អានតួអត្ថបទ
ហ្កំប៊ី

វិបត្តិនយោបាយ​កាន់តែ​លង់ជ្រៅ​នៅ​ប្រទេស​ហ្កំប៊ី

ប្រទេស​មួយចំនួន​នៃ​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច ហៅកាត់ ថា Cedeao​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថា គេ​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ធ្វើ​អន្តរាគម​យោធា ទៅក្នុង​ប្រទេស​ហ្កំប៊ី បើសិន ប្រធានាធិបតី​អស់​អាណត្តិ​របស់​ប្រទេស​នេះ នៅ​តែ​ក្រាញ មិន​ព្រម​ចុះចេញ​ពី​អំណាច។ 

ប្រធានាធិបតី​អស់​អាណត្តិ​លោក​Yahya Jammeh​ត្រូវ​គេ​ជឿថា ដឹកនាំ​ប្រទេស​ទៅតាម​ខ្សែបន្ទាត់​ចង់បាន​របស់​​ក្រុម​គ្រូធ្មប់នៅ​ហ្កំប៊ី
ប្រធានាធិបតី​អស់​អាណត្តិ​លោក​Yahya Jammeh​ត្រូវ​គេ​ជឿថា ដឹកនាំ​ប្រទេស​ទៅតាម​ខ្សែបន្ទាត់​ចង់បាន​របស់​​ក្រុម​គ្រូធ្មប់នៅ​ហ្កំប៊ី Photo: GRTS via AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ហ្កំប៊ី ឱសានវាទ​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​Yahya Jammeh ដើរ​ចេញ​ពីអំណាច​ដោយ​សន្តិវិធី ត្រូវ​ចប់ នៅថ្ងៃ​ព្រហស្បតិ៍។ ថ្ងៃ​ដែល​ប្រធានាធិបតី​ឈ្នះឆ្នោត​ថ្មី ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ ហ្កំប៊ី។ បណ្តា​ប្រទេស​សមាជិក​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច Cedeao បាន​ប្រកាស​ហើយ​ថា គេ​នឹង​ប្រើ​កម្លាំង​យោធា អន្តរាគម​ក្នុង​វិបត្តិ​នយោបាយ ហ្កំប៊ី ប្រសិន​បើ​លោក​Yahya Jammeh នៅ​តែ​មិនព្រម​ចុះចេញ​ពីតំណែង។

 
ហ្កំប៊ី ដែល​ធ្លាប់​ស្ថិតនៅក្រោម​អាណានិគម​របស់​អង់គ្លេស និង​មាន​ប្រជាជន​រស់នៅ ២លាន​នាក់ កំពុង​ស្គាល់​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ ដោយសារ​តែ​ប្រធានាធិបតី​អស់អាណត្តិ​បដិសេធ​មិន​ប្រគល់​អំណាច​ទៅ​ឲ្យ​ប្រធានាធិបតី​ឈ្នះឆ្នោត។

បណ្តា​ប្រទេស​សមាជិក​នីសហគមន៍ Cedeao បាន​លូកដៃ​អន្តរាគមន៍ ដោយ​បាន​បើក​ការចរចា មិន​បាន​សម្រេច អស់​ជាង​១ខែ។ នៅក្នុងសេចក្តី​ថ្លែងការណ៍​របស់ខ្លួន សហគមន៍​សេដ្ឋកិច្ច​អាហ្រ្វិក​ Cedeao​បាន​ប្រកាស​ហើយថា ចាប់ពីថ្ងៃ​នេះទៅ គេ​ទទួល​ស្គាល់​តែ​លោក​Adama Barrow ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​ហ្កំប៊ី។ នៅ​សប្តាហ៍នេះ នីហ្សេរីយ៉ា​ដែល​កំពុង​ដឹកនាំ Cedeao បាន​បញ្ជូន​ទ័ព​អាកាស​របស់ខ្លួន ទៅ​ប្រចាំ​ក្នុង​ប្រទេស​សេណេហ្កាល់ ដែល បាន​ពង្រាយ​រួចហើយ ដែរ កងទ័ព​របស់ខ្លួន នៅ​តាមព្រំដែន​ជាមួយ​ប្រទេស​ហ្កំប៊ី។ កងទ័ព សេណេហ្កាល់ បាន​ព្រមាន​ទុកមុន​ថា គេនឹង​សម្រុក​ចូល​ក្នុង​ទឹកដី​ហ្កំប៊ី នៅយប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ករណី​ដែល​ប្រធានាធិបតី​Yahya Jammeh នៅតែ​បដិសេធ ​មិនព្រម​ប្រគល់​អំណាច​ទៅ​ឲ្យ​ប្រធានាធិបតី​ឈ្នះឆ្នោត លោក​Adama Barrow។

Adama Barrow ដែល​ឈ្នះឆ្នោត​ប្រធានាធិបតី​ហ្កំប៊ី កាលពី​ខែ​ធ្នូ ត្រូវ​ស្បថ​ចូល​កាន់តំណែង នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។ ប៉ុន្តែ ដោយសារ​តែ​លោក​ប្រធានាធិបតី​Yahya Jammeh បដិសេធ​មិន​ចុះចេញ​ពី​អំណាច ពិធី​ស្បថ​ចូល​កាន់តំណែង​ដែល​ត្រូវ​រៀបចំ​នៅ​ទីក្រុង​Banjul នៅ​ថ្ងៃ​នេះ ត្រូវ​រំលាយ​ទៅវិញ។ តាម​ប្រភព​មន្រ្តី​ស្និទ្ធ​នឹង​ប្រធានាធិបតី​ឈ្នះឆ្នោត លោក Adama Barrow ទំនង​ស្បថ​ចូល​កាន់​តំណែង នៅ​ស្ថានទូត​ហ្កំប៊ី ក្នុង​ប្រទេស​សេណេហ្កាល់ ជាទី​ដែល​លោក​កំពុង​ភៀសខ្លួន ​ជ្រកកោន តាំង​ពី​ថ្ងៃទី ១៥​មករា។

ដឹកនាំ​ប្រទេស​ហ្កំប៊ី ជាង២០ ចាប់តាំង​ពី​រដ្ឋប្រហារ​ឆ្នាំ ១៩៩៤ លោក​Yahya Jammeh បាន​បដិសេធ​មិន​ប្រគល់​អំណាច​ទៅ​ឲ្យ​ប្រធានាធិបតី​ឈ្នះឆ្នោត ក្នុង​ហេតុផលថា មាន​ភាពមិន​ប្រក្រតី នៅក្នុង​ការបោះឆ្នោត។ នៅ​ថ្ងៃ​អង្គារ លោក​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន។ កងទ័ព​ហ្កំប៊ី នៅថ្ងៃ​ពុធ បដិសេធ​មិនលូកដៃ អន្តរាគម ក្នុង​វិបត្តិ​នយោបាយ និងសន្យា​បើកដៃ ឲ្យ​ទាហាន​សេណេហ្កាល់​ចូល​មកដេញ​លោក​Yahya Jammeh ចេញពី​តំណែង។ ក្រៅពី​បាត់ការគាំទ្រ​ពី​កងទ័ព លោក​Yahya Jammeh នៅ​បាន​បាត់បង់​អនុប្រធានាធិបតី និង​រដ្ឋមន្រ្តី​សំខាន់ៗ​របស់​រដ្ឋាភិបាល ​ដែល​បាន​លាលែង​ចេញ​ពី​តំណែង ជាបន្តបន្ទាប់ នៅថ្ងៃ​ព្រហស្បតិ៍នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ