អានតួអត្ថបទ

ស៊ូដង់៖ កងទ័ព ព្រមព្រៀង​បើក​សម័យ​អន្តរកាល​៣ឆ្នាំ មុន​នឹង​ផ្ទេរ​អំណាច​ស៊ីវីល

នៅប្រទេសស៊ូដង់ កាលពីព្រឹកថ្ងៃពុធទី១៥ឧសភា កងទ័ពដែលបានដឹកនាំប្រទេសជាបណ្តោះអាសន្ន ក្រោយការទំលាក់លោកប្រធានាធិបតី អូម៉ា អ៊ែលបេឆៀរចេញពីអំណាច បានព្រមព្រៀងគ្នា ជាមួយនឹងតំណាងបាតុករថា នឹងអនុវត្តសម័យអន្តរកាលរយៈពេល៣ឆ្នាំ។ បន្ទាបពីសម័យអន្តរកាលនេះ កងទ័ព នឹងធ្វើការផ្ទេរអំណាច ទៅឲ្យរដ្ឋាភិបាលស៊ីវីលមួយ ដែលនឹងកើតឡើង ពីឆន្ទៈប្រជាជន ដោយស្របច្បាប់។

បាតុករស៊ូដង់​ នៅក្បែរក្រសួងការពារជាតិ​ ថ្ងៃទី ៦ ឧសភា ២០១៩
បាតុករស៊ូដង់​ នៅក្បែរក្រសួងការពារជាតិ​ ថ្ងៃទី ៦ ឧសភា ២០១៩ REUTERS/Mohamed Nureldin Abdallah
ផ្សាយពាណិជ្ជកម្ម

"យើងបានព្រមព្រៀងគ្នា បើកសម័យអន្តរកាល រយៈពេល៣ឆ្នាំ"។ នេះគឺជាការប្រកាស របស់លោកមេបញ្ជាការ Yasser Atta តំណាងឲ្យក្រុមប្រឹក្សាកងទ័ពជាស៊ូដង់ បន្ទាប់ពីបានជួបប្រជុំជាមួយនឹងតំណាងបាតុករ និងប្រជាជនស៊ូដង់។ លោក Madani Abbas Madanis តំណាង សម្ព័ន្ធភាពដើម្បីសេរីភាព និងការផ្លាស់ប្តូរនៅស៊ូដង់ ALC បានអះអាង ថាក្រុមលោក និងកងទ័ព ពិតជាបានព្រមព្រៀងគ្នាដូច្នេះមែន។

លោកមេបញ្ជាការ Yasser Atta លើកឡើងថា រយៈពេល​៦ខែដំបូង នៃសម័យអន្តរកាល៣ឆ្នាំនេះ គឺកងទ័ព នឹងចរចាជាមួយកងកម្លាំងប្រដាប់អាវុធ បះបោរមួយចំនួន នៅភាគខាងលិច និងខាងត្បូងស៊ូដង់ ឲ្យ ធ្វើសមាហរណកម្ម កសាងសន្តិភាព។ លោកមេបញ្ជាការរូបនេះ បានឲ្យ​ដឹងបន្ថែមថា អនាគតសភានីតិ​បញ្ញតិ្ត​ស៊ូដង់ នឹងមានសមាជិក​៣០០នាក់ ដែលក្នុងនោះ ៦៧% គឺជាតំណាងបាតុករ នៅក្នុងសម្ព័ន្ធភាព​ដើម្បីសិទ្ធិសេរីភាព​ និងការផ្លាស់ប្តូរ ALC ។

សូមរំលឹកថា សម្ព័ន្ធភាព​ដើម្បីសិទ្ធិសេរីភាព​ និងការផ្លាស់ប្តូរ ALC គឺជាអ្នកផ្តួចផ្តើម ជំរុញឲ្យមានការទម្លាក់លោកប្រធានាធិបតី អូម៉ា អ៊ែលបេឆៀរ។ បាតុកម្មរបស់ប្រជាជនស៊ូដង់ បានចាប់ផ្តើម កាលពីចុងខែធ្នូ បន្ទាប់ពីតម្លៃទំនិញ បាន​ឡើងថ្លៃមួយគុណជា៣។ នៅ​ថ្ងៃទី​១១ មេសា កងទ័ពបានធ្វើអន្តរាគមន៍ ទម្លាក់​លោក អូម៉ា អ៊ែលបេឆៀរ ចេញពីអំណាច ទៅតាមការទាមទាររបស់ប្រជាជន។

គួរបញ្ជាក់ដែរថា ការប្រជុំពិភាក្សាគ្នា ដើម្បីកំណត់វាសនាអនាគតប្រទេស តទៅថ្ងៃមុខ ត្រូវបានធ្វើឡើង យ៉ាងឆាប់រហ័ស ដោយលោកមេបញ្ជាការ Yasser Atta បានអះអាងថា គឺដើម្បីផ្តល់ក្តីសង្ឃឹមឲ្យប្រជាជនឲ្យបានឆាប់។ កិច្ចប្រជុំ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទទី​១៣ ឧសភា បានសម្រេចលទ្ធផល នៅថ្ងៃព្រឹកថ្ងៃពុធ ដោយភាគីទាំង២ កងទ័ព និងតំណាងបាតុករ បានសុខចិត្តកំណត់រយៈពេលអន្តរកាល៣ឆ្នាំ និងបង្កើតស្ថាប័ន៣ ដើម្បីគ្រប់គ្រងប្រទេសជាបណ្តោះអាសន្ន។ ទីមួយ ក្រុមប្រឹក្សាអធិបតេយ្យ ទី២ខុទ្ទកាល័យមួយ និង សភានីតិបញ្ញត្តិមួយ។

តែយ៉ាងណា ស្ថានការណ៍នៅស៊ូដង់ នៅមិនទាន់ស្ងប់នៅឡើយទេ ដោយមានការប្រឈមមុខដាក់គ្នារវាងកងទ័ពមួយក្រុម ជាមួយនឹងប្រជាជន កាលពីល្ងាចថ្ងៃចន្ទទី​១៣ឧសភា ដែលក្នុងនោះមានស្លាប់ប្រជាជន៥នាក់ និងទាហ៊ានម្នាក់។ មតិខ្លះលើកឡើងថា​ សកម្មភាពហិង្សាទាំងនេះ គឺជាស្នាដៃ របស់បក្សពួកលោកអតីត​ប្រធានាធិបតី អូម៉ា អ៊ែលបេឆៀរ ដែលមិនសុខចិត្ត​ ហើយមានបំណង ចង់បំផ្លាញ​ការចរចាកសាង​សន្តិភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ