ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT

ចលាចល​នយោបាយ​នៅ​ស៊ីមបាវ៉េ ​ក្រោយ​កងទ័ព​ចេញ​ធ្វើ​អន្តរាគម​ពេញ​ទីក្រុង

ចលាចល​នយោបាយ​នៅ​ស៊ីមបាវ៉េ ​ក្រោយ​កងទ័ព​ចេញ​ធ្វើ​អន្តរាគម​ពេញ​ទីក្រុង
 
រថពាសដែក​ នៅតាម​ផ្លូវ​ក្នុង​ក្រុង​ហារ៉ារ៉េ ​ថ្ងៃទី​​១៥​ វិច្ឆិកា ២០១៧ REUTERS/Philimon Bulawayo

នៅរដ្ឋធានី ហារ៉ារ៉េ ប្រទេសស៊ីមបាវ៉េ កំពុងស្ថិតក្នុងភាពចលចល មិនប្រកដប្រជានយោបាយ  បន្ទាប់ពីកងទ័ពស៊ីមបាវ៉េ បានចេញធ្វើអន្តរាគម  ឡោមព័ទ្ធទីតាំងស្ថាប័នរដ្ឋធំៗ​​ទាំងព្រលឹមស្រាងៗ ថ្ងៃទី១៥វិច្ឆិកានេះ។ ការងឿងឆ្ងល់ លាយឡំនិងក្តីព្រួយបារម្ភរបស់ប្រជាជន ដោយមិនដឹងថា តើនេះជាសកម្មភាពធ្វើរដ្ឋប្រហារយោធា ដើម្បីទំលាក់លោកប្រធានាធិបតី មូហ្កាបេ ឬយ៉ាងណា។ គួរបញ្ជាក់ថា​ លោកប្រធានាធិបតី​ស៊ីមបា​វ៉េ ក្នុងវ័យ៩៣ឆ្នាំ រូបនេះ បានកាន់អំណាច៣៧ឆ្នាំមកហើយ ហើយនឹងនៅតែបន្តឈរឈ្មោះបោះឆ្នោត​នៅអាណត្តិក្រោយទៀត។

រដ្ឋប្រហារយោធា?

ចលាចល និងភាពងឿងឆ្ងល់ កំពុងតែសង្កត់រដ្ឋធានីហារ៉ារ៉េ នៃប្រទេសស៊ីមបាវ៉ា។ កងទ័ព បានបញ្ជូនកំលាំង ដោយមានរថពាសដែក ជាច្រើនគ្រឿង មកឡោមព័ទ្ធវិមានរដ្ឋសភា ទីស្តីការគណរដ្ឋមន្ត្រី ទីស្តីការក្រសួង និងតុលាការ នៅព្រឹកថ្ងៃពុធនេះ។ ផ្លូវធំៗ ចេញចូលក្នុងក្រុង ក៏ត្រូវ ត្រូវបានក្រុមយោធា យករថក្រោះ មកដាក់បញ្ឈរ ដើម្បីរារាំងមិនឲ្យមានចរាចរណ៍។ នេះបើតាមប្រភពពីអ្នកយកព័ត៌មាន របស់ Reuters ដែលនៅទីកន្លែងផ្ទាល់។ គេក៏សង្កេតឃើញ ប្រជាជនក្នុងទីក្រុងនាំគ្នាពពាក់ពពូន ទៅធនាគារ ដើម្បីដកប្រាក់យកមកទុក  ដោយសារតែពួកគេបារម្ភ ខ្លាចមានសង្រ្គាមផ្ទុះអាវុធ។

សកម្មភាពចល័តទ័ពរបស់ពួកយោធានេះ កំពុងធ្វើឲ្យគេងឿងឆ្ងល់ជាខ្លាំង ថាតើវាជាសកម្មភាពធ្វើរដ្ឋប្រហារឬយ៉ាងណា។ ពួកយោធា​ បានចូលសម្រុកទៅកាន់កាប់ស្នាក់ការធំរបស់វិទ្យុនិងទូរទស្សន៍ជាតិ ស៊ីមបាវ៉េទៀតផង។ ការនេះបានញ៉ាំង ឲ្យមានពាក្យចចាមអារ៉ាម ជ្រួលច្របល់ថា ពិតជាមានការធ្វើរដ្ឋប្រហារ។

ក៏ប៉ុន្តែ បើតាមការប្រកាសរបស់លោក មេបញ្ជាការម្នាក់នៃកងទ័ពស៊ីមបាវ៉េ ឈ្មោះ Moyo ដែលបាននិយាយតាមទូរទស្សន៍ នៅព្រឹកថ្ងៃពុធនេះ បានអះអាងថា  កងទ័ពមិនបានធ្វើរដ្ឋប្រហារទេ។ គឺកងទ័ពគ្រាន់តែបានបើកប្រតិបត្តិការ​ ដើម្បីកំចាត់ពួកជនទុច្ចរិតមួយចំនួន  ដែលនៅស៊ុំគ្រលំស្និទនឹងលោកប្រធានាធិបតី មូហ្កាបេ។ លោកមេបញ្ជាការរូបនោះ បានបន្តថា កងទ័ព នឹងចាប់ជនទាំងនោះ ទៅឲ្យ​តុលាការ ហើយចប់ពីនេះទៅ ស៊ីមប៉ាវ៉េ នឹងវិលត្រលប់ មករកភាពស្ងប់ស្ងាត់វិញ។

ប្រធានាធិបតី Mugabe ត្រូវកងទ័ពបង្ឃាំងទុក

ក្រុមកងទ័ពស៊ីមបាវ៉េ បានអះអាងថា លោកប្រធានាធិបតីRobert Mugabe ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅទីកន្លែងមួយ ដែលមានសុវត្ថិភាពបំផុត ហើយពុំមានគ្រោះថា្នក់អ្វីទេ។ ពួកកងទ័ព បានអះអាងហើយអះអាងទៀតថា កុំឲ្យប្រជាជនភ័យ ព្រោះវាមិនមែនជារដ្ឋប្រហារទំលាក់ ប្រធានាធិបតីចេញពីតំណែងទេ។ តែបើតាមប្រភពពីរដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូង បានបញ្ជាក់ថា លោក ប្រធានាធិបតី Mugabe មិនមានគ្រោះថ្នាក់អ្វីទេ តែក្រូវបានកងទ័ពបង្ឃាំងទុកនៅក្នុងផ្ទះ។

ដោយឡែក បើតាមប្រភព ពីមន្ត្រីរដ្ឋាភិបាលស៊ីមបាវ៉េ គឺកងទ័ព បានចាប់ខ្លួន មន្ត្រីមួយចំនួន ក្នុងនោះ គឺមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឈ្មោះ Ignatius Chambo។ លោកម្នាក់នេះ គឺជាអ្នកនយោបាយជំនាន់ថ្មី ស្ថិតក្នុងក្រុមបក្សពួកមួយក្រុម ក្នុងគណបក្ស Zanu-PF របស់ប្រធានាធិបតីMugabe។

វាជារឿងកម្រណាស់ ដែលកងទ័ពស៊ីមបាវ៉ា ចេញធ្វើប្រតិបត្តិការ ចាប់មនុស្សក្នុងរដ្ឋាភិបាលបែបនេះ​ ព្រោះថាកងទ័ពនេះស្និទនឹងរដ្ឋាភិបាលណាស់។ វាប្រាកដជាមានបញ្ហាប្រជែងអំណាច ការបែងចែងបក្សពួក ក្នុងបក្ស និងក្នុងរដ្ឋាភិបាលនេះ។

ប្រពន្ធប្រធានាធិបតី ជាប្រភពនៃការប្រជែងអំណាច

លោកប្រធានាធិបតី Robert Mugabe និង​ភរិយា​​ ​លោកស្រី​ ​Grace Mugabe ​ក្នុងពិធី​​ជួបជុំ​បក្ស ​ថ្ងៃ​ទី​៧​ វិ​ច្ឆិកា​ ២០១៧​​ REUTERS/Philimon Bulawayo

បើតាមការវិភាគ អ្នកដែលបានបង្កបញ្ហានេះ គឺលោកស្រី Grace Mugabe ដែលជាប្រពន្ធរបស់លោក ប្រធានាធិបតី Robert Mugabe។ លោកស្រីម្នាក់នេះ ត្រូវគេស្គាល់ច្បាស់ ដោយសារតែចរិកញ៉ូងញ៉ាំង អាងអំណាចរបស់គាត់។ ក្នុងវ័យ៥២ឆ្នាំ គាត់កំពុងប្រឡូកក្នុងឆាកនយោបាយយ៉ាងសកម្ម ដោយបានដឹកនាំចលនាសម្ព័ន្ធស្ត្រី នៅក្នុងគណបក្ស Zanu-PF។ ហើយបើតាមការស្រាវជ្រាវ លោកស្រី Grace Mugabe នេះស្និតជាមួយក្រុមអ្នកនយោបាយវ័យក្មេងៗមួយក្រុម  មានជាអាថទិ៍ គឺរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលត្រូវបានកងទ័ពចាប់ខ្លួននេះឯង។ បើតាមការសង្ស័យ លោកស្រី Grace Mugabe នេះ កំពុងតែសង្ឃឹម ថានឹងឡើងកាន់តំណែងជាប្រធានាធិបតី បន្តពីស្វាមីគាត់ ដែលវាមានវ័យ៩៣ឆ្នាំទៅហើយ។

តាមពិតទៅ អ្នកដែលគេសង្ឃឹម ថានឹងបន្តតំណែងពីលោក Robert Mugabe គឺលោកអនុប្រធានាធិបតី ឈ្មោះ Emmerson Mnangagwa ឯនោះទេ។ មានអាយុ ៧៥ឆ្នាំ លោកម្នាក់នេះ ធ្លាប់ជាអ្នកតស៊ូទាមទារឯករាជ្យ ជាមួយលោកMugabe ដែរ ហើយធ្លាប់ជារដ្ឋមន្ត្រីក្រសួងការពារជាតិដែរ។ គាត់គឺជាមិត្តស្និទស្នាលបំផុត ជាមួយអគ្គមេបញ្ជាការកងទ័ពស៊ីមបាវ៉េ ឈ្មោះ លោក Constantino Chiwenga

ស្រាប់តែ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Mugabe បានបណ្តេញលោក អនុប្រធានធិបតីនេះ ចេញពីតំណែង ហើយថែមទាំងបានគំរាមចាប់ខ្លួនទៀតផង។​ លោកអនុប្រធានាធិបតី បានភៀសខ្លួនទៅក្រៅប្រទេស។ តាមការស្មាន អ្នកដែលនៅពីក្រោយ ការបណ្តេញចេញពីតំណែងនេះ គឺលោកស្រី Grace Mugabe ក្នុងបំណងបោសសំអាតយកកន្លែងអង្គុយ។ ដូច្នេះហើយ បានជាកាលពីថ្ងៃចន្ទ លោកមេបញ្ជាការកងទ័ពស៊ីមបាវ៉េ ដែលស្និទនឹងលោក អនុប្រធានាធិបតី​ បានចេញមុខមកប្រកាសថា កងទ័ពអាចធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់សកម្មភាពរបស់ជនទុច្ចរិតមួយចំនួន។ ជនមួយចំនួននោះ គឺកងទ័ព សំដៅទៅលើក្រុមបក្សពួក របស់ប្រពន្ធលោកប្រធានាធិបតី Mugabe នេះតែម្តង។

មេបញ្ជាការកងទ័ព ទើបតែមកពីចិន

លោកអគ្គមេបញ្ជាការកងទ័ពស៊ីមបាវ៉ា Constantino Chiwenga បានទៅជួបលោក រដ្ឋមន្ត្រីក្រសួងការពារជាតិចិន  នៅប៉េកាំង កាលពីថ្ងៃសុក្រសប្តាហ៍មុន។ នៅថ្ងៃពុធនេះ  អ្នកកាសែត បានសួរទៅអ្នកនាំពាក្យ​ក្រសួងការបរទេសចិនដែរ ថាតើមេបញ្ជាការកងទ័ពស៊ីមបាវ៉ា មានបាននិយាយអំពីគំរោងធ្វើរដ្ឋប្រហារ ជាមួយរដ្ឋមន្ត្រីចិនដែរឬទេ។ តែអ្នកនាំពាក្យចិន មិនបានឆ្លើយ អ្វីច្រើនទេ គ្រាន់តែអះអាងថា វាជាជំនួបធម្មតា ក្នុងក្របខណ្ឌសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ។  អ្នកនាំពាក្យក្រសួងការបរទសចិន ក៏បានរុញអ្នកកាសែត ឲ្យទៅសួររដ្ឋមន្ត្រីក្រសួងការពារជាតិដោយផ្ទាល់ បើសិនចងដឹងច្បាស់។

គួរបញ្ជាក់ថា ប្រទេស ស៊ីមបាវ៉េ ដែលស្ថិតនៅតំបន់អាហ្វ្រិកអូស្ត្រាល់ បានទទួកឯករាជ្យនៅឆ្នាំ១៩៨០។ លោក Robert Mugabe ប្រធានាធិបតីបច្ចុប្បន្ននេះ  បានកាន់អំណាច តាំងតែពីដំបូងមក ពោលគឺអស់រយៈ៣៧​ឆ្នាំហើយ។ ថ្វីបើ មិនអាចដោះស្រាយ វិបត្តិសេដ្ឋកិច្ច អំពើពុករលួយបក្សពួកនិយម  លោកប្រធានាធិបតី វ័យជរា ៩៣ឆ្នាំ រូបនេះ នៅតែអះអាងថាគាត់នឹងឈរឈ្មោះ ក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ