អានតួអត្ថបទ

តុលាការ​អាហ្វ្រិក​កាត់​ទោស​អតីត​ប្រធានាធិបតី​ផ្តាច់ការ​ឆាដឱ្យជាប់គុក​​មួយ​ជីវិត

គេ​ត្រូវ​រង់ចាំអតីត​ប្រធានាធិបតី​ឆាដ លោកHissène Habré អស់​អំណាច​រយៈ​ពេល​២៥​ឆ្នាំ​ក្រោយ ទើប​បាន​ឃើញ​ពន្លឺ​យុត្តិធម៌ ! ​ នៅទី​បំផុត នៅ​​ថ្ងៃ​ចន្ទ​ទី ៣០​ឧសភា​នេះ តុលាការ​អាហ្វ្រិក​ពិសេស​បាន​សម្រេច​សាលក្រម​​ដាក់​ទោស​លោក ពីបទ​ប្រព្រឹត្ត​អំពើ​​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​រំលោភបំពានស្ត្រី​ភេទ​ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

លោក​Hissène Habré ក្នុង​ថ្ងៃ​បើក​សវនាការ​ដំបូង កាលពី​ថ្ងៃទី ២០ ក្កដា ២០១៥
លោក​Hissène Habré ក្នុង​ថ្ងៃ​បើក​សវនាការ​ដំបូង កាលពី​ថ្ងៃទី ២០ ក្កដា ២០១៥ ISSOUF SANOGO / AFP
ផ្សាយពាណិជ្ជកម្ម

សម្រែក​អបអរ និង​រីករាយ​បាន​លាន់​ឮ​ឡើង​ពេញ​សាលសវនាការ នៅ​ពេល​ឮ​សាលក្រម​ ជា​ប្រវត្តិសាស្រ្ត​របស់​តុលាការ​ពិសេស​​អាហ្វ្រិក នៅ​ក្រុង​ដាការ​។ ជាប្រវត្តិសាស្ត្រ​ព្រោះ ជាង​២០​ឆ្នាំ​ក្រោយ​ហេតុការណ៍ តុលាការរក​យុត្តិធម៌​ជូន​ពលរដ្ឋ​បាន តាម​រយៈ​​ការ​កាត់​ទោស​​បុរស​ដែល​ជា​មេ​ដឹកនាំ​ប្រព័ន្ធ​គាប​សង្កត់​និង​បង្ក្រាប​ដោយ​ហិង្សា​បំផុត។

កាន់​អំណាច​ជា​ប្រធានាធិបតី​ប្រទេស​ឆាដ ពី​ឆ្នាំ​១៩៨២ ដល់​ឆ្នាំ​១៩៩០ លោក ហ៊ីសែន ហាប្រេ ត្រូវ​បាន​តុលាការរក​ឃើញ​ថា​មាន​ទោស ដោយ​ប្រើ​ប្រព័ន្ធ​​​ដឹកនាំប្រទេស​​ បង្ក្រាប​បក្ស​ប្រឆាំង​ សហគមន៍​ជនជាតិ​ យ៉ាង​ហិង្សា... តុលាការ​បាន​លើក​ឡើង​រាល់​គ្រប់​ទង្វើ​របស់​​លោក ហ៊ីសែន ហាប្រេ តាំង​ពីថ្ងៃ​​បាន​ឡើង​​កាន់​តំណែង​ ដោយ​​ប្រើ​កម្លាំងប្លន់អំណាច។ ចៅក្រម​​មាន​ឯកសារ​និង​បណ្តឹង​ជា​ភស្តុតាង ជាង ២៥០០​ឯកសារ បញ្ជាក់​អំពី​ចាប់ខ្លួន​បក្ស​ប្រឆាំង ញាត់​គុក​ដោយ​គ្មាន​ឆ្លង​កាត់​តុលាការ​​ និង​ធ្វើ​ទារុណកម្មដោយ​ស្វ័យប្រវត្តិ​និង​ដោយ​គ្មាន​រើស​មុខ ព្រមទាំង​ចាប់​រំលោភ​ទៀត។ ​

 
សម្រាប់​ប្រធាន​ចៅក្រម ​ជា​ឪពុក​ល្អ មាន​វ័យ​ចំណាស់ មិន​គ្រប់​គ្រាន់​សម្រាប់​បន្ថយ​ការ​ដាក់​បន្ទុក​ទេ ! ទង្វើ​របស់​អតីត​ប្រធានាធិបតី​រូប​នេះ​ ដែល​ត្រូវ​ទទួល​ទោសធ្ងន់​បំផុត គឺ​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

សង្គម​ស៊ីវិល​បាន​អបអរ​និង​រីករាយ​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​​តុលាការ​អាច​ផ្តល់​​​យុត្តិធម៌ឱ្យ​ជន​រងគ្រោះ បន្ទាប់​ពី​បាន​រង់ចាំ​និង​ស្រែក​​ទាមទារ យ៉ាង​ត្រដាប​ត្រដួស​​អស់​រយៈ​​ពេល​​២៦​ឆ្នាំ ឱ្យ​​​បង្កើត​តុលាការ​ពិសេស​ និង​ដាក់​ឱ្យ​ដំណើរ​ការ​សវនាការ​នេះ​បាន។

តុលាការ​បាន​ទុក​ពេល​ឱ្យ​ជន​ជាប់​ចោទ​១៥​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​សាលក្រម​នេះ​ទៅ ​សម្រាប់​ធ្វើ​ការ​តវ៉ា ប៉ុន្តែ​គេ​មិន​ដឹង​ថា​តើ​អតីត​ប្រធានាធិបតី​ ហ៊ីសែន ហាប្រេ ជា​ជនជាប់​ទោស​នេះ នឹង​ធ្វើបណ្តឹង​ឧទ្ធរណ៍​ឬ​យ៉ាង​ណាទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ