អានតួអត្ថបទ
លីប៊ី

លីប៊ី៖​កម្លាំង​រដ្ឋាភិបាល​កំពុង​វាយសម្រុក​ដណ្តើម​ទីក្រុង​សៀត​ពី​អង្គការ​រដ្ឋអ៊ីស្លាម

នៅ​ក្នុង​ប្រទេស​លីប៊ី កម្លាំង​រដ្ឋាភិបាល​កំពុង​បោះ​ជំហាន​ឈាន​ទៅ​ដណ្តើម​យក​ទីក្រុង​សៀត​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម​មក​វិញ។ បន្ទាប់​ពី​បើក​ការ​វាយប្រយុទ្ធ​ក្រោម​ទ្រង់ទ្រាយ​ធំ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៩ និង​ថ្ងៃ​សុក្រ ទី១០ មិថុនា​មក ទ័ពរដ្ឋាភិបាល​បាន​ផ្តើម​ចូល​ក្នុង​ដែនដី​ទីក្រុង​សៀត និង​សង្ឃឹម​ចូល​កាន់កាប់​ទាំង​ស្រុង​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

លីប៊ី៖​កម្លាំង​រដ្ឋាភិបាល​កំពុង​វាយសម្រុក​ដណ្តើម​ទីក្រុង​សៀត​ពី​អង្គការ​រដ្ឋអ៊ីស្លាម
លីប៊ី៖​កម្លាំង​រដ្ឋាភិបាល​កំពុង​វាយសម្រុក​ដណ្តើម​ទីក្រុង​សៀត​ពី​អង្គការ​រដ្ឋអ៊ីស្លាម REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

សៀត​ជា​ទីក្រុង​កំពុងផែ​មួយ​ដ៏​សំខាន់​របស់​លីប៊ី​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៤៥០គីឡូម៉ែត្រ​ស្ថិត​ប៉ែក​ខាង​កើត​ទីក្រុង​ទ្រីប៉ូលី។ ដូច្នេះ​សម្រាប់​អង្គការ​រដ្ឋអ៊ីស្លាម ការ​បាត់បង់​ដែនដី​សៀត​នៅ​លីប៊ី ជា​ការ​បាត់បង់​មួយ​បន្ថែម​ទៀត​ធំ​ណាស់ បន្ទាប់​ពី​បាន​បាត់បង់​ដែនដី​មួយ​ចំនួន​នៅ​ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់​នា​រយៈពេល​ចុង​ក្រោយ​នេះ។ ប្រេសិត​ពិសេស​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​បើក​ការ​វាយប្រហារ​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​យ៉ាង​គំហុក​នា​រយៈពេល​ចុង​ក្រោយ​មក ទ័ពរដ្ឋាភិបាល​បង្រួបបង្រួមជាតិ​លីប៊ី​កំពុង​ធ្វើ​ដំណើរ​រុល​ទៅ​មុខ​យ៉ាង​លឿន​ចូល​ក្នុង​ទីក្រុង​សៀត។

ព័ត៌មាន​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​បន្ថែម​ដោយ​អ្នកនាំពាក្យ​កងទ័ព​លីប៊ី​លោក​ម៉ូហាម៉ាដ ហ្គាសេរី។ យោង​តាម​លោក​ម៉ូហាម៉ាដ ប្រតិបត្តិការ​សឹក​កំពុង​បន្ត តែ​មិន​យូរ​ប៉ុន្មាន​ទេ ដោយ​លោក​សង្ឃឹម​ថា នឹង​ដណ្តើម​កាន់កាប់​ទីក្រុង​សៀត​ទាំង​ស្រុង​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ អាមេរិក តាម​រយៈ​អ្នកនំាពាក្យ​ក្រសួង​ការពារជាតិ​លោក Peter Cook បាន​សាទរ​ចំពោះ​ស្ថានការណ៍​វិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​លីប៊ី និង​ថា អាមេរិក​កំពុង​តាម​ដាន​ស្ថានការណ៍​នៅ​លីប៊ី​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។ ក៏​ប៉ុន្តែ ដោយ​អវត្តមាន​អ្នកកាសែត និង​កង្វះ​ប្រភព​ព័ត៌មាន​នៅ​លើ​សមរភូមិ គេ​មិន​អាច​ដឹង​ពី​ស្ថានការណ៍​យោធា​ពិត​នៅ​លើ​សមរភូមិ។

ម្យ៉ាង​ទៀត គេ​ក៏​មិន​មាន​តួលេខ​ពិត​ប្រាកដ​ស្តីពី​ចំនួន​យុទ្ធជន​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទីក្រុង​សៀត និង​ចំនួន​ប្រជាជន​លីប៊ី​ដែល​កំពុង​រស់នៅ​ទីនោះ។ បើ​យោង​តាម​ប្រភព​បរទេស​មួយ​ចំនួន​ឲ្យ​ដឹង​ថា ចំនួន​យុទ្ធជន​អង្គការ​រដ្ឋអ៊ីស្លាម​សកម្ម​នៅ​លីប៊ី​មាន​ប្រមាណ​ជា ៥ ០០០នាក់។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកវិភាគ​បាន​យល់​ឃើញ​ថា បរាជ័យ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ទីក្រុង​សៀត​មិនមែន​ជា​ការ​បិទបញ្ចប់​វត្តមាន​របស់​អង្គការ​ភេរវនិយម​មួយ​នេះ​នៅ​ក្នុង​ទឹកដី​លីប៊ី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ