ហេតុអ្វីបានជាបក្សកាន់អំណាចជំរុញឲ្យប្រធានាធិបតីហ្ស៊ូម៉ាលាលែងពីមុខតំណែង?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣០
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោកយ៉ាកុប ហ្ស៊ូម៉ា នៅថ្ងៃអង្គារនេះ ត្រូវបានគណបក្សរបស់លោក ខ្លួនឯង ទាមទារឲ្យចុះចេញពីតំណែង ដោយសារតែការជាប់សង្ស័យ ប្រព្រឹត្តអំពើពុករលួយ។ ការសម្រេចនេះបានធ្វើឡើង នៅក្រោយកិច្ចប្រជុំផ្ទៃក្នុងរយៈពេល ១៣ម៉ោង របស់បក្សសមាជជាតិអាហ្រ្វិក កាលពីយប់ថ្ងៃចន្ទម្សិលមិញ។ រហូតមកដល់ម៉ោងនេះ លោកយ៉ាកុប ហ្ស៊ូម៉ា ដែលត្រូវអស់អាណត្តិប្រធានាធិបតី ដល់ទៅពាក់កណ្តាលឆ្នាំ ២០១៩ នៅស្ងៀម មិនទាន់ផ្តល់ចម្លើយថា នឹងចុះចេញពីតំណែង តាមការទាមទាររបស់គណបក្សរបស់លោក នៅឡើយ។
គណបក្សសមាជជាតិអាហ្វ្រិក ដែលជាគណបក្សកាន់អំណាចនៅអាហ្វ្រិកខាងត្បូង បានបើកប្រជុំបន្ទាន់ នៅយប់ថ្ងៃចន្ទម្សិលមិញ ហើយនៅទីបំផុតក៏បានសម្រេចទាមទារឲ្យលោកយ៉ាកុប ហ្ស៊ូម៉ា ចុះចេញពីតំណែងប្រធានាធិបតីអាហ្រ្វិកខាងត្បូង។
មុននឹងសម្រេចចិត្តទាមទារឲ្យលោកយ៉ាកុប ហ្ស៊ូម៉ា លាលែងចេញពីតំណែងនៅថ្ងៃ នេះ គណបក្សកាន់អំណាច អាហ្វ្រិកខាងត្បូង បានបើកការពិភាក្សា ចរចា អស់ជាច្រើនថ្ងៃ ព្រោះថា លោកយ៉ាកុប ហ្ស៊ូម៉ា ធ្លាប់ជាវីរជន មួយរូប ដែលបានចូលរួមតស៊ូជាមួយលោកនែលសុន មិនដេឡា ដើម្បីឯករាជ្យភាព និងសិទ្ធិសេរីភាពរបស់ប្រជាជនអាហ្រ្វិកខាងត្បូង រួមទាំងការចូលរួមបង្កើតបក្សសមាជជាតិអាហ្វ្រិកនេះផង។
រងការចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ ចំនួន ៧៨០ករណី
ប៉ុន្តែ ការចោទប្រកាន់ ទៅលើលោកយ៉ាកុប ហ្ស៊ូម៉ា ក្នុងរឿងប្រព្រឹត្តអំពើពុករលួយ មានកាន់តែច្រើនៗ រហូតធ្វើឲ្យបក្សត្រូវតែសម្រេចចិត្ត ដើរចែកផ្លូវ ជាមួយលោកយ៉ាកុប ហ្ស៊ូម៉ា។ លោកយ៉ាកុប ហ្ស៊ូម៉ា ជាប់វាក់វិននឹងរឿងពុករលួយ ទទួលសំណូកសូកប៉ាន់ តាំងតែពីមុនលោកឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង នៅឆ្នាំ ២០០៩ម្ល៉េះ។ ប៉ុន្តែ កាលណោះ ការចោទប្រកាន់ទៅលើលោកទាំងប៉ុន្មាន ត្រូវបានគេលុប បំភ្លេចចោល នៅបន្ទាប់ពីលោកត្រូវបានសភា ជ្រើសតាំងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង។
នៅពេលចូលកាន់អំណាចជាប្រធានាធិបតី លោកយ៉ាកុប ហ្ស៊ូម៉ា នៅ បន្តរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយទៀត។ គណបក្សប្រឆាំងបានចោទលោកយ៉ាកុប ហ្ស៊ូម៉ា ថា បានយកថវិការដ្ឋ ទៅចាយសម្រាប់សង់ផ្ទះ ផ្ទាល់ខ្លួន របស់លោក។ នៅឆ្នាំ ២០១៦ ទៅតាមការប្តឹងផ្តល់របស់បក្សប្រឆាំង តុលាការធម្មនុញ្ញអាហ្វ្រិកខាងត្បូងបានសម្រេច ពិន័យឲ្យលោកប្រធានាធិបតី យ៉ាកុប ហ្ស៊ូម៉ាត្រូវតែសងមកវិញ កេសលុយរដ្ឋ ជិត ៥សែនដុល្លារ។
សូមអាន៖តុលាការធម្មនុញ្ញអាហ្វ្រិកខាងត្បូង តម្រូវឲ្យប្រធានាធិបតីសងប្រាក់រដ្ឋថ្លៃកសាងផ្ទះ
នៅឆ្នាំ២០១៧ រដ្ឋអាជ្ញាប្រមូលសំណុំរឿងប្តឹងផ្តល់ លោកយ៉ាកុប ហ្ស៊ូម៉ា ពីរឿងពុករលួយ ដល់ទៅ ៧៨០ករណី។ រឿងអាស្រូវចុងក្រោយ ដែលធ្វើឲ្យលោកយ៉ាកុប ហ្ស៊ូម៉ា បាក់មុខ ខ្លាំង គឺសំណុំរឿងសូកប៉ាន់របស់សេដ្ឋីឥណ្ឌាម្នាក់ ដែលបានមតិមហាជនអាហ្វ្រិកខាងត្បូងចោទថា បានជះលុយ ទៅលើប្រធានាធិបតីដើម្បី កេងប្រើឥទ្ធិពលប្រធានាធិបតីសម្រាប់ប្រយោជន៍ជំនួញរបស់ខ្លួន នៅអាហ្វ្រិកខាងត្បូង។ ការលូកដៃ កាន់តែខ្លាំងរបស់មហាសេដ្ឋីឥណ្ឌា រហូតដល់ថ្នាក់ចាត់ចែង ឲ្យមានការតែងតាំងរដ្ឋមន្រ្តីតាមចិត្តរបស់ខ្លួន នៅក្នុងជួរដ្ឋាភិបាលរបស់លោកយ៉ាកុប ហ្ស៊ូម៉ា បានធ្វើឲ្យបក្សរបស់លោកយ៉ាកុប ហ្ស៊ូម៉ា គ្មានវាចាអ្វីថ្លែង គឺមានតែសម្រេចទាមទារឲ្យលោកយ៉ាកុប ហ្ស៊ូម៉ា លាលែងចេញពីមុខតំណែង ដើម្បី កិត្តិយសរបស់បក្សកាន់អំណាច។
ដង្កូវចេញពី សាច់ឯង
ទោះជាដឹងថា លោកយ៉ាកុប ហ្ស៊ូម៉ា ធ្លាប់ប្រឡាក់ប្រឡូសនឹងរឿងអាស្រូវពុករលួយ ប៉ុន្តែ គណបក្សកាន់អំណាចបានបិទភ្នែក បិទត្រចៀក ដោយសម្រេចរើសយកលោកយ៉ាកុប ហ្ស៊ូម៉ាឲ្យធ្វើជាប្រធានាធិបតី កាលពីឆ្នាំ ២០០៩។ គណបក្សសង្ឃឹមថា លោកយ៉ាកុប ហ្ស៊ូម៉ា នឹងជួយដឹកនាំប្រទេសឲ្យកាន់តែចំរុងចំរើន និងជួយប្រជាជនអាហ្រ្វិកខាងត្បូង ឲ្យមានជីវភាពល្អប្រសើរ។ កន្លងមក លោកយ៉ាកុប ហ្ស៊ូម៉ា ល្បីឈ្មោះ ខាងចេញមុខការពារផលប្រយោជន៍របស់ប្រជាជនស្បែកខ្មៅ ពីការរំលោភរបស់ប្រជាជនអាហ្វ្រិកខាងត្បូង ស្បែកស។ ប៉ុន្តែ នៅក្នុងអាណត្តិដឹកនាំជិត២អាណត្តិរបស់លោកយ៉ាកុប ហ្ស៊ូម៉ា គណបក្សសមាជជាតិអាហ្រ្វិក បានបាត់បង់សំឡេងគាំទ្រ ខ្លាំងមិនធ្លាប់មាន ចាប់តាំងពីបក្សរបស់លោកនែលសុន មេនដេឡា ចូលដឹកនាំ ប្រទេស នៅឆ្នាំ ១៩៩៤។ នៅឆ្នាំ ២០១៦ គណបក្សទទួលជ័យជំនះដោយប្រផិតប្រផើយ នៅក្នុងការបោះឆ្នោតមូលដ្ឋាន ដែលមិនធ្លាប់មានទេ ពីមុនមក។
មានកត្តាមួយទៀត ដែលធ្វើឲ្យបក្សសម្រេចថា លោកយ៉ាកុប ហ្ស៊ូម៉ាត្រូវតែដើរចេញពីអំណាចនៅពេលនេះ។ នោះ គឺការចេញមុខ ចេញមាត់ និយាយធានារបស់អនុប្រធានាធិបតី លោកស៊ីរីល រ៉ាម៉ាហ្វូហ្សា ដែលទើបបានឈ្នះឆ្នោត ក្លាយជាប្រធានបក្ស បន្តពីលោកយ៉ាកុប ហ្ស៊ូម៉ា។ អាចថា គូប្រជែង គូសត្រូវ ដែលធ្វើលោកប្រធានាធិបតីហ្ស៊ូម៉ា ត្រូវលាលែងពីតំណែងនៅពេលនេះ តាមពិតគឺជាអនុប្រធានាធិបតី ខ្លួនឯងទៅវិញទេ។ នៅពេលលោកហ្ស៊ូម៉ា លាលែងចេញពីតំណែង លោកស៊ីរីល រ៉ាម៉ាហ្វូហ្សា នឹងក្លាយជាប្រធានាធិបតី បណ្តោះអាសន្ន រហូតដល់ចប់អាណត្តិ និងរហូតដល់ថ្ងៃបោះឆ្នោត សភា នៅឆ្នាំក្រោយ។ នៅក្នុងពេលកាន់តំណែង ជំនួស លោកហ្ស៊ូម៉ា លោកស៊ីរីលមានពេលវេលាមួយឆ្នាំ ដើម្បីប្រមូលសំឡេងគាំទ្រ ដើម្បី ធ្វើឲ្យបក្សឈ្នះឆ្នោត សភា នៅឆ្នាំ ក្រោយ។ បើបក្សសមាជជាតិអាហ្រ្វិកឈ្នះ នោះលោកស៊ីរីលនឹងសង្ឃឹមអាចជ្រើសតាំងជាប្រធានាធិបតី អាហ្វ្រិកខាងត្បូងដោយពេញមុខតែម្តង។
ឈាមស្រែក ស្បែកហៅ
គណបក្សកាន់អំណាចបានទុកពេល ៤៨ម៉ោង ឲ្យលោកយ៉ាកុប ហ្ស៊ូម៉ា ប្រកាសលាលែងចេញពីមុខតំណែងប្រធានាធិបតី។ ធ្វើដូច្នេះ គឺដើម្បី រក្សាមុខមាត់របស់លោកផ្ទាល់ និងរបស់បក្សផ្ទាល់ ដើម្បីកុំឲ្យប្រជាជនថ្កោលទោស ថា បានជ្រើសតាំងមនុស្សពុករលួយឲ្យ ដឹកនាំប្រទេស ជិត ៨ឆ្នាំ។ ប៉ុន្តែ តាំងពីយប់ថ្ងៃចន្ទ លោកយ៉ាកុប ហ្ស៊ូម៉ា មិនបានផ្តល់ចម្លើយអ្វីជាផ្លូវការទេ។ បើសិនលោកហ្ស៊ូម៉ាមិនព្រមលាលែងតំណែងដោយខ្លួនឯង នោះគណបក្សគ្មានជម្រើសអ្វីក្រៅតែពីកោះប្រជុំសភា ដើម្បីបោះឆ្នោត ដកសេចក្តីទុកចិត្ត ឬទម្លាក់លោកហ្ស៊ូម៉ា ចេញពីតំណែងប្រធានាធិបតីតែម្តង។ ជម្រើសទី២នេះនឹងធ្វើឲ្យហ្ស៊ូម៉ាបាត់បង់ផលប្រយោជន៍ ពីបក្ស ដូចជាការគោរព កិត្តិយសក្នុងនាមជាអតីតប្រធានាធិបតី។
តាមកាសែត ក្នុងស្រុកអាហ្វ្រិកខាងត្បូង លោកហ្ស៊ូម៉ាបានតវ៉ា ទាមទារឲ្យគេទុកពេលឲ្យលោក៣ខែបន្តទៀត ដើម្បី ឲ្យលោកមានពេល ណែនាំ ជាផ្លូវការ អនុប្រធានាធិបតី ទៅដៃគូបរទេស។ គេមិនដឹងថា តើនេះចេតនាពិតប្រាកដរបស់លោកហ្ស៊ូម៉ា ឬក៏ដើម្បី គ្រាន់តែចង់ចំណេញ ពេល ដើម្បី ចរចាតថ្លៃ ជោគវាសនារបស់លោកនៅតុលាការ។
រដ្ឋអាជ្ញាអាហ្រ្វិកខាងត្បូង ដែលបានស៊ើបអង្កេតលើសំណុំរឿងពុករលួយ រាប់រយករណីរបស់លោកប្រធានាធិបតីហ្ស៊ូម៉ា បានសំលាងដៃរួចហើយ ចាំបកស្បែក លោកហ្ស៊ូម៉ា គឺគេរង់ចាំតែលោកអស់អភ័យឯកសិទ្ធ ជាប្រធានាធិបតីតែប៉ុណ្ណោះ។ ឈាមស្រែក ស្បែកហៅ។ ដើម្បីក្លាយជាប្រធានាធិបតី អាហ្វ្រិកខាងត្បូង នៅឆ្នាំ ២០០៩ លោកយ៉ាកុប ហ្ស៊ូម៉ា នេះតាមពិតធ្លាប់ជាអ្នកទាមទារឲ្យបក្ស ដកសេចក្តីទុកចិត្ត ទៅលើអតីតប្រធានាធិបតីអាហ្វ្រិក លោកThabo Mbeki ដែលកាលណោះត្រូវគេចោទថា បានរំលោភអំណាចប្រធានាធិបតី។ នៅមួយឆ្នាំ មុនកា្លយជាប្រធានាធិបតី នៅឆ្នាំ ២០០៩ លោកហ្ស៊ូម៉ា ដែលធ្វើជាអនុប្រធានាធិបតី នៅឆ្នាំ ២០០៩ បានជំរុញឲ្យបក្សសម្រេចទាមទារឲ្យប្រធានាធិបតី Thabo Mbeki លាលែងចេញពីតំណែងនៅមុនចប់អាណត្តិ ដូច ដែលអនុប្រធានាធិបតី ស៊ីរីល កំពុងធ្វើទៅលើលោក នៅលើកនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ