អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​អាហ្វ្រិក​ខាងត្បូង មាន​ប្រធានាធិបតី​ថ្មី ជា​ក្តី​សង្ឃឹម​សម្រាប់​សេដ្ឋកិច្ចជាតិ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ស្ថិត​ក្រោម​សម្ពាធរបស់​បក្ស​​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ នៅ​ទី​បំផុត លោក យ៉ាកុប ហ្ស៊ូម៉ា Jacop Zuma បានសុខ​ចិត្ត​ប្រកាស​លាលែង​ចេញ​ពី​តំណែង​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង នៅ​យប់​ថ្ងៃ​ពុធ​ទី ១៤​កុម្ភៈ​ ម្សិលមិញ។ សករាជ​លោក​ ហ្ស៊ូម៉ា ត្រូវ​បញ្ចប់ ! លោក ស៊ីរីល រ៉ាម៉ាហ្វូហ្សា Cyril Ramaphosa ដែល​ជា​អតីត​អនុប្រធានាធិបតី​របស់​លោក​ហ្ស៊ូម៉ា ត្រូវ​ឡើង​កាន់​តំណែង​ជា​​ប្រធានាធិបតី​ថ្មី ជា​ផ្លូវការ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ឬ​យ៉ាង​យូរ​នៅ​សុក្រ​ស្អែក។

លោក Cyril Ramaphosa ​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូងថ្មី​​បន្ត​ពី​លោក​ហ្ស៊ូម៉ា
លោក Cyril Ramaphosa ​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូងថ្មី​​បន្ត​ពី​លោក​ហ្ស៊ូម៉ា REUTERS/Mike Hutchings
ផ្សាយពាណិជ្ជកម្ម

នៅ​យប់​មិញ ​លោក ហ្ស៊ូម៉ា បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍​ រយៈ​ពេល​កន្លះ​ម៉ោង​ ប្រកាស​លាលែង​ចេញ​ពី​តំណែង។ ក្នុង​វ័យ​៧៥​ឆ្នាំ លោក ហ្ស៊ូម៉ា បាន​សម្តែង​ការ​សោក​ស្តាយ​ដែល ​គណបក្ស​សមាជជាតិ​អាហ្វ្រិក​ តាំង​ពីស្ថិត​ក្រោម​ការ​ដឹកនាំរបស់​លោក​ស៊ីរិល រ៉ាម៉ាហ្វូហ្សា បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​រុញ​ច្រាន​លោក​ចេញ​ពី​តំណែង​។ តែ​លោក​មិន​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​បក្ស​ទេ ហេតុ​ដូច្នេះ​ហើយ​បាន​លោកសម្រេច​ចិត្ត​ត្រូវ​ដើរ​ចេញ​ពី​តំណែង​ភ្លាម​តែម្តង​ នៅ​ថ្ងៃ​នេះ ដើម្បីឱ្យ​អនុប្រធានាធិបតី​ឡើង​បន្ត​តំណែង​ភ្លាម។

លោក​ ហ្ស៊ូម៉ា បាន​ពន្យល់​ថា លោកសុខ​ចិត្តលាលែង​ពី​តំណែង​និ​ងអស់​អភ័យ​ឯកសិទ្ធិ ដើម្បី​កុំ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​ភាព​ហិង្សា​ និង​ប្រេះឆា​នៅ​ក្នុង​រង្វង់​បក្ស​សមាជជាតិ។

លោក​ហ្ស៊ូម៉ា ជា​វីរជន​នយោបាយ​អាហ្វ្រិក​ខាង​ត្បូង​ដ៏​សំខាន់​ម្នាក់ ដែល​បាន​ចូល​រួម​តស៊ូ​ជា​មួយ​លោក នែលស៊ុន​ មិនដេឡា​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើសអើង​ពណ៌​សម្បុរ និង​ដើម្បី​ឯករាជភាព សេរីភាព​អាហ្វ្រិក​ខាង​ត្បូង និង​ក៏​ជា​ស្ថាបនិក​បក្ស​សមាជជាតិ​អាហ្វ្រិក​នេះ​ផង។ លោក បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​លើក​ទី​មួយ​នៅ​ឆ្នាំ​២០០៩ និង​លើក​ទីពីរ​នៅ​ឆ្នាំ​២០១៤។​ តែ​មួយ​រយៈ​ចុងក្រោយ​លោក​ត្រូវ​រួម​រឹត​ដោយ​រឿង​អាស្រូវ​ពុករលួយ​ជាច្រើន​ករណី ដល់​ទៅ​៧៨៣​ករណី។

លោក ហ្ស៊ូម៉ា ថ្លែង​សុន្ទរកថា​លាលែង​ចេញ​ពី​តំណែង​ប្រធានាធិបតី ថ្ងៃទី ១៤ កុម្ភៈ ២០១៨
លោក ហ្ស៊ូម៉ា ថ្លែង​សុន្ទរកថា​លាលែង​ចេញ​ពី​តំណែង​ប្រធានាធិបតី ថ្ងៃទី ១៤ កុម្ភៈ ២០១៨ Phill Magakoe / AFP

ការ​លាលែង​ចេញ​ពី​តំណែង​របស់​ហ្ស៊ូម៉ា ជា​តំណាង​នៃភាព​ធូរស្បើយ​របស់​បក្សផង ជា​ជោគជ័យ​របស់​លោក​ ស៊ីរីល រ៉ាម៉ាហ្វូហ្សា ដែល​គេ​បន្ទោស​ថា​មិន​សូវ​ចេះ​បើ​អំណាច​គ្រប់គ្រង​បក្ស​ផង។ ប៉ុន្តែ​សម្រាប់​អ្នក​ខ្លះ​ នៅ​តែផ្តល់​កិត្តិយស​ដល់​លោក ហ្ស៊ូម៉ា ដដែល​ ដោយ​យល់​ថា​លោក​បាន​ធ្វើ​ឱ្យ​អាហ្វ្រិក​ខាង​ត្បូង​កើន​ចំនួន​មហាសេដ្ឋី មក​ពី​គេផ្តោត​ខ្លាំ​ងតែ​រឿង​ពុករលួយ មិន​គិត​ដល់​សកម្មភាព​ល្អ​ៗ​របស់​លោក ដោយ​គិត​ថា​​លោក​ស៊ីរីល រ៉ាម៉ាហ្វូហ្សា ក៏​មិន​ស្អាត​ស្អំ​ ប៉ុន្មាន​ដែរ។

នៅ​ររសៀ​ល​នេះ សភា​អាហ្វ្រិក​ខាង​ត្បូង​នឹង​ត្រូវ​បោះឆ្នោត​ផ្តល់​ទំនុក​ចិត្ត​ថ្មី​លើក​លោក​ រ៉ាម៉ាហ្វូហ្សា ឱ្យ​កា្លយ​ជា​ប្រធានាធិបតី​បន្ត​ពី​លោក​ហ្ស៊ូម៉ា។

​លោក ស៊ីរីល រ៉ាម៉ាហ្វូហ្សា ជា​នរណា ?

កើត​នៅ​ឆ្នាំ​១៩៥២​ ពី​ឪពុក​ប៉ូលិស ម្តាយ​មេផ្ទះ លោក ស៊ីរីល រ៉ាម៉ាហ្វូហ្សា ក៏​ជា​វីរជន​ម្នាក់​ដែរ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​សង្គ្រាម​ប្រកាន់​ពណ៌​សម្បុរ​ Apartheid។ នៅ​ពេល​រៀន​ចប់​មហាវិទ្យាល័យ​បាន​សញ្ញប័ត្រ​ជា​មេធាវី លោក រ៉ាម៉ាហ្វូហ្សា បាន​ចូល​ប្រលូក​បង្កើត​សហជីព​​ដំបូង​គេ និង​ធំ​ជាង​គេ​​នៅ​អាហ្វ្រិកខាង​ត្បូង។

មាន​ថ្វី​មាត់​ពូកែខាង​ចរចា លោក រ៉ាម៉ាហ្វូហ្សា ជា​ឥស្សរជនដ៏​សំខាន់​​របស់​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​សម័យ​​អន្តរកាល​ ​ក្រោយ​សង្គ្រាម​អាប៉ាថេតភ្លាម ដោយ​បាន​ដឹកនាំ​ចរចា​ ឆ្នាំ ១៩៩១ ស្វែង​រក​សេរីភាព​ឱ្យ​លោក មិនដេឡា បាន​ចេញ​ពី​ពន្ធនាគារ និង​ជា​ស្ថាបនិក​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី។ កាលណោះ​ គ្រប់គ្នា​មើល​ឃើញ​ថា លោក រ៉ាម៉ាហ្វូហ្សា គឺ​ជា​រាជបុត្រ​ស្នង​របស់​បិតា​សន្តិភាព​មិនដេឡា។ តែ​មិន​ដូចការ​ស្មាន នៅ​ឆ្នាំ​១៩៩៧ សំណាង​បែរ​ជា​ធ្លាក់​ទៅ​លើ​លោក Thabo Mbeki។ នេះ​ជា​បរាជ័យ​ដ៏​ជូរចត់​សម្រាប់​លោក រ៉ាម៉ាហ្វូហ្សា។

ដោយ​សារ​តែ​បរាជ័យ​នេះ ទើប​លោក​ដើរ​ចេញ​ជីវិត​នយោបាយ​ ទៅ​ធ្វើ​ជំនួញរហូត​បាន​ក្លាយ​ជា​មហាសេដ្ឋី ក្នុង​រយៈ​ពេលតែ​ពីរ​ទសវត្សរ៍។ លោក រ៉ាម៉ាហ្វូហ្សា ជា​ជនជាតិ​ស្បែក​ខ្មៅ​ដំបូង​គេ​បង្អង់​នៅ​អាហ្វ្រិក​ខាង​ត្បូង ដែលទាញ​ប្រយោជន៍​ពី នយោបាយ​អនុគ្រោះ​មិន​រើស​អើង​ពណ៌​សម្បុរ រហូត​​បាន​ក្លាយ​ជាអ្នក​ជំនួញ​ដ៏​ធំ គ្រប់គ្រង​ក្រុមហ៊ុនឧស្សាហកម្ម​រ៉ែ ក្រុមហ៊ុន​គ្រប់គ្រងដាច់មុខ​អាហារដ្ឋាន ម៉ាក់ដូណាល់ កូកាកូឡា មុន​នឹង​ឡើង​ដល់​កំពូល​ក្លាយ​ជា​អ្នក​​វិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។ នៅ​ឆ្នាំ​២០១៥ ទស្សនាវដ្តី​ Forbes បាន​វាយតម្លៃ​ថា លោក រ៉ាម៉ាហ្វូហ្សា មាន​ទ្រព្យ​ធន​ដល់​ទៅ ប្រមាណ​៤៥០​លាន ពោល​គឺ​ជា​អ្នក​មាន​លំដាប់​ទី​១២ នៅ​អាហ្វ្រិក​ខាង​ត្បូង និង​ជាមហាសេដ្ឋី​ស្បែក​ខ្មៅ​ទី​ពីរ​បន្ទាប់​ពី​លោក Patrice Motsepe (6e)។

ដោយ​សារ​តែ​មាន​ប្រវត្តិ​ធ្លាប់​ជា​វិនិយោគិន ជា​អ្នក​ជំនួញ​បែប​នេះ​ហើយ ទើប​អាហ្វ្រិក​ខាង​ត្បូង​មាន​ជំនឿ​ជាក់​លើ​រូប​លោក រ៉ាម៉ាហ្វូហ្សា ថា​នឹង​អាច​ប្តូរ​មុខ​មាត់​សេដ្ឋកិច្ច​ប្រទេស​ឱ្យ​បាន​ប្រសើរ​ឡើង។ នេះ​ជា​វិញ្ញាសា​ដែល​លោក​ត្រូវ​បំពេញ​នៅ​ពេល​បាន​ក្លាយ​ជា​ប្រធានាធិបតី​ ពេញ​លេញ។

នៅ​ក្នុង​សុន្ទរកថា​ ពេល​ជាប់​ឆ្នោត​ជា​ប្រធានបក្ស​សមាជជាតិ​ភ្លាម លោក រ៉ាម៉ាហ្វូហ្សា ថ្លែងសារ​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ សន្យា​ទទួល​ស្វាគមន៍​ការ​វិនិយោគ​និងបង្កើន​​ស្ថិរភាព ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយដែលជា​ឧបសគ្គ​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ