អានតួអត្ថបទ
អាហ្រ្វិក​ខាងត្បូង

អាហ្វ្រិកខាង​ត្បូង​ចង់​ដក​ខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

អាហ្វ្រិក​ខាងត្បូង ខកខាន មិន​បាន​ចាប់​ប្រធានាធិបតី​ស៊ូដង់​ខាងជើង លោក​អូម៉ា អែល បាស្ហៀរ ទៅតាម​អំពាវនាវ​របស់​តុលាការ ក្នុង​ស្រុក និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ប្រឈម​មុខ​ទៅនឹង​រលក​រិះគន់ មិន​ថមថយ រដ្ឋាភិបាល​អាហ្វ្រិកខាងត្បូង​មាន​គម្រោង​ដកខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បណ្តា​ប្រទេស​អាហ្វ្រិក​ចោទថា មាន​លក្ខណៈ​លំអៀង សំដៅ កាត់ទោស​តែ​មេដឹកនាំ​អាហ្វ្រិក។

អគារ​ទីតាំងរបស់​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ នៅទីក្រុង​ឡាអេ ប្រទេសហូឡង់
អគារ​ទីតាំងរបស់​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ នៅទីក្រុង​ឡាអេ ប្រទេសហូឡង់ Wikimédia
ផ្សាយពាណិជ្ជកម្ម

 

គឺ​រដ្ឋមន្រ្តី​នៃ វិមាន​ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង លោក​Jeff Rabede ដែល​ជាអ្នក​បញ្ចេញ​ឲ្យ​ដឹង​ពី​ជំហរ​ចង់​ផ្តាច់ខ្លួន​របស់​អាហ្វ្រិក​ខាងត្បូង ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI។ ការប្រកាស​នេះ ធ្វើឡើង នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ថ្ងៃ​ដែល​តុលាការ​អាហ្រ្វិក​ខាងត្បូង ដាក់កំណត់​ឲ្យ​រដ្ឋាភិបាល ចេញ​មុខ​ពន្យល់​ពី​ហេតុផល​ដែល​អាជ្ញាធរ​អាហ្វ្រិកខាងត្បូង មិន​បាន​ចាប់ឃុំ​ខ្លួន ប្រធានាធិបតី​ស៊ូដង់​ខាងជើង ទៅតាម ដីកា​របស់​តុលាការ។

តាំង​ពី​សប្តាហ៍មុន អាហ្វ្រិក​ខាងត្បូង រង​ការរិះគន់ ដោយសារ​តែ​មិន​បាន​ចាប់ឃុំខ្លួន​លោក​ប្រធានាធិបតី​អូម៉ា អែល បាស្ហៀរ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចោទប្រកាន់ កាលពី​ឆ្នាំ ១៩៩៨​ ក្នុង​បទឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្ស​ជាតិ នៅ​Dafour។ តាម​មន្រ្តី​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង គេ​មិនបាន​ចាប់ លោក​បាស្ហៀរ ដោយសារ​តែ​លោក​ជា​ភ្ញៀវ និង​មាន​អភ័យឯកសិទ្ធិ​ពី​សហភាព​អាហ្រ្វិក នោះបើទោះ​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​សហភាព​អាហ្វ្រិក ដែល​រៀបចំ ធ្វើ​នៅក្នុង​ទឹកដី​អាហ្វ្រិកខាងត្បូង​ក៏ដោយ។

អាហ្វ្រិកខាងត្បូង​នឹង​ដកខ្លួន​ចេញ​ពី​CPI នៅ​ពេល​ណា​ដែល​អាហ្រ្វិក​ខាងត្បូង អស់​ជម្រើស លែង​និយាយ​ត្រូវគ្នា ជាមួយ CPI តទៅ​ទៀត។ តាម​រដ្ឋមន្រ្តី​រដ្ឋាភិបាល​អាហ្វ្រិកខាងត្បូង ដែល​បាន​ចូលរួម កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​នឹង​បញ្ជូន​ក្រុម​រដ្ឋមន្រ្តី​មួយ​ក្រុម ដែល​នឹង​ចេញ​ទៅ​ចរចា​ជាមួយ​ CPI ពី​ជម្លោះ​លើកនេះ។ ទីក្រុង​ព្រេតូរីយ៉ា មាន​គំរោង​ផងដែរ ចង់​ពិភាក្សា ជាមួយ​បណ្តា​ប្រទេស​អាហ្រ្វិក​ដទៃ​ទៀត ដើម្បី​ពង្រឹង​ប្រព័ន្ធ​តុលាការ​ក្នុង​ទឹកដី​អាហ្រ្វិក ដើម្បី​ធានា​ថា អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ នឹង​មិនអាច​រួចខ្លួន ពីការជំនុំជម្រះ ដូច​ពេល​បច្ចុប្បន្ននេះ។ ជំហរ​ចង់ដកខ្លួន​ចេញ​ពី CPI របស់​អាហ្វ្រិក​ខាងត្បូង ធ្វើ​ឲ្យ​គេ​យល់​ថា អាហ្វ្រិកខាងត្បូង ចង់​ទៅ​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​អាហ្រ្វិក​ដទៃទៀត ដែលរិះគន់ CPI​ថា ជាតុលាការ​ដែល​រើសអើង កាត់ទោស​តែ​មេដឹកនាំ​នៅ​ទ្វីបអាហ្រ្វិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ