អានតួអត្ថបទ
សហភាពអាហ្រ្វិក

អាហ្រ្វិក​ចង់​ដក​ខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

ប្រមុខ​ដឹកនាំ​បណ្តា​ប្រទេស នៅ​អាហ្វ្រិក​ត្រូវ​ជួប​ប្រជុំ​គ្នា នៅថ្ងៃ​សុក្រ​នេះ នៅក្នុង​ប្រទេស​អេត្យូពី។ ក្នុង​ជំនួបកំពូល​វិសាមញ្ញ​រយៈពេល​ពីរ​ថ្ងៃ ប្រទេស​សមាជិក​សហភាព​អាហ្វ្រិក​ផ្តោត​សំខាន់​លើ​លទ្ធភាព​ដក​ខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ពួកគេ​ចោទ​ថា មាន​លក្ខណៈ​រើសអើង ដោយ​កាត់ទោស​តែ​មេដឹកនាំ​អាហ្រ្វិក។

ប្រមុខ​ដឹកនាំ​រដ្ឋ​អាហ្វ្រិក​ប្រជុំគ្នា នៅជំនួប​វិសាមញ្ញ​នៅ​Addis-Abeba កាលពីខែ​ឧសភា ឆ្នាំ ២០១៣
ប្រមុខ​ដឹកនាំ​រដ្ឋ​អាហ្វ្រិក​ប្រជុំគ្នា នៅជំនួប​វិសាមញ្ញ​នៅ​Addis-Abeba កាលពីខែ​ឧសភា ឆ្នាំ ២០១៣ REUTERS/Tiksa Negeri
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​អាហ្វ្រិក​ចោទប្រកាន់​មិនខុសទេ ព្រោះតាំងពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ត្រូវ​បាន​បង្កើត​ឡើង នៅឆ្នាំ ២០០២ តុលាការ​នេះ​បាន​ចោទប្រកាន់​មនុស្ស​ជាង​៣០​នាក់ ដែល​ទាំងអស់​គ្នា​សុទ្ធ​តែ​មក​ពី​ទ្វីបអាហ្វ្រិក។ មេដឹកនាំ​អាហ្វ្រិក​ភាគច្រើន​ទទួល​អារម្មណ៍​ថា ទ្វីបអាហ្វ្រិក​ជាផ្ទាំងស៊ីប​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (CPI) ហើយ​ពេលខ្លះ​ត្រូវ​គេ​ប្រើ​ដើម្បី​ហេតុផល​នយោបាយ។ មេដឹកនាំ​ប្រទេស​អាហ្វ្រិក​មួយចំនួន​ហ៊ាន​ទាំង​ចោទ​ប្រកាន់​ថា តុលាការ​(CPI) ជា​ឧបករណ៍​នយោបាយ​ដែល​បម្រើ​ប្រយោជន៍​ប្រទេស​ស្បែកស។

 
គំនិត​អរិភាព​របស់​ទ្វីបអាហ្វ្រិក​ប្រឆាំង​នឹង​តុលាការ​ព្រហ្មទណ្ឌ ចាប់​ដំបូង​គេ​នៅឆ្នាំ ២០០៩ នៅពេល​តុលាការ​បាន​ចេញ​ដីកា​តាម​ចាប់​លោកប្រធានាធិបតី​ស៊ូដង់ Omar el Bachir។ រហូត​មកដល់​ពេលនេះ ដោយសារ​ សហភាព​អាហ្រ្វិក បដិសេធ​មិន​សហការ​ជាមួយ​តុលាការ​អន្តរជាតិ ប្រធានាធិបតី​ស៊ូដង់​ដែល​តុលាការ​ចោទប្រកាន់​ពីបទ​ឧសក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅតែ​មាន​សេរីភាព និង​ត្រូវ​ចូលរួម​ប្រជុំ​នៅក្នុង​ជំនួប​វិសាមញ្ញ នៅថ្ងៃ​សុក្រ​នេះ នៅ​ប្រទេស​អេត្យួពី។

មួយវិញទៀត គំនិត​ចង់​ដកខ្លួន​ចេញ​ពី​អនុសញ្ញា​ក្រុងរ៉ូម ដើម្បី​កាត់ផ្តាច់​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវ​បាន​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន លើកឡើង​ម្តងហើយ កាលពី​ជំនួប​កំពូល ខែ​ឧសភា​កន្លងទៅ។ នៅក្នុង​ជំនួប​នោះ គេ​បាន​លើកឡើង​ពីករណី​របស់​ប្រធានាធិបតី​កេនយ៉ា​បច្ចុប្បន្ន ដែល​ទើប​តែ​ឈ្នះឆ្នោត ប៉ុន្តែ កំពុង​ត្រូវ​តុលាការ​ចោទប្រកាន់​ក្នុង​បទប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ក្នុង​អំឡុង​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត ឆ្នាំ ២០០៧។ ក្នុង​កិច្ចពិភាក្សា​កាលណោះ ប្រធាន​កិត្តិយស​នៃ​សហភាព​អាហ្វ្រិក​បាន​ចោទប្រកាន់​តុលាការ​ព្រហទណ្ឌ​អន្តរជាតិ​ថា ជាឧបករណ៍​ប្រមាញ់​មេដឹកនាំ​អាហ្វ្រិក។

ភាគី​តុលាកា​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​បដិសេធ​ការចោទ​ប្រកាន់​លើ​រឿង​ប្រកាន់​ពូជសាសន៍។ ម្យ៉ាងទៀត បទស៊ើបអង្កេត​ភាគច្រើន តាមពិត ធ្វើ​ឡើង​ទៅតាម​ការស្នើសុំ​ពី​រដ្ឋ​អាហ្វ្រិក​ទៅវិញទេ។

នៅក្នុង​ជំនួប​វិសាមញ្ញ គេត្រូវការ​សំឡេង​ពីរភាគបី​នៃ​សមាជិក​របស់សហភាព​​អាហ្វ្រិក​ដើម្បី​សម្រេច​ការដកខ្លួន រួមគ្នា​របស់​ប្រទេស​នៅ​អាហ្វ្រិក ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ការសម្រេច​​ជាឯកច្ឆន្ទ​នឹង​មិន​អាច​ទៅរួច ដោយសារ​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន ដូចជា ម៉ាឡាវី ឬ​កូឌីវ័រ​ជាដើម​គាំទ្រ​ឲ្យ​មាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ គេ​រំពឹងថា នឹង​មាន​ប្រទេស​មួយចំនួន នឹង​អាច​ប្រកាស​ផ្តាច់ខ្លួន ពី​CPI បើទោះបី​ជាគ្មាន​ការបោះឆ្នោត​សម្រេច នៅក្នុង​ជំនួប​វិសាមញ្ញ​លើកនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ