អានតួអត្ថបទ
អាហ្វ្រិកខាងត្បូង

វិបត្តិខ្វះទឹក៖ អាហ្វ្រិកខាងត្បូង​ប្រកាស​ដាក់​ប្រទេស​រងគ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ

អាជ្ញាធរ​អាហ្រ្វិកខាងត្បូង នៅថ្ងៃ​អង្គារទី​១៣​កុម្ភៈ បាន​សម្រេច​ដាក់​ប្រទេស​ទាំងមូល ក្នុង​ស្ថានភាព​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ធម្មជាតិ បន្ទាប់​ពី​”កាប់” ដែល​ជា​ទីក្រុង​ធំទី​២​របស់​អាហ្វ្រិក​ខាងត្បូង រងគ្រោះ ជាច្រើនខែ ជាប់គ្នាៗ ដោយ ភាពរាំងស្ងួត។ ភាពរាំងស្ងួត​ចែស គ្មាន​ភ្លៀង កំពុង​ធ្វើ​ឲ្យ​អាជ្ញាធរ​អាហ្រ្វិកខាងត្បូង​បារម្ភ​ថា នឹង​ធ្វើ​ឲ្យ​ទីក្រុង​”កាប់” ជួបរង​គ្រោះ គ្មាន​ទឹកស្អាត​សម្រាប់​បរិភោគ។

នៅថ្ងៃទី​២៥​មករា ប្រជាជន​អាហ្វ្រិកខាងត្បូង​នៅទីក្រុង​កាប់ ឈរ​តម្រង់ជួ​ដើម្បី​ត្រងទុក​ដែល​អាជ្ញាធរ​ចែកចាយ និង​កំណត់​ឲ្យ​ប្រើ​តែ​៥០លីត្រ​ក្នុង​ម្នាក់ និង​ក្នុង​មួយថ្ងៃ
នៅថ្ងៃទី​២៥​មករា ប្រជាជន​អាហ្វ្រិកខាងត្បូង​នៅទីក្រុង​កាប់ ឈរ​តម្រង់ជួ​ដើម្បី​ត្រងទុក​ដែល​អាជ្ញាធរ​ចែកចាយ និង​កំណត់​ឲ្យ​ប្រើ​តែ​៥០លីត្រ​ក្នុង​ម្នាក់ និង​ក្នុង​មួយថ្ងៃ ©REUTERS/Mike Hutchings
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​កាប់ ទីក្រុង​ទេសចរណ៍​ធំ​ទី​២​របស់​អាហ្វ្រិកខាងត្បូង នឹង​ ក្លាយ​ជា​ក្រុង​ដំបូង​គេ ក្នុង​ពិភពលោក ដែល​អាច​មាន​រ៉ូប៊ីណេ​ស្ងួតចែស គ្មានទឹក​សម្រាប់​មនុស្ស​បរិភោគ​ប្រើប្រាស់។ ភាពរាំងស្ងួតខ្លាំង របស់​ទីក្រុង ប្រជុំជន​មួយនេះ បាន​ជំរុញ ឲ្យ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ចាត់​វិធានការ​បន្ទាន់ ដើម្បី​ផ្តល់​ជំនួយ ឬ​កសាង​សំណង់​ចាំបាច់ សម្រាប់ ឆ្លើយតប​នឹង​ភាពរាំងស្ងួត និង​វិបត្តិ​ខ្វះ​ទឹក។ នេះ​បើតាម​អនុក្រិត​ចេញ​ដោយ​ប្រធាន​មណ្ឌល​គ្រប់គ្រង​គ្រោះអាសន្ន​របស់​អាហ្វ្រិកខាងត្បូង កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

ទីក្រុង​កាប់ ស្ថិតនៅ​ប៉ែក​និរតី​របស់​អាហ្វ្រិកខាងត្បូង បានជួប​រាំងស្ងួត ខ្លាំង រហូត​ធ្វើ​ឲ្យ​កំពស់​ទឹក​ ដែល​គេស្តុកទុក​បាន​ថយចុះ​ដល់​កម្រិត​ទាប មិនធ្លាប់​មាន។ ថ្មីៗនេះ អាជ្ញាធរ​ក្រុង​”កាប់” បាន​កំណត់​លើក​”ថ្ងៃ សូន្យ” ថ្ងៃ​ដែល​អ្នកក្រុង​អាចទទួល​បាន​ទឹក​តែ​២៥​លីត្រ ក្នុង​មួយថ្ងៃ ទៅ​នៅ​ពាក់កណ្តាល​ខែ​មិថុនា។

ដើម្បី​ជៀសវាង កុំ​ឲ្យ “ថ្ងៃសូន្យ” មក​ដល់ អាជ្ញាធរ​ក្រុង​កាប់ បាន​ដាក់​កម្រិត​ឲ្យ​ប្រជាជន​ប្រមាណ ៤​លាន​នាក់ ក្នុង​ក្រុង ប្រើ​ទឹក ដោយ​សន្សំសំចៃ​បំផុត។ ប្រជាជន​ម្នាក់​អាច​ប្រើ​ទឹក​បាន​តែ ៥០​លីត្រ​ក្នុង​មួយថ្ងៃ​តែប៉ុណ្ណោះ ពោល​គឺ​ស្មើ​នឹង​បរិមាណ​ទឹក​ដែល​គេ​បាញ់​មុជ ក្នុង​រយៈពេល ៣នាទី។ អ្នកដែល​ល្មើស ប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ​នឹង​ប្រឈម​នឹង​ការដាក់ពិន័យ។ ប៉ុន្តែ រហូតមកដល់​ពេលនេះ អាជ្ញាធរ​នៅមិនទាន់​បាន​ចាត់វិធានការ​ជាក់ស្តែង​ណាមួយ សម្រាប់​ដាក់​ពិន័យ​អ្នកដែល​ប្រើទឹក​ខ្ជះខ្ជាយ នោះទេ។

វិបត្តិ​ខ្វះទឹក​នៅ​ទីក្រុង​កាប់ បាន​ស្តែង​ឲ្យ​គេ​ឃើញ​ពី​តម្រូវការ​ទឹក ដែល​ចេះ​តែកើនឡើង​ស្រប​នឹង​ចំនួន​ប្រជាជន។ វាស្តែង​ឲ្យ​ឃើញ​ផងដែរ ពី​អភិបាលកិច្ច​មិនល្អ ក្នុង​ការគ្រប់​គ្រង​គ្រោះ​ធម្មជាតិ និង​ទឹកសម្រាប់​ប្រើប្រាស់ ដែល​តាមពិត​ទៅ សំបូរ​ហូរហៀ នៅ​លើ​ផែនដី។ គេ​វាយតម្លៃថា មួយភាគបួន នៃ​ទឹកសាប មាន​សំបូរច្រើន​នៅ​អាមេរិក​ឡាទីន គឺ​ផ្ទុយពី​តំបន់​ដើមបូព៌ា ហើយ​និង​អាហ្វ្រិកខាងជើង។

តាម​ទិន្នន័យ​របស់​ FAO អង្គការ​ចំណីអាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ (ឆ្នាំ ២០១៤) ប្រទេស​ចំនួន ៤៥ ដែលនៅក្នុង​នោះ​មានផងដែរ​អាហ្វ្រិក​ខាងត្បូង ស្ថិត​ក្នុង​ស្ថានភាព​ខ្វះខាតទឹក។ ក្នុង​ចំណោមនោះ ប្រទេស​ចំនួន ២៩ ដូចជា​អ៊ីស្រាអែល កាតា និង​អាល់ហ្សេរី​ជាដើម ខ្វះដាច់ទឹកខ្លាំង ពោល​គឺ​ប្រជាជន​ម្នាក់​អាច​បាន​ទឹកប្រើប្រាស់​តិចជាង ៥០០​ម៉ែត្រគូប ក្នុង​មួយឆ្នាំ។

ចំនួន​មនុស្ស​កើនឡើង​នៅលើ​ផែនដី នឹង​ធ្វើ​តម្រូវការ​ទឹក ជាពិសេស​ក្នុង​ក្រុង​កើនឡើង ៥០​ភាគរយ នៅ​ឆ្នាំ ២០៣០។ ក្រុមអ្នកជំនាញ​អន្តររដ្ឋាភិបាល​ខាងផ្នែក​អាកាសធាតុ​វិញ វាយតម្លៃ​ថា នៅ​ពេល​កំដៅ​ផែនដី​កើនឡើង​១អង្សារ សេ នោះ​៧ភាគរយ​នៃ​ប្រជាជន​លើ​ផែនដី​នឹង​ខាតបង់ ប្រភពទឹក ប្រមាណ ២០ភាគរយ។ អ្វីដែល​គេ​បារម្ភ​ខ្លាំង គឺ​ភាពរាំង ស្ងួត​នឹង​នៅ​តែ​បន្ត​មាន​នៅ​តំបន់​ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់​រួច​ទៅ​ហើយនោះ។

តើមាន​ដំណោះស្រាយ​សម្រាប់​ជៀសវាង​កុំ​ឲ្យ​ផែនដី ជួប​វិបត្តិ​ខ្វះទឹក​ប្រើប្រាស់​ដែរឬទេ? គេ​បាន​លើកឡើង​ពី​ការបម្លែង បន្សាប​ទឹក​សមុទ្រ ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ។ ការគ្រប់​គ្រង​ឲ្យ​បាន​ម៉ត់ចត់ ការប្រើប្រាស់​ប្រភពទឹក​ក្រោមដី ចម្រោះ​ទឹក​ដែល​ប្រើប្រាស់​រួចហើយ សម្រាប់​ប្រើប្រាស់​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ