ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/06 12h00 GMT
អាហ្វ្រិក

តុលាការ​អាហ្រ្វិក​ខាងត្បូង ចេញ​សាលដីកា​ឲ្យ​ឃាត់ខ្លួន​ប្រធានាធិបតី​ស៊ូដង់​ជា​បណ្តោះ​អាសន្ន

media  
ប្រធានាធិបតី ស៊ូដង់ ​អូម៉ា អាល់ បាឆៀរ សើចស្ញេញ​​ទៅ​កាន់​​ប្រធានាធិបតី​ហ្ស៊ីមបាវ៉េ នៅពេលរៀប​ថតរូប​ជុំ​គ្នា​​នៅថ្ងៃ​ ១៤ មិថុនា​ ២០១៥ REUTERS

ឆ្លៀត​ឱកាស​ដែល​លោក​ប្រធានាធិបតី​ស៊ូដង់ ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រជុំ​កំពូល​សហភាព​អាហ្រ្វិក ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​បាន​ស្នើ​ឲ្យ​ប្រទេស​នេះ ​ធ្វើការ​ចាប់​ខ្លួន​ ​ប្រធានាធិបតី​ស៊ូដង់ ​ទៅ​​តាម​ដីកា​ចាប់​ខ្លួន​ ដែល​បាន​ចេញ​កាល​ពី​ឆ្នាំ​២០១០។ នៅ​ថ្ងៃ​អាទិត្យ​ទី​១៤​ មិថុនា​​នេះ​ដែរ ​តុលាការ​របស់​អាហ្រ្វិក​ខាង​ត្បូង​មួយ ​បាន​ចេញ​សាលដីកា ​បង្គាប់​ឲ្យ​អាជ្ញាធរ​ ឃាត់ខ្លួន​ប្រធានធិបតី​ស៊ូដង់ ​ជា​បណ្តោះ​អាសន្ន​សិន ​ដើម្បី​រងចាំ​ការ​សម្រេច​របស់​តុលាការ។

បើទោះ​បី​ជា​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង ​ខិតខំ​បិទ​បាំង​យ៉ាង​ណាក៏​ដោយ ​ការ​ពិត​គឺ​ថា លោក ​អូមា អាល់ បាឆៀរ ​ប្រធានាធិបតី​ស៊ូដង់ ​ពិត​ជា​មាន​វត្តមាន​ នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​កំពូល​សហភាព​អាហ្រ្វិក​ពិត​ប្រាកដ​មែន ព្រោះ​មាន ​ថតរូប​ ឈរ​ជុំគ្នា​ នៅ​ជួរ​ខាង​មុខ​គេ​​ ញញឹម​ស្ញេញ ​ដោយ​ឥត​ខ្មាស ​ឥត​ញញើត​នរណា​ទាំង​អស់។

គូរ​រំលឹក​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ បាន​ធ្វើ​លិខិត​មួយ​ កាល​ពី​ថ្ងៃ​ទី​ ២៨​ឧសភា ផ្ញើរ​ទៅ​អាហ្រ្វិក​ខាងត្បូង ​ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​នេះ គោរព​ករណីយកិច្ច​របស់​ខ្លួន ​និង​ធ្វើការ​ចាប់​ខ្លួន​ប្រធានាធិបតី​ស៊ូដង់ ​ទៅ​តាម​ដីកា​ចាប់ខ្លួន ​ដែល​តុលាការ​នេះ ​បាន​ចេញ​កាល​ពី​ឆ្នាំ​២០០៩ ​និង​ ២០១០។ លោក អូម៉ា អាល់ បាឆៀរ ​ប្រធានាធិបតី​ស៊ូដង់ ​កាន់​អំណាច ​២៥ឆ្នាំ​មក​ហើយ ​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ក្រុង​ឡាអេ ​ចោទ​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​រង្គាល​ ប្រល័យ​ពូជ​សាសន៍ ​លើ​ប្រជាជន​ចំនួន ​៣សែន​នាក់ នៅ​តំបន់​ដាកហ្វួរ​ ក្នុង​រវាង​ឆ្នាំ​២០០៣។

នៅ​ថ្ងៃ​អាទិត្យ ​ម្សិលមិញ ​ទន្ទឹម​ពេល​ដែល​គេ​កំពុង​ចាំមើល ​ថា​តើ​អាហ្វ្រិក​ខាងត្បូង​ នឹង​ចាប់ ប្រធានាធិបតី​ស៊ូដង់​ដែរ​រឺទេ ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ​បាន​ប្តឹង​ទៅ​តុលាការ​អាហ្វ្រិក​ខាងត្បូង។ ភ្លាមៗ​នោះ តុលាការ​បាន​ចេញ​សេចក្តី​បង្គាប់ ​ដល់​អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូង ​ថា​ត្រូវ​ហាម​ឃាត់​លោក ​ប្រធានាធិតី​ស៊ូដង់ ​មិន​ឲ្យ​ចេញ​ទៅ​ណា​ទាំងអស់ ​ដើម្បី​រងចាំ​ការ​សម្រេច​របស់​តុលាការ។

ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ ​គេ​មិន​សូវ​ជា​សង្ឃឹម​ទេ​ថា អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូង​ និង​ធ្វើ​តាម ការ​បង្គាប់​នេះ​ទេ ​ដោយសារ​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ អាហ្វ្រិក​ខាង​ត្បូង​ បាន​សន្យា​​ធានា​អភ័យ​ឯកសិទ្ធ​ ដល់​ថ្នាក់​ដឹកនាំ​អាហ្វ្រិក​ទាំង​អស់ ​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ។

ដោយឡែក​ លោក​ចៅក្រម​អាហ្វ្រិក​ខាងត្បូង ​ឈ្មោះ ហាន់ ហ្វាប្រ៊ីស្យុស  ​​ដែល​បាន​ចេញ​សេចក្តី​បង្គាប់​ឲ្យ​ឃាត់​ខ្លួន ​លោក អូម៉ា អាល់ ​បាឆៀរ​បណ្តោះ​អាសន្ន ​បាន​មាន​ប្រសាសន៍​ថា ​បើ​សិន​ជា​អាជ្ញាធរ​អាហ្រិ្វក​ខាងត្បូង​ បណ្តោយ​ឲ្យ​របូត ​ប្រធានាធិបតី​ស៊ូដង់  ​អាហ្រ្វិក​ខាងត្បូង​នឹង​ត្រូវ​អាម៉ាស​មុខ ​ហើយ​ទទួល​ខុស​ត្រូវ​លើ​ឆាក​អន្តរជាតិ។ យ៉ាង​ណា​ក៏ដោយ ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ស៊ូដង់​ បាន​បញ្ជាក់​ថា ទោះ​មាន​រឿងអ្វី​ក៏​ដោយ   ​លោក​ប្រធានាធិបតី​ស៊ូដង់ ​នឹង​ចាកចេញ​ពី​អាហ្រ្វិក​ខាងត្បូង​ ត្រឡប់​ចូល​ស្រុក​វិញ នៅ​ពេល​ប្រជុំ​ចប់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ