ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អាហ្វ្រិក

ស៊ូដង់៖ ប្រជាជន​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​កងទ័ព​ទម្លាក់​ប្រធានាធិបតី​អ៊ែលបាឆៀរ ពី​អំណាច

media  
ប្រជាជនស៊ូដង់ លើកដៃជាសញ្ញាជ័យជំនះ នៅពេល​​រថយន្ត​​នគរបាល​បរកាត់។ ក្រុងខាងទូម ថ្ងៃទី​៦ មេសា ២០១៩ REUTERS/Stringer

ប្រជាជនស៊ូដង់រាប់ពាន់នាក់ បានជួបជុំគ្នា ធ្វើការតវ៉ា នៅខាងមុខទីបញ្ជាការដ្ឋានកងទ័ពជាតិ ដើម្បីទាមទារឲ្យកងទ័ពស៊ូដង់ ត្រូវតែទម្លាក់លោកប្រធានាធិបតី អូម៉ា អ៊ែលបាឆៀរ ឲ្យចេញពីតំណែង។ សូមរំលឹកថា លោកអូម៉ា អ៊ែលបាឆៀរ បានកាន់តំណែងនេះ៣០ឆ្នាំមកហើយ ខណៈដែលជីវភាពរបស់ប្រជាជន ក៏ដូចជាសេដ្ឋកិច្ចស៊ូដង់ បានធ្លាក់ចុះដុនដាបកាន់តែខ្លាំង ក្នុងពេលបច្ចុប្បន្ននេះ។

នេះជាថ្ងៃទី២ ហើយ ដែលប្រជាជនស៊ូដង់ រាប់ពាន់នាក់ បានធ្វើបាតុកម្មតវ៉ា​ ប្រឆាំងរដ្ឋាភិបាលរបស់លោក អូម៉ា អ៊ែលបាឆៀរ។ នៅរដ្ឋធានីខាកទូម ប្រជាជនស៊ូដង់បានសម្រុកចូលទៅកៀកនឹងទីបញ្ជាការកងទ័ពជាតិ ជាលើកទីមួយ ដែលទីនេះមានការការពារយាមកាម យ៉ាងតឹងតែង ព្រោះវាស្ថិតនៅក្បែរនិវេសនដ្ឋានរបស់ប្រធានាធិបតី។

នៅខាងមុខអគ្គបញ្ជាការដ្ឋានកងទ័ពជាតិ យោងតាមសាក្សីជាច្រើននាក់ បានឲ្យដឹងថា ប្រជាជនស៊ូដង់ បានស្រែកទាមទារ ឲ្យកងទ័ពត្រូវជួយប្រជាជន ក្នុងបណ្តេញមេដឹកនាំផ្តាច់ការអូម៉ា អ៊ែលបាឆៀរ ឲ្យចុះចេះពីតំណែង។ ពាក្យស្លោក៣ម៉ាត់ សេរីភាព សន្តិភាព និងយុត្តិធម៌ ត្រូវបានប្រជាជនស្រែកបន្លឺ យ៉ាងកងរំពង។

គួរកត់សំគាល់ថា មកទល់ពេលនេះ យោងតាមប្រភពជាច្រើន បញ្ជាក់ថា កងទ័ពមិនបានធ្វើប្រតិបត្តិការ បង្ហាញកម្លាំងបង្រ្កាបប្រជាជនទេ។ ផ្ទុយទៅវិញ សមត្ថកិច្ចនគរបាលស៊ូដង់ បានប្រើគ្រាប់បែកផ្សែង ដើម្បីវាយបំបែកហ្វូងបាតុករ។ តែយ៉ាងណា ចាប់តាំងពីថ្ងៃសៅរ៍ទី ៦មេសា ម្សិលមិញ បាតុករមានចំនួនកាន់តែច្រើន ដែលបាន​មកផ្តុំគ្នា នៅមិនឆ្ងាយពីទីតាំងបញ្ជាការដ្ឋានកងទ័ពជាតិ។

សូមរំលឹកថា លោក អូម៉ា អ៊ែលបាឆៀរ បានឡើងកាន់តំណែង ដោយការធ្វើរដ្ឋប្រហារយោធានៅឆ្នាំ១៩៨៩។ ជាងនេះទៀត អូម៉ា អ៊ែលបាឆៀរ ត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ ចោទប្រកាន់ពីបទចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មសង្រ្គាម ប្រល័យពូជសាសន៍នៅតំបន់ដាកហ្វួរ។ ប្រមាណ៣០ឆ្នាំមកនេះ ប្រធានាធិបតីរូបនេះ បានកាន់តំណែងយ៉ាងណែន បើទោះបីជីវភាពប្រជាជនមិនប្រសើរឡើងក្តី។

គួរបញ្ជាក់ផងដែរថា កំហឹងបាតុកម្មតវ៉ារបស់ប្រជាជនស៊ូដង់ បានឆេះឡើង តាំងតែពីថ្ងៃទី១៩ធ្នូ ឆ្នាំទៅមិញ បន្ទាប់ពីលោកអូម៉ា អ៊ែលបាឆៀរ សម្រេចតម្លើងតម្លៃនំប៉័ង ១គុណជា៣។ បាតុកម្មតវ៉ាទូទាំងប្រទេសបានផ្ទុះឡើង ដើម្បីតាមទារឲ្យប្រធានាធិបតីចាស់វស្សាររូបនេះ ចុះចេញពីអំណាច។ នៅថ្ងៃទី​២២កុម្ភៈ អូម៉ា អ៊ែលបាឆៀរ​ បានប្រកាសអាសន្នជាតិ ដើម្បីបានលេសប្រើច្បាប់អាជ្ញាសិកបង្ក្រាបបាតុកម្មរវ៉ា។ បើយោងតាមតួលេខរបស់អង្គការ Human Rights Watch បានឲ្យដឹងថា ៤ខែមកនេះ មានបាតុករស្លាប់ចំនួន៥១នាក់។

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ