អានតួអត្ថបទ
ម៉ាដាហ្កាស្កា-La Francophonie

វេទិកាកំពូល​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ​លើក​ទី​១៦​ នៅ​ក្រុង​អង់តាណាណារីវ៉ូ

វេទិកា​កំពូល​លើក​ទី១៦ ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ​ហៅកាត់​ថា ​ឡាហ្វ្រង់កូហ្វូនី ​(La Francophonie) ​ទើប​បាន​បើកទ្វារ​នៅ​ទីក្រុង ​អង់តាណាណារីវ៉ូ ​ រដ្ឋធានី​ប្រទេស​ម៉ាដាហ្កាស្កា ​ដោយ​មាន​ការ​ចូលរួម​ពី​ប្រមុខ​រដ្ឋ ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ​ទាំង​អស់​ជាង​២០​ប្រទេស។ តាម​ការ​រំពឹង​ទុក ​វេទិកា​កំពូល​លើក​នេះ ​នឹង​ត្រូវ​ផ្តោតខ្លាំង​ពី​បញ្ហា​សន្តិសុខ​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ​ព្រមទាំង​វិបត្តិ​ជន​ភៀសខ្លួន​ជាដើម។

ទីក្រុង​​Antananarivo រដ្ឋធានី​​ប្រទេស​​ម៉ាដាហ្កាស្កា ម្ចាស់​ផ្ទះ​​វេទិកា​​កំពូល ​លើក​ទី​១៦ La ​Francophonie
ទីក្រុង​​Antananarivo រដ្ឋធានី​​ប្រទេស​​ម៉ាដាហ្កាស្កា ម្ចាស់​ផ្ទះ​​វេទិកា​​កំពូល ​លើក​ទី​១៦ La ​Francophonie GIANLUIGI GUERCIA / AFP
ផ្សាយពាណិជ្ជកម្ម

នេះ​ជាលើក​ទីមួយ​ហើយ​សម្រាប់​ម៉ាដាហ្កាស្កា ​ដែល​ទទួល​ខ្លួន​ជា​ម្ចាស់ផ្ទះ​ រៀបចំ​វេទិកា​កំពូល​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ​La Francophonie។ ក្នុង​ចំណោម​ប្រមុខ​រដ្ឋ​ដែល​ចូលរួម ​ គឺ​មាន​លោក​ប្រធានាធិបតី​បារាំង​ François Hollande ​និង​លោក​នាយករដ្ឋមន្ត្រី​កាណាដា ​Justin Trudeau ។

 
ក្នុង​សន្ទរកថា​បើក​កម្មវិធី​ លោក​ ប្រធានាធិបតី​ម៉ាដាហ្កាស្កា ​បាន​អំពាវនាវ​ឲ្យ​អង្គការ ​La Francophonie ​ត្រូវ​បន្ថែម​កិច្ច​ប្រឹងប្រែង​ឲ្យ​បានច្រើន ​និង​ផ្តើម​គំនិត​ ​ចូលរួម​កសាង​ពិភពលោក​មួយ​ ដែល​យុត្តិធម៌​សម្រាប់​គ្រប់​គ្នា។ លោក​ប្រធានាធិបតី​រូបនេះ ​បាន​ឆ្លៀត​លើក​ឡើង​អំពី​វិបត្តិ​ជនភៀស​ខ្លួន ​ ដែល​រត់គេច​ពី​ភាព​ក្រីក្រ ​ពី​សង្រ្គាម​កាប់​សម្លាប់​នៅ​ទ្វីប​អាហ្វ្រិក ​និង​តំបន់​ដើម​បូព៌ា។ ពិភពលោក ​ត្រូវ​រួមគ្នា​ពិចារណា ​រក​ដំណោះស្រាយ ​ដែល​មាន​បន្ទាត់​នយោបាយ​រួបរួម ​សណ្តោស​ប្រណី​ឲ្យ​គ្នា ​ មិនមែន​ជា​គោល​នយោបាយ​បិទ​ទ្វារ​បដិសេធ​គ្នា​នោះ​ទេ។

សូម​បញ្ជាក់ថា​ តាម​ការ​គ្រោងទុក​ កម្មវត្ថុ​នៃ​ការ​ជជែក​ពិភាក្សា​ក្នុង​វេទិកា​នេះ ​មាន​ច្រើន​ចំណុច ​ដូច​ជា​កំណើន​សេដ្ឋកិច្ច​ដែល​មាន​លក្ខណៈ​ស្មើភាពគ្នា​ ការ​អភិវឌ្ឍន៍​ដែល​មាន​ការ​ទទួល​ខុសត្រូវ ​ ព្រម​ទាំង​ស្ថិរភាព​នយោបាយ​ក្នុង​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​ ជាដើម។ យ៉ាង​ណាក៏ដោយ ​ បញ្ហា​សន្តិសុខ ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ ត្រូវ​គេ​រំពឹង​ថា ​និង​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ជជែក​ដេញ​ដោល​គ្នា។ ប្រទេស​តំបន់​អាហ្វ្រិក​មួយ​ចំនួន ​ដែលជា​សមាជិក​អង្គការ​នេះ​ កំពុង​តែ​រង​ការ​គំរាមកំហែង ​ ហើយ​ក៏​ជា​ជង្រុក​នៃ​ចលនា​ជីហាត​អ៊ីស្លាម​ជ្រុល​និយម​ដែរ។ សេចក្តី​ប្រកាស​រួមគ្នា ​និង​ធ្វើ​ឡើង​មុន​ពេល​បិទ​វេទិកា​​កំពូល​នេះ។

គួររំលឹក​ផង​ដែរ​ថា ​ អង្គការ​ La Francophonie​ នេះ​មាន​ប្រទេស​សមាជិក​ទាំង​អស់​៥៤​ប្រទេស។ ប្រទេស​សមាជិក​សង្កេតការណ៍​មាន​២៣​ប្រទេស ​និង​ប្រទេស​ជា​ដៃគូ​មាន​៣​ប្រទេស។ តាម​តួលេខ​ផ្លូវការ ​ នៅ​តាម​ប្រទេស​ទាំងនេះ ​មាន​អ្នក​និយាយ​ភាសា​បារាំង​សរុប​ទាំងអស់​ប្រមាណ​២៧៤លាន​នាក់។ ដោយ​ឡែក ​ ប្រទេស​ថៃ​ដែល​ជា​ប្រទេស​សង្កេតការណ៍ ​ត្រូវ​បាន​អង្គការ​ La Francophonie ​ព្យួរ​ឈ្មោះ ​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ​២០១៤។ យ៉ាងណាមិញ ​ម៉ាដាហ្កាស្កា ​ក៏​ធ្លាប់​ត្រូវ​បាន​ ព្យួរ​ឈ្មោះ​ដែរ ​នៅ​រវាង​ឆ្នាំ​២០០៩-​ដល់​២០១៤ ​ ក្រោយ​ហេតុការណ៍​រដ្ឋ​ប្រហារ ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ ​ធ្លាក់​ចូល​ទៅ​ក្នុង​អស្ថិរភាព​នយោបាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ