីអះអាង ថាខ្លួន បានឃើញមនុស្សប្រុសម្នាក់ កាន់ក្បាលរបស់ជនរងគ្រោះ បន្ទាប់ពីសម្លាប់ហើយ ជននេះក៏បានបានអះអាងប្រាប់នគរបាលអង្គការសហប្រជាជាតិថា ខ្លួនស្គាល់មុខឃាតករដែលនៅក្នុងវីដេអូទៀតផង។ ស្រាប់តែនៅថ្ងៃទី២៥មីនា ជននេះបានប្រាប់មន្ត្រីអង្គការសហប្រជាជាតិ ថាខ្លួនបាននាំនគរបាលកុងហ្គោ ឲ្យទៅចាប់ឃាតករបានហើយ។ ឃាតករនោះ ឈ្មោះ Eva Ilunga អាយុ២០ឆ្នាំ។

បន្ទាប់ពីបានដឹងរឿងនេះ មន្ត្រីនគរបាលអង្គការសហប្រជាជាតិ បានសង្ស័យថា ខ្លួនកំពុងចាញ់បោកនរណាម្នាក់ ក្នុងការស៊ើបអង្កេតនេះ ព្រោះខ្លួនមិនអាចមានជួប និងសួរចម្លើយជនសង្ស័យណាទាំងអស់។ ពោល​គឺ គឺអ្វីៗត្រូវឆ្លងកាត់ជនទី៣ និងអាជ្ញាធរកុងហ្គោ។ ជាងនេះទៅទៀត ឆ្លងកាត់ការត្រួតពិនិត្យ មន្ត្រីអង្គការសហប្រជាជាតិបានសង្ស័យថា គឺជនឈ្មោះ Jean Bosco Mukanda នេះតែម្តង ដែលជាអ្នកថតវីដេអូ ឃាតកម្មនេះ។ ជននេះ​ មិនមែនត្រឹមតែជាអ្នកឃើញហេតុការណ៍ទេ តែជាអ្នកចូលរួម ក្នុងសកម្មភាពនេះទៀតផង។ ហើយគឺជននេះទៀត​ ដែលបាននាំទៅដល់កន្លែងកប់សាកសពជនរងគ្រោះទាំង២នាក់។

អាជ្ញាធរកុងហ្គោ គ្មានចិត្តចង់ស្រាវជ្រាវរកការពិត

លោក មេបញ្ជាការ Abdounasir Awale ដែលដឹកនាំក្រុមបេសកកម្មស៊ើបអង្កេត របស់នគរបាល​អង្គការសហប្រជាជាតិ បានចាប់ផ្តើមបើកការស៊ើបអង្កេត ដោយផ្តោតការសង្ស័យថា កងទ័ពនិងរដ្ឋាភិបាលសាធារណៈរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ អាចនឹងមានអ្វីលាក់បាំង ជាក់ជាមិនខាន។ ការស្រាវជ្រាវ ដែលមានកត់ត្រាក្នុងសំណុំឯកសារ ដែលទើបតែទំលាយចេញជាសាធារណៈនាពេលនេះ បានបង្ហាញថា នៅមុនឃាតកម្ម មានជន៣នាក់ ដែលជាអ្នកនាំផ្លូវ និងផ្តល់ព័ត៌មាន ដល់មន្ត្រីអង្គការសហប្រជាជាតិទាំង២នាក់ ដែលត្រូវគេសម្លាប់។ ជនបីនាក់នោះ មានលក្ខណៈគួរឲ្យសង្ស័យបំផុត។ ជនទាំងនោះ មានទំនាក់ទំនងយ៉ាងស្អិត ជាមួយ ភ្នាក់ងារចារកិច្ចរបស់កុងហ្គោ។ បើតាមការស្មាន គឺជនរងគ្រោះបានជាប់អន្ទាក់របស់គេ ត្រូវគេបោកយកទៅសម្លាប់។

ជាច្រើនខែកន្លងផុតទៅ ក្រុមស៊ើបអង្កេតបានកត់សំគាល់ថា អាជ្ញាធរកុងហ្គោ គ្មានចេតនា ស្រាវជ្រាវការពិតទាល់តែសោះ។​ គឺគេហាក់ដូចជាបង្ខំ ឲ្យមតិមហាជនជឿលើវីដេអូ ដែលគេថតបាន ព្រមទាំងឃាតករ ដែលគេចាប់បាន។ នេះមានន័យយ៉ាងច្បាស់ថា ថាកងទ័ពកុងហ្កោ មានអ្វីលាក់លៀម។ ឬមួយក៏កងទ័ពកុងហ្គោខ្លួនឯង ដែលជាអ្នករៀបចំឆាកល្ខោន សម្លាប់មន្ត្រីទាំង២នាក់របស់អង្គការសហប្រជាជាតិ ហើយ ធ្វើវីដេអូនេះឡើង ដើម្បីទំលាក់បន្ទុកទៅលើក្រុមឧទ្ទាម?

អាជ្ញាធរកុងហ្គោ បានសម្រេចបិទសំណុំរឿងនេះ នៅថ្ងៃទី១៨ ឧសភា ២០១៧។ ថ្ងៃទី២២ ឧសភា លោក Maman Sidikou ប្រធានាបេសកកម្មអង្គការសហប្រជាជាតិ ប្រចាំកុងហ្គោ Manusco បានផ្ញើរអ៊ីមែលមួយ ទៅកាន់ថ្នាក់លើ នៅក្រុងហ្សឺណែវ និងញូយ៉កថា លោកបារម្ភណាស់ ព្រោះលោកជឿថា ការស៊ើបអង្កេតនេះ មិនទាន់អាចឆ្លុះបញ្ចាំងនូវការពិត និងយុត្តិធម៌ ដែលអាចទទួលបានទេ។

ជាមួយនឹងរឿងរ៉ាវទាំងអស់នេះ គេសង្កេតឃើញថា អង្គការសហប្រជាជាតិ ហាក់ដូចជាស្ងាត់ស្ងៀម មិនមានជូនដំណឹងអ្វីទាំងអស់។ តើឯកសារដែលទើបតែទំលាយជាសាធារណៈ ដោយក្រុមអ្នកកាសែតនេះ អាចនឹងបង្ខំ ឲ្យអង្គការសហប្រជាជាតិ ចាត់វិធានការណាមួយបានទេ ដើម្បីស្វែងរកការពិត? ស្ថាប័នរបស់អង្គការសហប្រជាជាតិ កំពុងស្ថិតនៅក្នុងចន្លោះ នៃការស្ទាក់ស្ទើរ រវាងការស្វែងរកយុត្តិធម៌ ស្វែងរកការពិតជាក់ស្តែង និង ការធ្មេចភ្នែកទ្រាំទទួលខ្លះ ដើម្បីចៀសវាងវិបត្តិការទូត ជាមួយនឹងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បើមានការថ្នាំងថ្នាក់ណាមួយ ជាមួយអង្គការសហប្រជាជាតិ ប្រទេសនេះ អាចនឹងបណ្តេញ​ក្រុមបេសកកម្មពិសេស របស់អង្គការសហប្រជាជាតិ ចេញពីប្រទេសគេបានគ្រប់ពេលវេលា។

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ