អានតួអត្ថបទ
មេរោគអេបូឡា

សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ៖ រោគសញ្ញា​​ឆ្លង​មេរោគ​អេបូឡា ​ឡើង​ដល់​៤៣​ករណី

សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងតែប្រឈមមុខជាថ្មី ជាមួយមេរោគអាបូឡា ដ៏កាចសាហាវ។ គិតមកត្រឹមថ្ងៃសៅរ៍ ទី១៩ ឧសភា បើតាមការឲ្យដឹង ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសនេះ បានឲ្យដឹងថា មានករណីឆ្លង ៣ករណីបន្ថែមទៀត ដែលនេះមានន័យថា មានអ្នកជំងឺ ដែលស្ថិតក្នុងអការៈឆ្លងមេរោគអេបូឡា ឡើងដល់៤៣ករណីហើយ។ ដោយឡែក បើផ្អែកតាមអង្គការសុខភាពពិភពលោក ករណីសង្ស័ផ្ទុកមេរោគអេបូឡានៅប្រទេសនេះ មានចំនួន៤៥ករណី ដែលក្នុងនោះមានស្លាប់ ២៥នាក់រួចទៅហើយ។

មន្ត្រីសុខាភិបាលកុងហ្គោ កំពុងសែងថ្នាំវ៉ាក់សាំងតេស្តសាកល្បង នៃមេរោគ Ebola។ ក្រុង​គីមសាស្ហារ សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ថ្ងៃទី១៦ ឧសភា ២០១៨
មន្ត្រីសុខាភិបាលកុងហ្គោ កំពុងសែងថ្នាំវ៉ាក់សាំងតេស្តសាកល្បង នៃមេរោគ Ebola។ ក្រុង​គីមសាស្ហារ សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ថ្ងៃទី១៦ ឧសភា ២០១៨ REUTERS/Kenny Katombe
ផ្សាយពាណិជ្ជកម្ម

ករណីសង្ស័យឆ្លងមេរោគអេបូឡា ៣ករណីទៀត ទើបតែបានរកឃើញ នៅតំបន់ Mbandaka ភាគពាយ័ព្យសាធារណៈរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ។ សរុបមកត្រឹមពេលនេះ មានករណីឆ្លង ប្រមាណជា៤៣ករណីហើយ។ នេះ បើតាមលិខិតប្រកាសដំណឹង រ​បស់ក្រសួងសុខាភិបាល នៃប្រទេសអាហ្វ្រិក ដែលស្ថិតនៅចំពីលើខ្សែអេក្វាទ័រ មួយនេះ។

ក្នុងចំណោមអ្នកជំងឺ ដែលមានរោគសញ្ញាគ្រុនក្តៅខ្លាំង រហូតស្ទើរដាច់សរសៃឈាម ទាំង៤៣នាក់ មាន១៧ករណី ដែលក្រុមអ្នកជំនាញអះអាងថា ពិតជាមានផ្ទុកមេរោគ​អេបូឡា ២១ករណីអាចនឹងមានផ្ទុកមេរោគ និង៥ករណី ដែលកំពុងស្ថិតក្នុងការសង្ស័យ។ អង្គការសុខភាពពិភពលោក មានគំរោង បញ្ជូនថ្នាំវ៉ាក់សាំងសាកល្បង ប្រយុទ្ធនឹង​ជំងឺអេបូឡា ចំនួន៧៥៤០វ៉ាក់សាំង។ អាជ្ញាធរសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានអះអាងថា បានទទួលចំនួន៥៤០០វ៉ាក់សាំងហើយ។

កាលពីថ្ងៃសុក្រកន្លងទៅ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសអាសន្ន ដាក់ចុះនូវវិធានការបន្ទាន់ទូទាំងប្រទេស ដើម្បីប្រយុទ្ធនឹងមេរោគរាតត្បាតនេះ ហើយបានអំពាវនាវឲ្យប្រកាសអាស​ន្ន ជាលក្ខណៈសកល។ ដោយឡែក អង្គការសុខភាពពិភពលោក បានអះអាងថា ស្ថានភាពងើបឡើងវិញនៃមេរោគអេបូឡា នាពេលនេះ មិនទាន់អាចចាត់ទុកថា ជាការគំរាមផ្នែកសុខភាព និងសុខាភិបាល ទូទាំងពិភពលោក បានទេ។

ករណីងើបឡើងវិញ នៃការឆ្លងមេរោគអេបូឡា នៅសាធារណៈរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ​នាពេលនេះ គឺត្រូវបានគេរកឃើញ នៅតំបន់ដាច់ស្រយ៉ាល ជាប់តាមព្រំដែនជាមួយ​ប្រទេសកុងហ្គោ ប្រាហ្សាវីល។ តែយ៉ាងណាក៏ដោយ ក្រុមប្រទេសនៅភាគខាងកើតទ្វីបអាហ្វ្រិក ដែលមានព្រំដែន ជាប់នឹងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏បានត្រៀមខ្លួនប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីទប់ទល់ជាមួយនឹងការឆ្លងមេរោគអេបូឡា ចេញពីសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

គួររំលឹកថា មេរោគអេបូឡា បានរីករាតត្បាតខ្លាំង ក្នុងរវាងឆ្នាំ២០១៣ ដល់២០១៦ នៅតំបន់ទ្វីបអាហ្វ្រិក ផ្នែកខាងលិច ដោយបានផ្តាច់ជីវិតមនុស្សប្រមាណ១១៣០០នាក់។ ក្នុងចំណោមអ្នកជម្ងឺដែលបានឆ្លងមេរោគនេះ ចំនួនជិត៣ម៉ឺននាក់ មានសឹងតែ៩០%នៅ ក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និង សេរ៉ាឡេអូន។ អង្គការសុខភាពពិភពលោក ត្រូវបានគេរិះគន់ជាខ្លាំង ថាបានធ្វើការយឺតយ៉ាវ ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគអេបូឡានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ