អានតួអត្ថបទ
អេហ្ស៊ីប-ភេរវកម្ម

អេហ្ស៊ីប​​កំទេច​​ជុំរុំ​​ហ្វឹកហាត់​​ពួក​​ជីហាត ​នៅ​​លីប៊ី​ មួយ​ថ្ងៃ​​ក្រោ​យ​​ហេតុការណ៍​​សម្លាប់​​អ្នក​​កាន់​​សាសនា​​គ្រិស្ត​​២៨​នាក់

កាលពីថ្ងៃ​ទី ​២៦​ឧសភា ​ក្រុម​ជន​បិទមុខ​មួយ​ក្រុម​បាន​ស្ទាក់ ​បាញ់​សម្លាប់​អ្នក​ដំណើរ ​២៨នាក់ ​ដែល​ជា​អ្នក​កាន់​សាសនា​គ្រិស្ត ​នៅ​ខាង​ត្បូង​ចំងាយ​២០០​គីឡូម៉ែត្រ ​ពី​ទីក្រុង​គែរ ​រដ្ឋធានី​អេហ្ស៊ីប។​ នេះ​មិនមែន​ជា​លើកទី​មួយ​ទេ​ ដែល​ក្រុម​ជីហាត​ជ្រុល​និយម​ បាន​បាញ់​សម្លាប់​ជាក្រុម​ យ៉ាង​ព្រៃផ្សៃ ​ទៅ​លើ​សហគម​អ្នក​កាន់​សាសនា​គ្រិស្តិ​អេហ្ស៊ីប។ ទាហាន​អេហ្ស៊ីប ​បាន​ឆ្លើយ​តប​វិញ ​ដោយ​ការ​បាញ់​កម្ទេច​ទីតាំង​ហ្វឹកហាត់​របស់​ពួក​ជីហាត ​នៅ​ក្នុង​ប្រទេស​លីប៊ី ​ដែល​អេហ្ស៊ីប ​ចោទ​ថា​គឺ​ជា​រោងចក្រ​ ផលិត​ពួក​ជីហាត​ភេរវកម្ម។

សហគមCoptes អ្នកកាន់សាសនាគ្រិស្តី ធ្វើ​ពិធី​ដង្ហែរ​សព ជន​រងគ្រោះ ដែល​ក្រុម​ភេរវកម្ម​អ៊ីស្លាម​សម្លាប់
សហគមCoptes អ្នកកាន់សាសនាគ្រិស្តី ធ្វើ​ពិធី​ដង្ហែរ​សព ជន​រងគ្រោះ ដែល​ក្រុម​ភេរវកម្ម​អ៊ីស្លាម​សម្លាប់ Reuters
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោច​ណាស់ ​ស្លាប់​២៨​នាក់ ​ដែល​ក្នុង​នោះ​មួយ​ភាគ​ធំ​គឺ​ជា​កុមារ។ រថយន្ត​បឺស​ របស់​សហគម​ជនជាតិ​ Coptes​ ដែល​ជា​សហគម​ អ្នក​កាន់​សាសនា​គ្រិស្ត ​ធំបំ​ផុត​នៅ​អេហ្ស៊ីប ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ វិហារ ​Saint-Samuel​ ក្នុង​ខេត្ត ​Minya ​ចំងាយ​ប្រមាណ​២០០​ គីឡូម៉ែត្រ ​ពី​រដ្ឋធានី​គែរ។ ក្រុម​ជន​មិន​ស្គាល់មុខ ​ក្នុង​រថយន្ត ​Pick-up​ បី​គ្រឿង ​បាន​ស្ទាក់​បាញ់​សម្លាប់​ យ៉ាង​ព្រៃផ្សៃ​បំផុត។ ហេតុការណ៍​សម្លាប់​អ្នក​កាន់​សាសនា​គ្រិស្ត​នេះ ​កើតឡើង​មួយ​ថ្ងៃ ​មុន​ថ្ងៃ​ចាប់​ផ្តើម​រដូវ​បួស ​តម​អាហារ ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម។

 
សម្តេច​ប៉ាប ​ប្រមុខ​សង្ឃ​កាតូលិក ​បាន​ប្រកាស​ចូលរួម​រំលែកទុក្ខ ​ហើយ​បាន​ថ្កោលទោស​ អំពើ​សម្លាប់​ដ៏ព្រៃ​ផ្សៃ​នេះ។ ​ដោយឡែក ​វិទ្យាស្ថាន ​Al-Azhar ​ដែល​ជា​ស្ថាប័ន​សំខាន់​បំផុត​នៃ​សាសាន​អ៊ីស្លាម ​និកាយ​ស៊ុនីត​ ប្រចាំ​នៅ​ទីក្រុង​គែរ ​ក៏បាន​ប្រកាស​ថ្កោល​ទោស ​អំពើ​យង់ឃ្នង​នេះ​ដែរ។ ទាំងលោក​ ប្រធានាធិបតី​អាមេរិក​ និង​រុស្ស៊ី ​សុទ្ធតែ​បាន​ថ្កោល​ទោស ​ហើយ​ថា​អំពើ​នេះ ​ស្តែងឲ្យ​ឃើញ​អំពី​ភាព​ព្រៃផ្សៃ ​របស់​ពួក​ជីហាត​ភេរវកម្ម។

ពិធី​បុណ្យសព្វ​ របស់​ជន​រងគ្រោះ ត្រូវ​បាន​រៀបចំ​ឡើង​ ប្រកប​ដោយ​ទុក្ខ​ក្រៀមក្រោះ ​លាយឡំ​ជាមួយ​នឹង​កំហឹង។ ក្រុម​គ្រួសារ​ជនរងគ្រោះ ​បាន​ចោទ​ប្រកាន់ ​ពីការ​មិន​យក​ចិត្ត​ទុកដាក់ ​ដល់​សន្តិសុខ​របស់​សហគម​អ្នក​កាន់​សាសនា​គ្រិស្ត​នៅ​អេហ្ស៊ីប ​ពី​សំណាក់​ អាជ្ញាធរ​រដ្ឋាភិបាល។ នេះមិន​មែន​ជា​លើក​ទីមួយ​ទេ ​ដែល​សហគម​អ្នក​កាន់​សាសនា​គ្រិស្តអេ​ហ្ស៊ីប ​បាន​រង​នូវ​អំពើ​ភេវកម្ម។ កាលពីខែ​ធ្នូ ​ភេរវកម្ម​នៅ​វិហារ​គ្រិស្ត​សាសនា​កណ្តាល​ក្រុង​គែរ ​បាន​សម្លាប់​មនុស្ស​២៩​នាក់។ ហើយ​នៅ​ខែ​មេសា​ថ្មីៗ​នេះ ​ភេរវកម្ម​ពីរ​ផ្ទួនគ្នា ​បាន​កើត​មាន​ឡើង​នៅ​វិហារ​គ្រិស្តសាសនា​របស់​សហគម​ជនជាតិ​Coptes​ ដែល​បាន​សម្លាប់​មនុស្ស​៤៥​នាក់។

បើទោះ​បី​ការ​សម្លាប់​ជាក្រុម​ យ៉ាង​សាហាវ ​កាល​ពី​ថ្ងៃ​២៦​ឧសភា ​មិន​ទាន់​មាន​ក្រុម​ភេរវកម្ម​ណា​ចេញ​មក​ទទួល ​ ដូច​កាលពី​ភេវកម្ម​លើក​មុន​ក៏ដោយ ​តែ​អាជ្ញាធរ​អេហ្ស៊ីប ​ប្រាកដ​ណាស់​ថា​វាគឺ​ជា​ស្នាដៃ ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ ក្រុម​ភេរវកម្ម​នេះ ​ធ្លាប់​បាន​ប្រកាស​ថា ​ពួក​វា​នឹង​បង្កើន​សកម្មភាព​ភេរវកម្ម​ សម្លាប់​អ្នក​កាន់​សាសនា​គ្រិស្ត​នៅ​អេហ្ស៊ីប។

យ៉ាងណាមិញ ​ទាហាន​អាកាស​អេហ្ស៊ីប ​បាន​ទំលាក់​គ្រាប់បែក​៨គ្រាប់ ​កំទេច​មូលដ្ឋាន​ហ្វឹក​ហាត់​របស់​ពួក​ជីហាត ​នៅ​តំបន់​ Derna ​ប្រទេស​លីប៊ី។ លោក ​ប្រធានាធិបតី ​អេហ្ស៊ីប ​បាន​បញ្ជាក់​ថា ​អេហ្ស៊ីប ​ប្តេជ្ញា​ទំលាក់​គ្រាប់ ​កំទេច​មូល​ដ្ឋាន ​ជង្រុក​ពួក​ជីហាត​ភេរវកម្ម​ មិន​ថា​នៅ​លើ​ដី​អេហ្ស៊ីប ​រឺ​នៅ​ប្រទេស​ក្បែរខាង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ