អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស៊ីមបាវ៉េ៖ ចិន​ជាអ្នក​នៅ​ពីក្រោយ រដ្ឋប្រហារ​​ទំលាក់​លោក​​ប្រធានាធិបតី ​Robert ​Mugabe?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ធ្លាប់តែជាបក្សពួកតែមួយ ជាមួយប្រធានាធិបតីស៊ីមបាវ៉ា លោក រ៉ូបែរ មូហ្កាបេ កងទ័ពស៊ីមបាវ៉េ បានបង្កការភ្ញាក់ផ្អើល ដោយបានធ្វើអន្តរាគមកាលពីថ្ងៃទី ១៥វិច្ឆិកា ដើម្បីដាក់គំនាបឲ្យលោកមូហ្កាបេ ចុះចេះពីតំណែង។ គេដឹងថា លោកមេបញ្ជាការកងទ័ពស៊ីមបាវ៉េ បានទៅទីក្រុងប៉េកាំង​ ហើយបានត្រលប់មកវិញ មុនរដ្ឋប្រហារនេះតែ២ថ្ងៃប៉ុណ្ណោះ។ ចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ស៊ីមបាវ៉េ។ តែកន្លងមកនេះ ចិនក៏ធ្លាប់បានត្អូញថា របបដឹកនាំរបស់លោកមូហ្កាបេ ធ្វើឲ្យគេពិបាករកស៊ីណាស់។ តើ ការធ្វើដំណើរទៅប៉េកាំង របស់លោកមេបញ្ជាការកងទ័ពស៊ីមបាវ៉េ គឺ ដើម្បីប្រាប់ភាគីចិន អំពីបំណងធ្វើរដ្ឋប្រហារ ឬក៏ទៅ ដើម្បីទទួលបញ្ជារពីចិន ឲ្យរៀបចំធ្វើរដ្ឋប្រហារ ទំលាក់លោក មូហ្កាបេ?

លោក Robert Mugabe និងលោក​ Xi Jinping នៅទីក្រុង​ប៉េកាំង​ ​ថ្ងៃទី​១ធ្នូ ​២០១៥
លោក Robert Mugabe និងលោក​ Xi Jinping នៅទីក្រុង​ប៉េកាំង​ ​ថ្ងៃទី​១ធ្នូ ​២០១៥ REUTERS/Philimon Bulawayo
ផ្សាយពាណិជ្ជកម្ម

ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយការវិភាគតាមដាន ធ្វើឲ្យគេកាន់តែសង្ស័យថា ចិន អាចជាអ្នកនៅពីក្រោយ ការធ្វើរដ្ឋប្រហារ របស់ក្រុមយោធាស៊ីមបាវ៉េ កាលពីថ្ងៃទី ១៥វិច្ឆិកា កន្លងទៅ។ កងទ័ពស៊ីមបាវ៉េ​ បានសម្រេចចេញប្រតិបត្តិការ យ៉ាងស្ងាត់ៗ ឡោមព័ទ្ធស្ថាប័នរដ្ឋធំៗ និងគេហដ្ឋានរបស់លោក មូហ្កាបេ (Robert Mugabe) ប្រធានាធិបតីស៊ីមបាវ៉េ ដែលកាន់កាប់អំណាចនេះ ៣៧ឆ្នាំមកហើយ។

កងទ័ពស៊ីមបាវ៉េ ដា​ច់ចិត្ត​វាយបក​សមមិត្តខ្លួន

បើទោះបីជាក្រុមកងទ័ព បានបដិសេធថា វាមិនមែនជារដ្ឋប្រហារក៏ដោយ តែធាតុពិត វាគឺជារដ្ឋប្រហារច្បាស់ណាស់ តែជារដ្ឋប្រហារបែបស្លូត ដោយមិនប្រើហឹង្សា។ កងទ័ព គ្រាន់តែបាន បង្ឃាំងលោកមូហ្កាបេឲ្យនៅក្នុងផ្ទះ និងបាន​ដាក់កំហិតឲ្យលោក មូហ្កាបេ ចុះចេញពីតំណែងតាមសម្រួល។

ហេតុផលជាផ្លូវការរបស់កងទ័ព ដែលសម្រេចចិត្តធ្វើអន្តរាគមន៍​នេះ គឺដើម្បីកំចាត់បក្សពួកមួយក្រុមរបស់ ភរិយាលោកមូហ្កាបេ។ លោកស្រី Grace Mugabe ភរិយាប្រធានាធិបតី ត្រូវបានកងទ័ពចោទថាបានញុះញង់ ស្វាមីខ្លួន ឲ្យបណ្តេញលោក Emmerson Mnangagwa ចេញពីតំណែងអនុប្រធានាធិបតី។ លោកម្នាក់នេះ គឺជាមនុស្សមានប្រជាប្រិយភាព ដែលកងទ័ពគាំទ្រ ហើយអាចនឹងឡើងជាប្រធានាធិបតីបន្តពីលោក មូហ្កាបេ។ ភរិយាលោកមូហ្កាបេ ធ្វើដូចនេះ ដ៏ដោយសារតែខ្លួន ចង់ក្លាយជាប្រធានាធិបតីដែរ នៅពេលណា លោកមូហ្កាបេ ដែលមានវ័យ៩៣ឆ្នាំ ទៅហើយនោះ ទទួលមរណៈភាព។

មុនរដ្ឋប្រហារ២ថ្ងៃ មេបញ្ជាការកងទ័ព​ទៅប៉េកាំង

ក៏ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ គឺលោក Constantino Chiwenga អគ្គមេបញ្ជាការកងទ័ពស៊ីមបាវ៉េ បានទៅទីក្រុងប៉េកាំង ២ថ្ងៃ មុនមានរដ្ឋប្រហារ។ នៅទីនោះ លោកបានជួបជាមួយលោករដ្ឋមន្ត្រីការពារជាតិចិន និងមេទ័ពចិនជាច្រើននាក់។ ក្រសួងការបរទេស ក៏ដូចជាក្រសួងការពារជាតិចិន បានអះអាងថា  វាគឺជាជំនួបធម្មតាប៉ុណ្ណោះ ពុំមានអ្វីទាក់ទងនឹងរឿងរដ្ឋប្រហារឡើយ។

ប៉ុន្តែ របាយការណ៍របស់ក្រសួងការពារជាតិចិន បានលើកឡើងពីប្រសាសន៍របស់លោក មេបញ្ជាការ Li Zuocheng ដែលបាននិយាយថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពចិន និងកងទ័ពស៊ីមបាវ៉េ មានលក្ខណៈល្អណាស់​ ហើយគេនឹងរឹតចំណងនេះ ឲ្យកាន់តែតឹងណែនជាងនេះទៅទៀត។​ ដូច្នេះ គេសឹងតែមិនជឿទេ ដែលថា​មេទ័ពចិន និងមេទ័ពស៊ីមបាវ៉េ មិនបានលើកឡើងពីផែនការធ្វើរដ្ឋប្រហារយោធានោះ។

ចិន ជាអ្នកបោះទុនវិនិយោគធំជាងគេបង្អស់ នៅស៊ីមបាវ៉េ

ជាងនេះទៅទៀត លោកអតីតអនុប្រធានាធិបតីស៊ីមបាវ៉េ ដែលត្រូវគេទំលាក់ពីតំណែង ក៏គឺជាមនុស្សស្និទនឹងប៉េកាំងដែរ ធ្លាប់ទៅរៀន ហ្វឹកហាត់នៅចិន តាំងតែពីចុងទសវត្សឆ្នាំ៦០ម្លេះ។ យ៉ាងណាមិញ មានពាក្យចចាមអារ៉ាម បានលើកឡើងថា ក្រោយពេលត្រូវលោកម៉ូហ្កាបេ បណ្តេញចេញពីតំណែង លោកអនុប្រធានាធិបតីរូបនេះ បានមកសំងំស្នាក់នៅប៉េកាំង មួយរយៈតូចទៀតផង។

គួររំលឹកថា ចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុត សម្រាប់ស៊ីមបាវ៉េ។ តាំងតែពីដើមរាងមក ចិន តែងតែគាំទ្រ រដ្ឋាភិបាលផ្តាច់ការ របស់លោក មូហ្កាបេជានិច្ច បើទោះបីជារដ្ឋាភិបាលនេះ ត្រូវបានប្រទេសលោកខាងលិច កាត់ការលែងរាបរក ក៏ដោយ។ អ្វីដែលចិន សម្លឹងឃើញ គឺធនធានរ៉ែពេជ្រ រ៉ែដែក ព្រមទាំងដំណាំថ្នាំជក់របស់ស៊ីមបាវ៉េ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនចិន ជាង១០០ក្រុមហ៊ុន បានទៅតាំងទីរកស៊ីនៅស៊ីមបាវ៉េ។ យោងតាមតួលេខរបស់ South African Institute of International Affairs បានបង្ហាញថា ចាប់ពីឆ្នាំ២០០៩មក វិនិយោគរបស់ចិន នៅស៊ីមបាវ៉េ បានកើនឡើងដល់ទៅ៥០០០%។ នៅឆ្នាំ២០១៥ ទឹកប្រាក់៤៥០លានដុល្លារ ដែលជាការវិនិយោគរបស់ចិន នៅស៊ីមបាវ៉េ គឺមានទំហំស្មើនឹងពាក់កណ្តាល នៃទឹកប្រាក់វិនិយោគបរទេសសរុបទាំងអស់ នៅស៊ីមបាវ៉េ។

ចិនបានបោះទុនវិនិយោគជាច្រើន តួយ៉ាង ការសាងសង់សាលាបណ្តុះបណ្តាលនាយទាហាន ក្នុងទឹកប្រាក់១០០លានដុល្លារ  សាងសង់ផ្សារទំនើប Longcheng Plaza នៅក្រុងហារ៉ារ៉េ ក្នុងទឹកប្រាក់ ២០០លានដុល្លារ ព្រមទាំងបានជួយវិភាគទានសង់អាគាររដ្ឋសភាថ្មី ក្នុងទឹកប្រាក់៤៦លានដុល្លារ។ ក្រុមហ៊ុនឧស្សាហកម្មចិនធំៗ ដូចជា R&F បានប្រកាសថា នឹងបោះទុនវិនិយោគក្នុងទឹកប្រាក់២ពាន់លានដុល្លារ នៅស៊ីមបាវ៉េ ដើម្បីជីកយករ៉ែដែក និងដែកថែប ដែលចិនត្រូវការបំផុត។

បើទោះបីជាមានទុនវិនិយោគបែបនេះក្តី តែរដ្ឋាភិបាលលោក មូហ្កាបេ មិនអាចស្រោចស្រង់សេដ្ឋកិច្ចប្រទេសបានទេ។ កាន់អំណាច៣៧ឆ្នាំមកនេះ លោកមូហ្កាបេ បានបង្កើនចំនួនអ្នកអត់ការងារធ្វើ កាន់តែខ្ពស់ទៅៗ ដល់ទៅ៩០%ឯណោះ។ ស៊ីមបាវ៉េ ពោរពេញ ដោយអំពើពុករលួយ បក្សពួកនិយម គ្មានសេវាសាធារៈត្រឹមត្រូវ។

ចិនចង់ដោះដៃ ចោលខ្លាចាស់ មូហ្កាបេ

កន្លងមកចិន មិនដែលចាប់អារម្មណ៍ពីបញ្ហាសង្គម បញ្ហាប្រជាធិបតេយ្យ របស់ស៊ីមបាវ៉េទេ។ ចិនតែងតែគាំទ្រ រដ្ឋាភិបាលលោក មូហ្កាបេជានិច្ច។ ក៏ប៉ុន្មានមានសញ្ញាណមួយចំនួន បានបង្ហាញថា ចិន ​ចាប់ផ្តើមនឿយណាយ និងរបបផ្តាច់ការរបស់លោក មូហ្កាបេ ដែលមានភរិយានៅពីក្រោយ។ កាលពីថ្ងៃទី ១៦ វិច្ឆិកា ក្រោយរដ្ឋប្រហារមួយថ្ងៃ កាសែត ​Global Times របស់ចិនបានចុះផ្សាយ ដោយស្រង់សំដីរបស់អ្នកវិភាគចិន លោក Wang Hongyi ថា ចិនមានការព្រួយបារម្ភណាស់ ពីស្ថានភាពនយោបាយនៅស៊ីមបាវ៉េ ដែលអាចប៉ះពាល់ ដល់ការវិនិយោគរបស់ចិន។

កាសែត ដែលគេស្គាល់ថាជាឧបករណ៍ឃោសនាផ្លូវការ របស់រដ្ឋាភិបាលចិននេះ បានបន្តថា កន្លងមកចិន បានជួបការលំបាកខ្លាំងណាស់ ដោយសារតែការដឹកនាំមិនត្រឹមត្រូវរបស់លោកមូហ្កាបេ។ គំរោងវិនិយោគជាច្រើន ត្រូវលប់ចោល ដែលធ្វើឲ្យខាតបង់។ កិច្ចសហប្រតិបត្តិការទ្វេរភាគីកន្លងមក រវាងរដ្ឋាភិបាលចិន និងរដ្ឋាភិបាលលោកមូហ្កាបេ មិនបានដើរដល់ចំណុចល្អប្រសើរទេ។ ដូច្នេះ បើសិនជាមានការផ្លាស់ប្តូរអ្នកដឹកនាំ គឺវាជាដំណឹងល្អណាស់ សម្រាប់ចិន។

 

ឃ្លាទាំងប៉ុន្មានម៉ាត់ដែលបានចុះផ្សាយក្នុងកាសែតចិននេះ  ហាក់មានន័យថា ចិនកំពុងតែដោះដៃចោល លោក មូហ្កាបេ? លោក មូហ្កាបេ ដែលជាខ្លាចាស់ ប្រចាំស៊ីមបាវ៉ា តែងតែត្រូវបានចិនផ្គត់ផ្គង់គាំទ្រ ជានិច្ចកន្លងមក។ ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅស៊ីមបាវ៉ា នៅចុងឆ្នាំ២០១៥ បានធ្វើឲ្យប្រធានាធិបតីស៊ីមបាវ៉េ រីកមុខមិនស្ទើរទេ។ ក្នុងឱកាសនោះ ហេតុតែចង់បញ្ជោរចិន លោកមូហ្កាបេ បានទាំងប្រកាសថា ចង់ប្រើប្រាស់ក្រដាសប្រាក់យ័ន របស់ចិន ធ្វើជារូបិយបណ្ណ សម្រាប់ការដោះដូរពាណិជ្ជកម្មអន្តរជាតិទៀត​ផង។

កងទ័ពស៊ីមបាវ៉ា ជាដៃគូចាស់ ដែលមានតំលៃសម្រាប់ចិន

តែយ៉ាងណា ចំណងផ្អែមល្ហែម រវាងចិន និងលោកមូហ្កាបេ ហាក់បានដើរមកដល់ផ្លូវបំបែកហើយ។ លោក John Everard  អតីតអ្នកការទូតអង់គ្លេសម្នាក់ បានលើកឡើងថា​ ចិនកំពុងតែយកគំរូតាមក្រុម CIA ក្នុងជំនាន់សង្រ្គាមត្រជាក់ ដែលធ្វើសកម្មភាពជំរុញឲ្យមានរដ្ឋប្រហារ ដើម្បីផ្លាស់ប្តូររបប។ លោកបន្តថា​ វាអាចជារឿងចៃដន្យក៏បាន តែនៅថ្ងៃធ្វើរដ្ឋប្រហារ នៅរដ្ឋធានីហារ៉ារ៉េ គឺលោកអគ្គរដ្ឋទូតចិនប្រចាំស៊ីមបាវ៉េ បានធ្វើដំណើរចេញទៅក្រៅប្រទេស។ ហើយអ្នកដែលនៅប្រ​ចាំការ គឺអគ្គរដ្ឋទូតរង ដែលជានិច្ចជាការ តាមទំលាប់ចិន មនុស្សនេះជា ប្រធានផ្នែកស៊ើបការណ៍សម្ងាត់របស់ចិន។ ដូច្នេះ លោកយល់ថា គ្មានអ្វីគួរសង្ស័យទេ គឺប្រធានស៊ើបការសំងាត់ចិន ដែលអាចជាអ្នកចាត់ចែងការធ្វើរដ្ឋប្រហារ ជាមួយកងទ័ពស៊ីមបាវ៉េ។ តែចិន មិនធ្វើឲ្យទៅជាសង្រ្គាមផ្ទុះអាវុធទេ ព្រោះចិនត្រូវការឲ្យស៊ីមបាវ៉េមានស្ថិរភាពធម្មតា ដើម្បីកុំឲ្យប៉ះពាល់ ដល់ការរកស៊ីរបស់ចិន។

ក្រុមកងទ័ពស៊ីមបាវ៉េ មានទំនាក់ទំនង យ៉ាងល្អជាមួយចិន ហើយធ្លាប់រកស៊ីជាមួយចិន រាប់សិបឆ្នាំមកហើយ។ លោកអនុប្រធានាធិបតី Emmerson Mnangagwa ដែលកងទ័ពចង់លើក ឲ្យធ្វើជាប្រធានាធិបតីនោះ ក៏ជាមនុស្សស្និទនឹងប៉េកាំងដែរ។ ចំណែកខ្លាចាស់ មូហ្កាបេ ដែលមានវ័យ៩៣ឆ្នាំ​ទៅហើយ មិនអាចបំរើចិន​ ឲ្យបានដូចចិត្តបានទៀតទេ។ បក្សពួកភរិយារបស់ប្រពន្ធលោក មូហ្កាបេ អាចត្រូវចិនគិតថា មិនសូវស្តាប់បង្គាប់ខ្លួន។ ដូច្នេះវិធីតែមួយ គឺជួយកងទ័ពស៊ីមបាវ៉ា ឲ្យធ្វើរដ្ឋប្រហារ បញ្ចប់អំណាចមូកាបេ ព្រមទាំងភរិយា។ ការធ្វើរដ្ឋប្រហារនេះ គឺស្ថិតក្នុងរង្វង់នៃផលប្រយោជន៍របស់ចិនទាំងស្រុង។ ជាងនេះទៅទៀត ចិនសង្ឃឹមថា ចំណងមេត្រីជាមួយកងទ័ពស៊ីមបាវ៉េ នឹងធ្វើឲ្យកងទ័ពចិន ឈរជើងកាន់តែរឹងមាំ នៅលើទ្វីបអាហ្វ្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ