អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងស្វះស្វែង​ អូស​អាមេរិក​ឲ្យ​​​ឧបត្ថម្ភ​ ​ប្រតិបត្តិការ​រក្សា​សន្តិសុខ​នៅតំបន់ ​សាហ៊ែល​អាហ្វ្រិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំងបើកប្រតិបត្តិការការទូត នៅអង្គការសហប្រជាជាតិដើម្បីអូសទាញសហរដ្ឋអាមេរិក ឲ្យចូលរួមឧបត្ថម្ភជាថវិកា ក្នុងយុទ្ធនាការ ការពារសន្តិសុខ និងសន្តិភាព នៅតំបន់សាហែល​ ទ្វីបអាហ្វ្រិក។ តំបន់សាហែល ស្ថិតនៅចន្លោះប្រទេសអាហ្វ្រិកកណ្តាលជាច្រើន ​កំពុងស្ថិតនៅមាត់ជ្រោះ នៃសង្រ្គាម បង្ករឡើងដោយក្រុមភេរវកម្ម ជីហាត ជាច្រើនក្រុមផ្សេងៗគ្នា។​ គោលបំណងរបស់បារាំង គឺដើម្បីផ្តល់ជាជំនួយបច្ចេកទេស និងថវិកា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ​ ឲ្យប្រទេសអាហ្វ្រិកទាំង៥ ដែលបានចងគ្នា ដើម្បីរក្សាសន្តិសុខនៅតំបន់នេះ។ ការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងប្រតិបត្តិការនេះ គឺមិនអាចខ្វះបានទេ។

ជំនួបកំពូឡ G5 នៃ​តំបន់​Sahel ​នៅ​ក្រុង​បាម៉ាកូ ​ប្រទេស​ម៉ាលី ​ថ្ងៃទី ២ ​កក្កដា ​២០១៧
ជំនួបកំពូឡ G5 នៃ​តំបន់​Sahel ​នៅ​ក្រុង​បាម៉ាកូ ​ប្រទេស​ម៉ាលី ​ថ្ងៃទី ២ ​កក្កដា ​២០១៧ CHRISTOPHE ARCHAMBAULT / AFP
ផ្សាយពាណិជ្ជកម្ម

សាហ៊ែល មាត់ជ្រោះនៃអសន្តិសុខ និងសង្គ្រាម

តំបន់សាហ៊ែល អាហ្វ្រិកនេះ  កំពុងតែត្រូវយាយី ដោយក្រុម និងបណ្តាញជីហាតភេរវកម្មជាច្រើនក្រុម។​ តំបន់សាហ៊ែល​ គឺជាតំបន់ស្ថិតនៅចន្លោះ ពីខាងត្បូងសមុទ្រខ្សាច់សាហារ៉ា រហូតទៅដល់ដីសាវ៉ាន របស់ទ្វីបអាហ្វ្រិកភាគកណ្តាល។ ដូច្នេះតំបន់សាហ៊ែលនេះ គឺវាលាតសន្ធឹង ពីឆ្នេរមហាសមុទ្រអាត្លង់ទិក រហូតដល់មហាសមុទ្រឥណ្ឌា ហើយដែល ឆ្លងកាត់ប្រទេសអាហ្វ្រិកជាច្រើន។

ក្រុមភេរវកម្មជីហាតនៅតំបន់នេះ មានភាពសាហាវ ព្រៃផ្សៃបំផុត ហើយជាទូទៅ មិនមែនធ្វើសកម្មភាព តែនៅក្នុងប្រទេសមួយទេ តែជាសកម្មភាពវាយប្រហារនៅតាមព្រំដែន​ ឆ្លងពីប្រទេសមួយទៅ ប្រទេសមួយ។ ក្រុមទាំងនោះ មានជាអាថទិ៍  ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម  នៅភាគខាងត្បូងលីប៊ី  ក្រុមបូកូហារ៉ាំ ដែលមានដែនដីលាតសន្ធឹង ជុំវិញបឹងឆាដ ចន្លោះរវាងប្រទេសឆាដ នីហ្សេរីយ៉ា និងនីហ្សេរ។ នៅមានក្រុមជីហាតអាល់កាយដា ដ៏សកម្មមួយទៀត គឺនៅម៉ាលី ហើយដែលជានិច្ចជាកាល បានចេញធ្វើប្រតិបត្តិការ នៅម៉ាលី  បួរគីណាហ្វាសូ និងនីហ្សេរជាដើម។

មិនមានថ្ងៃណាមួយ ដែលក្រុមភេរវកម្មទាំងនេះ​ មិនធ្វើសកម្មភាពទេ។ ជួនកាលជាសកម្មភាព ដុតភូមិប្រជាជន សម្លាប់អ្នកស្រុក ជួនកាលជាសកម្មភាពដាក់បំផ្ទុះគ្រាប់បែកនៅតាមទីប្រជុំជន  និងជាញឹកញាប់ ជាសកម្មភាពចាប់ចំណាប់ខ្មាំងបរទេស នៅតាមសណ្ឋាគារ ឬតាមទីក្រុងជាដើម។ សកម្មភាពវាយប្រហាររបស់ក្រុម ជីហាតអ៊ីស្លាមទាំងនេះ បានធ្វើឲ្យស្ថានភាពសន្តិសុខ នៅតាមប្រទេសតំបន់សាហ៊ែល ជួបបញ្ហាលំបាកជាខ្លាំងណាស់។ ជាងនេះទៅទៀត គឺសុទ្ធតែជាប្រទេសក្រីក្របំផុត ហើយបញ្ហានេះ វាបានរុញច្រានប្រជាជនស្លូតត្រង់ ឲ្យកានតែធ្វើចំណាកស្រុក កាន់តែច្រើនឡើង។

SAHEL
SAHEL RFI

G5 ត្រូវការជំនួបឧបត្ថម្ភ សម្ភារៈ និងបច្ចេកទេស

ក្រោមការជ្រោមជ្រែងរបស់រដ្ឋាភិបាលបារាំង កាលពីអាណត្តិលោក François Hollande គេបានរៀបចំបង្កើតឲ្យមានកម្លាំងសហប្រតិបត្តិការមួយ ឈ្មោះថា G5។ G5 នេះ រួមមាន៥ប្រទេសចូលរួម  គឺ ម៉ាលី បូរគីណាហ្វាសូ នីហ្សេរ ឆាដ  និង ម៉ូរីតានី។ ប្រទេសទាំង៥ បានសន្យាគ្នា បង្កើតកម្លាំងពិសេសមួយ ដែលមានទាហានប្រមាណ៥០០០នាក់ មានទួនាទីរក្សាសន្តិសុខ នៅតាមតំបន់នេះ។

គឺក្នុងក្របខណ្ឌនៃប្រតិបត្តិការនេះហើយ ដែលគេត្រូវការជំនួយឧបត្ថម្ភ ឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា។ ប្រតិបត្តិការនេះ ស្ថិតក្រោមការសហការ ពីសំណាក់អង្គការសហប្រជាជាតិ​ ដែលបានបញ្ជូនទាហានមួកខៀវ ទៅជាងជាង១ម៉ឺននាក់ហើយ។ តែទាហ៊ានមួកខៀវមិនអាចធ្វើបានទាំងស្រុង ព្រោះគេត្រូវការទាហ៊ាន នៅតាមតំបន់ ដែលស្គាល់ស្ថានការណ៍ នឹងស្ថានភាពភូមិសាស្ត្រច្បាស់។

ដើម្បីឲ្យក្រុមទាហានរក្សាសន្តិភាព នៃប្រទេសទាំង៥នេះ មានសមត្ថភាពគ្រប់គ្រាន់​ គឺគេត្រូវការសម្ភាៈ និងជំនួយបច្ចេកទេស។ បើតាមការសិក្សាដំបូងរបស់ប្រទេសទាំង៥ខាងលើ សម្រាប់ឆ្នាំទីមួយនៃប្រតិបត្តិការ គឺគេត្រូវការប្រាក់ ប្រមាណជាង៤០០លានអឺរ៉ូ។ ក៏ប៉ុន្តែបើតាមការគុណគូរ របស់បារាំង កញ្ចប់ថវិកាប្រមាណជា២៥០លានអឺរ៉ូ អាចគ្រប់គ្រាន់សម្រាប់ឆ្នាំដំបូងហើយ។

ដូច្នេះហើយ  បានជានៅថ្ងៃអាទិត្យទី២៩ តុលានេះ រដ្ឋាភិបាលបារាំង តាមរយៈ រដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកទូតបារាំង ប្រចាំអង្គការសហប្រជាជាតិ បានសម្រេច បើកប្រតិបត្តិការការទូត  ដើម្បីគៀងគរការគាំទ្រ ជាពិសេស ពីសំណាក់ សហរដ្ឋអាមេរិក។ នៅថ្ងៃចន្ទស្អែក លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង នឹងដឹកនាំអង្គប្រជុំមួយ នៅអង្គការសហប្រជាជាតិ។

បារាំង​ព្យាយាម​ពន្យល់រដ្ឋាភិបាលអាមេរិក ឲ្យយល់ពីតួនាទីក្នុងនាមជាមហាអំណាច

ជំនួយថវិការបស់សហរដ្ឋអាមេរិក មានសារៈសំខាន់ណាស់ ដើម្បីគាំព៌ា ប្រតិបត្តិការនេះ។ ក៏ប៉ុន្តែ គេសង្ឃឹមតិចណាស់​ថា រដ្ឋាភិបាលអាមេរិករបស់លោកដូណាល់ ត្រាំ និងយល់ព្រមជួយ ព្រោះថាថ្មីៗនេះ លោកដូណាល់ ត្រាំ ទើបតែបានដកខ្លួនអាមេរិក ចេញពីអង្គការយូណេស្កូ ដោយសារតែមិនចង់ចំណាយប្រាក់វិភាគទាននេះឯង។ រដ្ឋាភិបាលសហរដ្ឋអាមេរិក របស់លោកដូណាល់ ត្រាំ មាននយោបាយរិតត្បិតថវិកាខ្លាំងណាស់​ ជាពិសេស ថវិកាដែលចំណាយ ក្នុងអន្តរាគមន៍នៅក្រៅប្រទេស មិនថាផ្នែកវប្បធម៌ ផ្នែកស្រាវជ្រាវ ឬក៏ការការពារសន្តិសុខទេ។

ហេតុដូច្នេះហើយ បានជាបារាំង កំពុងព្យាយាមពន្យល់ ឲ្យរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ យល់ថា សហរដ្ឋអាមេរិក​មិនអាច គិតតែពីចង់ធ្វើមេគេ ក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជាកម្ម  តែបែរជាមិនចង់ចូលរួមឈឺឆ្អាល ក្នុងវិស័យផ្សេងទៀត របស់ពិភពលោក នោះទេ។ ក្នុងនាមជាមហាអំណាច ក្នុងនាមជាសាមជិកក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក មានទួនាទីសំខាន់ណាស់ ក្នុងការរក្សា ការពារសន្តិសុខ សន្តិភាព នៅទូទាំងពិភពលោក។

ប្រតិបត្តិការតំបន់សាហ៊ែល អាចជាមធ្យោបាយមួយ ដើម្បីទប់ស្កាត់ សកម្មភាពកាប់សម្លាប់ប្រជាជន ពីសំនាក់ ក្រុមជីហាតភេរវកម្មជាច្រើនក្រុមនៅអាហ្វ្រិក។ បច្ចុប្បន្ននេះ ប្រតិបត្តិការនេះ មានថវិកាចំណាយ តែប្រមាណ១០០លានប៉ុណ្ណោះ ដែលមានន័យថា ក្រុមកងកម្លាំងរបស់ប្រទេសទាំង៥ មានការខ្វះខាតច្រើនណាស់។

សហរដ្ឋអាមេរិក មិនចង់ចំណាយប្រាក់

អ្វីដែលបារាំង ចង់បាន គឺសុំឲ្យមានជំនួបឧបត្ថម្ភ ផ្នែកបច្ចេកទេស និងសម្ភារៈ ពីសំណាក់អង្គការសហប្រជាជាតិ។ ដូច្នេះ ដើម្បីធ្វើទៅបាន គឺទាល់តែប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក ជាដើម ត្រូវបន្ថែមកញ្ចប់ថវិកាពិសេស សម្រាប់ប្រតិបត្តិការនេះ។ លោក Paul Williams​ អ្នកជំនាញនៅសកលវិទ្យាល័យវ៉ាស៊ីន​តោន បានអះអាងថា ជំនួ​យសម្ភារៈពីសំណាក់អង្គការសហប្រជាជាតិ នឹងអាចជួយបានច្រើនណាស់។

ប៉ុន្តែ​មកទល់ពេលនេះ រដ្ឋាភិបាលអាមេរិក បានអះអាងថា គេបានផ្តល់ជំនួយ ​ជាលក្ខណៈទ្វេរភាគី ជាមួយប្រទេសអាហ្វ្រិកមួយចំនួនហើយ ដូច្នេះគេគ្មានហេតុផលអ្វី មកចំណាយប្រាក់ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ថែមទៀតនោះទេ។

ប៉ុន្តែ លោក François Delattre អគ្គរដ្ឋទូតបារាំង ប្រចាំអង្គការសហប្រជាជាតិ លើកឡើងថា ជំនួយបច្ចេកទេសនិងសម្ភារៈ ពីក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ទៅឲ្យក្រុមប្រទេសG5 បូកបន្ថែមជាមួយនឹងជំនួយជាលក្ខណៈទេ្វរភាគី​ ដាច់ដោយឡែក គឺពិតជាសំខាន់ណាស់។

តែយ៉ាងណា គេមានសង្ឃឹមតិចណាស់​ ថាសហរដ្ឋអាមេរិក​ព្រមចូលរួម ចំនាយប្រាក់ក្នុងប្រតិបត្តិការសាហ៊ែលនេះ ព្រោះថា ឆ្នាំនេះ រដ្ឋាភិបាលលោកត្រាំ បានកាត់បន្ថយប្រាក់ចំណាយក្នុងប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិដល់ទៅ៦០០លានដុល្លារបាត់ទៅហើយ។ បញ្ហាថវិកាជារឿងមួយ តែបញ្ហាចំបងមួយទៀត គឺរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ ពុំមានគោលនយោបាយច្បាស់លាស់ណាមួយ​ ក្នុងការជួយទ្វីបអាហ្រ្វិកទេ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ