អានតួអត្ថបទ
ម៉ាលី-អំពើភេរវកម្ម

ភេរវកម្ម​​អត្តឃាត​​​នៅ​​​ម៉ាលី ​​​បាន​​​សម្លាប់​​មនុស្ស​​យ៉ាង​​តិ​ច​​ជាង​៤០​​​នាក់​​នៅ​​ក្រុង​ ​GAO​

នៅ​ប្រទេស​ម៉ាលី កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ភេរវជន​អត្តឃាត​ម្នាក់ ដែល​ជា​អតីត​ក្រុម​ឧទ្ទាម​និង​ជា​សមាជិក​នៃ​ក្រុមប្រដាប់​អាវុធ​និន្នាការ​ខាង​រដ្ឋាភិបាល​ម៉ាលី បាន​បំផ្ទុះ​គ្រាប់បែក​ដែល​បង្កប់​ក្នុង​រថយន្ត​ នៅ​​ក្នុង​បន្ទាយ​មួយ​នៅ​ក្រុង​ GAOដែលស្ថិតនៅ ​​​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី-នេះ​បើ ​យោង​តាម​ប្រភព​យោធា​មួយ​នៅ​ក្នុង​រង្វង់​បេសកកម្ម​របស់​អ.ស.ប.​នៅ​ម៉ាលី(Minusma)។. ភេរវកម្ម​អត្តឃាត​នៅ GAO នេះ បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​តិច​ជាង​៤០នាក់។ 

តំបន់​រង​អំពើ​ភេរវកម្ម​ដោយ​រថយន្ត​បង្កប់​គ្រាប់បែក​​ថ្ងៃ​ទី​១៨​មករា​នៅ​ក្រុង​GAO​ នៅ​​បន្ទាយ​យោធា​មួយ​ទទួល​បន្ទុក​សម្របសម្រួល​យន្តការ​ប្រតិបត្តិការ​គ្រប់​គ្រង​ដោយ​កង​កម្លាំង​ទ័ព​ម៉ាលី​
តំបន់​រង​អំពើ​ភេរវកម្ម​ដោយ​រថយន្ត​បង្កប់​គ្រាប់បែក​​ថ្ងៃ​ទី​១៨​មករា​នៅ​ក្រុង​GAO​ នៅ​​បន្ទាយ​យោធា​មួយ​ទទួល​បន្ទុក​សម្របសម្រួល​យន្តការ​ប្រតិបត្តិការ​គ្រប់​គ្រង​ដោយ​កង​កម្លាំង​ទ័ព​ម៉ាលី​ AFP
ផ្សាយពាណិជ្ជកម្ម

អំពើ​ភេរវកម្ម​អត្តឃាត​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ​១៨​មករា​ម្សិលមិញ នៅ  GAO ទីក្រុង​ដ៏​សំខាន់​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី។ នៅចម្ងាយ​មិន​ដល់ ​៥០០ ម៉ែត្រ​ផង​ពី​ព្រលានយន្តហោះ ភេរវជន​អត្តឃាត​ដែល​​បើកបរ​​រថយន្ត​មួយ​គ្រឿង​ត្រឡប់​ចូល​ទៅ​ក្នុង​បន្ទាយ​ បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​រថយន្ត​និង​បាន​បណ្តាល​ឲ្យ​ឮ​សូរ​សម្លេង​​ផ្ទុះ​​​​យ៉ាង​ខ្លាំងក្លាបំផុត។


ភេរវកម្ម​អត្តឃាត​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​តិច​ជាង​៤០​នាក់​-នេះ​បើ​យោង​តាម​តួលេខ​​បណ្តោះអាសន្ន។ ក្រៅពីនេះ ក៏​មាន​អ្នក​ត្រូវ​រង​របួស​ជាច្រើន​នាក់​ដែល​បាន​នាំ​គ្នា​សម្រុក​​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្រុង​ GAO ដែល​ការពារ​យាមល្បាត​ដោយ​កង​យោធា។

នៅក្នុងសោកនាដកម្មនេះ ប្រទេស​មាលី ត្រូវ​ធ្វើ​ការ​កាន់​ទុក្ខ​នៅទូ​ទាំង​​ប្រទេស​​ចំនួន​​៣​​ថ្ងៃ​។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ម៉ាលី វិញ ត្រូវ​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ហេតុការណ៍​ដល់ទី​កន្លែង​​កើត​​សោកនាដកម្ម​​នោះ​​ដែរ។​

គួររំលឹកថា កាលពី​ថ្ងៃ​ទី​១៣​មករា​មុន លោក​François Hollande នា​ពេល​ធ្វើ​ដំណើរ​ទៅចូល​រួម​​ក្នុង​​ជំនួប​កំពូល​មួយ​រវាង អាហ្វ្រិក-បារាំង​នៅទីក្រុង​បាម៉ាកូ លោក​ប្រធានាធិបតី​បារាំង​ ក៏​បាន​​ឆ្លៀត​​ធ្វើ​​ទស្សនកិច្ច​ជា​និមិត្តរួប​មួយ​​នៅ​​ក្រុង​GAO​ ​នា​រយៈ​ពេល​​តែ​​មួយ​​ភ្លែត​​ប៉ុណ្ណោះ​ ដើម្បី​​​ចូល​​ទៅ​​​សួរ​សុខទុក្ខ​ដល់​កងទ័ព​បារាំង​ដែល​មាន​គ្នា​ចំនួន​១០០០​នាក់នៅទីនោះ​ ក៏​​ព្រម​ទាំង​កងទ័ព​ម៉ាលី​ផង​ដែរ។

អំពើ​ភេរវកម្ម​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ ក្រុង ​GAO ប្រទេស​ម៉ាលី​នេះ នៅ​​ពុំទាន់​​មាន​ខាង​​ចលនា​ណា​​មួយ​​ប្រកាស​​ថា ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ ​ការ​មន្ទិល​​សង្ស័យ​​ខ្លាំង​​កាន់​តែ​​បែរ​​តម្រង់​​ទៅ​​លើ​​ក្រុម​​អ៊ីស្លាម​ជីហាត​​នៃ​​អង្គការ​​រដ្ឋ​អ៊ីស្លាម​ហើយ​។  ពីព្រោះ​ កន្លង​​មកនេះ​​ ពួក​​អ៊ីស្លាម​ជីហាត​ ធ្លាប់​​បាន​​បង្ក​អំពើ​ភេរវកម្ម​អត្តឃាត​រួច​ម្តង​​មក​ហើយ​កាលពី​​ថ្ងៃ​​ទី​​២៩​​វិច្ឆកា​​ឆ្នាំ​​២០១៦​​មុន​នេះ​ ដោយ​​ការ​​បំផ្ទុះ​គ្រាប់​បែក​​ក្នុង​​រថយន្ត​​ដែរ​ ​ដែល​​​នៅ​​ចម្ងាយ​​តែ​ ២​​ឬ​​៣០០​​.ម តែ​ប៉ុណ្ណោះ​​ពី​ទី​​ព្រលាន​យន្តហោះ​នៅ​ក្រុង GAO ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ