អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ទៅ​អាហ្វ្រិក ដើម្បី​ពង្រឹង​ទីផ្សារ​សេដ្ឋកិច្ច​ប្រជែង​ជាមួយ​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្ត្រី​ឥណ្ឌា ​លោក ណារិន្ទ្រ ម៉ូឌី ​កំពុង​តែ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​នៅ​ថ្ងៃ​ទី​៦ ​កក្កដា​នេះ។ នេះគឺ​ជា​ដំណើរ​ទស្សនកិច្ច ​ ដែល​មាន​ខ្លឹមសារ​នយោបាយ ​និង​សេដ្ឋកិច្ច ​សម្រាប់​ឥណ្ឌា ក៏​ដូច​ជា​សម្រាប់​ទ្វីប​អាហ្វ្រិក។ ឥណ្ឌា ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លេចធ្លោ​ខ្លាំង​ នា​ពេល​នេះ ​កំពុង​ត្រូវ​ការ​ទីផ្សារ​ វត្ថុ​ធាតុ​ដើម ​ ដែល​ខ្លួន​ត្រូវការ​ដើម្បី​តម្រូវ​ការ​ផលិត។ ថ្វីត្បិត​តែ​វត្តមាន​របស់​ឥណ្ឌា​ បាន​មក​ដល់​យឺតពេល​បន្តិច​ក្រោយ​ចិន ​ តែ​ទ្វីប​អាហ្វ្រិក​ដ៏​សែន​ធំ​នេះ ​នៅមិន​ទាន់​ចង្អៀត​​សម្រាប់​ឥណ្ឌា​ទេ។

វេទិកា​កំពូល​ឥណ្ឌា - អាហ្វ្រិក​ ខែតុលា ឆ្នាំ២០១៥
វេទិកា​កំពូល​ឥណ្ឌា - អាហ្វ្រិក​ ខែតុលា ឆ្នាំ២០១៥ Reuters
ផ្សាយពាណិជ្ជកម្ម

តាម​ការ​គ្រោងទុក ​ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នឹង​អញ្ជើញ​ទៅ​ប្រទេស​ ម៉ូហ្សំប៊ិក ​មុន​គេ ​ដែល​សម្រាប់​ប្រទេស​នេះ ​គឺ​អស់​រយៈពេល​៣៤​ឆ្នាំ​ហើយ ​ មិន​ដែល​មាន​មេដឹកនាំ​ឥណ្ឌា​ណា​មក​ធ្វើ​ទស្សនកិច្ច​ទេ។ បន្ទាប់​មក​ទៀត ​ លោក​ណារិន្ទ្រម៉ូឌី ​នឹង​អញ្ជើញ​ទៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ​ប្រទេស​តង់ហ្សានី ​ និង​ប្រទេស​កេនយ៉ា។

 
លោក​ណារិន្ទ្រម៉ូឌី ​ទៅ​ទ្វីប​អាហ្វ្រិក ​ តែ​មិនមែន​ទៅ​ប្រទេស​ដែល​មាន​ចលាចល​នយោបាយ ​ ​រឺ​ក៏​ប្រទេស​ដែល​មាន​សង្រ្គាម​ទេ។ យើងឃើញ​ថា​ក្នុង​ចំណោម​ប្រទេស​ទាំង​បួន​នេះ ​ ​គឺ​សុទ្ធ​សឹង​ជា​ប្រទេស​នៅ​ភាគ​ខាង​កើត​និង​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក ​ហើយ​ជា​ប្រទេស​ដែល​មាន​ស្ថិរភាព​នយោបាយ​ល្អ​ជាង​គេ​ នៅ​អាហ្វ្រិក។

បន្ត​បេសកកម្ម ​បន្ទាប់​ពី​ជំនួបកំពូល​ឥណ្ឌា-អាហ្វ្រិក៖
ដំណើរ​ទស្សនកិច្ច​នេះ​ គឺវា​ធ្វើឡើង​ បន្ទាប់​ពី​លោក​ណារិ ន្ទ្រម៉ូឌី ​បាន​មាន​គំនិត​រៀបចំ ​ជំនួប​កំពូល​ពិសេស​មួយ ​រវាង​ឥណ្ឌា​និង​អាហ្វ្រិក ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៥។ ជំនួបកំពូល​នេះ ​ គឺ​ជា​ជោគជ័យ​សម្បើម​ណាស់ ​សម្រាប់​នយោបាយ​ការទូត ​ក៏​ដូច​ជា​សេដ្ឋកិច្ច​របស់​លោក ​ណារិន្ទ្រ ​ម៉ូឌី ​ ហើយ​ប្រទេស​អាហ្រ្វិក​មួយ​ចំនួនធំ​ បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​ដោយ​ពាំនាំ​ទៅ​ជាមួយ​ នូវ​ការ​សន្យា​ជា​ច្រើន​របស់​ឥណ្ឌា ​ដូចជា​ជំនួយ​ឥតសំណង​ និង​ កម្ចី​ឥណ្ឌទាន​ ក្នុង​ការប្រាក់​ទាប​ជា​ច្រើន​ពាន់លាន​ដុល្លារ ​ទៀត​ផង។

កាលពី​ជំនួប​កំពូល​ខែតុលា ​ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​បាន​ប្រកាស​ថា​ នឹង​ផ្តល់​ប្រាក់​កម្ចី​ឥណ្ឌទាន​ ដល់​ប្រទេស​ទ្វីប​អាហ្វ្រិក​ ពីនេះ​៥ឆ្នាំ​ទៅមុខ​ ក្នុង​ទឹក​ប្រាក់​១០ពាន់​លាន​ដុល្លារ។ ហើយ​ឥណ្ឌា ​សន្យា​ផ្តល់​អាហារូបករណ៍​ចំនួន​ ៥ម៉ឺន​កន្លែង​ ដល់​និស្សិត​អាហ្វ្រិក ​ដើម្បី​មក​បន្ត​ការ​សិក្សា​ក្នុង​សកលវិទ្យាល័យ​របស់ឥណ្ឌា។

ដូច្នេះ ​លោក​ម៉ូឌី ​ទៅ​ធ្វើ​ទស្សនកិច្ច​ នៅ​តាម​ប្រទេស​អាហ្វ្រិក​ទាំងបួន ​នាពេល​នេះ ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ដើម្បី​បញ្ជាក់​ពី​ការ​សន្យា ​ព្រម​ទាំង​រឹត​ចំណង​សហប្រតិបត្តិការ ​ដែល​វា​ជា​គោលដៅ​ធំ​របស់​នយោបាយ​សេដ្ឋកិច្ច​ឥណ្ឌា។

ប្រជែង​ជាមួយ​ចិន​ ​ដើម្បី​យក​ទីផ្សារ​នៅ​អាហ្វ្រិក៖
ជា​ការពិត​ ទស្សនកិច្ច​នេះ ​គឺ​ជា​ការ​ប្រឹងប្រែង​ផ្នែក​ការ​ទូត​របស់​ឥណ្ឌា​ខ្លាំង​ណាស់ ​ដើម្បី​បន្ត​បង្ហាញ​វត្តមាន​របស់​ឥណ្ឌា ​នៅ​ទ្វីប​អាហ្វ្រិក ​ជា​ពិសេស​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​ចិន ​ ដែល​បាន​ទៅ​ដល់​មុន​ ហើយ​បាន​បូម​យក​ទីផ្សារ​យ៉ាង​ក្រាស់ក្រែល។

ទាំង​ឥណ្ឌា​ទាំង​ចិន​​ សុទ្ធសឹង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​និង​ដែល​មាន​ទំងន់​សេដ្ឋកិច្ច​ធ្ងន់​ណាស់ ​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ដូច្នេះ​ប្រទេស​ទាំងពីរ ​ ត្រូវការ​ស្វែងរក​និរន្តរភាព​ នៃ​វត្ថុធា​តុដើម ​ ដែល​ខ្លួន​ត្រូវការ​ដើម្បី​ផលិតផល​របស់​ខ្លួន។ ហើយ​វត្ថុ​ធាតុដើម ​សំខាន់​បំផុត​សម្រាប់​ឥណ្ឌា ​គឺ​រ៉ែ​កម្រ​នានា ​ដែល​គេ​ត្រូវការ​ដើម្បី​ផលិត​ជា​គ្រឿង​ផ្សំ​នៃ​ឧបករណ៍​អេឡិចត្រូនិក ​ដូចជា​ទូរស័ព្ទ ​ទូរទស្សន៍ ​រឺ​កុំព្យូទ័រ​ជាដើម។ ផលិតផល​ទាំង​អស់​នេះ​ គឺ​ជា​ចំណុច​ខ្លាំង​របស់​សេដ្ឋកិច្ច​ឥណ្ឌា។ ក្រៅពី​ចង់​បាន​វត្ថុ​ធាតុដើម​ពី​អាហ្វ្រិក​ ឥណ្ឌា​ក៏​ត្រូវការ​លក់​ផលិតផល​របស់​ខ្លួន ​ នៅក្នុង​ទីផ្សារ​របស់​អាហ្វ្រិក​ដែរ។

បើយើង​និយាយ​ពី​ការដោះដូរ​ពាណិជ្ជកម្ម ​ព្រមទាំង​ទុន​វិនិយោគ​សរុប​រវាង​ឥណ្ឌា ​និង​អាហ្វ្រិក ​យើង​សង្កេត​ឃើញ​ថា​វា​បាន​កើន​ឡើង​ខ្លាំង ​ គឺ​ មាន​៣ពាន់​លាន​ដុល្លារ ​នៅ​រវាង​ឆ្នាំ​២០០០​ បាន​កើន​រហូត​ដល់​៧០​ពាន់​លាន​ដុល្លារ ​នៅ​ឆ្នាំ​២០១៥។ តែ​បើ​យើង​ប្រៀបធៀប​ជាមួយ​នឹង​ចិន​ គឺ​ថា​ឥណ្ឌា​នៅ​ចាញ់​ចិន​ឆ្ងាយ​​ ព្រោះ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាងចិន​ និង​អាហ្វ្រិក ​គឺ​មាន​ដល់​ទៅ​២១០​ពាន់​លាន​ដុល្លារ ​ឯណោះ​ក្នុង​ឆ្នាំ​២០១៥។

តែយ៉ាង​ណា​ក៏ដោយ ​ឥណ្ឌា​កំពុង​តែ​ពង្រីក​ខ្លួន ​កាន់តែ​ធំ​នៅ​អាហ្រ្វិក ​ហើយ​មាន​ប្រៀបជាង​ចិន​ ជា​ពិសេស​ក្នុង​វិស័យ​ផលិត​ថាមពល ​និង​ការ​ជំរុញ​ឲ្យ​មាន​សហគ្រិន​ឯកជន​ឥណ្ឌា​ តាម​រយៈប្រជាជន​ឥណ្ឌា ​ប្រមាណ​ជា​១លាន​៣សែន​នាក់​ ដែល​រស់​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។ ជា​ឧទាហរណ៍ ​ជាមួយ​នឹង​ប្រទេស​អាហ្វ្រិក​​ខាងត្បូង ​ ឥណ្ឌា​គឺ​ជាដៃ​គូ​សេដ្ឋកិច្ច​ទី៦ ​ហើយ​នៅ​២០១៦​នេះ​ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​ដល់​ ៥៣០០​លាន​ដុល្លារ។ យ៉ាងណា​មិញ​ លោក​ Amar Sinha ​អ្នក​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច ​នៃ​ក្រសួង​ការបរទេស​ឥណ្ឌា ​បាន​បញ្ជាក់​ថា ​ ទ្វីប​អាហ្វ្រិក​ត្រូវការ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ ជាចំបង។ ហើយ​ទ្វីប​អាហ្វ្រិក​ធំណាស់ ​ ដូច្នេះ ​កន្លែង​នៅ​មិន​ទាន់​ចង្អៀត​ទេ ​ប្រទេសណា​ក៏​អាច​ទៅ​បោះទុន​រកស៊ី​បាន​ដែរ។

ចង់​ខ្ចីកម្លាំង​អាហ្រ្វិក​ ដើម្បី​សម្រេច​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ៖
ធម្មតា​យុទ្ធសាស្ត្រ​សេដ្ឋិកិច្ច ​គឺ​តែងតែ​ដើរ​ស្រប​ជាមួយ​នឹង​យុទ្ធសាស្ត្រ​ការទូត ​ ​រឺភូមិសាស្ត្រ​នយោបាយ។ ឥណ្ឌា ​ដឹង​ថា​ខ្លួន​មាន​ទំងន់​កម្រិត​ណា ​នៅ​លើ​ឆាក​អន្តរជាតិ។ ទម្ងន់​នេះ ​ ​គឺ​បាន​ដោយសារ​ប្រជាជន​ជាងមួយ​កោដ​នាក់​របស់​ខ្លួន។ តាម​ការ​ព្យាករណ៍ ​ប្រជាជន​ឥណ្ឌា ​អាច​នឹង​កើនឡើង​លើស​ចិន ​ ក្នុង​ពេល​ដ៏ឆាប់​ខាង​មុខ​នេះ​ ដោយសារ​នៅ​ឥណ្ឌា ​គេ​ពុំមាន​ច្បាប់​ហាមឃាត់ ​មិន​ឲ្យ​មាន​កូន​លើស​ពី​មួយ​ដូច​នៅ​ចិនទេ។

បរិបទ​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក ​អស់​រយៈពេល​កន្លះ​សតវត្ស​មក​នេះ​ គឺ​វា​នៅ​ដដែល ​ ដែល​ជាទូទៅគឺ​ស្ថិត​ក្រោម​ឥទ្ធិពល ​និង​ការ​ចង់បាន​របស់​មហា​អំណាច​ធំៗ​ទាំង៥ ​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។ មហាអំណាច​ទាំង​៥​នោះ​គឺ​នរណា ​គឺ​មាន​តែ​អាមេរិក ​ ចិន​ រុស្ស៊ី ​បារាំង ​និងអង់គ្លេស ​នេះឯង។

អ្វីដែល​ជា​ចេតនា​របស់​ឥណ្ឌា​នៅ​ពេល​នេះ ​គឺ​ចង់​ផ្លាស់ប្តូរ​ទម្លាប់​ចាស់​ នៃ​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក ​ ព្រោះ​អ្វីៗ​លែង​ដូច​មុន​ហើយ។ ឥណ្ឌា​ចង់ចាប់​ដៃ​ជា​មួយ​អាហ្វ្រិក ​ពោល​គឺ​ចង់​បាន​ការ​គាំទ្រពី​អាហ្រ្វិក ​ព្រោះ​ប្រជាជន​អាហ្វ្រិក ​និង​ឥណ្ឌា ​បើ​បូក​ចូល​គ្នា​គឺ​ស្មើ ​នឹង​១ភាគ៣ ​នៃ​ប្រជាជន​ទូទាំង​សកលលោក។ តែផ្ទុយ​ទៅវិញ ​ ឥណ្ឌា​និង​អាហ្វ្រិក ​ គ្មាន​សម្លេង​អី ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទេ។ អ្នកសម្រេច ​អ្នក​មាន​សិទ្ធិ​វ៉េតូ ​ គឺ​មាន​តែ​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​ដដែល។

គឺ​ក្នុងន័យ​នេះហើយ ​ទើប​ឥណ្ឌា​ចង់អូស​ ប្រទេស​អាហ្វ្រិក​ខាងត្បូង ​ ដែល​ជា​ប្រទេស​ខ្លាំង​ជាង​គេ​នៅ​អាហ្វ្រិក ​ឲ្យ​មក​តស៊ូ​តវ៉ា​ជាមួយ​ខ្លួន​ ដើម្បីធ្វើ​កំណែទម្រង់​នៅក្នុង​អង្គការ​សហប្រជាជាតិ។ មហិច្ឆិតា​ឥណ្ឌា ​ គឺចង់បាន​កៅអី​ជា​សមាជិក​អចិន្ត្រៃយ៍ ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ ​នឹង​គេ​ម្នាក់ដែរ។ បើ​ចិន​អាច​ជា​សមាជិក​អចិន្ត្រៃយ៍​បាន ​រឿងអី​ឥណ្ឌា​មិន​អាច​ធ្វើ​បាន? វា​ដូច​ជា​អយុត្តិធម៌​ពេក។

តែយ៉ាងណា​ នេះគឺ​ជា​មហិច្ឆិតា​របស់​ឥណ្ឌា។ បាន​ផល​យ៉ាងណា ​យើង​មិនទាន់​ដឹងទេ។​ តើ​ប្រទេស​មហាអំណាច​ទាំង​៥ ​ ព្រម​បើក​ផ្លូវ​ទទួល​ឥណ្ឌា​ដែរ​រឺ​ទេ? មិន​ប្រាដក​ទេ។ ហើយ​មួយ​ទៀត ​ មិន​ប្រាកដ​ថា ​ប្រទេស​អាហ្វ្រិក​ទាំងអស់ ​គាំទ្រ​ឥណ្ឌា​ដែរ​ ក្នុង​បញ្ហា​នេះ។ ជាក់​ស្តែង​កាលពី​ឆ្នាំ​២០០៦​ ពេល​ដែល​ឥណ្ឌា​ដាក់​បេក្ខភាព​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ ​ជាមួយ​ជប៉ុន​ ​គឺ​ប្រទេស​អាហ្វ្រិក​ភាគ​ច្រើន ​បាន​បោះឆ្នោត​ឲ្យ​ជប៉ុន​ជាប់​ទៅវិញ។ ក៏​ប៉ុន្តៃ​អ្វី​ដែល​យើង​ដឹង​នៅ​ពេល​នេះ ​ ​គឺ​ថា​ឥណ្ឌា​មិនទាន់​បោះបង់​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ទេ។ ជំនួប​កំពូល​ឥណ្ឌា ​អាហ្វ្រិក ​នឹង​បើក​ធ្វើ​ម្តង​ទៀត​នៅ​ឆ្នាំ​២០២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ