ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាហ្វ្រិក

បួគីណា​ហ្វាសូ ​រងការវាយប្រហារ​​ភេរវកម្ម​នៅ​យប់​​ថ្ងៃ​អាទិត្យ​​ទី​១៣​សីហា​​​

media  
នៅថ្ងៃចន្ទ​នេះ​ប៉ូលីសម្នាក់​​បាន​រៀបចំដាក់ខ្សែក្រវ៉ាត់​សន្តិសុខ​នៅ​ជុំវិញទីកន្លែង​​វាយប្រហារ​ភេរវកម្ម​ក្នុងយប់​ថ្ងៃ​អាទិត្យ​​​ទី​១៣​សីហា​​ ក្នុងទីក្រុង​​ Ouagadougou.​ Ahmed OUOBA / AFP

នៅ​​​ទីក្រុង​ Ouagadougou ​ក្នុង​​ប្រទេស ​Burkina Faso ​កាលពី​​យប់​​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​ មាន​​ការ​​វាយប្រហារ​​ភេរវនិយម​​មួយ​​ដែល​​​បាន​​បណ្តាល​​ឲ្យ​​​ស្លាប់​​មនុស្ស​​យ៉ាង​​តិច ​១៨​​នាក់​​និង​​រង​​របួស​​ជាង​​២០​​នាក់​។​ យោង​​តាម​​រដ្ឋាភិបាល Burkina Faso ​ ភេរវជន​​​២​​នាក់​ ត្រូវ​​ស្លាប់​​នៅ​​ក្នុង​​ប្រតិបត្តិកា​រ​​វាយលុក​​របស់​​កម្លាំង​​ទ័ព Burkina Faso​​ ដែល​​បាន​​បិទ​​បញ្ចប់​​ប្រតិបត្តិការ​​​នៅ​​ពេល​​ព្រឹក​​ថ្ងៃ​​ចន្ទ​១៤សីហា​​នេះ នៅ​​វេលា​​ម៉ោង​​៧​​ព្រឹក​​ម៉ោង​​នៅ​​ស្រុក​​បារាំង។​

នៅ​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញវេលាម៉ោង​២១​យប់ម៉ោងក្នុងស្រុក​​ ពួក​ភេរវជន​អ៊ីស្លាម​ជីហាត​​មួយ​ក្រុម​​ បាន​ធ្វើការ​វាយប្រហារ​ដោយ​បាន​បាញ់​រះ​​ប្រឆាំង​ទៅ​លើ​បណ្តា​អតិថិជន​​ដែល​​ភាគ​​ច្រើន​​ជា​ជនជាតិបរទេស​ កំពុង​អង្គុយ​​ទទួល​ទាន​អាហារ​យ៉ាង​កកកុញ​នៅ​​​រាន​ហាល​ខាង​ក្រៅ​នៃ​ភោជនីយដ្ឋាន-កាហ្វេ​ឈ្មោះ Istambul ​ដែលស្ថិត​នៅ​ក្នុង​រដ្ឋធានី​​Ouagadougou​ប្រទេស Burkina Faso។

យោងតាម​សាកសី​​ ពួក​ឈ្លានពាន ២ នាក់​​ជិះ​ម៉ូតូ​ប្រដាប់​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ kALACHNIKOV បាន​ធ្វើការ​បាញ់រះ​ប្រឆាំង​ទៅ​លើ​ភោជនីយដា្នន​-កាហ្វេ​ Istambul ​និង​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​១៨​នាក់​ក្នុង​ចំណោម​នោះ ក៏មាន​ជន​ជាតិ​បារាំង​មួយ​រូប​ដែរ។​

រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ Burkina Faso បាន​គូស​បញ្ជាក់​ប្រាប់​ថា ពួក​ភេរវជន​ចំនួន​យ៉ាង​​តិច​២​នាក់ ​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​វាយលុក​របស់​​កង​កម្លាំង Burkina Faso ដែល​​បាន​បិទ​បញ្ចប់សព្វគ្រប់​​នៅ​ម៉ោង​៧​ព្រឹក​ម៉ោង​ស្រុក​បារាំង​ក្នុង​ថ្ងៃ​ចន្ទ​១៤​​សីហា​នេះ។​

គួរបញ្ជាក់ថា ភោជនីយដ្ឋាន​ Istambul គឺ​ជា​ទីកន្លែង​ដែល​ក្រុម​គ្រួសារប្រជាជនក្នុងស្រុក​និង​ជន​បរទេស​ចូលចិត្ត​មក​ជួបជុំ​ទទួលទាន​អាហារ​នៅ​ទីនេះ​ណាស់​។

ហើយ​ភោជនីយដ្ឋាន​មួយ​នេះ​​ ​ក៏​ស្ថិត​នៅមិនឆ្ងាយ​ប៉ុន្មាន​ចម្ងាយ​ពី​ហាង​កាហ្វេ Cappuccino ដែរ​គឹ​ប្រមាណ​តែ​២០០​ម៉ែត្រ​ប៉ុណ្ណោះ​។ ហាងកាហ្វេ Cappuccino នេះ កាលពី​​ខែ​មករា​ឆ្នាំ ២០១៦ ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​បង្ហូរ​ឈាម​របស់​ពួក​អីស្លាម​ជីហាត​ជ្រុលនិយម Al-Qaïda នៅ​តំបន់​ Maghreb​ ឈ្មោះ​ (Aqmi) ។ ក្រុម​ Aqmi ​ជំនាន់​នោះ បាន​ប្រកាស​ថា​​ការ​វាយប្រហារ​នោះ​​ជា​ស្នាដៃ​របស់​ក្រុម​ខ្លួន​​ដែល​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​៣០​នាក់​ក្នុង​នោះ​មាន​ជន​ជាតិ​បារាំង​២ ​រូប​​។ ​ចំណែក​អ្នក​រងគ្រោះវិញ មាន​​រហូត​ដល់​ទៅ​​៧១​នាក់​ដែល​ភាគច្រើន​ជា​ជន​បរទេស។​

ស្របគ្នានេះ លោក​ប្រធានាធិបតី​បារាំង​Emmanuel Macron បាន​បរិហារ​​ការ​វាយប្រហារ​ភេរវនិយមកាលពីថ្ងៃអាទិត្យ​ម្សិលមិញ ​ដោយ​​ថ្លែង​អះអាង​ថា អាជ្ញាធរ​បារាំង​និង​ Burkina Faso ​ធ្វើការទាក់ទង​ជាមួយគ្នាយាង​ស្និទ្ធល្មួតតាំងពីយប់ម្សិលមិញនៅលើបញ្ហានេះ ហើយ​​​នៅ​ថ្ងៃ​ចន្ទ​នេះ​ទៀត​ ​លោក​ត្រូវធ្វើការ​ពិភាក្សា​​ជាមួយ​លោក Roch Marc Christian Kaboré ប្រធានាធិបតី​ Burkina Faso ដើម្បីវាយតម្លៃនៅ​លើ​ស្ថានការណ៍​នេះ។​

ប្រធានាធិបតី​បារាំង ថែម​ទាំងសំដែងការ​អបអរសាទរ​ ចំពោះ​ប្រតិបត្តិការ​ដ៏​ឆាប់​រហ័ស​និង​​ដ៏​ប្រសិទ្ធិភាពរបស់​អាជ្ញាធរ Burkina Faso ​នៅ​ក្នុង​ការ​បិទ​បញ្ចប់​ការវាយប្រហារ​ភេរវនិយម​ ដោយ​លោក​បាន​សំដែង​ក្តី​អាណិតអាសូរ​និង​សាម្គីភាព​របស់​លោក​ចំពោះ​​ក្រុម​​គ្រួសារ​ជនរងគ្រោះផង​ដែរ។​​​​​​

ទន្ទឹមនេះ វិមានប្រធានាធិបតីបារាំង​អេលីហ្សេ ​បាន​អំពាវនាវ​ដល់​ប្រជាជន​បារាំង​ដែល​ស្ថិត​​នៅ​ក្នុងប្រទេស​ Burkina Faso​ ឲ្យ​រក្សា​នូវ​ភាពប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ក៏​ព្រមទាំង​ចៀស​វៀង​សង្កាត់​ម្តុំ​ដែល​មានការវាយប្រហារ​នៅ​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ដែរ៕​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ