អានតួអត្ថបទ
លីប៊ី

ក្រុមបះបោរលីប៊ី​តាមចាប់​មេដឹកនាំ​ផ្តាច់ការ ​សហគមន៍​អន្តរជាតិ​រៀបចំ​សករាជ​ក្រោយកាដាហ្វី​

ក្រុមបះបោរ​លីប៊ី​បាន​ប្រកាស​ថា​សករាជ​របស់​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វី​បានត្រូវ​បិទបញ្ចប់​ហើយ​ ​ ក្រោយ​ពី​កងកម្លាំង​យោធា​របស់​ក្រុមបះបោរ​លីប៊ី​ក្តោបក្តាប់​បាន​ប្រមាណ​៨០%នៃ​រដ្ឋធានី​ទី្រប៉ូលី។​ ការដេញ​តាមចាប់​មូអាម៉ា​កាដាហ្វី​នៅតែ​មាន​បន្តទៀត។​ ចំណែកឯ​សហគមន៍​អន្តរជាតិ​វិញ​កំពុង​រៀបចំ​សករាជ​ក្រោយ​កាដាហ្វី។

លោក​ Mustapha Abdeljalil ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី
លោក​ Mustapha Abdeljalil ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី ©​ REUTERS/Esam Al-Fetori
ផ្សាយពាណិជ្ជកម្ម

ជាង៦ខែ​ក្រោយពី​មាន​ការ​ងើបបះបោរ​ប្រឆាំង​នឹង​របបផ្តាច់ការ​របស់​មូអាម៉ា​កាដាហ្វី​​ដែលបាន​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែ​កុម្ភៈ​ឆ្នាំ២០១១​ ​ ឥឡូវនេះ​កងកម្លាំង​យោធា​របស់​ក្រុមបះបោរ​លីប៊ី​បាន​វាយលុក​ចូល​រដ្ឋធានី​ទ្រីប៉ូលី​ ​ ដោយ​វាយយក​ក្តោប​ក្តាប់​បាន​ទីក្រុង​ទ្រីប៉ូលី​មួយភាគធំ​ស្មើ​នឹង​ប្រមាណ​៨០%។​ ទាំងនេះ​បាន​នាំឲ្យ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ CNT លីប៊ី​ប្រកាសថា​ ​ “សករាជ​របស់​កាដាហ្វី​​ឈាន​ដល់​ទីបញ្ចប់”​។​ ឈាន​ដល់ទី​បញ្ចប់មែន​ ​ ក៏​ប៉ុន្តែ​ កងកម្លាំង​យោធា​របស់​ក្រុមបះបោរ​លីប៊ី​នៅពុំ​ទាន់​យក​ជោគជ័យ​បាន​ទាំងស្រុង​នៅឡើយ។​ ដោយហេតុថា​ ​ នៅ​ខណៈនេះ​គេនៅ​ពុំទាន់​ចាប់​ខ្លួន​កាដាហ្វី​បាន​នៅឡើយ​ ​ ហើយ​កាដាហ្វី​​ក៏​នៅ​ពុំទាន់​បាន​លាចាក​ចេញ​ពី​មុខ​តំណែង​នៅឡើយ​ដែរ។​ នៅ​ថ្ងៃអង្គារ​ទី២៣​សីហានេះ​ ​ ការវាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ដោយ​ប្រើ​គ្រាប់​រ៉ូកែត​និង​កាំភ្លើងធំ​នៅតែ​កើតមាន​នៅ​សង្កាត់​ជុំវិញ​វិមាន​របស់​កាដាហ្វី​​នៅ​ទីក្រុង​ទ្រីប៉ូលី​។​ ចំណែកឯ​យន្តហោះ​របស់​កងកម្លាំង​អូតង់​ក៏​បាន​ហោះហើរ​ឆ្វាត់ឆ្វែង​នៅ​ក្នុង​ផ្ទៃ​អាកាស​នៃទីក្រុង​ទ្រីប៉ូលី។

 
នៅពេលថ្មីៗ​នេះទៀត​ ​ កងកម្លាំង​យោធា​របស់​ក្រុមបះបោរ​លីប៊ី​បាន​វាយប្រហារ​យ៉ាងខ្លាំងក្លា​ទៅលើ​ក្រុម​ទាហាន​របស់​កាដាហ្វី​ដែល​បាន​បញ្ជូន​មកពី​ទីក្រុង​ Syrte ​ ​ ដោយសម្លាប់​បាន​ទាហាន​របស់​កាដាហ្វី​​រាប់សិបនាក់។​ ទីក្រុង​ Syrte ​ដែល​ជា​ទីក្រុង​កំណើត​របស់​កាដាហ្វី​​បាន​ក្លាយ​ទៅជា​ផ្ទាំងស៊ីប​នៃ​ការ​ទម្លាក់​គ្រាប់បែក​យ៉ាងដំណំ​​ពី​សំណាក់​កងកម្លាំង​អាកាស​របស់​បក្សសម្ព័ន្ធ​អូតង់។

នៅថ្ងៃចន្ទ​ម្សិលមិញ​ ​ ក្រុម​បះបោរ​លីប៊ី​បាន​ប្រកាស​ឲ្យដឹងថា​ ​ ពួកគេ​បាន​ចាប់​ខ្លួន​កូនប្រុស​របស់​កាដាហ្វី​​ឈ្មោះ​ Saïf al Islam ។​ ក៏​ប៉ុន្តែ​ស្រាប់តែ​នៅ​យប់​ថ្ងៃចន្ទ​ឆ្លង​មក​ថ្ងៃអង្គារ​ ​ គេឃើញ​ កូនប្រុស​របស់​កាដាហ្វី​ Saïf al Islam​ ចេញ​មក​ប្រកាស​មុខ​អ្នកកាសែត​ថា​ ​ “ដំណឹង​ចាប់​ខ្លួន​ប្រកាស​ដោយ​ក្រុមបះបោរ​គឺជា​ការ​ភូតកុហក”។​ ហើយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ ដែល​តាម​ចាប់​ខ្លួន​កូនប្រុស​របស់​កាដាហ្វី​​ឈ្មោះ​ Saïf al Islam​យកមក​កាត់ទោស​ ​ ក៏​បាន​ថ្លែង​ប្រាប់ថា​ ​ គេនៅ​ពុំទាន់​ទទួលបាន​ការបញ្ជាក់​ជា​ផ្លូវការ​ពី​សំណាក់​ក្រុមបះបោរ​លីប៊ី​ពីការ​ចាប់ខ្លួន​បាន​ Saïf al Islam​ នៅឡើយ។

សូមបញ្ជាក់ថា​ ​ យោងតាម​ការប្តឹង​របស់​អង្គការ​សហប្រជាជាតិ​នៅខែ​កុម្ភៈ​កន្លងទៅ​ ​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកា​ចាប់ខ្លួន​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​មូអាម៉ា​កាដាហ្វី​​ ​ កូនប្រុស​របស់​កាដាហ្វី​​ឈ្មោះ​ Saïf al Islam​ ​ និង​មេដឹកនាំ​យក​ការសម្ងាត់​លីប៊ី​ឈ្មោះ​Abdallah al Senoussi ​យកមក​កាត់ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

នៅខណៈពេល​ដែល​ការវាយ​ប្រយុទ្ធ​គ្នា​ដ៏​ហិង្សា​កំពុង​កើតមាន​នៅ​រដ្ឋធានី​ទ្រីប៉ូលី​ ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ថ្លែង​ប្រកាស​ជំរុញ​ឲ្យ​កាដាហ្វីលាចាកចេញ​ពីមុខ​តំណែង។​ ចំណែកឯ​លោក​អគ្គលេខាធិការ​ អ​,ស​.ប​, ​បានគីមូន​វិញ​បាន​កោះ​ឲ្យមាន​ជំនួប​ប្រជុំ​កំពូល​មួយ​ស្តីពី​ប្រទេស​លីប៊ី​នៅ​សប្តាហ៍នេះ។​ ហើយ​ជំនួប​កំពូល​នៃ​ក្រុមប្រឹក្សា​សន្តិភាព​និង​សន្តិសុខ​នៃ​សហភាព​អាហ្វ្រិក​នឹង​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃសុក្រ​នេះ​នៅ​ទីក្រុង​Addis Abeba។

ក្រោយសករាជ​កាដាហ្វី​ ​ ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​គ្រោង​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​លីប៊ី​ ​ ដោយឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​ផ្អែកលើ​នយោបាយ​ពហុបក្សនិយម។​ ផែនទី​ចង្អុល​ផ្លូវ​មួយ​មាន​៣៧មាត្រា​ពាក់ព័ន្ធ​នឹង​បញ្ហានេះ​ ​ បាន​ត្រូវ​រៀបចំ​ឡើង​ដោយ​ក្រុម​ប្រឹក្សាជាតិ​អន្តរកាល​ដើម្បី​ធ្វើឲ្យ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​មាន​ទំនុកចិត្ត​កក់ក្តៅ។

លោក​ Mustapha Abdeljalil ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី​ ​ បាន​ថ្លែង​អះអាងថា​ ​ ប្រជាជន​លីប៊ី​មាន​សិទ្ធិ​សេរីភាព​នឹង​បោះឆ្នោត​ជ្រើសតាំង​អ្នកដឹកនាំ​របស់ខ្លួន។​ ក៏​ប៉ុន្តែ​ មុន​នឹង​ឈាន​ដល់​ដំណាក់ការ​នេះ​ ​ ប្រជាជន​លីប៊ី​ត្រូវ​មាន​អំណត់​អត់ធ្មត់​​យ៉ាងតិច​ពីរឆ្នាំសិន​ ​ ទម្រាំ​រៀបចំ​ប្រទេស​លីប៊ី​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​ស្រួលបួល។

ហើយ​ក្នុង​រយៈពេល​ស្ថិរភាព​នយោបាយ​នេះ​ ​ រដ្ឋាភិបាល​បណ្តោះ​អាសន្ន​មួយ​នឹង​ត្រូវ​គេ​រៀបចំ​ឲ្យ​មាន​ឡើង​ដើម្បី​ដាក់​ជំនួស​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី។​ បន្ទាប់មក​ ​ គេ​នឹង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា។​ អ្នក​តំណាងរាស្ត្រ​ដែល​ជ្រើសតាំង​ដោយ​ប្រជាជន​លីប៊ី​ថ្មីៗ​ទាំងនោះ​នឹងត្រូវ​តាក់តែង​រៀបចំ​ឲ្យ​មាន​រដ្ឋធម្មនុញ្ញ​ថ្មីមួយ​ដែល​នឹងត្រូវ​ទទួល​ការអនុម័ត​ដោយ​ប្រជាមតិ។

ហើយដើម្បី​ធ្វើឲ្យ​ “អ្នកជាតិនិយម”​ និង​ “អ្នក​អ៊ីស្លាមនិយម”​នៃ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី​មាន​ការកក់ក្តៅ​ ​ បេសកជន​ម្នាក់​របស់​លោក​ Mustapha Abdeljalil ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​បាន​ថ្លែង​ប្រកាស​នៅ​ទីក្រុង​គែរថា​ ​ គេ​នឹង​ពុំ​អនុញ្ញាត​ឲ្យ​មាន​អនាគត​មូលដ្ឋាន​យោធា​បក្ស​សម្ព័ន្ធ​អូតង់​នៅ​ប្រទេស​លីប៊ី​ឡើយ។​ ដោយហេតុថា​ ​“ប្រទេស​លីប៊ី​ជា​ប្រជាជាតិ​អារ៉ាប់​និង​កាន់សាសនា​អ៊ីស្លាម​នៅ​ពេល​មុន​មាន​អន្តរាគមន៍​និង​ក្រោយ​អន្តរាគមន៍​របស់​បក្សសម្ព័ន្ធ​អូតង់”​ ​ នេះ​ជាការ​គូស​បញ្ជាក់​ដោយ​​បេសកជន​របស់​លោក​ Mustapha Abdeljalil ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ