អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាព​អាហ្វ្រិកផ្តុំគ្នា​​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​​ភេរជន​បូកូអារ៉ាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​​ប្រចាំ​ឆ្នាំ​សហភាពអាហ្វ្រិក​លើក​ទី ២៤ ត្រូវ​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ប្រទេស​អេត្យូពី សម្រាប់​រយៈ​ពេល​ពីរ​ថ្ងៃ។ ការ​ស្ទុះ​ឡើង​នៃ​ចលនា​ភេរវនិយម​អ៊ីស្លាម​បូកូអារ៉ាម ជម្លោះ​បង្ហូរ​ឈាម​នៅ​ស៊ូដង់​ខាង​ត្បូង ការ​បោះឆ្នោត​ដ៏​គ្រោះ​ថ្នាក់​ក្នុង​បណ្តា​ប្រទេស​​អាហ្វ្រិក​នៅ​ឆ្នាំ ២០១៥ ព្រមទាំង​ការ​រាត​ត្បាត​នៃ​ជំងឺ​គ្រុនឈាម អេបូឡា កំពុង​រង់​ចាំ​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល និង​តំណាង​ជាន់​ខ្ពស់​ប្រទេស​ជា​ច្រើន​របស់​អាហ្វ្រិក​។ ប៉ុន្តែ​ ដោយ​ហេតុ​បរិបទ​គំរាមកំហែង​ភេរវកម្ម​ពិភពលោក​ ការ​ស្វែង​រក​ដំណោះ​ស្រាយ​រួម​ដើម្បី កម្ចាត់​ពួក​បូកូអារ៉ាម ទំនង​ជា​ប្រធាន​បទ​ក្តៅ​គគុក​ជាង​គេ ព្រោះ​ពួក​អ៊ីស្លាម​និយម​ជ្រុល​នេះ​កំពុង​បង្កើន​ការវាយ​ប្រហារ​ខ្លាំង​នៅ​ភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយា និង​នៅ​ប្រទេស​កាមឺរូន​ជិត​ខាង។

រូបថត​ពួក​បូកូអារាម​នីហ្សេរីយា
រូបថត​ពួក​បូកូអារាម​នីហ្សេរីយា AFP PHOTO / BOKO HARAM
ផ្សាយពាណិជ្ជកម្ម

ពួក​បូកូអារ៉ាម ដែលមាន​កម្លាំង​​ស្ទុះ​ឡើងជា​រហូត បាន​បង្ក​ឱ្យ​មាន​មនុស្ស​​ស្លាប់​ជាង​១៣០០០​នាក់ គិត​ចាប់​ពី​ឆ្នាំ​២០០៩​មក។ ហើយ​ពេល​នេះ សកម្មភាព​ភេរវកម្ម​និង​ការ​វាយ​ប្រហារ​ប្រដាប់ កំពុង​តែ​វាត​ទី រាល​ពី​​ភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា​ ទៅ​ដល់​តំបន់​វាល​ទំនាប​ទន្លេ​ឆាដ តាម​បណ្តោយ​ព្រំដែន​ជាមួយ​ឆាត និង​កាមឺរូន​។ ដូច្នេះ​ហើយ​បាន​ជា​លោកស្រី​ប្រធាន​គណៈកម្មការ​សហភាព​អាហ្វ្រិក​ ចង់​សហភាព​បង្កើត​​ឱ្យ​បាន​កាន់​តែ​ឆាប់​កង​ពល​អន្តរជាតិ ព្រោះ ​បូកូអារ៉ាម ជា​​ការ​គំរាម​កំហែងរបស់​​តំបន់​អាហ្វ្រិក​ទាំង​មូល​ឱ្យ​​រង​អស្ថិរភាព​ និង​ផលវិបាក​មនុស្សធម៌ និង​ជា​ការ​គំរាម​កំហែង​ថ្នាក់​ពិភពលោក​ទាំង​មូល ដែល​ត្រូវ​ប្រយុទ្ធ​រួម​គ្នា​ថ្នាក់​ពិភពលោក ដោយ​មាន​អាហ្វ្រិក​ជា​នាំ​មុខ។

 
សហភាព​អាហ្វ្រិក គាំទ្រ​ការ​ប្រមូល​កម្លាំង​ទ័ព​៧៥០០​នាក់

​សហភាព​អាហ្វ្រិក​ចង់​ប្រមូល​ផ្តុំ​គ្នា រួច​បញ្ចេញ​សកម្មភាព​រួម។ ល្ងាច​មិញ ក្រុមប្រឹក្សា​ដើម្បី​សន្តិភាព​និង​ដើម្បី​សន្តិសុខ​របស់​សហភាព​​ ​បានព្រមព្រៀង​បង្កើត​ឱ្យ​មាន​កម្លាំង​កងទ័ព​ប្រចាំ​តំបន់​ ចំនួន​៧៥០០​នាក់ ជាកង​ពល​ពិសេស​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​បូកូអារ៉ាម។

ប្រទេស​ជា​សមាជិក​សហភាព​មាន​ភារៈ​ផ្តល់​​កម្លាំង​ទ័ព​ ក្នុង​​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​​យោធា​អន្តរជាតិ​(ប្រទេស​ក្នុង​អាហ្វ្រិក) ដែល​ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​​ ទាំង​១៥​មាន​វត្តមាន​ក្នុង​ជំនួប​កំពូល​លើក​ទី​២៤​នេះ​ត្រូវ​ផ្តល់​សេចក្តី​សម្រេច​ចិត្ត។

កម្មវត្ថុ​ចំបង​មួយ​ទៀត គឺ​សហភាព​ ចង់​បានការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ។ នៅ​ខែ​ក្រោយ​សហភាព​អាហ្វ្រិក​ នឹង​ឡើង​ ជា​ផ្លូវការ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ស្នើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ និង​ផ្តល់​មធ្យោបាយ​ដល់​កង​កម្លាំង​តំបន់​​ទាំង​៧៥០០​នាក់​ សម្រាប់​ទប់​ទល់​ប្រយុទ្ធ​​ប្រឆាំង​នឹង​ពួក​បូកូអារ៉ាម។ ក្នុង​ដំណាក់​កាល​ដំបូង ​បេសកកម្ម​​​របស់​កង​ទ័ព​អន្តរជាតិ​អាហ្វ្រិក​នេះ ​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ និង​មានទិសដៅ​​​ចេញ​ប្រយុទ្ធ​ទប់​ស្កាត់​ដំណើរ​រីក​សាយ​ភាយ​របស់​ពួក​ភេរវជន​បូកូអារ៉ាម -​របស់​ពួក​ភេរវជន​ផ្សេង​ទៀត និង​កម្ចាត់​វត្តមាន​របស់​ក្រុម​ភេរវនិយម។

សហភាព​អាហ្វ្រិកគ្មាន​ឥទ្ធិពល

ឆន្ទៈ​និង​ការ​អំពាវនាវ​រក​ឯកភាព​អាហ្វ្រិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវជន​បូកូអារ៉ាម​ បាន​លាន់​ឮ​ខ្លាំង​ គ្មាន​ប្រៀប​ទេ​ពេលនេះ ប៉ុន្តែ​មើល​ទៅ​ដូច​ជា​មិន​ងាយ​​សម្រេច​បាន​ទេ។
នីហ្សេរីយ៉ា ជាប្រភព​ដើម​របស់​បូកូអារ៉ាម ជា​ប្រទេស​រង​គ្រោះ​ផ្ទាល់​ជាង​គេ តែ​នៅ​ពេល​មានជំនួប​ប្រជុំ​តំបន់​​នៃ​បណ្តា​ប្រទេស​ក្នុង​វាល​ទំនាប​ទន្លេ​ឆាដ​​លើ​ប្រធានបទ​ភេរវនិយម​នេះ នីហ្សេរីយ៉ា បញ្ជូន​ត្រឹម​​តំណាង​ជាន់​ទាប។ ពេល​មាន​កិច្ចពិភាក្សា​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​សហភាព​អាហ្វ្រិក​មុន​ជំនួប​កំពូល រដ្ឋមន្ត្រីនីហ្សេរីយ៉ា​អវត្តមាន។ ហើយ​នៅ​ថ្ងៃ​នេះ ថ្ងៃ​បើក​ជា​ផ្លូវការ​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ ប្រធានាធិបតី​នីហ្សេរីយ៉ា ក៏​មិន​មក​ចូល​រួម​ទៀត ដោយ​យក​លេស​ថា​រវល់​ឃោសនា​​បោះឆ្នោត​។ ការ​បោះឆ្នោត​ប្រធានាធិបតី​​នៅ​ខែ​កុម្ភៈ ខាង​មុខ​ដែល​នីហ្សេរីយា​អាចនឹង​មាន​ប្រធានាធិបតី​​ថ្មី បន្ត​ពី​​លោកGoodluck Jonathan។ អញ្ចឹង​ហើយ​បាន​ជា​​ប្រទេស​ជិត​ខាង​មាន​ពាក្យ​ ចោទ​ប្រកាន់ថា​នីហ្សេរីយ៉ា​ មិន​ខ្វល់​ទប់​ស្កាត់​ពួក​បូកូអារ៉ាម។

ចំណែក​ឯការ​ប្រមូលកម្លាំង​ទ័ព​វិញ ការ​បង្កើត​កម្លាំង​អន្តរប្រទេស​ បីពាន់​នាក់​ កាលពី​ចុង​ឆ្នាំ​២០១៤ ត្រឹម​ក្រុម​បីបួន​ប្រទេស​ជុំ​វិញ​តំបន់​វាល​ទំនាប​​ឆាដ​​ (នីហ្សេរីយ៉ា ឆាដ កាមឺរូន នីហ្សេ និងបេណាំង) មិន​ទាន់​អាច​​បញ្ចេញ​សកម្មភាព​បាន​ស្រួល​បួល​ផង ព្រោះ ​នីហ្សេរីយ៉ា​មិន​ត្រូវ​ជាមួយ​អ្នក​ជិត​ខាង​ខ្លួន។ ឆាដ​និង​កាមឺរូនប្រឹង​ការពារ​ខ្លួន​​ជាមួយ​គ្នា​តែ​ពីរ​នាក់។ ប្រធានាធិបតី កាមឺរូន​ ក៏​មិន​មក​ចូល​រួម​ក្នុង​ជំនួប​​ប្រចាំ​ឆ្នាំ​នេះ​ដែរ។

​បើ​និយាយ​ជា​រួម​ ជា​លក្ខណៈទូទៅ​​វិញ សហភាព​អាហ្វ្រិក​នេះ​ជាប់​ឈ្មោះ​​មិន​ល្អ គ្មាន​អំណាច​ គ្មាន​ទឹក​មាត់​ទេ។ មាន​តែ​សេចក្តី​ថ្លែងការណ៍​តែ​មិន​ដែល​មាន​អ្វី​ចេញ​ជាសកម្មភាព​ ឬ​ជា​ការ​អនុវត្តន៍​ឡើយ មិន​ថា​ក្នុង​ដំណោះ​ស្រាយ​នយោបាយ សិទ្ធិមនុស្ស​ ឬ​សន្តិសុខ​នេះ​ទេ។ លើស​ពី​នេះ​ទៅទៀត សហភាព​អាហ្វ្រិក​នឹង​ត្រូវ​មាន​ប្រធាន​ផ្លាស់​វេន​ថ្មី​ ដែល​លើក​នេះ​គឺ​ជា​រូប មេ​ដឹក​នាំ​ផ្តាច់​ការ​ រ៉ូប៊ែរ ម៉ូហ្កាបេ​ (Robert Mogabet) អាយុ​៩០​ឆ្នាំ​ កាន់​អំណាច​តាំង​ពី​ប្រទេស​ហ្ស៊ីមបាវេ ​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៨០​មក​ និង​ជាប់​ចោទ​​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដើម្បី​ឈ្នះ​បោះឆ្នោត។ ជាប់​ទណ្ឌកម្ម​អឺរ៉ុប អាមេរិក​ ​ប្រឆាំង​នឹង​បស្ខឹម​ប្រទេស ឥលូវ​ក្លាយ​ជា​មេ​ដឹកនាំសហភាពលើ​​ឆាក​អន្តរជាតិ​ តើ​ឱ្យ​អាហ្វ្រិក​​សង្ឃឹម​អ្វី​?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ