អានតួអត្ថបទ
ហ្កាណា-កូតឌីវ័រ

តុលាការ​អន្តរជាតិ​កាត់ក្តី​ឲ្យ​ហ្កាណា​ឈ្នះ កូតឌីវ័រ នៅក្នុង​ជម្លោះ​ទាមទារ​ដែនទឹក​សមុទ្រ

តុលាការ​អន្តរជាតិ នីតិ​សមុទ្រ នៅទីក្រុង​Hambourg ប្រទេស​អាល្លឺម៉ង់ នៅថ្ងៃសៅរ៍​ម្សិលមិញ បាន​សម្រេច​ឲ្យ​ប្រទេស​ហ្កាណា​ឈ្នះក្តី ទៅលើ​ប្រទេស​កូតឌីវ័រ នៅក្នុង​ជម្លោះ​ដណ្តើម​គ្រប់គ្រង​ដែនទឹក នៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិក។ ទៅតាម​ការសម្រេច​របស់​តុលាការ​អន្តរជាតិ ដោយ​ជីកខួង​យកប្រេង នៅ​ក្នុង​តំបន់ ហ្កាណា​មិន​បាន​រំលោភ​ចូល​ដែនទឹក​របស់​កូតឌីវ័រ ដូច​ដែល​កូតឌីវ័រ​បាន​ចោទប្រកាន់​នោះ​ទេ។

ស្ថានីយ៍​ខួង​បូមយកប្រេង​នៅ​សមុទ្រ​របស់​ប្រទេស​ហ្កាណា នៅ​ខែ​ធ្នូ ឆ្នាំ ២០១២
ស្ថានីយ៍​ខួង​បូមយកប្រេង​នៅ​សមុទ្រ​របស់​ប្រទេស​ហ្កាណា នៅ​ខែ​ធ្នូ ឆ្នាំ ២០១២ ©PIUS UTOMI EKPEI / AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សាលក្រម តុលាការ​អន្តរជាតិ​នីតិសមុទ្រ បាន​សម្រេច​ថា ហ្កាណា​មិន​បាន​ចូល​ទៅ​ចូល​ទៅ​រំលោភ​ដែនអធិបតេយ្យភាព របស់​ប្រទេស​កូតឌីវ័រ​នោះទេ។ អាច​និយាយ​បាន​ថា ហ្កាណា ដែល​ជាម្ចាស់​ដើមបណ្តឹង បាន​ឈ្នះ​លើ​កូតឌីវ័រ ដែល​បាន​ចោទប្រកាន់​ហ្កាណា​ថា បាន​រំលោភ ដែនទឹក កូតឌីវ័រ ដើម្បី​ជីកខួង បូម​យក​ប្រេង។

ហ្កាណា និង​កូតឌីវ័រ ប្រទេស​សេដ្ឋកិច្ច សំខាន់​ពីរ​ នៅ​តំបន់​អាហ្រ្វិក ខាងលិច បាន​ឈ្លោះ​ទាស់ទែង​គ្នា​ពី​រឿង​ព្រំដែន​ទឹក ជាង ៧​ឆ្នាំមកហើយ បន្ទាប់​ពី​គេ​បាន​រក​ឃើញ អណ្តូង​ប្រេង ដ៏សំខាន់​ធំ​មួយ នៅក្រោម​បាត​សមុទ្រ នៅ​ក្បែរ​ព្រំដែនទឹក​ប្រទេស​ទាំងពីរ។

នៅក្រោយ​ការរកឃើញ អណ្តូងប្រេង នៅ​ឆ្នាំ ២០០៧ រដ្ឋាភិបាល ហ្កាណា​បានចាប់​ធ្វើ​អាជីវកម្ម​បូម​យក​ប្រេងលក់ តាំង​ពី​ឆ្នាំ ២០១០ ប៉ុន្តែ កូតឌីវ័រ​ដែល​ទាមទារ​គ្រប់គ្រង​អណ្តូងប្រេង​ដែរ​នោះ បាន​ចោទ​សកម្មភាព​ជីកខួង​យក​ប្រេង​របស់​រដ្ឋាភិបាល​ហ្កាណា​ថា ជា​ការរំលោភ​ចូល​ដែនទឹក​របស់ខ្លួន។ ហ្កាណា និង​កូតឌីវ័រ​ដែល​ជាប្រទេស​ជិតខាងគ្នា​បាន​ចរចា ការទូត​គ្នា​ជាច្រើន ច្រើនសា ប៉ុន្តែ​គ្មាន​បាន​លទ្ធផល​អ្វី។ រដ្ឋាភិបាល​ហ្កាណា​បាន​ទាមទារ​ឲ្យ​កូតឌីវ័រ គោរព​តាម​ខ្សែបន្ទាត់​ព្រំដែន គោក និង​ទឹក ដែល​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា ហើយដែល​កូតឌីវ័រ​បាន​ទទួល​ស្គាល់ កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​កន្លងមក។

ប៉ុន្តែ កូតឌីវ័រ​ឯណោះវិញ មិនព្រម និង​នៅតែ​ទាមទារ​ជាម្ចាស់ តំបន់ទឹក​ដែល​មាន​អណ្តូងប្រេង។ នៅ​ឆ្នាំ ២០១៤ រដ្ឋាភិបាល​ហ្កាណា​បាន​សម្រេច​យក​ដាក់បណ្តឹង ប្តឹង​ប្រទេស​កូតឌីវ័រ នៅ​តុលាការ​អន្តរជាតិ​នីតិសមុទ្រ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​Hambourg ប្រទេស​អាល្លឺម៉ង់។ នៅ​៣​ឆ្នាំ ក្រោយ​សវនាការ​ដេញដោល និង​ដោយ​ផ្អែក លើ​ផែនទី ផ្ទៀងផ្ទាត់​ដោយ​ប្រទេស​ទាំងពីរ តុលាការ​អន្តរជាតិ​នីតិ​សមុទ្រ ទើប​បាន​សម្រេច នៅ​ថ្ងៃ​សៅរ៍ នូវ​សាលក្រម មួយ ដែល​នៅក្នុង​នោះ កន្លែង​ជីកខួង​យក​ប្រេង ស្ថិតនៅ​តំបន់​ទឹក​របស់​ប្រទេស​ហ្កាណា គឺ​មិនមែន​ដូចការទាមទារ​របស់​ប្រទេស​កូតឌីវ័​នោះទេ។

ជាញឹកញយ អណ្តូងប្រេង​ជា​ប្រភព​ទំនាស់ និង​ជម្លោះ​ប្រដាប់​អាវុធ និង​មិនដែល​ផ្តល់​​ប្រយោជន៍​ដល់​ប្រជាជន​អាហ្វ្រិក​នោះ​ទេ។ យ៉ាងណាក៏ដោយ ទោះជា​មាន​ភាពតានតឹង​នឹងគ្នា កូតឌីវ័រ និង​ហ្កាណា​ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​​សំខាន់​ធំ​ពីរ នៅ​អាហ្វ្រិក​ខាងលិច បាន​យល់ស្រប​គ្នា​ថា នឹង​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ទៅថ្ងៃមុខ។ ហ្កាណា​ដែល​សំបូរ​មាស និង​កាកាវ បាន​ធ្វើ​អាជីវកម្ម​បូមយកប្រេង​លក់​តាំង​ពី​ឆ្នាំ​២០១០ និង​អាច​ផលិត​បាន​ប្រេង​ប្រមាណ ១សែន​បារីល ក្នុង​មួយ​ថ្ងៃៗ។ ចំណែក​កូតឌីវ័រ​ដែល​ជា​ប្រទេស​ផលិត​នាំចេញ​កាកាវ​ច្រើនជាង​គេ​ក្នុង​លោក អាច​ផលិត​ប្រេង​បាន តែ​ជាង ៤ម៉ឺន​បារីល ប៉ុន្តែ​សន្យា​ថា នឹង​ជំរុញ​ផ្នែក​អាជីវកម្ម​ប្រេង​នេះ ដើម្បី​អាច​ផលិត​ឲ្យ​បាន​ប្រេង​ជាង​២សែន​បារីល នៅក្នុង​មួយថ្ងៃៗ នៅឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ