អានតួអត្ថបទ

ទាហានអាមេរិក​៣នាក់​ស្លាប់​ក្នុង​ការវាយប្រហារ​នៅ​ប្រទេស​នីហ្ស៊ែរ

ទាហាន​អាមេរិក​ ៣នាក់ និង​ទាហាន​នីហ្ស៊ែរ ៥នាក់ ត្រូវ​ស្លាប់ កាល​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​ការ​​លបស្ទាក់​វាយប្រហារ​ដោយ​ក្រុម​ជីហាត នៅ​ក្នុង​ប្រទេសនីហ្ស៊ែរ ក្នុង​តំបន់​ព្រំដែន​ជាប់​ជាមួយ​នឹង​ប្រទេស​ម៉ាលី។ នេះ​គឺ​ជា​លើកទីមួយ​ហើយ ដែល​គេ​មាន​ការបញ្ជាក់​ជាផ្លូវការ​ស្តីពី​វត្តមាន​ទាហាន​អាមេរិក នៅ​ក្នុង​ប្រទេស​នីហ្ស៊ែរ ដែល​ជា​តំបន់​កំពុង​ប្រឈមមុខ​នឹង​ការ​រីកដុះដាល​នៃ​ក្រុម​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម។

តំបន់​ក្បែរ​ព្រំដែន នីហ្ស៊ែរ-ម៉ាលី
តំបន់​ក្បែរ​ព្រំដែន នីហ្ស៊ែរ-ម៉ាលី RFI/Sayouba Traoré
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ស្តីពី​ការ​ស្លាប់​ទាហាន​អាមេរិក នៅ​ក្នុង​ប្រទេស​នីហ្ស៊ែរ ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​កាសែត The New York Times ហើយ​ក្រោយ​មក​ ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ នៅថ្ងៃ​ព្រហស្បតិ៍ ដោយ​ក្រសួង​ការពារជាតិ​អាមេរិក។

យោងតាម​សេចក្តីថ្លែងការណ៍​របស់​ទីបញ្ជាការដ្ឋាន​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាហ្វ្រិក (US Africa Command) ទាហាន​អាមេរិក​ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​នីហ្ស៊ែរ​នេះ គឺ​មាន​បេសកកម្ម​ជួយ​ហ្វឹកហ្វឺន ព្រមទាំង​ជួយ​ខាង​ផ្នែក​សន្តិសុខ​ដល់​កងកម្លាំង​នីហ្ស៊ែរ នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹងក្រុម​ភេរវកម្ម​នៅ​ក្នុង​តំបន់។

ប្រភព​ពី​កងទ័ព​នីហ្ស៊ែរវិញ​បាន​បញ្ជាក់​លម្អិត​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ (RFI) ថា ក្រុម​ភេរវជន​ដែល​បាន​ធ្វើការ​ប្រហារ​លើ​ទាហាន​នីហ្ស៊ែរ និង​អាមេរិក កាល​ពីថ្ងៃ​ពុធ​នេះ គឺ​ជា​ក្រុម​ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​ម៉ាលី ហើយ​បាន​ឆ្លងដែន​ចូល​មក​ធ្វើការ​វាយប្រហារ​ទៅលើ​ភូមិមួយ​នៅ​ក្នុង​ទឹកដី​​នីហ្ស៊ែរ។ ក្រោយ​ការ​វាយប្រហារ​នេះ កងទ័ព​នីហ្ស៊ែរ ដែល​មាន​ជំនួយ​ពី​កងកុម្ម៉ង់ដូ​អាមេរិក​ បាន​បើក​ប្រតិបត្តិការ​តាម​ប្រមាញ់​​ក្រុម​ភេរវជន ក៏ប៉ុន្តែ ត្រូវ​ធ្លាក់​ក្នុង​អន្ទាក់​របស់​សត្រូវ។

គួរបញ្ជាក់ថា កាល​ពី​ពេល​កន្លងមក គេធ្លាប់​​ត្រឹមតែ​ដឹង​ថា កងទ័ព​អាមេរិក​មាន​សកម្មភាព​ជា​ទ័ព​ជំនួយ​ ជាពិសេស ខាង​ផ្នែក​ចារកិច្ច ជួយ​ដល់​កងទ័ព​បារាំង​ នៅ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ម៉ាលី នីហ្ស៊ែរ ក៏ដូចជា​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត នៅ​ក្នុង​តំបន់។ ក៏ប៉ុន្តែ នេះ​គឺ​ជា​លើកដំបូង​បង្អស់ ដែល​មាន​ការ​បញ្ជាក់​ជាផ្លូវការ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ដោយ​ផ្ទាល់​​ ពី​វត្តមាន​កងទ័ព​ថ្មើរជើង​អាមេរិក នៅ​ក្នុង​ទឹកដី​នីហ្ស៊ែរ។

នីហ្ស៊ែរ គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង ៥ ក្នុង​តំបន់​អាហ្វ្រិក រួម​ជាមួយ​នឹង​ប្រទេស​ម៉ាលី ឆាត ម៉ូរីតានី និង​បួគីណាហ្វាសូ ដែល​បាន​រួមគ្នា​បង្កើត​ជា​បក្ស​សម្ព័ន្ធ​ប្រឆាំង​ភេរវកម្ម ដែល​គេឲ្យឈ្មោះ​ថា “G5 Sahel”។ ប្រទេស​ទាំង ៥ បាន​បង្កើត​ជា​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​រួមគ្នា​មួយ ដែល​មាន​ទាហាន​ប្រមាណ​ជា ៥ពាន់នាក់ ហើយ​បេសកកម្ម​របស់​ពួកគេ បាន​ទទួល​​ការ​អនុញ្ញាត​ពី​សំណាក់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស​.ប ក៏ប៉ុន្តែ កងកម្លាំង​ប្រឆាំង​ភេរវកម្ម​នេះ​​នៅ​មិន​ទាន់​អាច​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​ដោយ​ពេញលេញ​​បាន ដោយសារ​តែ​មិនមាន​ប្រភព​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ក្នុង​ការ​រ៉ាប់រង​ការចំណាយ ដែល​គេ​ប៉ាន់ស្មាន​ថា មាន​ប្រហែល​ជា ៤០០លាន​អឺរ៉ូ។

រហូត​មក​ទល់​នឹង​ពេល​នេះ​អាមេរិក​តែងតែ​បាន​បង្ហាញ​នូវ​ជំហរ​រារែក ក្នុងការ​ផ្តល់​ជំនួយ​ជួយ​ដល់​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​នៅ​អាហ្វ្រិ​ក​នេះ ក៏ប៉ុន្តែ​ អ្នក​ជំនាញ​ខាង​ប្រឆាំង​ភេរវកម្ម​មួយ​ចំនួន​បាន​លើកឡើង​ថា ការ​ស្លាប់​ទាហាន​អាមេរិក​ ៣រូប នៅ​ក្នុង​ប្រទេស​នីហ្ស៊ែរ កាល​ពីថ្ងៃ​ពុធ​នេះ អាច​នឹង​ធ្វើ​ឲ្យ​អាមេរិក​​ចាប់ផ្តើម​ធ្វើ​ការ​ពិចារណា​លើ​ជំហរ​របស់​ខ្លួន​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ