ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/04 12h00 GMT
អាហ្វ្រិក

តើ​លោកស្រី​វីននី ម៉ង់ដេឡា​ជាអ្នកណា?

media លោកស្រី​វីននី ទៅ​ទទួល​លោក​នែលសុន​ម៉ង់ដេឡា ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព នៅ​ថ្ងៃទី​១១​កុម្ភៈ ១៩៩០ AFP

មាតា​ប្រទេស​អាហ្វ្រិកខាងត្បូង លោកស្រី​វីននី ម៉ង់ដេឡា បាន​ទទួល​មរណភាព​នៅថ្ងៃ​ចន្ទ ទី ២ មេសា ២០១៨ នៅក្នុង​ជន្មាយុ ៨១​ឆ្នាំ នៅទីក្រុងJohannesburg។ ប្រជាជន និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង នៅថ្ងៃ​អង្គារ បាន​ចូលរួម​គោរព​ព្រលឹង​លោកស្រី វីននី ម៉ង់ដេឡា ដែល​ជា​វីរនារី សកម្មជន​តស៊ូ​ប្រឆាំង​នឹង​នយោបាយ​រើសអើង​ប្រកាន់​ពូជសាសន៍ នៅ​អាហ្វ្រិកខាងត្បូង។ លោកប្រធានាធិបតី​អាហ្រ្វិកខាងត្បូង ស៊ីរីល រ៉ាម៉ាហ្វូហ្សា​បាន​ប្រកាស​យក​ថ្ងៃ​ទី ១៤​មេសា ជា​ថ្ងៃ​បុណ្យ​សព ផ្លូវការ សម្រាប់​លោកស្រី វីននី ម៉ង់ដេឡា។

 

នៅក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​អាហ្វ្រិកខាងត្បូង បន្ទាប់ពី​លោក​នែលសុន ម៉ង់ដេឡា ដែល​ជា​បិតាជាតិ លោកស្រី វីននី អតីត​ភរិយា​របស់​លោក​នែលសុន ម៉ង់ដេឡា គឺជា វីរនារី ដ៏​ក្លាហាន​ម្នាក់ ដែល​បាន​តស៊ូ មិនរាថយ ក្នុង ការប្រយុទ្ធប្រឆាំង នឹង​នយោបាយ​រើសអើង​ប្រកាន់​ពូជសាសន៍​របស់​អ្នកនយោបាយ​ស្បែកស នៅ​អាហ្វ្រិកខាងត្បូង។ លោកស្រី ត្រូវ​បាន​គេ​ចាត់ទុក​ជា​អ្នកតំណាង ជា​និមិត្តរូប​នៃ​ការតស៊ូ មិនចុះចាញ់ នឹង​ការគំរាមគំហែង ការបង្រ្កាប។

មាន​អត្តចារិក ក្លាហាន មោះមុត លោកស្រី វីននី បាន​រៀបការ​ជាមួយ​លោក​នែលសុន ម៉ង់ដេឡា នៅ​ឆ្នាំ ១៩៥៨ និង​ចូលរួម​តស៊ូ ជាមួយ​ស្វាមី ក្នុង​សង្រ្គាម ប្រឆាំង​ការរើសអើង​ពូជសាសន៍​នៅ​អាហ្វ្រិកខាងត្បូង។ សកម្មភាព​នយោបាយ​បាន​ធ្វើ​ឲ្យ​លោកស្រី ឃ្លាត បែក​ចេញ​ពី​ស្វាមី លោក​នែលសុន ម៉ង់ដេឡា ដែល​ត្រូវ​បាន​តុលាការ​របស់​ជនស្បែកស នៅអាហ្វ្រិកខាងត្បូង ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ អស់​មួយជីវិត នៅ​ឆ្នាំ ១៩៦៤។ នៅក្នុង​អំឡុង​ពេល​ដែល​លោកនែលសុន ម៉ង់ដេឡា ជាប់ពន្ធនាគារ លោកស្រី​ត្រូវ​បាន​អាជ្ញាធរ​របស់​រដ្ឋាភិបាល​អាហ្វ្រិកខាងត្បូង ចាប់បង្ខាំង នៅក្នុង​គេហដ្ឋាន និង​អនុញ្ញាត​ឲ្យ​លោកស្រី​ចូល​ជួប​សុខទុក្ខ លោក​នែលសុន ម៉ង់ដេឡា ជា​ស្វាមី តែ​ពីរដង​ប៉ុណ្ណោះ ក្នុង​មួយឆ្នាំ។ ក្នុង​រយៈពេល​ជាប់ឃុំ ២៧​ឆ្នាំ លោកស្រី​វីននី បាន​រង​ការធ្វើបាប មិនឈប់​ពី​រដ្ឋាភិបាល​របស់​សាសន៍​ស្បែកស។ ប៉ុន្តែ លោកស្រី​មិនដែល​ចុះញ៉ម​នៅចំពោះមុខ​នៃ​ការគំរាមកំហែង ការប៉ុនប៉ង​សម្លាប់​ដោយ​ការបំផ្ទុះគ្រាប់បែក ឬ​ការចាប់ខ្លួន។

នៅក្នុង​បទសម្ភាសន៍​មួយ នៅ​ឆ្នាំ ១៩៨៧ លោកស្រី​បាននិយាយ​ថា នៅក្រោយ​ជាប់ឃុំ​ដ៏យូរ​ឆ្នាំ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​លោកស្រី​ខ្លាច​ទៀត​នោះទេ។ រូបភាព ចាប់កាន់ដៃ លោក​នែលសុន ម៉ង់ដេឡា នៅពេល​ទើប​ដើរចេញ​ពី​ពន្ធនាគារ នៅ​ឆ្នាំ ១៩៩០ បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ជ័យជំនះ​របស់​ប្តីប្រពន្ធ​ម៉ង់ដេឡា ដែល​បាន​តស៊ូ​ទាមទារ​រហូត​ធ្វើឲ្យ​នយោបាយ​​ប្រកាន់ បែងចែក ពណ៌សំបុរ ស និង​ខ្មៅ ត្រូវ​បាន​គេ​លុបបំបាត់​ចោល ជាផ្លូវការ នៅ​អាហ្វ្រិកខាងត្បូង នៅឆ្នាំ ១៩៩៤។

សូមអាន៖តើ​អាហ្វ្រិក​ខាង​ត្បូង​គ្មាន​លោក​ម៉ង់ដេឡា​នឹងក្លាយ​ទៅជា​យ៉ាងណា?

នៅក្រោយ​ការដោះលែង​ឲ្យ​មាន​សេរីភាព លោក​នែលសុន ម៉ង់ដេឡា ផ្ទុយទៅវិញ បាន​ដកខ្លួន ឃ្លាតឆ្ងាយ​ពី​លោកស្រី វីននី ដោយសារ​តែជំហរ ជ្រុលនិយម​របស់​លោកស្រី វីននី។ ប្តីប្រពន្ធ​ទាំងពីរ បាន​ លែងលះ ជាផ្លូវការ នឹងគ្នា នៅ​ឆ្នាំ ១៩៩៦។

វីរនារី​ក្លាហាន​ចិត្តដាច់ និង​ជ្រុលនិយម

ខុសពី​លោក​នែលសុន ម៉ង់ដេឡា លោកស្រី​វីននី មាន​ជំហរ អភិរក្ស ជ្រុលនិយម ជាង ស្វាមី​របស់​លោកស្រី។ នៅ ឆ្នាំ ១៩៨៦ នៅក្នុង​ពេល​ដែល​លោក​នែលសុន ម៉ង់ដេឡា កំពុង​ជាប់​ពន្ធនាគារ នៅ​ឡើយ លោកស្រី​បាន​ថ្លែង​សារ ដ៏​ចម្រូងចម្រាស់​មួយ ដោយ​បាន​លើក​ទឹកចិត្ត​ឲ្យ​ប្រជាជន​អាហ្វ្រិក​ខាងត្បូង ក្រោកឈរ ទាមទារ​រំដោះ​ប្រទេស​ពី​រដ្ឋាភិបាល​ស្បែកស ជាមួយ​នឹងភ្លើង​ឈើគូស។ សារ​របស់​លោកស្រី​ត្រូវ​បាន​គេ​រិះគន់​ថា ​ជា​សារ​លើកទឹកចិត្ត ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា​ប្រឆាំង​ក្រុមស្បែកស ដែលផ្ទុយពី​សកម្មភាព​ទាមទារ​របស់​លោកនែលសុន ម៉ង់ដេឡា។

សូមអាន៖តើ​លោក​នែលសុន ម៉ង់ដេឡា​បាន​បន្សល់​ទុក​អ្វី​ខ្លះសម្រាប់​មនុស្សជាតិ​ក្នុង​លោក?

នៅ​ឆ្នាំ ១៩៩៨ លោកស្រី វីននី ម៉ង់ដេឡា ត្រូវ​បាន​គណៈកម្មការ​ការពិត និង​ផ្សះផ្សារ​នៅ​អាហ្វ្រិកខាងត្បូង ប្រកាស​ថា មាន​ទោស ទាំងផ្នែក​នយោបាយ និង​មនសិការ ក្នុង​ការរំលោភ​សិទ្ធិមនុស្ស ជាពិសេស នៅក្នុង​រឿង​បញ្ជា​ឲ្យ​សម្លាប់​យុវជន​ម្នាក់ ដែល​ជា​សមាជិក​របស់​បក្សANC ដែលលោកស្រី ចាត់ទុក​ថា ជា​គិញសម្ងាត់ យកការណ៍​ឲ្យ​រដ្ឋាភិបាល​ស្បែកស។ ជា​មនុស្ស​មាត់ឆៅ លោកស្រី វីននី ដែល​ធ្លាប់​ចូលរួម​ក្នុង​រដ្ឋាភិបាល​របស់​លោកនែលសុន​ម៉ង់ដេឡា នៅ​ឆ្នាំ ១៩៩៤ នៅ​បាន​រិះគន់​នយោបាយ​របស់​លោកនែលសុន ម៉ង់ដេឡា ដែល​លោកស្រី ចាត់ទុក​ថា ធូររលុង និង​អធ្យាស្រ័យ ដល់​សហគមន៍​ស្បែកស។

ថ្មីៗនេះ លោកស្រី​វីននី ដែលធ្លាប់​ជា​ប្រធាន​សហជីព​នារី​របស់​បក្ស​ឈណជ​នៅ​បាន​រិះគន់​ ​រដ្ឋាភិបាល​អាហ្វ្រិកខាងត្បូង បច្ចុប្បន្ន ថា អសមត្ថភាព​មិនអាច​លុបបំបាត់​ចោល ការប្រកាន់​បែងចែង ពណ៌​សំបុរ​នៅ អាហ្វ្រិកខាងត្បូង។ “ការផ្សះផ្សារ​មាន​តែ​នៅ​សំបកក្រៅ។ ខ្ញុំ​រស់នៅ​Soweto ទីក្រុង​ដែល​របប​ប្រកាន់​ពូជសាសន៍ របស់​ក្រុមស្បែក​ស បង្កើតឡើង​ជាពិសេស សម្រាប់ ដាក់​ប្រជាជន​ស្បែកខ្មៅ។ ២៥​ឆ្នាំ ក្រោយ​ការលុបចោល ច្បាប់​រើសអើង​ពណ៌​សំបុរ​នៅ​អាហ្រ្វិកខាងត្បូង ខ្ញុំ​នៅ​តែ​មិនឃើញ​មាន​ជនស្បែកស ណាម្នាក់ ទៅ​រស់នៅ Soweto ទេ។ តើ​អ្វី​ទៅ​ជា​ការប្រែប្រួល​នៅ​អាហ្វ្រិកខាងត្បូងនោះ?” នេះ​ជា​សំណួរ​របស់​លោកស្រី​វីននី ដើម្បី​បញ្ជាក់​ពី​បរាជ័យ​របស់​រដ្ឋាភិបាល​ដែលដឹកនាំ​បច្ចុប្បន្ន​ដោយ​ជនជាតិ​អាហ្រ្វិកខាងត្បូង​ស្បែកខ្មៅ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ