អានតួអត្ថបទ

ស៊ីមបាវ៉េ អបអរ ការលាលែង​ពី​តំណែង​របស់​លោកម៉ូហ្កាបេ

ភាព​តាន​តឹង​ត្រូវ​បាន​ទម្លាយ ដោយ​នៅ​ទីបំផុត លោក រ៉ូប៊ែរ ម៉ូហ្កាបេ ដែល​ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋានតាំង​ពី​ជាងមួយ​សប្តាហ៍​មក បាន​ព្រម​ដើរ​​​ចេញអំណាច។ លោក រ៉ូប៊ែរ​ ម៉ូហ្កាបេ បាន​ប្រគល់​លិខិត​សុំ​លាលែង​​ ជូន​សភាស៊ីមបាវ៉េ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី ២១ វិច្ឆិកា​ ក្នុង​ពេល​ដែល​តំណាងរាស្ត្រ កំពុង​ជជែក​ពិភាក្សា​​ធ្វើ​ញត្តិ​ដក​ទំនុក​ចិត្ត​ប្រធានាធិបតី។ អ្នក​នាំពាក្យ​សភា​បាន​ប្រកាស​ភ្លាម​ថា​នឹង​តែង​តាំង​អតីត​អនុប្រធានាធិបតី​ស៊ីមបាវ៉េ ជា​ប្រធាន​រដ្ឋ​ស្តីទី​ រយៈ​ពេល​៩០​ថ្ងៃ។

សភា​ស៊ីមបាវ៉េ​ផ្ទុះ​អំណរ​នៅ​ពេល​ទទួល​លិខិត​លាលែង​របស់​លោក​ម៉ូហ្កាបេ ថ្ងៃទី ២១ វិច្ឆិកា ២០១៧
សភា​ស៊ីមបាវ៉េ​ផ្ទុះ​អំណរ​នៅ​ពេល​ទទួល​លិខិត​លាលែង​របស់​លោក​ម៉ូហ្កាបេ ថ្ងៃទី ២១ វិច្ឆិកា ២០១៧ Jekesai NJIKIZANA / AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​វ័យ​​៩៣​ឆ្នាំ លោក ម៉ូហ្កាបេ អ្នក​​​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ដើម្បី​ឯករាជ្យ​ជាតិ ​ឡើង​កាន់​អំណាច​នៅ​ស៊ីមបាវ៉ា​តាំង​ពី​៣៧ឆ្នាំមុន (១៩៨០) បាន​ចាក​ចេញ​ពី​អំណាច​ ក្រោម​សម្រែក​អបអរ​របស់​ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ បាន​នាំ​គ្នា​អបអរ​ ​កញ្ជ្រៀវ ខ្លះ​ស្រែក ខ្លះ​យំ បំពង​សំឡេង​ ចុចស៊ីផ្លេ​ឡាន ស្ទើរ​កក្រើក​ប្រទេស ដូច​ធ្វើ​បុណ្យ​សាទរការ​រំដោះ​ជាតិ​​​យ៉ាង​ដូច្នេះ។

សហគមន៍អន្តរជាតិ ផ្តើម​ឡើង​ដោយ​ចិន សហភាព​អាហ្វ្រិក​ សុទ្ធ​តែ​បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​​ដ៏​ត្រឹម​ត្រូវ​របស់​មេ​ដឹកនាំប្រទេស ! ជម្រើស​របស់​លោក ម៉ូហ្កាបេ នឹង​ចារ​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ ! ព្រោះ​ជា​សេចក្តី​សម្រេច​ចិត្ត​​ដែល​ស្រប​ទៅ​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​ឃើញ​ប្រទេស​ផ្ទេរ​អំណាច ​​ដោយ​សន្តិវិធី។

ក្នុង​រយៈពេល​សប្តាហ៍​កន្លង​មក​នេះ ស៊ីមបាវ៉េ បាន​ធ្លាក់​ក្នុង​ស្ថានភាព​មិន​ជាក់លាក់ ប្រធានាធិបតី​បាន​ទម្លាក់​អនុប្រធានាធិបតី​រហូត​រត់​ខ្ចាត់​ចេញ​ពី​ប្រទេស បន្ទាប់​មក​ក្រុម​យោធា​បាន​ធ្វើរដ្ឋប្រហារ​មិន​បង្ហូរ​ឈាម ឃុំ​ខ្លួន​លោកប្រធានាធិបតី​ក្នុង​គេហដ្ឋាន​ មក​ទល់​រសៀល​ថ្ងៃ​អង្គារម្សិលមិញ​ហើយ ​លោក មូហ្កាបេ នៅ​តែ​បដិសេធ​មិន​ចុះ​ចេញ​ពី​តំណែង​ទៀត។ សម្ពាធ​នយោបាយ​បាន​ឡើង​តានតឹង​កាន់​តែ​ខ្លាំង ប៉ុន្តែ​ក្នុង​ខណៈ​ដែល​រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​កំពុង​​ពិភាក្សា​លើ​ញាត្ត​ចាប់​ថ្នាក់​ទម្លាក់​ប្រធានាធិបតី ទើប​លោក​ម៉ូហ្កាបេបញ្ជូន​លិខិត​លាលែង​មក​កាន់​ប្រធានសភា។

លោក Emmerson Mnangagwaប្រធានាធិបតី​ស៊ីមបាវ៉េ​ស្តីទី ក្រោយ​ការ​លាលែង​របស់​លោក​ម៉ូហ្កាបេ
លោក Emmerson Mnangagwaប្រធានាធិបតី​ស៊ីមបាវ៉េ​ស្តីទី ក្រោយ​ការ​លាលែង​របស់​លោក​ម៉ូហ្កាបេ REUTERS/Philimon Bulawayo

ពេល​នេះ​ស៊ីមបាវ៉េ កំពុង​ស្ថិត​ក្នុង​អន្តរកាល​នយោបាយ សភាជាតិ​បាន​ប្រកាស​តែង​តាំង​​អតីត​អនុប្រធានាធិបតី​ លោក អេមែកសិន ម៉ង់ហ្កាវ៉ា​ Emmerson Mnangagwa អាយុ​៧៥​ឆ្នាំ ជា​ប្រធានាធិបតី​ស្តីទី រយៈ​ពេល​៩០​ថ្ងៃ ពោល​គឺ​រហូត​មាន​ការ​​បោះឆ្នោត​ផ្ទៃ​ក្នុង​បក្ស​។ ឯការ​បោះឆ្នោត​ប្រធានាធិបតី​ស៊ីមបាវ៉េ នឹង​ត្រូវ​រៀប​ចំ​នៅ​ឆ្នាំ​២០១៨ ដោយ​មា​នលោក អេមែកសិន ម៉ង់ហ្កាវ៉ា​ ជា​បេក្ខជន​ម្នាក់​ផង។

មាន​ងារ​ជា​ក្រពើ សត្វ​ខ្លាំង លឿន​រហ័ស​ ​មើះៗ ​តែកាច​សាហាវ ​លោក អេមែរសិន ជា​ជំនិតនិង​ធ្លាប់​ជា​ស្រមោល​​របស់​លោកម៉ូហ្កាបេ តាំង​ពី​៥០​ឆ្នាំ​មក ព្រមទាំង​ធ្លាប់​ត្រូវ​បាន​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ចោទ​ថា​មាន​ដៃ​ប្រលាក់​ឈាម ដោយ​បានកាប់​សម្លាប់​ជនស៊ីវិល​ខុស​ជាតិ​ពិន្ធុ​អស់​ប្រមាណ​២ម៉ឺន​នាក់ កាល នៅ​ទទួល​បន្ទុក​ក្រសួង​មហាផ្ទៃ ក្នុង​​ឆ្នាំ​១៩៨០៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ