ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT
អាហ្វ្រិក

អាហ្វ្រិកខាងត្បូង​ថា​គ្មាន​​សិទ្ធិ​ទៅ​ចាប់ ប្រធានាធិបតី​ស៊ូដង់ តាម​ការ​ចង់បាន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ

media  
តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រុងឡាអេ ប្រទេសហូឡង់ Reuters

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ ​បាន​បើក​សវនាកា​ពិសេស​មួយ ​ កាល​ពី​ថ្ងៃ​សុក្រ​ទី​៧​មេសា ​ស្តីពី​ករណី ​ប្រធានាធិបតី​ស៊ូដង់ ​ដែល​ត្រូវ​តុលាការ​នេះ ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម។ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ចោទ​ថា​បាន​បំបាន​លើ​កាតព្វកិច្ច​ខ្លួន ​ មិន​ព្រម​ជួប​ចាប់ខ្លួន​​ ប្រធានាធិបតី​ស៊ូដង់​ ទៅ​តាម​ការ​ទាមទារ​ របស់​តុលាការ។ នៅចំពោះមុខសវនាកា ​អ្នក​តំណាង​អាហ្វ្រិក​ខាង​ត្បូង ​បាន​អះអាង​ជា​ថ្មី​ថា​ អាជ្ញាធរ​ខ្លួន​ មិន​បាន​បំពាន​ សេចក្តី​សម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ហើយ​ក៏​គ្មាន​សិទ្ធិ​អ្វី​ទៅ​ចាប់​ប្រធានាធិបតី ​នៃ​ប្រទេស​មួយ​ទៀត​ដែរ។

“វា​មិនមែន​ជា​កាតព្វកិច្ច​របស់​អាហ្វ្រិក​ខាងត្បូង ​​ដែល​ត្រូវ​ទៅ​ចាប់​ឃាត់​ខ្លួន ​ប្រធានាធិបតី​ប្រទេស​មួយ​ ​ទាំង​ដែល ​ប្រទេស​នោះ​ មិនមែន​ជា​​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផង​នោះ”។ នេះគឺ​ជា​សំដី​អះអាង​របស់​លោក ​ Dire Tladi ​ទីប្រឹក្សា​ច្បាប់ ​របស់​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ​ នៅ​ចំពោះមុខ​សវនាកា​នៃ​តុលាការ​ក្រុង​ឡាអេ ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៧​មេសា។

 
អ្នកតំណាង​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​រូប​នេះ ​បាន​បន្ថែម​ទៀត​ថា ​ អាហ្វ្រិក​ខាង​ត្បូង​មាន​ច្បាប់​ផ្ទាល់ខ្លួន​ ដែល​ធានា​ការពារ​អភ័យឯកសិទ្ធិ ​នៃ​ប្រមុខ​រដ្ឋ​គ្រប់​ប្រទេស​ទាំងអស់។ តាម​រយៈ​សម្តី​នេះ ​អ្នក​តំណាង​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង ​បាន​រិះគន់​ បទ​ដ្ឋាន​ច្បាប់​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ថា​មាន​ភាព​ស្រពេចស្រពិល​ និង​មិន​បាន​កំណត់​ឲ្យ​បាន​ច្បាស់ ​អំពី​កាតព្វកិច្ច​ត្រូវ​គោរព។
 
ទោះ​ជា​យ៉ាងណា​ ចៅក្រម​មួយ​រូប​នៃ​តុលាការ ​ បាន​រិះគន់​អំណះអំណាង​របស់​អាហ្វ្រិក​ខាងត្បូង ​ថា​និយាយ​យក​រួច​ខ្លួន។ ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី ​នៃ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម ​ដែល​ជា​សន្ធិសញ្ញា​រៀបចំ​ចាត់តាំង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ ​ អាហ្រ្វិក​ខាងត្បូង​មាន​កាតព្វកិច្ច ​ត្រូវ​គោរព​រាល់​សេចក្តី​សម្រេច ​របស់​តុលាការ។ សន្ធិសញ្ញា​នេះ ​ មាន​តំលៃ​លើស​ច្បាប់​ក្នុង​ស្រុក​អាហ្រ្វិក​ខាងត្បូង ​រួច​ស្រេច​ទៅ​ហើយ។
 
សូម​រំលឹក​ថា ​ លោក ​Omar El Béchir ​ ប្រធានាធិបតី​ស៊ូដង់​ ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ​និង​ឧក្រិដ្ឋកម្ម​សង្រ្គាម ​ទាក់ទិន​នឹង​អំពើ​កាប់​សម្លាប់​នៅ​តំបន់​ដាកហ្វួរ។ តែ​ប្រធានាធិបតី​ផ្តាច់ការ​រូប​នេះ ​នៅតែ​ដើរ​ហើរ​មាន​សិទ្ធិ​សេរីភាព​ដដែល ​ដោយសារ​តែ​គ្មាន​ប្រទេស​ណា​ហ៊ាន​ចាប់​ខ្លួន។ ជាក់ស្តែង​កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៥ ​លោក ​Omar El Béchir ​បាន​ចូលរួម​ប្រជុំ​កំពូល​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង ​ ដោយ​គ្មាន​ខ្លាច​រអា​អ្វី​ទាំង​អស់។ បើទោះបី​ជា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ បាន​ទទូច​ហើយ​ទទូច​ទៀត ​ តែ​អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូង​ មិន​បាន​ធ្វើការ​ឃាត់ខ្លួន​ប្រធានាធិបតី​ស៊ូដង់​ទេ។
 
សំណួរកំពុង​ចោទ​ឡើង​ អំពី​ឥទ្ធិពល ​និង​អំណាច​យុត្តាធិការ​ របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ព្រោះ​មិនមែន​មាន​តែ​អាហ្វ្រិក​ខាង​ត្បូង​មួយ​ទេ​ ដែល​មិន​ព្រម​គោរព។ កន្លង​មក​ តុលាការ​ព្រហ្មទណ្ឌ ​បាន​ត្រឹម​តែ​ស្នើ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ ​ឲ្យ​ដាក់​ទណ្ឌកម្ម​ ប្រទេស​ដែល​មិន​គោរព​សេចក្តី​សម្រេច​របស់​ខ្លួន។ ក៏​ប៉ុន្តែ​ជាក់​ស្តែង​ អង្គការ​សហប្រជាជាតិ ​ មិន​ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ណា​មួយ​ នៅឡើយ​ទេ​ ក្នុង​បញ្ហា​នេះ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ