ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT
អាហ្វ្រិក

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សុំឲ្យ​ចាប់​ប្រធានាធិបតី​ស៊ូដង់​ក្នុង​ឱកាស​ជំនួប​កំពូល​សហភាព​អាហ្វ្រិក

media  
លោកប្រធានាធិបតី​ស៊ូដង់ អូម៉ា អេល បេ ឆៀរ ចេញ​ដើរហើរ​យ៉ាងរំភើយ ថ្វីបើមានដីកាចាប់ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ REUTERS/Tiksa Negeri

នៅ​​ថ្ងៃ​អាទិត្យទី ១៤ ​មិថុនា​នេះ ​គឺ​ជា​ថ្ងៃ​ចាប់ផ្តើម​ បើក​កិច្ច​ប្រជុំ​កំពូល​របស់​ប្រទេស​សមាជិក​សហភាព​អាហ្វ្រិក ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង ​ចូហាណេសប៊ួក ​ប្រទេស​អាហ្វ្រិក​ខាងត្បូង។ ស្រប​ពេល​ដែល​គេ​កំពុង​តែ​ តាម​ដាន​ចាំ​មើល​លទ្ធផល​នៃ​ការ​ប្រជុំ ​ដែល​នឹង​លើក​ឡើង​ ពី​បញ្ហា​ជា​ច្រើន ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​តួយ៉ាង​ដូច​ជា​វិបត្តិ​នៅ​នីហ្សេរីយ៉ា ​រឺ​នៅ​ប៊ូរុនឌី ​ជាដើម ​ជំនួប​កំពូល​នេះ ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍ ​ដោយ​សារ​ ​តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​អាហ្រ្វិក​ខាង​ត្បូង ​ធ្វើការ​ចាប់​ខ្លួន ​លោក​ប្រធានាធិបតី​ស៊ូដង់ ​អូម៉ា អាល់ ​បេឆៀរ ​ទៅ​តាម​ដីកា​ចាប់ខ្លួន ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម ​និង​អំពើ​ប្រល័យ​ពូជ​សាសន៍។

សហភាព​អាហ្វ្រិក ​ប្រឈមមុខ​នឹង​វបត្តិ​ច្រើន​រាប់​មិន​អស់​នៅ​អាហ្វ្រិក៖

ដូច​យើង​ដឹង​ស្រាប់​ហើយថា​ វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ ​ការ​សម្លាប់​រង្គាល​ អំពើ​ហិង្សា​ប្រកាន់​ពូជ​សាសន៍ ព្រមទាំង​ក្រុម​អ៊ីស្លាម​ជ្រុល​និយម ​គឺ​សុទ្ធសឹង​តែ​ជា​ប្រធាន​បទ ​ដែល​ប្រមុខ​ថ្នាក់​ដឹកនាំ​ប្រទេស​នៅ​អាហ្រិក​ទាំង​អស់ ​លើក​យក​មក​ពិភាក្សា​គ្នា ​ក្នុង​ឱកាស​នេះ។ ប៉ុន្តែ​ចំណុច​ស្នូល​នៃ​ការ​ពិភាក្សា​ ត្រូវ​បាន​​គេ​ផ្តោត​សំខាន់​ទៅ​លើ​តួនាទី ​និង​ស្វ័យភាព​របស់​ស្ត្រី​នៅ​អាហ្រ្វិក។

ស្ត្រី​អាហ្រ្វិក ​បាន​រង​នូវ​អំពើ​ហិង្សា​ និង​ការ​រំលោភ​បំពាន ​គ្រប់​រូបភាព​ទាំង​អស់។ ប៉ុន្តែ​ធាតុ​ពិត ស្រ្តី​មាន​តួនាទី​សំខាន់​ណាស់ ​ក្នុង​ការ​ផ្លាស់ប្តូ​ និង​ការ​អភិវឌ្ឍន៍ ​ព្រោះ​ស្រ្តី ​ជា​ម្តាយ ​ដែល​មាន​ភារកិច្ច​ចិញ្ចឹម ​អប់រំ​កូន ​ទុកដាក់ និង​ទំនុក​បំរុង​សេដ្ឋកិច្ច​គ្រួសារ។ ទ្វីប​អាហ្រ្វិក​ដែល​ក្រីក្រ ​ជាង​គេ ​រំពឹង​ ​ស្ទើរតែ​ទាំង​ស្រុង ទៅ​លើ​ការងារ​ និង​ការ​ខិតខំ​របស់​មនុស្ស​ស្រី។ ដូច្នេះ ការ​អភិវឌ្ឍន៍​ ត្រូវតែ​ចាប់​ផ្តើម​ចេញ​ពី​ស្ត្រី។

ក្រៅ​ពី​បញ្ហា​នេះ ​ជំនួប​កំពូល​សហភាព​អាហ្វ្រិក​ នឹង​លើក​ឡើង ​អំពី​អំពើ​ហិង្សា​ប្រកាន់​ពូជ​សាសន៍ ​ដែល​បាន​រីកធំ​ឡើង​នៅ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង។ បន្ទាប់​មក​ទៀត ​គឺ​មាន​បញ្ហា​ប្រទេស​ប៊ូរុនឌី​ ដែល​កំពុងតែ​ជាប់​គាំង​នយោបាយ​ ដោយសារ​តែ​ប្រជាជន​ធ្វើ ​បាតុកម្ម ​ប្រឆាំង​នឹង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​សា​ជា​ថ្មី​ម្តង​ទៀត ​របស់​ប្រធានាធិបតី​ប្រទេស​នេះ​ ដែល​ប្រជាជន​ចាត់ទុក​ថា​ ជា​មេ​ដឹកនាំ​ផ្តាច់ការ​ និង​ពុក​រលួយ។ វិបតិ្ត​នៅ​លីប៊ី ​ស្តីពី​ការ​គម្រាម​កំហែង​របស់​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ ក៏​នឹង​ត្រូវ​លើក​យក​មក​និយាយ​ដែរ។ យើង​ឃើញ​ថា​ បញ្ហា​មាន​ច្រើន ​ប៉ុន្តែ​រយៈពេល​នៃ​ការ​ជួប​ប្រជុំ​គ្នា ​គឺ​មាន​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ​ដូច្នេះ គ្មាន​នរណា​ជឿ​ថា ​កិច្ច​ប្រជុំ​នេះ ​នឹង​បិទ​បញ្ចប់​ទៅ ​ជាមួយ​នឹង​លទ្ធផល​ជា​ដុំ​កំភួន​នោះ​ទេ។

ដីកា​ចាប់​ខ្លួន​ប្រធានាធីបតី​ស៊ូដង់ របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ៖
បើ​តាម​ការរាយការណ៍​របស់​ទូរទស្សន៍​អាហ្វ្រិក​ខាងត្បូង​ ថា ​លោក អូម៉ា អាល់ បេឆៀរ ​ប្រធានាធិបតី ស៊ូដង់​បាន​ធ្វើ​ដំណើរ​ ទៅដល់ក្រុងចូហាណេសប៊ួកហើយដើម្បី​មក​ចូលរួម​ជំនួប​កំពូល​នេះ ​ប៉ុន្តែ ខាង​អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូង ​បាន​បដិសេធ ​មិន​ធ្វើ​អត្ថាធិប្បាយ​ប្រាប់​ថា ​លោក​ប្រធានាធិបតី​ស៊ូដង់ ​ពិត​ជា​មាន​វត្តមាន​នៅ ​ក្នុង​ពេល​បើក​ការ​ប្រជុំ​នេះ​ រឺក៏​អត់​នោះ​ទេ។

លោក​ អូម៉ា អាល់ បេឆៀរ​ ប្រធានាធិបតី ​ស៊ូដង់​នេះ ​ត្រូវ​បាន​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​ ចេញ​ដីកា​តាម​ចាប់​ខ្លួន ​ពីរ​លើក​រួច​មក​ហើយ ​ដែល​លើក​ទីមួយ​គឺ​នៅ​​ឆ្នាំ​២០០៩ ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​អំពើ​ប្រឆាំង​មនុស្ស​ជាតិ ​ហើយ​លើក​ទីពីរ​នៅ​ឆ្នាំ​២០១០​ គឺ​ពី​បទ​ប្រល័យ​​ពូជសាសន៍។ តាម​ពិត ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​មិន​បាន​ចោទ​តែ​គាត់​ម្នាក់​ទេ ​នៅ​មាន​ថ្នាក់​ដឹកនាំ ​ស៊ូដង់​ពីរ​នាក់​ទៀត ​ដែល​តុលាការ​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ដែរ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​មិន​ទាន់​ចាប់​បាន​ទេ។

មនុស្ស​ទាំង​បី​នាក់​នេះ ​ត្រូវ​បាន​តុលាការ​ចោទ ​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ ​លើ​អំពើ​ហិង្សា ​រំលោព​សេព​សន្ទវៈ ​និង​សម្លាប់​រង្គាល ​លើ​ប្រជាជន​ស្លូត​ត្រង់​ ជាង​៣​សែន​នាក់ ​នៅ​ក្នុង​កំឡុង​ពេល​មាន​សង្រ្គាម​ស៊ីវីល ​នៅ​តំបន់​ដាកហ្វួរ ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក។ ប្រធានាធិបតី​ស៊ូដង់​ ដែល​មាន​អាយុ​៧១​ឆ្នាំ​នេះ ​មិន​ត្រឹមតែ​មិន​ញញើត​នឹង​ដីកា​ចាប់​ខ្លួន​នេះ​ទេ ​គឺ​ថែម​ទាំង​បន្ត​កាន់​អំណាច​ ​រហូត​ដល់​សព្វ​ថ្ងៃ​ទៀត​ បើ​គិត​ទៅ​វា​២៥​ឆ្នាំ​មក​ហើយ។

ដីកា​តុលាការ មិន​ត្រូវ​បាន​ប្រទេស​សមាជិក​គោរព៖
វា​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​មិន​ត្រូវ​បាន​គេ​អនុវត្ត។ ចំណុច​សំខាន់​គឺ​ថា ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​មិន​មាន​អំណាច​នគរបាល​ ទៅ​ដើរ​ចាប់​ជន​ជាប់​ចោទ​ដោយ​ខ្លួន​ឯង​ទេ។ តុលាការ មាន​អំណាច​ត្រឹម​តែ​ស្នើរ​ឲ្យ​ប្រទេស​សមាជិក​ទាំង​អស់ ​អនុវត្ត​ទៅ​តាម​ដីកា​ចាប់ខ្លួន។ ប្រទេស​សមាជិក​នោះ ​គឺ​ជា​ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លក្ខខន្តិកៈ​ទីក្រុង​រ៉ូម ​ស្តីពី​ការ​បង្កើត​និង​ដំណើរ​ការ​ទូទៅ​ របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

តាម​រយៈ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ គឺ​ថា​ ប្រទេស​សមាជិក ​ដែល​សព្វថ្ងៃ​មាន​១២៣​ប្រទេស​  គឺ​មាន​ករណីយកិច្ច​ ធ្វើការ​សហការ​ជាមួយ​តុលាការ​ ដើម្បី​សំរួល​ដល់​ការ​ស៊ើបអង្កេត ​រឺ​ការ​អនុវត្តន៍​សេចក្តី​សម្រេច​ផ្សេង​ៗ​ របស់​តុលាការ​នេះ។ ប៉ុន្តែ​គឺ​វា​ឈរ​ទាំង​ស្រុង​ទៅ​លើ ​ការ​ស្មគ្រ័ចិត្ត​ របស់​ប្រទេស​នីមួយៗ។ អាហ្វ្រិក​ខាង​ត្បូង​ ជា​ប្រទេស​សមាជិក​ របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ ​ដូ​ចេ្នះ តាម​ធម្មតា​អាហ្វ្រិក​ខាងត្បូង ត្រូវតែ​ធ្វើការ​សហការ ​ទៅ​តាម​ការ​ស្នើរសុំ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

អាហ្រ្វិក​ខាងត្បូង ប្រហែល​ជា​មិន​អនុវត្ត​ទៅ​តាម​ដីកាចាប់​ខ្លួន​ទេ៖
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​បាន​ធ្វើ​លិខិត​ ទៅ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​ តាំង​តែ​ពី​ថ្ងៃ​ទី ​២៨ ឧសភា​ម្លេះ ​ដើម្បី​រំលឹក​ពី​ករណីយ​កិច្ច​សហប្រតិបត្តិការ​របស់​អាហ្រិ្វក​ខាង​ត្បូង ​ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​លើ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ​ហើយ​បាន​សំណូមពរ​ថា ​បើ​កាល​ណា ​ប្រធានាធិបតី​ស៊ូដង់​ ទៅ​ចូល​រួម​ប្រជុំ​សហភាព​អាហ្វ្រិក ​នៅ​អាហ្រ្វិក​ខាង​ត្បូង ​សូម​អាជ្ញាធរ​ប្រទេស​នេះ ​ជួយ​ចាប់ខ្លួន​ បញ្ជូន​មក​ឲ្យ​តុលាការ​ផង។

ប៉ុន្តែ​ មន្រ្តី​ទូត​តំណាង​អាហ្វ្រិក​ខាង​ត្បូង​ប្រចាំ​ការ ​នៅ​ក្រុង​ឡាអេ ​បាន​ឆ្លើយ​ទៅវិញ​ថា អាហ្រ្វិក​ខាងត្បូង ​ស្ថិត​នៅ​ចន្លោះ​អំរែក​ពីរ ​ណា​ត្រូវ​គោរព​ទៅ​តាម​តុលាការ ​ណា​ត្រូវ​ធានា​សុវត្ថិភាព​របស់​ថ្នាក់​ដឹកនាំ​ប្រទេស​ ដែល​គេ​មក​ចូលរួម​ ផង។ ចំណុច​មួយ​ទៀត ​ដែល​ថា​គេ​មិន​សង្ឃឹម​ថា ​អាហ្វ្រិក​ធ្វើ​តាម​តុលាការ​ ព្រោះ​ថា លោក​ប្រធានាធិបតី​ស៊ូដង់​ ពិត​ជា​បាន​ដឹង​ថា ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​ បាន​ធ្វើ​លិខិត​កាល​ពី​ចុង​ខែ​ឧសភា ​សុំឲ្យ​អាហ្វ្រិក​ខាង​ត្បូង​ចាប់​ខ្លួន​គាត់។ ដូច្នេះបើ​គាត់ ​ហ៊ាន​ទៅ​ចូលរួម​ប្រជុំ​នៅ​ អាហ្រិ្វក​ខាងត្បូង​ មាន​ន័យថា ​គាត់​បាន ​ទទួល​ការ​ធានា ​ពី​អាហ្រ្វិក​ខាង​ត្បូង​រួច​ទៅ​ហើយ​ នឹង​មិន​មាន​ការ​ចាប់ខ្លួន​គាត់​ទេ។

ប្រទេស​អាហ្វ្រិក ព្រួត​ដៃគ្នា បង្អាក់​ការ​ស្វែងរក​យុត្តិធម៌​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ៖
ចំណុច​សំខាន់​មួយ​ទៀត​ដែល​គួរ​លើក​ឡើង​ដែរ​ អំពី​ការ​លំបាក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ក្នុង​ការ​អនុវត្ត​ដីកា​ចាប់ខ្លួន​របស់​ខ្លួន ​គឺ​ដោយសារ​តែ​ថ្នាក់​ដឹកនាំ​នៅ​អាហ្វ្រិក​តែម្តង។ បើ​យើង​សង្កេត​មើលទៅ សំណុំ​រឿង​ទាំងអស់​ស្តីពី​អំពើ​ប្រល័យ​ពូជសាសន៍ ​រឺ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ផ្សេងៗ ​គឺ​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក​ទាំងអស់។ នៅ​ទី្វប​អាហ្រ្វិក​មាន​ប្រទេស​៣៧​ ដែល​ជា​សមាជិក​តុលាការ​នេះ។

អ្នក​ខ្លះ​គេ​និយាយ​ថា ​តុលាការ​នេះ ​មិនមែន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ ​តែ​ជា​តុលាការ​ព្រហ្មទណ្ឌ​អាហ្រិ្វក​ទៅវិញ។ កន្លែង​នេះ​ហើយ ​ដែល​មេ​ដឹកនាំ​នៅ​អាហ្វ្រិក​ គេ​មិន​ពេញ​ចិត្ត​ ថា​ហេតុ​អី ​បាន​ជា​មក​រក​រឿង​ចោទ​តែ​គេ។ ប៉ុន្តែ​ វា​ជា​ការ​ពិតមែន ​គេ​មិនមែន​ចេះ​តែ​ចោទ​នៅ​អាហ្វ្រិក​ទេ ​ប៉ុន្តែ​សឹងតែ​រាល់លើក រឿងរ៉ាវ​កាប់​សម្លាប់​រង្គាល ​អំពើ​ព្រៃផ្សៃ​យង់ឃ្នង ​គឺ​កើត​ឡើង​នៅ​តែ​ក្នុង​ទ្វីប​អាហ្វ្រិក។ ដូច្នេះ​វាជា​រឿង​ធម្មតា​ទេ​ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ត្រូវ​តែ​ចាប់​មេ​ដឹក​នាំ​ទាំង​នោះ ​មក​ទទួល​ទោស។

យ៉ាង​ណា​មិញ ​នៅ​អំឡុង​ឆ្នាំ​២០១០​ ប្រទេស​សហភាព​អាហ្វ្រិក​នេះ​ ធ្លាប់​បាន​ស្នើរ​ថា​ ឲ្យ​តុលាការ ​ព្យួរ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី ​ស៊ូដង់​សិន ​ដើម្បី​ធានា​ដល់​ការ​បង្រួបបង្រួម​ជាតិ ​និង​ការ​កសាង​សន្តិភាព។ ដូច្នេះ​ហើយ​បាន​ជា​មួយ​លើក​ជា​ពីរ​លើក ​គ្រប់​ដីកា​ចាប់ខ្លួន​ មិន​ត្រូវ​បាន​ប្រទេស​អាហ្រ្វិក​ទាំង​នេះ​អនុវត្ត ដោយ​គេ​យក​លេស​ថា ​វា​នឹង​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​គ្នា ​កាន់តែ​ខ្លាំង ​ហើយ​ការ​កសាង​សន្តិភាព​នឹង​រលាយ។

ចុះ​ចំណែក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ ​រាប់​លាន​រាប់​សែន​នាក់​ នោះ​នៅ​ឯណា? សន្តិភាព​មិន​អាច​មាន​ពេញ​លេញ​ទេ ​បើ​សិន​ជា​ឧក្រិដ្ឋជន​ទាំង​នោះ ​នៅតែ​បន្ត​គ្រប់គ្រង​ប្រទេស​ រឺមួយ​ក៏​ដើរ​ហើរ​យ៉ាង​សេរី​បែប​នេះ។ ថ្ងៃណា​មួយ ពួក​មនុស្ស​អស់​នេះ ​នឹង​ធ្វើ​រឿង​ដដែល​នេះ​ ម្តង​ទៀត។ យុត្តិធម៌ និង​ការ​មិនចង់​ឃើញ​ប្រវត្តិសាស្ត្រ​ជាន់​ដាន​នេះហើយ ​ដែល​ជា​ការងារ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ បាន​ខិតខំ​ធ្វើ ​ប៉ុន្តែ បញ្ហា​លំបាក​គឺថា​ ប្រទេស​សមាជិក ​មិន​មាន​ឆន្ទៈ​ត្រឹមត្រូវ ​ ដែល​ធ្វើឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ជួប​ឧបសគ្គ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ