អានតួអត្ថបទ
កេនយ៉ា

កេនយ៉ាអំពាវនាវឲ្យ​គេ​ឈប់​ជួញដូរ​ភ្លុកដំរីទាំងស្រុង​

គោលដៅ​ដើម្បី​ការពារនៅ​ក្នុង​ជំនួប​កំពូល​អាហ្វ្រិក​មួយ​នៅ​ទីក្រុង Nanyuki ក្នុងប្រទេស​កេនយ៉ា​លោក Uhuru Kenyatta ប្រធានាធិបតី​កេនយ៉ា​នៅ​ថ្ងៃ​សុក្រ​នេះ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ហាម​ទាំង​ស្រុង​ជំនួញ​ភ្លុកដំរី។ ការ​អំពាវនាវ​របស់​លោក​ប្រធានាធិបតី​កេនយ៉ា​នេះ គឺ​​ម្យ៉ាង​ចង់​រក្សា​ការពារ​ភាព​ធម្មជាតិ​នៃ​សត្វ​ដំរី​ព្រៃ​ផង​និង​ម្យ៉ាងទៀត​ការពារ​ថែរក្សា​កុំ​ឱ្យ​វា​ផុតពូជ ដោយ​សារ​តែ​ពួក​ជន​ល្មើស​តាម​ប្រមាញ់​ដើម្បី​យក​ភ្លុក​ទៅ​ធ្វើ​ជំនួញ។  

ទាហាន​កេនយ៉ា​​ចាប់​បានភ្លុក​ដំរី​នៅ​ឧទ្យាន​ជាតិ​​
ទាហាន​កេនយ៉ា​​ចាប់​បានភ្លុក​ដំរី​នៅ​ឧទ្យាន​ជាតិ​​ ©REUTERS/Thomas Mukoya
ផ្សាយពាណិជ្ជកម្ម

 “បាត់បង់​សត្វ​ដំរី​ព្រៃ គឺ​ជា​ការ​បាត់បង់​កេរ្ត៍​មរតក​​ដ៏​សំខាន់មួយផ្នែក​របស់យើង​រាល់​រូប​ដែលជាប្រជាជនអាហ្វ្រិក។ ដូច្នេះ​ ប្រជាជនអាហ្វ្រិក ត្រូវ​តែ​មាន​មនៈសិការខ្ពង់ខ្ពស់ ក្នុងការ​​ជួយទ្រទ្រង់ការពារ​ថែ​រក្សា សម្បត្តិទ្រព្យធម្មជាតិរបស់ខ្លួន ដោយមិន​អនុញ្ញាត​ឲ្យ​មានការបំផ្លិច​បំផ្លាញសម្បត្តិធម្មជាតិ​នេះតទៅ​ថ្ងៃ​មុខ​ទៀត​ទេ”-នេះហើយ​​ជា​ប្រសាសន៍​របស់​ប្រធានាធិបតី​កេនយ៉ា លោក​ Kenyatta នៅ​ពេល​បើក​ជំនួប​កំពូល​នៅ​ក្រុង​ Nanyuki  ភាគកណ្តាល​ប្រទេសកេនយ៉ា។

 

ចូលរូមក្នុង​ជំនួប​កំពូល​នេះ មាន​ប្រធានាធិបតី​ប្រទេស កេនយ៉ា អ៊ូហ្កង់ដា ហ្កាបុង ក៏​ព្រម​ទាំង​ក្រុម​អង្គការ​​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ធំ​ផង​ដែរ​។ ជំនួប​កំពូល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុន​ពេល នៃ​ការ​ដុត​រំលាយ​ចោល​កន្លែង​ស្តុក​ទុក​ភ្លុក​ដំរី​ដ៏​ធំ​សម្បើម​អស្ចារ្យ​មួយ​​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​។ ភ្លុកដំរី​ព្រៃ​ដែល​នឹង​ត្រូវ​ដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃ​ស្អែក​នេះ មាន​ទម្ងន់​១០៥​តោន ឬស្មើ​នឹង​ចំនួន​៥%​នៃ​ការ​ស្តុក​ភ្លុក​ដំរី​នៅ​លើ​លោក។

 

លោក Kenyatta បាន​ថ្លែងសុំ​ឲ្យប្រជាជនអាហ្វ្រិកទាំងអស់​នៅលើលោក កុំ​ឲ្យនៅ​ព្រងើយ​កន្តើយ​នៅ​ចំពោះ​មុខ​នៃ​ការរលាយ​សាបសូន្យ​នៃ​ពូជ​សត្វ​ដំរី​នៅតំបន់អាហ្វ្រិក”។​

 

លោក​ប្រធានាធិបតី​កេនយ៉ា​ បាននិយាយ​ធានា​ដែរ​ថា”នៅ​​ឱកាស​កិច្ច​ប្រជុំនា​​លើក​ក្រោយ​ស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិ សត្វព្រៃនិងរុក្ខជាតិព្រៃនៅខែកញ្ញាខាងមុខនៅក្នុង ទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង លោក​នឹង​អំពាវនាវ​សុំ​​ឲ្យ​មាន​ការហាម​ឃាត់​ទាំង​ស្រុង​ ​ការ​ជួញ​ដូរ​ភ្លុក​ដំរីព្រៃ”។

 

ជារៀងរាល់ឆ្នាំ សត្វដំរី ប្រមាណ​ជា​៣​ម៉ឺន​ត្រូវ​បាន​ពួកប្រមាញ់​ បាញ់​សម្លាប់​ដើម្បី​កាត់​យក​ភ្លុក។ ផលវិបាក​មាន​កំរិត​ដ៏​ធ្ងន់ធ្ងរ  ​ បូក​ផ្សំ​ទាំង​ការ​ស្លាប់​តាម​ធម្មជាតិ​របស់​ដំរី​ផង​និង​ដំរី​ដែល​ត្រូវ​ស្លាប់​ដោយ​ស្នាដៃ​ពួក​ប្រមាញ់​ផង ចំនួន​សត្វ​ដំរី​ស្លាប់ បាន​កើន​លើស​អត្រា​បន្ត​ពូជ​នៃ​ប្រភេទ​សត្វ​នេះ។ ម្យ៉ាងទៀត​តាម​ការ​ប្រមាណ​របស់​អ្នក​ជំនាញ ការ​រស់រាន​មាន​ជីវិត​របស់​សត្វ​ដំរី​ព្រៃ​នៅ​អាហ្វ្រិក ប្រហែល​ជា​នឹង​អាច​នឹងរលាយបាត់បង់​នៅ​ក្នុង​រយៈពេល​ពី​មួយ​ជំនាន់​ទៅ​ពីរ​ជំនាន់​ទៀត​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ