ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/12 12h00 GMT
អាហ្វ្រិក

ស្លាប់ជាង​២៥០នាក់​ ក្នុងការកាប់សម្លាប់​​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​

media ក្មេងតូច​នេះ នៅ​ជំរំ​ភៀសខ្លួន​គីកវីត នៅខែត្រ​កាសៃ សាធារណរដ្ឋ​កុងហ្គោ។ ក្មេងតូច​​កំពុង​រង់ចាំទទួល​​របប​អាហារ។ JOHN WESSELS / AFP

ស្លាប់ជាង​២៥០នាក់ ក្នុង​ការ​សម្លាប់​រង្គាល​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ​

អង្គការ​សហប្រជាជាតិ​បានចុះផ្សាយ​របាយការណ៍​មួយ នៅថ្ងៃសុក្រ​នេះ ស្តីអំពី​ហេតុការណ៍​កាប់សម្លាប់​មនុស្ស​នៅខែត្រ​កាសៃ Kasai ភាគខាងលិច​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ដែលបាន​កើតឡើង​ចន្លោះ​ខែមិនា និង​ខែ​មិថុនា ឆ្នាំ ២០១៧​​នេះ។ ជា​ការកាប់សម្លាប់ធ្វើអោយ​ស្លាប់​​មនុស្ស​ប្រហែល​២៥១នាក់ ក្នុង​នោះ​មាន​កុមារ​៦២នាក់។ ​របាយការណ៍​អង្គការ​សហប្រជាជាតិ​បាន​ចោទ​ប្រកាន់​ក្រុម​ប្រយុទ្ធ​ផ្សេងៗ ដែល​ក្នុង​នោះ​មានក្រុម​ប្រយុទ្ធដែល​គាំទ្រ​ដោយ​​​​​​កងកម្លាំង​ទាហាននិង​ប៉ូលិស​ជាតិ។​

របាយការណ៍ស៊ើបអង្កេត​​​របស់​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិស្តីពី​​ការកាប់សម្លាប់​មនុស្ស​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ​​ផ្អែកលើការរៀបរាប់​របស់​ជនភៀសខ្លួន​នៅ​អង់ហ្កូឡា ​ជាអ្នក​ដែល​បាន​គេចចេញ​ពីហិង្សា​ដែលបាន​កើតឡើង​ក្នុង​​ខែត្រ​កាសៃ ភាគខាងលិច​ប្រទេស។ ហេតុការណ៍​កាប់សម្លាប់​មនុស្ស​នេះ បាន​កើតឡើង ចន្លោះខែ​មិនា និង​មិថុនា​ឆ្នាំ​២០១៧នេះ ធ្វើអោយ​មនុស្ស​ស្លាប់​ជាង​២៥០នាក់។

ក្នុងហេតុការណ៍កាប់សម្លាប់​មនុស្ស​​​​ មានក្រុមប្រយុទ្ធ​២​ដែល​ប្រឆាំងគ្នា ​នោះ​គឺ​ក្រុម​កាមូអ៊ីណា ណ្សាពូ Kamuina Nsapu ជាក្រុម​ប្រឆាំងនឹង​​រដ្ឋាភិបាល និងក្រុមបាណា មូរ៉ា Bana Mura។ កងកម្លាំង​​ជាតិ​​កុងហ្គោ​គាំទ្រក្រុម​បាណា មូរ៉ា ហើយ​ប្រហែល​ជា​​បាន​ជួយឧបត្ថម្ភ​អាវុធ​ដល់​ក្រុមប្រយុទ្ធ​មួយនេះ ដើម្បី​វាយ​ប្រហារ​សហគមន៍​ប្រជាជន​ Luba និង​សហគមន៍​ប្រជាជន​ Lulua ព្រោះ​ចោទសហគមន៍​ទាំង២​នេះ ថាគាំទ្រ​ក្រុម​កាមូអ៊ីណា ណ្សាពូ។

ការបង្ហូរឈាម​បានកើតឡើង នៅ​ខែត្រ​កាសៃ ភាគខាងលិច​កុងហ្គោ។ យោងតាម​សាក្សីជាសហគមន៍​ប្រជាជន​លូបា និងលូលូអា ក្រុមប្រយុទ្ធ​​បាណា​ មូរ៉ា បាន​កាប់សម្លាប់​មនុស្ស កាត់ដៃជើង ដុត​មនុស្ស​ទាំងរស់ រឺ​ក៏​រំលោភ​ភេទជាដើម។ គោ។ របាយការណ៍​អង្គការ​សហប្រជាជាតិ​បានចោទ​ប្រកាន់​ទាំងក្រុម​ប្រឆាំង​ណ្សាពូ និង​កងកម្លាំង​រដ្ឋាភិបា​លដូចគ្នា ព្រោះ​ពួកគេ​បានគាំទ្រ​ក្រុមប្រយុទ្ធ​បាណា មូរ៉ា ដែល​ប្រយុទ្ធ​នឹង​ក្រុម​កាមូអ៊ីណា ណ្សាពូ​នេះ។ ​ក្នុងចំណោម​ជនរងគ្រោះ​​ក្នុង​ហិង្សា​នៅ​កុងហ្គោ​ មាន​​​ស្ត្រី មានផ្ទៃពោះដែលក្រុម​ជនឧក្រិដ្ឋ​​​​ បាន​​វះពោះ​ ​យកទារក​​ចេញ មកកាត់​ជា​បំណែក​តូចៗ។ ក្មេងៗ​ច្រើននាក់​ក៏បាន​ស្លាប់​ក្នុង​ហេតុការណ៍​ទាំងនេះដែរ។

អង្គការ​សហប្រជាជាតិ​​ទាមទារ​អោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ចាត់វិធានការ​ការពារ​សហគមន៍​គ្រប់ជនជាតិ​ ដោយ​មិនត្រូវ​បង្អង់ពេល​យូរ​ ព្រោះការបង្ហូរ​ឈាម​នេះអាច​រាលដាល​ទៅជា​អំពើ​​ប្រល័យពូជសាសន៍​បាន។​ យោងតាម​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល​សាធារដ្ឋ​កុងហ្គោ អាច​ឆ្លៀត​ប្រើ​លេស​ហិង្សា​ទាំងនេះ​ ដើម្បី​ពន្យារ​ពេល​បោះឆ្នោត​ប្រធានាធិបតី។ អាណត្តិ​ប្រធានាធិបតី​ហ្សូសែហ្វ កាប៊ីឡា ត្រូវ​ចប់​សព្វគ្រប់​នៅខែធ្នូ​ចុងឆ្នាំនេះ។ លោក​កាប៊ីឡា គ្មានសិទ្ធិ​បន្ត​អាណត្តិ​ទេ។ យោងតាម​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ប្រឆាំង​ សាធារណដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​អោយ​បាននៅ​​មុនចុងឆ្នាំ​២០១៧​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ