អានតួអត្ថបទ

ភេរវកម្ម​វាយ​ប្រហារ នៅ​អាគារ​ក្រសួង​ការបរទេស​លីប៊ី

កាលពីរសៀលថ្ងៃអង្គារ ទី២៥ធ្នូ មានសកម្មភាពភេរវកម្មមួយ បានវាយប្រហារ ទៅលើអាគារក្រសួងការបរទេសលីប៊ី ក្នុងទីក្រុងទ្រីប៉ូលី។ យោងតាមប្រភពផ្លូវការ ពីក្រសួងសុខាភិបាលលីប៊ី មានមនុស្សរងគ្រោះស្លាប់ យ៉ាងហោច៣នាក់ ដែលក្នុងនោះ​ មានម្នាក់ គឺជាមន្ត្រីការទូតម្នាក់ របស់លីប៊ី។ អាជ្ញាធរលីប៊ី បានដាក់ការសង្ស័យ ថាជាសកម្មភាព រៀបចំឡើង ដោយក្រុមភេរវកម្មអង្គការរដ្ឋអ៊ីស្លាម។

អាគារក្រសួងការបរទេសលីប៊ី ដែលឆាបឆេះ ដោយសារគ្រាប់បែកផ្ទុះ។ ក្រុងទ្រីប៉ូលី ថ្ងៃទី​២៥ ធ្នូ ២០១៨
អាគារក្រសួងការបរទេសលីប៊ី ដែលឆាបឆេះ ដោយសារគ្រាប់បែកផ្ទុះ។ ក្រុងទ្រីប៉ូលី ថ្ងៃទី​២៥ ធ្នូ ២០១៨ REUTERS/Hani Amara
ផ្សាយពាណិជ្ជកម្ម

ដោយយោងតា​មប្រភព​ ពីសេចក្តីប្រកាស របស់ក្រសួងការបរទេសលីប៊ី បានឲ្យដឹងថា សក​ម្មភាពវាយប្រហារភេរវកម្ម​ បានធ្វើឡើង ដោយភេរវជនមានគ្នា៣នាក់។ ជាដំបូង គ្រាប់បែកត្រូវបានគេដាក់បង្កៃចោល ក្នុងរថយន្តមួយ ចតនៅក្បែរអាគារក្រសួងការបរទេស ក្នុងក្រុងទ្រីប៉ូលី។ ក្រោយពីផ្ទុះគ្រាប់បែកនោះ ភេរវជន២នាក់ បាននាំគ្នាបន្លំខ្លួន ចូលទៅក្នុងអាគារក្រសួងការបរទេស ដោយម្នាក់បានឡើងទៅជាន់ទី២ ដើម្បីបំផ្ទុះគ្រាប់បែក ដែលរុំនៅជាប់នឹងខ្លួន។ ភេរវជនម្នាក់ទៀត បានស្លាប់ នៅក្នុងបរិវេនអាគារក្រសួង​ដែរ ដោយបានបំផ្ទុះវ៉ាលីមួយ ផ្ទុកទៅដោយគ្រាប់បែក។ ចំណែកភេរវជនទី៣ ត្រូវបានកងសន្តិសុខ បាញ់សម្លាប់ នៅខាងក្រៅអាគារក្រសួង។

ក្រសួងសុខាភិបាលលីប៊ី លើកឡើងថា ថាក្រៅពីភេរវជន គឺមានជនរងគ្រោះ ស្លាប់​៣នាក់ និងរបួសប្រមាណ១០នាក់ នៅក្នុងហេតុការណ៍នេះ។ លោក Tarak al-Dawass អ្នក​នាំពាក្យក្រសួងការបរទេសលីប៊ី បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់​៣នាក់ គឺមានម្នាក់ ជាប្រធាននាយកដ្ឋានមួយ នៃក្រសួងការបរទេសទេស។ អ្នកនាំពាក្យដដែល អះអាងថា គឺក្រុមភេរវកម្មអង្គការរដ្ឋអ៊ីស្លាម ដែលជាអ្នកធ្វើសកម្មភាពនេះ។ តែយ៉ាងណាក៏ដោយ មិនទាន់មានក្រុមណាមួយ ចេញមក​មកទទួលនៅឡើយទេ ថាជាស្នាដៃខ្លួន។

គួរកត់សម្គាល់ថា លីប៊ីស្ថិតក្នុងស្ថានភាពចលាចល ប្រមាណ៨ឆ្នាំមកហើយ បន្ទាប់ពីមានបដិវត្តផ្តួលរំលំរបបផ្តាច់ការរបស់កាដាហ្វ៊ី។ បក្សពួកនយោបាយ២ក្រុម បន្តដណ្តើមអំណាចគ្រប់គ្រង និងទាញយកផលចំណេញបានមកពីអណ្តូងប្រេងកាត តែរៀងៗខ្លួន។ ក្រុមរដ្ឋាភិបាលក្រុងទ្រីប៉ូលី មានការគាំទ្រពីសហគមនអន្តរជាតិ ឯក្រុមមួយទៀត គឺនៅភាគខាងកើត មានការគាំទ្រពីកងទ័ពជាតិលីប៊ី។ ភាពចលាចលនយោបាយនេះ បាន​បើក​ឱកាស ឲ្យក្រុមភេរវកម្មអ៊ីស្លាមជ្រុលនិយម ពង្រីកឥទ្ធិពល និងធ្វើសកម្មភាពជាញឹកញាប់។

សហគមន៍អន្តរជាតិ កំពុងព្យាយាមស្វះស្វែង ប្រមូលភាគីទាំង២របស់លីប៊ី មកចរចាគ្នាបែងចែកអំណាច ដោយសន្តិវិធី។ បារាំង បានចេញមុខអូសទាញ ឲ្យមានការបោះឆ្នោត​សភា និងប្រធានាធិបតី នៅចុងឆ្នាំ២០១៨នេះ ក៏ប៉ុន្តែពេលវេលាខើចណាស់ ហើយភាគីទាំងសងខាងមិនអាចយល់ស្របគ្នាបានទេ។ ដោយឡែក លោក Imed al-Sayeh ប្រធានគណកម្មការជាតិរៀបចំការបោះឆ្នោតលីប៊ី បានអះអាងថា ប្រជាមតិ ដើម្បីសម្រេចទទួលយករដ្ឋធម្មនុញ្ញថ្មីមួយ អាចនឹងត្រូវរៀបចំឡើង នៅរវាងខែកុម្ភៈ ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ