ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT

ស៊ីមបាវ៉េ ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ​ក្រោយ​មូហ្កាបេ​សុខចិត្ត​ចុះចេញ​ពី​អំណាច?​

ស៊ីមបាវ៉េ ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ​ក្រោយ​មូហ្កាបេ​សុខចិត្ត​ចុះចេញ​ពី​អំណាច?​
 
"Mugabe Must Go" បដារបស់​ប្រជាជន​​ដែល​ធ្វើបាតុកម្ម​ នៅថ្ងៃ​ទី​២១​ វិច្ឆិកា​​២០១៧ REUTERS/Mike Hutchings

លោក រ៉ូប៊ែរ មូហ្កាបេ ប្រធានាធិបតីស៊ីមបាវ៉េ វ័យ៩៣ឆ្នាំ ដែលកាន់មុខតំណែងនេះអស់ ៣៧ឆ្នាំមកហើយនោះ បានសម្រេចចិត្ត លាលែងពីតំណែង កាលពីថ្ងៃអង្គារ ទី២១ វិច្ឆិកា ដោយមានការដាក់គំនាប ពីក្រុមយោធា និងគណបក្សរបស់លោក។ ការចុះចេញពីតំណែង របស់ប្រធានធិបតីមូហ្កាបេ គឺជាការបិទបញ្ចប់ នូវទំព័រប្រវត្តិសាស្ត្រ របស់ស៊ីមបាវ៉េ​ រយៈពេលជិត៤០ឆ្នាំ ដែលពោរពេញដោយអំពើហិង្សា អយុត្តិធម៌ និងការបំបិទសិទ្ធិសេរីភាព។ តើទំព័រថ្មីនេះ នឹងអាចជាទំព័រដែលសស្អាត ដែលអាចឲ្យប្រជាជនស៊ីមបាវ៉េ គូសវាសជោគវាសនា ប្រទេសខ្លួន ឲ្យប្រសើរឡើងដែររឺទេ? ឬមួយគ្រាន់តែជាការផ្លាស់ប្តូអំណាច ឲ្យទៅអ្នកថ្មីដឹកនាំ ដែលមិនខុសគ្នាឆ្ងាយពីអ្នកមុន?

លាហើយ លោក Robert Mugabe ប្រធានាធិបតី ដែលមានចំណាស់ជាងគេបំផុតលើលោក។ កាលពីយប់ថ្ងៃអង្គារទី ២១ វិច្ឆិកា ប្រជាជនស៊ីមបាវ៉េ ទូទាំងប្រទេស បានជួបជុំគ្នា អបអរ ហ៊ោរកញ្ជ្រៀវ បន្ទាប់ពីបានដឹងដំណឹងជាផ្លូវការថា លោក​ប្រធានាធិបតី វ័យ៩៣ឆ្នាំរបស់ខ្លួន បានដាច់ចិត្តចុះចេញពីតំណែង។ ប្រជាជនស៊ីមបាវ៉េ បានរងចាំឱកាសនេះ ជាយូរឆ្នាំមកហើយ។ យឺតពេល​ តែវានៅមិនទាន់ហួសពេលទេ។

បិទទំព័រឈឺចាប់នៃអំណាចផ្តាច់ការ ៣៧ឆ្នាំ

ដំណឹងលាលែងពីតំណែង របស់លោកម៉ូហ្កាបេនេះ ត្រូវបានរីកសាយភាពទូទាំងពិភពលោក ដោយបានធ្វើឲ្យប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំអន្តរជាតិ ជាច្រើន បានចេញមកអបអរសាទរ។ គ្រប់គ្នា សុទ្ធតែបានលើកឡើងថា លោកមូហ្កាបេ បានសម្រេចធ្វើត្រឹមត្រូវណាស់​ ព្រោះវាបានបញ្ចៀសការបង្ហូរឈាម។ ដោយឡែក លោកអគ្គលេខាធិការអង្គការសហប្រជាជាតិវិញ បានលើកឡើងថា ចាប់ពីពេលនេះទៅ ស៊ីមបាវ៉េ នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មី ដើម្បីកសាង អភិវឌ្ឃន៍ប្រទេសឲ្យ​រីកចំរើន ដោយគោរពតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ។ លោកសង្ឃឹមថា គំរូល្អរបស់លោកមូហ្កា​បេនេះ នឹងជួយជំរុញ​មេដឹកនាំក្រាញអំណាច នៃប្រទេសផ្សេងៗទៀត លើសកលលោក ឲ្យងាកមកបន្ទន់ចិត្ត ស្តាប់ការទាមទារចង់បាន របស់ប្រជាជនខ្លួន។

ជាការពិត គ្មាននរណានឹកស្មានដល់ទេថា នឹងមានថ្ងៃនេះ ថ្ងៃដែលស៊ីមបាវ៉េ លែងមានលោកមូហ្កាបេ ជាប្រធានាធិបតី។ លោក មូហ្កាបេ ធ្លាប់ត្រូវបានប្រជាជនខ្លួន ​ចាត់ទុកជាវីរៈបុរស បិតាឯករាជ្យជាតិ ដែលបានតស៊ូរំដោះទឹកដី ចេញពីកណ្តាប់ដៃអាណានិគម របស់ពួកស្បែកស។ ប៉ុន្តែបន្តិចម្តងៗ អតីតអ្នកប្រយុទ្ធតស៊ូនៅសមរភូមិរូបនេះ បានបន្តប្រើទំលាប់ចាស់របស់ខ្លួន ដែលជាច្បាប់ព្រៃ ដែលខ្លួនធ្លាប់ធ្វើក្នុង សមរភូមិ យកមកដឹកនាំប្រទេសតែម្នាក់ឯង យ៉ាងផ្តាច់ការ។

មូហ្កាបេ ពីវីរៈបុរសជាតិ មកជាមេដឹកនាំផ្តាច់ការក្រាញអំណាច

លោក​ Robert Mugabe​ ​ថ្ងៃទី​៧​ វិច្ឆិកា​ ២០១៧ REUTERS/Philimon Bulawayo

លោក មូហ្កាបេ កើតនៅឆ្នាំ១៩២៤ នៅតំបន់Kutama នៃ ដែនដី Rhodésie ខាងត្បូង ដែលជាឈ្មោះរបស់ប្រទេសស៊ីមបាវ៉េ​ ពេលមិនទាន់បានឯករាជ្យ។ នៅដើមទសវត្សឆ្នាំ១៩៥០ Robert Mugabe បានចេញទៅសិក្សានៅអាហ្វ្រិកខាង។ ក្នុងពេលសិក្សា លោកមូហ្កាបេ បានជាប់ចិត្តគាំទ្រលិទ្ធិកុម្មុយនីស្តម៉ាក់ស៊ីស ហើយក្រោយមក ក៏បានក្លាយជាគ្រូបង្រៀន នៅហ្កាណា។ មូហ្កាបេ បានត្រលប់មកដែនដី Rhodésie វិញ ដើម្បីចូលរួម ក្នុងចលនាទាមទារឯករាជ្យ ប្រឆាំងនឹងពួកស្បែកស។

ឆ្នាំ១៩៦៤ លោកមូហ្កាបេ ត្រូវបានគេចាប់ដាក់ឃុំ ពីបទដឹកនាំចលនាបះបោរ។ ពីក្នុងឃុំ​ យុទ្ធជនចិត្តមោះមុតរូបនេះ បានតាំងចិត្តរៀន យកសញ្ញាប័ត្រ ផ្នែកច្បាប់ និងផ្នែកសេដ្ឋកិច្ច។ បន្ទាប់ពីចេញពីគុក នៅឆ្នាំ១៩៧៤ មូហ្កាបេ ដែលមានវ័យ៥០ឆ្នាំ  បានធ្វើដំណើរទៅកាន់ប្រទេសម៉ូហ្សំបិក ដើម្បីបង្កើតចលនាឧទ្ទាមទ័ពព្រៃ ដ៏សាហាវមួយ។ ទីបំផុត មេបញ្ជាការមូហ្កាបេ បានជោគជ័យនៅចុងឆ្នាំ១៩៧៩ ដើម្បីប្រកាសឯករាជ្យស៊ីមបាវ៉េ ចេញពីដៃគ្រប់គ្រងរបស់ពួកស្បែកស។ ទឹកចិត្តស្អប់ពួកស្បែកស កាន់តែមានខ្លាំង បន្ទាប់ពីគាត់ ត្រូវបានក្រុមបក្សពួកស្បែកស ប៉ុនប៉ងធ្វើឃាត។

ចាប់ពីឆ្នាំ ១៩៨០មក លោកមូហ្កាបេ បានកាច់ចង្កូត​ស៊ីបាវ៉េ ដូចអ្វីដែលគាត់បានស្រម៉ៃ។ ស៊ីមបាវ៉េ មានសម្បតិ្តធនធានរ៉ែដ៏មហាសាលនៅក្នុងដី ដូចជា នីកែល  ប្លាទីន ដែកថែប ត្បូងពេជ្រជាដើម។ គេមិនអាចមិនទទួលស្គាល់ទេ ថាការដឹកនាំរបស់លោកមូហ្កាបេ ក្នុងតំណាក់កាលដំបូង បាននាំប្រទេសដ៏ក្រីក្រ​​មួយនេះ ឲ្យបានលូតលាល់ មួយផ្នែកធំ ជាពិសេសក្នុងវិស័យសេវាកម្មសុខាភិបាល។ ក៏ប៉ុន្តែបន្តិចម្តងៗ ការដឹកនាំនេះ បានធ្វើដំណើរទៅដល់ភាពផ្តាច់ការ  ដែលគ្មាននរណា អាចទប់បាន។

ចាប់ពីឆ្នាំ២០០៧មក សេដ្ឋកិច្ចស៊ីមបាវ៉េ បានធ្លាក់ដុនដាបដល់កំរិត។ អតិផរណា បានធ្លាក់ចុះដល់កំរិតមួយ ដែលធនាគារពិភពលោក សឹងតែមិនចង់ជឿ គឺមានកំរិត ដល់ទៅ ២៣១លាន% ឯណោះ។ តែទន្ទឹមគ្នានោះ គេឃើញលោកមូហ្កាបេ ហាក់មិនខ្វល់ពីស្ថានភាពនេះទេ ដោយបន្តចាយវាយ បំផ្លាញថវិការដ្ឋយ៉ាងសម្បើម។ មានមន្ត្រីជាច្រើននាក់ ដែលបានចេញមុខមកនិយាយថា លោកមូហ្កាបេ មិនស្តាប់នរណាទាំងអស់ ព្រោះលោកកំពុងតែឈ្លក់វង្វេងនឹងអំណាច លុយកាក់របស់គាត់។ ជាក់ស្តែងក្នុងឆ្នាំ​២០១៧​កន្លងទៅនេះ គ្រាន់តែថវិកាចំណាយ ថ្លៃធ្វើដំណើររបស់លោកប្រធានាធិបតី និងក្រុមគ្រួសារ គឺស្មើនឹង ៣៤លានដុល្លារ។ បើក្រលេកមើលស្ថានភាពជីវភាពរបស់ប្រជាជនឯណោះវិញ គឺអ្នកអត់ការងារធ្វើ មានចំនួន៩០% ​ឯណោះ។ ភរិយាទី២របស់ មូហ្កាបេ ត្រូវគេដឹងយ៉ាងច្បាស់ថា ជាមនុស្សចាយវាយហ៊ឺហារ និងប្រើអំណាច ដោយគ្មានព្រំដែន។

ប្រជែងអំណាច រវាងភរិយាលោកមូហ្កាបេ ជាមួយអនុប្រធានធិបតី

ក្នុងវ័យជរាទៅហើយ គេជឿថាលោកម៉ូហ្កាបេ មិនអាចធ្វើអ្វីសម្រេចអ្វីបានទេ បើសិនជាគ្មានភរិយាទីពីររបស់លោកនៅពីក្រោយ។ គឺលោកស្រី Grace Mugabe។ គឺផ្តើមចេញពីមហិច្ឆិតាអំណាចរបស់ភរិយាលោកមូហ្កាបេនេះហើយ  ទើបឈានទៅដល់ការប្រជែងអំណាច ជាមួយនឹងមិត្តរួមអាវុធម្នាក់របស់លោកម៉ូហ្កាបេ គឺលោកអនុប្រធានាធិបតី Emmerson Mnangagwa។

មួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងលោក Emmerson Mnangagwa ជាមួយនឹងបក្សពួករបស់លោកប្រធានាធិបតីមូហ្កាបេ ដែលមានរូបភរិយាទី២ ជាអ្នកដឹកនាំនោះ បានរកាំរកូសជាខ្លាំង។ ជាច្រើនលើកច្រើនសារ​ ភរិយោលោកមូហ្កាបេ បានស្តីបន្ទោស រិះគន់​ និងឈ្លោះប្រកែកគ្នាជាមួយលោក Emmerson Mnangagwa។ ក្រុមបក្សពួករបស់ភរិយាលោកមូហ្កាបេនេះ ហាក់កាន់តែឡើងចាង ដែលធ្វើឲ្យក្រុមកងទ័ព ព្រួយបារម្ភ។

ដូចគ្នាដែរ នៅក្នុងបក្ស Zanu-PF មនុស្សមួយចំនួនធំ ដែលធ្លាប់តែគោរព គាំទ្រលោកមូហ្កាបេ បានដោះដៃចោលលោកមូហ្កាបេ ម្តងមួយៗ ដោយសារតែសកម្មភាព វាទទីអំណាចរបស់ភរិយាលោកមូហ្កាបេ។ ជាងនេះទៅទៀត គណបក្សនេះ បានយល់ថា គេមិនអាចអត់ទ្រាំ បណ្តោយឲ្យប្តីប្រពន្ធលោកមូហ្កាបេ អង្គុយលើគំនរមាសប្រាក់ ទាំងដែលប្រជាជនគ្មានអ្វីបរិភោគបានទៀតឡើយ។

បើគ្មានអន្តរាគមន៍យោធា កាលពីថ្ងៃពុធ ទី១៥វិច្ឆិកា ក៏លោកមូហ្កាបេ មិនចុះចេញពីតំណែងដែរ។ ហើយបើគ្មានលោក Emmerson Mnangagwa ក៏គ្មានអន្តរាគមន៍យោធា។ Emmerson Mnangagwa ដែលបច្ចុប្បន្ន មានអាយុ ៧៤ឆ្នាំ គឺជាអតីតយុទ្ធមិត្តរបស់លោកម៉ូហ្កាបេ ហើយធ្លាប់បានទៅហ្វិកហាត់ការធ្វើបដិវត្ត នៅតង់ហ្សានី នៅអេហ្ស៊ីប និងនៅចិនទៀតផង។

លោក Emmerson Mnangagwa មកសង្រ្គោះ ឬមកបូមសម្បត្តិស៊ីមបាវ៉េ?

លោក Emmerson Mnangagwa ពេល​ត្រលប់​មក​ដល់​ក្រុង​​ហារ៉ារ៉េ​វិញ​​ នៅថ្ងៃទី ២២ វិច្ឆិកា​ ២០១៧​ REUTERS/Mike Hutchings

មុននឹងក្លាយជាអនុប្រធានាធិបតី លោក Emmerson Mnangagwa ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ ដូច្នេះគ្មានអ្វីចំលែកទេ ដែលលោក មានទំនាក់ទំនងល្អ មានមេទ័ពឯទៀតគោរព និងស្តាប់បញ្ជា។ ផែនការ​រដ្ឋប្រហារកាលពីថ្ងៃទី១៥ វិច្ឆិកា ដោយស្ងាត់ស្ងៀម គ្មានការបង្ហូរឈាម​ គឺជាយុទ្ធសាស្ត្រទាំងស្រុង របស់លោក Emmerson Mnangagwa។ បន្ទាប់ពីត្រូវលោកមូហ្កាបេ ទំលាក់ចេញពីតំណែង នៅថ្ងៃទី ៦វិច្ឆិកា និងដោយ​ខ្លាចគេធ្វើឃាត លោក Emmerson Mnangagwa បានរត់គេចទៅក្រៅប្រទេសមួយរយៈ។ មានពាក្យចចាមអារ៉ាមខ្លះ បានលើកឡើងថា លោកបានរត់ទៅចិន​ ដើម្បីពិភាក្សារៀបចំ​គំរោងរដ្ឋប្រហារនេះ ពីចិនមក ហើយបន្ទាប់មក ទើបហៅមេបញ្ជាការកងទ័ពស៊ីមបាវ៉េ ទៅជួបនៅប៉េកាំង។

លោក Emmerson Mnangagwa មិនមែនជាមនុស្សធម្មតាឡើយ។ លោកត្រូវបានគេដាក់​ងារថា ក្រពើ ព្រោះលោកជាមនុស្សស្ងាត់ៗមួយៗ មិនស្តីនិយាយច្រើន តែជាមនុស្សសាហាវ និងគ្រោះថ្នាក់បំផុត។ មិនអាចសុខៗ ក៏ស្រាប់តែកងទ័ពគាំទ្រលោកនោះទេ។ មានន័យថា លោកម្នាក់នេះ មានអំណាចខ្លាំងណាស់ ក្នុងជួរកងទ័ព និងក្នុងជួរបក្ស។ ចាប់ពីថ្ងៃស្អែកទៅ សម្បត្តិមហាសាលនៅក្នុងដី របស់ស៊ីមបាវ៉េ គឺជារបស់មនុស្សទាំងអស់នេះហើយ។

តើទំព័រប្រវត្តិសាស្ត្រថ្មី របស់ស៊ីមបាវ៉េ នឹងមានពណ៌អ្វីដែរ? ឬក៏ជាទំព័រ ដែលប្រឡាក់​ឈាម ដាមដោយអំពើហឹង្សា ជិះជាន់កេងប្រវញ្ច ដូលកាលជំនាន់លោកមូហ្កាបេ? អ្វីដែល​​គេច្បាស់ប្រាកដ គឺលោក Emmerson Mnangagwa ដែលនឹងអាចក្លាយជាប្រធានធិបតីថ្មី គឺជាមនុស្សមានទំនាក់ទំនងយ៉ាងស្និទជាមួយចិន។ លោកម្នាក់នេះ ក៏មានទេពកោសល្យ ក្នុងកិច្ចការទូត ជាមួយប្រទេសលោកខាងលិចដែរ។ ចាប់ពីពេលនេះទៅ គេសង្ឃឹមថា ស៊ីមបាវ៉េ នឹងបើកចំហរទ្វារថ្មី ទៅរកហ៊ុនវិនិយោគបរទេស ដើម្បីស្តារសេដ្ឋកិច្ច និងផ្តល់ការងារឲ្យមនុស្សធ្វើ។ គេសង្ឃឹមថា លោក Emmerson Mnangagwa នឹងមិនមែនជាលោក មូហ្កាបេ ទី២ទៅចុះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ