អានតួអត្ថបទ

អេត្យូពី៖ មេបញ្ជាការ​កងទ័ព​ជាតិ និង​អភិបាលតំបន់​អាំហារ៉ា ត្រូវ​គេ​ធ្វើឃាត

ប្រទេសអេត្យូពី កំពុងតែធ្លាក់ទៅក្នុងអំពើហិង្សានយោបាយ បន្ទាប់ពីមានការបាញ់សម្លាប់មនុស្សសំខាន់ៗ ព្រមៗគ្នាជាច្រើននាក់។ នៅថ្ងៃសៅរ៍ទី២២មិថុនា អគ្គបញ្ជាការកងទ័ពជាតិអេត្យូពី ត្រូវគេបាញ់សម្លាប់​​នៅនឹងផ្ទះ ហើយស្របពេលជាមួយគ្នានោះ លោកអភិបាលតំបន់ អាំហារ៉ា ដែជាតំបន់ស្ថិតនៅភាគពាយ័ព្យប្រទេស ក៏ត្រូវគេធ្វើឃាតដែរ។

លោកស្រី Billene Seyoum អ្នក​នាំពាក្យរដ្ឋាភិបាល និង​នាយករដ្ឋមន្ត្រី​​អេត្យូពី។ ក្រុង អាឌី អាបេបា ថ្ងៃទី ២៣ មិថុនា ២០១៩​
លោកស្រី Billene Seyoum អ្នក​នាំពាក្យរដ្ឋាភិបាល និង​នាយករដ្ឋមន្ត្រី​​អេត្យូពី។ ក្រុង អាឌី អាបេបា ថ្ងៃទី ២៣ មិថុនា ២០១៩​ EDUARDO SOTERAS / AFP
ផ្សាយពាណិជ្ជកម្ម

យោងតាមការផ្តល់ព័ត៌មាន ដោយអ្នកនាំពាក្យរដ្ឋាភិបាលអេត្យូពី បានឲ្យដឹងថា នៅរសៀល​ថ្ងៃទី​២២មិថុនា កងកម្មង់ដូមួយក្រុម ដែលដឹកនាំដោយមេសន្តិសុខប្រចាំតំបន់អាំហារ៉ា បានលើកគ្នា ចូលទៅកាន់ទីតាំងប្រជុំមួយ​ ហើយបានបាញ់រះ បង្កឲ្យលោក Ambachew Mekonnen អភិបាលតំបន់អាំហារ៉ា និងមន្ត្រីម្នាក់​ទៀត​ រងរបួសធ្ងន់។ ជនរងគ្រោះទាំង២បានស្លាប់ បន្ទាប់ពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ។

ផ្អែកតាមការអះអាង របស់អ្នកនាំពាក្យដដែល នៅប៉ុន្មានម៉ោងក្រោយហេតុការណ៍នៅអាំហារ៉ានេះ លោក Seare Mekonnen អគ្គបញ្ជាការកងទ័ពជាតិអេត្យូពី ត្រូវបានខ្មាន់កាំភ្លើង ដែលជា​អង្គរក្សខ្លួន បាញ់សម្លាប់នៅគេហដ្ឋាន រួមជាមួយនឹងអតីត​​មេទ័ព​ចូលនិវត្តន៍ម្នាក់ទៀតផង។ អ្នកនាំពាក្យរដ្ឋាភិបាលអេត្យូពី អះអាងថា ហេតុការណ៍ឃាតកម្មទាំង២នេះ គឺជាការរៀបចំក្នុងគំរោងតែមួយ។ អង្គរក្សខ្មាន់កាំភ្លើង ដែលសម្លាប់មេបញ្ជាការកងទ័ពជាតិ ត្រូវបានគេបាញ់សម្លាប់នៅហ្នឹងកន្លែង។ ដោយឡែក មេសន្តិសុខប្រចាំតំបន់ អាំហារ៉ា បានរត់គេចខ្លួនបាត់។

សូមរំលឹកថា នាយករដ្ឋមន្ត្រីអេត្យូពី ឈ្មោះ Abiy Ahmed បានឡើងមកកាន់តំណែង បានមួយឆ្នាំហើយ ហើយបានដាក់ចុះនូវផែនការកំណែទម្រង់ជាច្រើន ដើម្បីកាត់បន្ថយឥទ្ធិពលតំបន់ ព្រមទាំងអំពើពុករលួយបក្សពួកនិយម។ តំបន់ អាំហារ៉ា គឺរដ្ឋមួយក្នុងចំណោមរដ្ឋទាំង៩ នៃសាធារណៈរដ្ឋសហព័ន្ធអេត្យូពី។

អ្នកវិភាគ​ បានលើកឡើងថា អំពើហិង្សានយោបាយនៅក្នុងរដ្ឋនេះ បានបង្ហាញឲ្យឃើញអំពី​ វិបត្តិនយោបាយ ក៏ដូចជាការលំបាកក្នុងការអនុវត្តការធ្វើកំណែទម្រង់។ លោក​William Davison អ្នកវិភាគ នៅ International Crisis Group បានលើកឡើងថា វាជារឿងគួរឲ្យសោកស្តាយណាស់ ដែលអ្នកនយោបាយអេត្យូពី ជ្រើសរើសការធ្វើសកម្មភាព​ហិង្សាសម្លាប់គ្នា ដើម្បីតែកេងចំណេញនយោបាយរាងៗខ្លួន។

ដោយឡែក ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំអេត្យូពី បានជូនដំណឹង​ឲ្យពលរដ្ឋខ្លួន មានការប្រុងប្រយ័ត្ន និងរកកន្លែងមានសុវត្ថិភាព ដោយហេតុថាអាចមានករណីបាញ់បោះសេរី​ នៅក្នុងរដ្ឋធានីអាឌី អាបេបា និងនៅតំបន់អាំហារ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ