ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT

ហេតុអ្វី​បាន​ស៊ីមបាវ៉េ​មិនផ្លាស់ប្តូរ ទោះនៅក្រោយ​​សករាជ​របស់​មូហ្កាបេ?

ហេតុអ្វី​បាន​ស៊ីមបាវ៉េ​មិនផ្លាស់ប្តូរ ទោះនៅក្រោយ​​សករាជ​របស់​មូហ្កាបេ?
 
ទាហាន​ស៊ីមបាវ៉េ​​បង្រ្កាប​បាតុករ នៅទីក្រុង​ហារ៉ារ៉េ​នៅថ្ងៃទី ១សីហា ២០១៨ នៅក្រោយ​ការបោះឆ្នោត​សភា និង​ប្រធានាធិបតី ©REUTERS/Mike Hutchings

អំពើហិង្សា​នៅ​ក្រោយ​ការបោះឆ្នោត​នៅប្រទេស​ហ្ស៊ីមបាវ៉េ។ យ៉ាងហោច មនុស្ស​៣នាក់ បាន​ស្លាប់ នៅក្នុង​ការបាញ់​បង្រ្កាប​របស់​កងទ័ព ទៅលើ​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង ដែល​បាន​ធ្វើ​ចុះធ្វើ​បាតុកម្ម តវ៉ា និង​បរិហារ​ការលួច​បន្លំ​សន្លឹកឆ្នោត នៅក្នុង​ការបោះឆ្នោត​សភា និង​បោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ។ អង្គការ​សហប្រជាជាតិ សហរដ្ឋអាមេរិក និង​អង់គ្លេស​ដែល​ធ្លាប់​ជា​ម្ចាស់​អាណានិគម​លើ​ហ្ស៊ីមបាវ៉េ បានអំពាវនាវ​ឲ្យ​គ្រប់ភាគី​ស្ងប់ស្ងាត់ បន្ទាប់​ពី​យោធា​បានបាញ់​គ្រាប់កាំភ្លើង​ពិត​ទៅលើ​ហ្វូង​បាតុករ កាលពី​ថ្ងៃ​ពុធម្សិលមិញ។

លោក Emmerson Mnangagwa ប្រធានាធិបតី​អស់​អាណត្តិ និង​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ថ្មី បាន​អំពាវនាវ​នៅថ្ងៃ​ព្រហស្បតិ៍ ឲ្យ​មាន​ការស៊ើបអង្កេត ទៅលើ​ការបាញ់សម្លាប់​យ៉ាងហិង្សា ទៅលើ​ក្រុមបាតុករ នៅថ្ងៃ​ម្សិលមិញ។ នៅរដ្ឋធានី ហារ៉ារ៉េ របស់​ប្រទេស​ស៊ីមបាវ៉េ នៅថ្ងៃ​ព្រហស្បតិ៍ មួយថ្ងៃ​ក្រោយ​ការបាញ់​បង្រ្កាប​របស់​ទាហាន​ដែល​បាន​សម្លាប់មនុស្ស​៣នាក់ កងកម្លាំង​យោធា និង​ប៉ូលិស​ស៊ីមបាវ៉េ ត្រូវ​បាន​ដាក់ពង្រាយ នៅ​ថ្ងៃព្រហស្បតិ៍ នៅ​តាមផ្លូវ និងជុំវិញ ​ទីតាំងសំខាន់ៗ ដូចជា គណបក្ស​កាន់អំណាច គណបក្ស​ប្រឆាំង ហើយ​និង​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត។

អ្នកគាំទ្រ​បក្ស​ប្រឆាំង ចលនា​ដើម្បី ការផ្លាស់ប្តូរ​ប្រជាធិបតេយ្យ បាន​ធ្វើ​បាតុកម្ម គប់ដុំថ្ម​លើ​អគារ ទីស្នាក់ការ​របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ដើម្បី​បរិហារ​ពីការលួច​បន្លំ​សន្លឹកឆ្នោត។ តាមការប្រកាស​របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ក​គណបក្ស​ប្រឆាំង​បាន​៦១​សំឡេង ចំណែក​គណបក្ស​កាន់អំណាច​បាន​ទទួល​អាសនៈ​១៤១ ដែល​ជា​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា ដែល​មាន​ចំនួន​សរុប ២១០។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ត្រូវ​ប្រកាស​លទ្ធផល​ឆ្នោត​ប្រធានាធិបតី នៅ​ថ្ងៃ​ពុធ ប៉ុន្តែ ដោយសារ​បញ្ហា​បច្ចេកទេស គេ​គ្រោង​នឹង​ប្រកាស​លទ្ធផល​ឆ្នោត​ប្រធានាធិបតី នៅ​ថ្ងៃសុក្រវិញ។ យ៉ាងណាក៏ដោយ គណបក្ស​ប្រឆាំង​បាន​ចោទប្រកាន់​រួចហើយថា គណបក្ស​កាន់អំណាច លួចបន្លំ​សន្លឹកឆ្នោត នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី។

ស៊ីមបាវ៉េ​កំពុង​ផ្លាស់ប្តូរ នៅក្រោយ​សករាជ​របស់​មូហ្កាបេ ?

លោក Emmerson Mnangagwa បាន​អនុញ្ញាត​ឲ្យអន្តរជាតិ​ចូល​ទៅ​សង្កេតការណ៍ នៅក្នុង​ការបោះឆ្នោត និង​បាន​ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត ចាប់ជនដៃដល់​ដែល​បាន​បាញ់​សម្លាប់ បាតុករ កាលពីថ្ងៃ​ម្សិលមិញ។ នេះ​ជារឿង​មិនធ្លាប់មានទេ នៅ​ស៊ីមបាវ៉េ។ ប៉ុន្តែ គេ​ក៏​មិនចាំបាច់​ឆ្ងល់​ច្រើនដែរ ព្រោះថា បើ​ស៊ីមបាវ៉េ​អាច​រៀបចំ បរិយាកាស​បោះឆ្នោត ដោយ​សន្តិភាព និង​គួរ​ឲ្យ​ជឿជាក់ នោះ​មានន័យថា ស៊ីមបាវ៉េ​នឹង​លែង​នៅ​ឯការ នៅក្នុង​ឆាក​អន្តរជាតិ ផ្ទុយទៅវិញ នឹង​ទទួល​បានជំនួយ ហើយ​និង​ការវិនិយោគ​ពី​ក្រុមហ៊ុន​បរទេស ដែល​សំលឹង​រក​តែកន្លែង​ណាដែល​មាន​ស្ថិរភាព​តែប៉ុណ្ណោះ។ គឺ​ផលប្រយោជន៍​សេដ្ឋកិច្ច ដែល​លោកប្រធានាធិបតី Emmerson Mnangagwa​ចង់​នាំមក​ស៊ីមបាវ៉េ​ដែល​កំពុង​ជួប​វិបត្តិ​មនុស្ស​គ្មាន​ការងារ​ធ្វើ ហើយ​និង​អតិផរណា​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក។ ស៊ីមបាវ៉េ​ជា​ប្រទេស​ដែល​សំបូរ​ដោយ​ពេជ្រ មាស ប៉ុន្តែ ដោយសារ​តែ​អំពើពុករលួយ និង​អសន្តិសុខ ទាំង​ប្រជាជន និង​មូលធនទុន ​បានរត់​ចេញ ធ្វើ​ឲ្យ​ប្រទេស​នេះ​នៅតែ​ក្រីក្រ នៅក្រោម​អាណត្តិ​ដឹកនាំ​របស់​លោក​មូហ្កាបេ។

យ៉ាងណាក៏ដោយ ទោះជា​លោក Emmerson Mnangagwa​បន្ទន់ជំហរ និង​បង្ហាញ​ថា លោក​កំពុងធ្វើ​នយោបាយ​បើកទ្វារជាងមុន ប៉ុន្តែ គេ​ក៏មិនត្រូវ​សង្ឃឹម​អ្វី​ច្រើនថា ស៊ីមបាវ៉េ​នឹង​ផ្លាស់ប្តូរ​ខ្លាំង​នោះទេ។ លោក​លោក Emmerson Mnangagwa ធ្លាប់​ជាមនុស្ស​ដៃស្តាំ របស់​អតីត​មេដឹកនាំ​ម៉ូហ្កាបេ ជា​អតីត​មេសន្តិសុខ ស៊ើបការណ៍​សម្ងាត់ ដែល​គេ​បាន​ប្រៀបប្រដូច​ទៅ​នឹង​សត្វក្រពើ ដែល​នៅ​ស្ងៀម​មិនមាត់ ប៉ុន្តែ កាចសាហាវ​នោះទេ។ លោក​ស្និទ​នឹង​ក្រុមមេទ័ព ដែល​គ្រប់គ្រង​សម្បត្តិ​ភាគច្រើន​របស់​ប្រទេស​ស៊ីមបាវ៉េ។ អាច​ថា អស់​ពី​មូហ្កាបេ ស៊ីមបាវ៉េ នឹង​មាន​មេដឹកនាំ​ថ្មី ប៉ុន្តែ នយោបាយ​នៅតែ​ដដែល ដរាបណា​បក្ស​កាន់អំណាចនៅ​តែ​ឈ្នះឆ្នោត នៅ​ស៊ីមបាវ៉េ។

នៅ​ស៊ីមបាវ៉េ នៅ​រាល់​ការបោះឆ្នោត​ម្តងៗ ស៊ីមបាវ៉េ តែងតែ​ប្រទះ​កើតមាន​ការគំរាមកំហែង​ហិង្សា ឬ​ការបន្លំ​សន្លឹក​ឆ្នោត ពី​សំណាក់​គណបក្ស​កាន់អំណាច។ អំពើហិង្សា និង​ការបន្លំ​សន្លឹកឆ្នោត តែងកើតមាន នៅក្នុង​ការបោះឆ្នោត​កន្លងមក នៅ​ហ្ស៊ីមបាវ៉េ ដែលធ្លាប់ គ្រប់គ្រង អស់​៣៧​ឆ្នាំ ដោយ​មេដឹកនាំ​តែម្នាក់ គឺ​លោក​រូប៊ែរ មូហ្កាបេ។

នៅ​រាល់ពេល​ស៊ីមបាវ៉េ រៀបចំ​ការបោះឆ្នោត មិនថា សភា ឬ​ប្រធានាធិបតី​ទេ អំពើហិង្សា តែងតែ​កើតមាន ទាំងនៅមុន និង​ក្រោយ​ការបោះឆ្នោត។ គណបក្ស​ប្រឆាំង តែងតែ​ចោទ​គណបក្ស​សហភាពជាតិ អាហ្វ្រិក នៃ​ស៊ីមបាវ៉េ​ដែល​កាន់​អំណាច​អស់​៣៨ឆ្នាំ​មកហើយ​នោះថា បាន​បង្កើត​បរិយាកាស​បំភិតបំភ័យ លួចបន្លំ​សន្លឹកឆ្នោត រហូតមក។

រឿង​បន្លំ​សន្លឹកឆ្នោត ការរិគន់​ពី​ភាពមិនប្រក្រតី នៅក្នុង​ការបោះឆ្នោត ទាំងអស់​នេះ​មិនមែន​ជា​រឿងថ្មីនោះទេ នៅ​ស៊ីមបាវ៉េ។ អ្វី​ដែល​ថ្មី គឺ​ថា នេះ​ជា​លើកទី១ ចាប់តាំង​ពី​ឆ្នាំ ២០០២មក ដែល​រដ្ឋាភិបាល​ស៊ីមបាវ៉េ​បាន​បើកទ្វារ អនុញ្ញាត​ឲ្យ​អ្នកសង្កេតការណ៍​ពី​ប្រទេស​លោកខាងលិច ឲ្យ​ចូល​ទៅ​តាមដាន​សង្កេតការ​បោះឆ្នោត នៅ​ស៊ីមបាវ៉េ។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន អ្នកសង្កេតការណ៍​អឺរ៉ុប​បាន​លើកឡើង​ពីការមិនស្មើភាពគ្នា ឬ​អាច​និយាយ​ថា គីឡូ​ខុសគ្នា​ដាច់ រវាង​បក្ស​ប្រឆាំង ហើយ​និង​បក្ស​កាន់អំណាច ព្រោះ​បក្ស​កាន់អំណាច​កាន់កាប់​សឹងទាំងស្រុង ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញដឹកនាំ​មូលដ្ឋាន ហើយ​និង​ធនធាន​សម្រាប់​ឃោសនា​បោះឆ្នោត។ នេះ​គេ​នៅមិនទាន់​និយាយ​ពីការចូលរួម របស់​កងទ័ព​ដែល​បាន​ចេញមុខ គាំទ្រ យ៉ាងចំហរ គណបក្ស​កាន់អំណាច​នោះទេ។ ទោះជា​អ្នកសង្កេតការណ៍​អឺរ៉ុប លើកឡើង​ពី​ភាពមិនប្រក្រតី​មួយចំនួន ប៉ុន្តែ គេ​ទទួលស្គាល់​ថា បរិយាកាស​បោះឆ្នោត​ជាទូទៅ អាច​ទទួល​យកបាន។

គណបក្ស​ប្រឆាំង សង្ឃឹមច្រើន​ថា មេដឹកនាំ​របស់​ខ្លួន​នឹង​ទទួល​ជ័យជំនះ ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​ស៊ីមបាវ៉េនោះ

អំពើ​ហិង្សា​នៅក្រោយ​ការបោះឆ្នោត​បាន​ផ្ទុះកើតមាន​ឡើង នៅថ្ងៃ​ពុធ​ម្សិលមិញ នៅ​ក្រោយ​ពេល​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ស៊ីមបាវ៉េ​បាន​ប្រកាស​ថា គណបក្ស​កាន់អំណាច​បាន​ឈ្នះ​ទទួល​អាសនៈ​ភាគច្រើន នៅ​រដ្ឋសភា។ ក្រុមគាំទ្រ​បក្ស​ប្រឆាំង ​បាន​អះអាងថា គណបក្ស​ប្រឆាំង គឺចលនា​ដើម្បី ការផ្លាស់ប្តូរ ប្រជាធិបតេយ្យ ជា​អ្នកឈ្នះ និង​ជប់លៀង តាំង​ពីថ្ងៃ​អង្គារ គឺ​នៅមុន​ការប្រកាស​លទ្ធផល​របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោតទៅទៀត។

ចលនា​ដើម្បី​ការផ្លាស់ប្តូរ​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆាំង បង្កើតឡើង តាំង​ពី​ឆ្នាំ ១៩៩៩មិន​ដែល​បាន​ឈ្នះឆ្នោត ប្រធានាធិបតី​ម្តងមែន ប៉ុន្តែ គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ម្តង នៅក្នុង​ការបោះឆ្នោត​សភា នៅ​ឆ្នាំ ២០០៨។ នៅកាលណោះ ដោយសារ​តែ​គណបក្ស​ប្រឆាំង​បាន​ទទួល​សំលេង​ភាគច្រើន នៅ​រដ្ឋសភា គណបក្ស​កាន់អំណាច​ត្រូវ​បង្ខំចិត្ត​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រឆាំង។ ទោះជា​នៅ​អាណត្តិ​មុន គណបក្ស​ប្រឆាំង បាន​ទទួល​អាសនៈថយ ចុះ នៅ​សភា ប៉ុន្តែ គណបក្ស​ប្រឆាំង សង្ឃឹមច្រើនណាស់ ថា នឹង​ប្រមូល​បាន​សំឡេងឆ្នោត​ច្រើន មិនថា ទាំងក្នុង​ការបោះឆ្នោត សភា ឬ​ប្រធានាធិបតី​តែ។ ហេតុអ្វី បាន​គណបក្ស​ប្រឆាំង​សង្ឃឹម​ខ្លាំងម៉េ្លះ?

មានហេតុ​សំខាន់​ពីរ។ ទី១ គឺ​ការបោះឆ្នោត លើកនេះ រៀបចំឡើង នៅក្រោយ​ការបិទទំព័រ​សករាជ​កាន់អំណាច​ចាស់ឆ្នាំ របស់ លោក​រូបឺត មូហ្កាបេ ដែល​បាន​ដឹកនាំ ស៊ីមបាវ៉េ អស់​៣៧​ឆ្នាំ គឺ​តាំង​ពី​ស៊ីមបាវ៉េ​បានទទួល​ឯករាជ្យ​ពី​អង់គ្លេស នៅឆ្នាំ ១៩៨០ម្ល៉េះ។

លោក​មូហ្កាបេ ដែលជាមេដឹកនាំ​ដ៏យូរអង្វែង និង​ចាស់ជាងគេ ក្នុង​ពិភពលោក ទើបតែ​ត្រូវ​បាន​កងទ័ព​ធ្វើ​រដ្ឋប្រហារ ទម្លាក់​ចេញពី​អំណាច កាលពី​ចុងឆ្នាំមុន បន្ទាប់​ពី លោក​មាន​ចេតនា​ចង់​ឲ្យ​ប្រពន្ធ​របស់​លោក គឺ​លោកស្រី ហ្រ្គាស មូហ្កាបេ ចូល​ស្នង​តំណែង បន្ត​ពី​លោក។

កងទ័ព​ស៊ីមបាវ៉េ​ដែល​មិន​ចុះ​សម្រុង នឹង​ប្រពន្ធ​របស់​លោក​មូហ្កាបេ បាន​អន្តរាគម​លូកដៃ ក្នុងរឿង​នយោបាយ និង​បាន​ជ្រើសរើស​អតីត​អនុប្រធានាធិបតី គឺលោក Emmerson Mnangagwa ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ស៊ីមបាវ៉េ​បន្ត​ពី​លោក​មូហ្កាបេ។ ដោយសារ តែ​លោក​មូហ្កាបេ មេដឹកនាំ​ផ្តាច់ការ ត្រូវ​គេ​ផ្តួលចេញពីអំណាច ប្រជាជន​ស៊ីមបាវ៉េ ជាពិសេស យុវជន និង​អ្នកនៅទីក្រុង ដែល​ភាគច្រើន​គាំទ្រ​គណបក្ស​ប្រឆាំង មាន​ទឹកចិត្ត និង​ក្តីសង្ឃឹម​ច្រើន​ថា ការបោះឆ្នោត​លើកនេះ ជា​ឱកាស​សម្រាប់​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ។

ទី២ នៅមួយថ្ងៃ​មុន​ការបោះឆ្នោត លោក​មូហ្កាបេ ដែល​នៅ​តែ​ឈឺចាប់​នៅឡើយ នឹង​ការផ្តួល​ចេញពី​អំណាច ដោយ​មនុស្ស​ក្នុង​បក្ស​កាន់អំណាច របស់លោក បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ ស្មោះស្ម័គ្រ​នឹង​លោក កុំ​ឲ្យ​បោះឆ្នោត ឲ្យ​គណបក្ស​កាន់អំណាច។ ការនេះ​ធ្វើ​ឲ្យ​គេ​ជឿថា លោក​មូហ្កាបេ ដើម្បី​សងសឹក​នឹង​គណបក្ស​កាន់អំណាច​របស់​លោក បាន​ទៅ​បោះឆ្នោត គាំទ្រ​បក្ស​ប្រឆាំងវិញ។

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ស៊ីមបាវ៉េ

    លោក Emmerson Mnangagwa ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតីស៊ីមបាវ៉េ

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ស៊ីមបាវ៉េ ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ​ក្រោយ​មូហ្កាបេ​សុខចិត្ត​ចុះចេញ​ពី​អំណាច?​

    ស្វែងយល់បន្ថែម

  • ស៊ីមបាវ៉េ អបអរ ការលាលែង​ពី​តំណែង​របស់​លោកម៉ូហ្កាបេ

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ស៊ីមបាវ៉េ៖ ចិន​ជាអ្នក​នៅ​ពីក្រោយ រដ្ឋប្រហារ​​ទំលាក់​លោក​​ប្រធានាធិបតី ​Robert ​Mugabe?​

    ស្វែងយល់បន្ថែម

  • ស៊ីមបាវ៉េ

    ស៊ីមបាវ៉េ៖ លោក​មូហ្កាបេ ​នៅតែ​មិនព្រម​ចុះ​ពី​អំណាច ​រដ្ឋសភា​នឹង​បើក​នីតិវិធី​ទំលាក់

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ