ហេតុអ្វីបានស៊ីមបាវ៉េមិនផ្លាស់ប្តូរ ទោះនៅក្រោយសករាជរបស់មូហ្កាបេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥១
អំពើហិង្សានៅក្រោយការបោះឆ្នោតនៅប្រទេសហ្ស៊ីមបាវ៉េ។ យ៉ាងហោច មនុស្ស៣នាក់ បានស្លាប់ នៅក្នុងការបាញ់បង្រ្កាបរបស់កងទ័ព ទៅលើក្រុមគាំទ្របក្សប្រឆាំង ដែលបានធ្វើចុះធ្វើបាតុកម្ម តវ៉ា និងបរិហារការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតសភា និងបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃចន្ទកន្លងទៅ។ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងអង់គ្លេសដែលធ្លាប់ជាម្ចាស់អាណានិគមលើហ្ស៊ីមបាវ៉េ បានអំពាវនាវឲ្យគ្រប់ភាគីស្ងប់ស្ងាត់ បន្ទាប់ពីយោធាបានបាញ់គ្រាប់កាំភ្លើងពិតទៅលើហ្វូងបាតុករ កាលពីថ្ងៃពុធម្សិលមិញ។
លោក Emmerson Mnangagwa ប្រធានាធិបតីអស់អាណត្តិ និងដែលជាបេក្ខជនប្រធានាធិបតីសម្រាប់អាណត្តិថ្មី បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍ ឲ្យមានការស៊ើបអង្កេត ទៅលើការបាញ់សម្លាប់យ៉ាងហិង្សា ទៅលើក្រុមបាតុករ នៅថ្ងៃម្សិលមិញ។ នៅរដ្ឋធានី ហារ៉ារ៉េ របស់ប្រទេសស៊ីមបាវ៉េ នៅថ្ងៃព្រហស្បតិ៍ មួយថ្ងៃក្រោយការបាញ់បង្រ្កាបរបស់ទាហានដែលបានសម្លាប់មនុស្ស៣នាក់ កងកម្លាំងយោធា និងប៉ូលិសស៊ីមបាវ៉េ ត្រូវបានដាក់ពង្រាយ នៅថ្ងៃព្រហស្បតិ៍ នៅតាមផ្លូវ និងជុំវិញ ទីតាំងសំខាន់ៗ ដូចជា គណបក្សកាន់អំណាច គណបក្សប្រឆាំង ហើយនិងគណៈកម្មាធិការរៀបចំការបោះឆ្នោត។
អ្នកគាំទ្របក្សប្រឆាំង ចលនាដើម្បី ការផ្លាស់ប្តូរប្រជាធិបតេយ្យ បានធ្វើបាតុកម្ម គប់ដុំថ្មលើអគារ ទីស្នាក់ការរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីបរិហារពីការលួចបន្លំសន្លឹកឆ្នោត។ តាមការប្រកាសរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត កគណបក្សប្រឆាំងបាន៦១សំឡេង ចំណែកគណបក្សកាន់អំណាចបានទទួលអាសនៈ១៤១ ដែលជាសំឡេងភាគច្រើននៅរដ្ឋសភា ដែលមានចំនួនសរុប ២១០។ គណៈកម្មាធិការរៀបចំការបោះឆ្នោតត្រូវប្រកាសលទ្ធផលឆ្នោតប្រធានាធិបតី នៅថ្ងៃពុធ ប៉ុន្តែ ដោយសារបញ្ហាបច្ចេកទេស គេគ្រោងនឹងប្រកាសលទ្ធផលឆ្នោតប្រធានាធិបតី នៅថ្ងៃសុក្រវិញ។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំងបានចោទប្រកាន់រួចហើយថា គណបក្សកាន់អំណាច លួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតី។
ស៊ីមបាវ៉េកំពុងផ្លាស់ប្តូរ នៅក្រោយសករាជរបស់មូហ្កាបេ ?
លោក Emmerson Mnangagwa បានអនុញ្ញាតឲ្យអន្តរជាតិចូលទៅសង្កេតការណ៍ នៅក្នុងការបោះឆ្នោត និងបានទាមទារឲ្យមានការស៊ើបអង្កេត ចាប់ជនដៃដល់ដែលបានបាញ់សម្លាប់ បាតុករ កាលពីថ្ងៃម្សិលមិញ។ នេះជារឿងមិនធ្លាប់មានទេ នៅស៊ីមបាវ៉េ។ ប៉ុន្តែ គេក៏មិនចាំបាច់ឆ្ងល់ច្រើនដែរ ព្រោះថា បើស៊ីមបាវ៉េអាចរៀបចំ បរិយាកាសបោះឆ្នោត ដោយសន្តិភាព និងគួរឲ្យជឿជាក់ នោះមានន័យថា ស៊ីមបាវ៉េនឹងលែងនៅឯការ នៅក្នុងឆាកអន្តរជាតិ ផ្ទុយទៅវិញ នឹងទទួលបានជំនួយ ហើយនិងការវិនិយោគពីក្រុមហ៊ុនបរទេស ដែលសំលឹងរកតែកន្លែងណាដែលមានស្ថិរភាពតែប៉ុណ្ណោះ។ គឺផលប្រយោជន៍សេដ្ឋកិច្ច ដែលលោកប្រធានាធិបតី Emmerson Mnangagwaចង់នាំមកស៊ីមបាវ៉េដែលកំពុងជួបវិបត្តិមនុស្សគ្មានការងារធ្វើ ហើយនិងអតិផរណាខ្ពស់ជាងគេក្នុងពិភពលោក។ ស៊ីមបាវ៉េជាប្រទេសដែលសំបូរដោយពេជ្រ មាស ប៉ុន្តែ ដោយសារតែអំពើពុករលួយ និងអសន្តិសុខ ទាំងប្រជាជន និងមូលធនទុន បានរត់ចេញ ធ្វើឲ្យប្រទេសនេះនៅតែក្រីក្រ នៅក្រោមអាណត្តិដឹកនាំរបស់លោកមូហ្កាបេ។
យ៉ាងណាក៏ដោយ ទោះជាលោក Emmerson Mnangagwaបន្ទន់ជំហរ និងបង្ហាញថា លោកកំពុងធ្វើនយោបាយបើកទ្វារជាងមុន ប៉ុន្តែ គេក៏មិនត្រូវសង្ឃឹមអ្វីច្រើនថា ស៊ីមបាវ៉េនឹងផ្លាស់ប្តូរខ្លាំងនោះទេ។ លោកលោក Emmerson Mnangagwa ធ្លាប់ជាមនុស្សដៃស្តាំ របស់អតីតមេដឹកនាំម៉ូហ្កាបេ ជាអតីតមេសន្តិសុខ ស៊ើបការណ៍សម្ងាត់ ដែលគេបានប្រៀបប្រដូចទៅនឹងសត្វក្រពើ ដែលនៅស្ងៀមមិនមាត់ ប៉ុន្តែ កាចសាហាវនោះទេ។ លោកស្និទនឹងក្រុមមេទ័ព ដែលគ្រប់គ្រងសម្បត្តិភាគច្រើនរបស់ប្រទេសស៊ីមបាវ៉េ។ អាចថា អស់ពីមូហ្កាបេ ស៊ីមបាវ៉េ នឹងមានមេដឹកនាំថ្មី ប៉ុន្តែ នយោបាយនៅតែដដែល ដរាបណាបក្សកាន់អំណាចនៅតែឈ្នះឆ្នោត នៅស៊ីមបាវ៉េ។
នៅស៊ីមបាវ៉េ នៅរាល់ការបោះឆ្នោតម្តងៗ ស៊ីមបាវ៉េ តែងតែប្រទះកើតមានការគំរាមកំហែងហិង្សា ឬការបន្លំសន្លឹកឆ្នោត ពីសំណាក់គណបក្សកាន់អំណាច។អំពើហិង្សា និងការបន្លំសន្លឹកឆ្នោត តែងកើតមាន នៅក្នុងការបោះឆ្នោតកន្លងមក នៅហ្ស៊ីមបាវ៉េ ដែលធ្លាប់ គ្រប់គ្រង អស់៣៧ឆ្នាំ ដោយមេដឹកនាំតែម្នាក់ គឺលោករូប៊ែរ មូហ្កាបេ។
នៅរាល់ពេលស៊ីមបាវ៉េ រៀបចំការបោះឆ្នោត មិនថា សភា ឬប្រធានាធិបតីទេ អំពើហិង្សា តែងតែកើតមាន ទាំងនៅមុន និងក្រោយការបោះឆ្នោត។ គណបក្សប្រឆាំង តែងតែចោទគណបក្សសហភាពជាតិ អាហ្វ្រិក នៃស៊ីមបាវ៉េដែលកាន់អំណាចអស់៣៨ឆ្នាំមកហើយនោះថា បានបង្កើតបរិយាកាសបំភិតបំភ័យ លួចបន្លំសន្លឹកឆ្នោត រហូតមក។
រឿងបន្លំសន្លឹកឆ្នោត ការរិគន់ពីភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោត ទាំងអស់នេះមិនមែនជារឿងថ្មីនោះទេ នៅស៊ីមបាវ៉េ។ អ្វីដែលថ្មី គឺថា នេះជាលើកទី១ ចាប់តាំងពីឆ្នាំ ២០០២មក ដែលរដ្ឋាភិបាលស៊ីមបាវ៉េបានបើកទ្វារ អនុញ្ញាតឲ្យអ្នកសង្កេតការណ៍ពីប្រទេសលោកខាងលិច ឲ្យចូលទៅតាមដានសង្កេតការបោះឆ្នោត នៅស៊ីមបាវ៉េ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នកសង្កេតការណ៍អឺរ៉ុបបានលើកឡើងពីការមិនស្មើភាពគ្នា ឬអាចនិយាយថា គីឡូខុសគ្នាដាច់ រវាងបក្សប្រឆាំង ហើយនិងបក្សកាន់អំណាច ព្រោះបក្សកាន់អំណាចកាន់កាប់សឹងទាំងស្រុង ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញដឹកនាំមូលដ្ឋាន ហើយនិងធនធានសម្រាប់ឃោសនាបោះឆ្នោត។ នេះគេនៅមិនទាន់និយាយពីការចូលរួម របស់កងទ័ពដែលបានចេញមុខ គាំទ្រ យ៉ាងចំហរ គណបក្សកាន់អំណាចនោះទេ។ ទោះជាអ្នកសង្កេតការណ៍អឺរ៉ុប លើកឡើងពីភាពមិនប្រក្រតីមួយចំនួន ប៉ុន្តែ គេទទួលស្គាល់ថា បរិយាកាសបោះឆ្នោតជាទូទៅ អាចទទួលយកបាន។
គណបក្សប្រឆាំង សង្ឃឹមច្រើនថា មេដឹកនាំរបស់ខ្លួននឹងទទួលជ័យជំនះ ដើម្បីក្លាយជាប្រធានាធិបតីស៊ីមបាវ៉េនោះ
អំពើហិង្សានៅក្រោយការបោះឆ្នោតបានផ្ទុះកើតមានឡើង នៅថ្ងៃពុធម្សិលមិញ នៅក្រោយពេលគណៈកម្មាធិការរៀបចំការបោះឆ្នោត ស៊ីមបាវ៉េបានប្រកាសថា គណបក្សកាន់អំណាចបានឈ្នះទទួលអាសនៈភាគច្រើន នៅរដ្ឋសភា។ ក្រុមគាំទ្របក្សប្រឆាំង បានអះអាងថា គណបក្សប្រឆាំង គឺចលនាដើម្បី ការផ្លាស់ប្តូរ ប្រជាធិបតេយ្យ ជាអ្នកឈ្នះ និងជប់លៀង តាំងពីថ្ងៃអង្គារ គឺនៅមុនការប្រកាសលទ្ធផលរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតទៅទៀត។
ចលនាដើម្បីការផ្លាស់ប្តូរប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំង បង្កើតឡើង តាំងពីឆ្នាំ ១៩៩៩មិនដែលបានឈ្នះឆ្នោត ប្រធានាធិបតីម្តងមែន ប៉ុន្តែ គណបក្សប្រឆាំងបានឈ្នះម្តង នៅក្នុងការបោះឆ្នោតសភា នៅឆ្នាំ ២០០៨។ នៅកាលណោះ ដោយសារតែគណបក្សប្រឆាំងបានទទួលសំលេងភាគច្រើន នៅរដ្ឋសភា គណបក្សកាន់អំណាចត្រូវបង្ខំចិត្តបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រឆាំង។ ទោះជានៅអាណត្តិមុន គណបក្សប្រឆាំង បានទទួលអាសនៈថយ ចុះ នៅសភា ប៉ុន្តែ គណបក្សប្រឆាំង សង្ឃឹមច្រើនណាស់ ថា នឹងប្រមូលបានសំឡេងឆ្នោតច្រើន មិនថា ទាំងក្នុងការបោះឆ្នោត សភា ឬប្រធានាធិបតីតែ។ ហេតុអ្វី បានគណបក្សប្រឆាំងសង្ឃឹមខ្លាំងម៉េ្លះ?
មានហេតុសំខាន់ពីរ។ ទី១ គឺការបោះឆ្នោត លើកនេះ រៀបចំឡើង នៅក្រោយការបិទទំព័រសករាជកាន់អំណាចចាស់ឆ្នាំ របស់ លោករូបឺត មូហ្កាបេ ដែលបានដឹកនាំ ស៊ីមបាវ៉េ អស់៣៧ឆ្នាំ គឺតាំងពីស៊ីមបាវ៉េបានទទួលឯករាជ្យពីអង់គ្លេស នៅឆ្នាំ ១៩៨០ម្ល៉េះ។
លោកមូហ្កាបេ ដែលជាមេដឹកនាំដ៏យូរអង្វែង និងចាស់ជាងគេ ក្នុងពិភពលោក ទើបតែត្រូវបានកងទ័ពធ្វើរដ្ឋប្រហារ ទម្លាក់ចេញពីអំណាច កាលពីចុងឆ្នាំមុន បន្ទាប់ពី លោកមានចេតនាចង់ឲ្យប្រពន្ធរបស់លោក គឺលោកស្រី ហ្រ្គាស មូហ្កាបេ ចូលស្នងតំណែង បន្តពីលោក។
កងទ័ពស៊ីមបាវ៉េដែលមិនចុះសម្រុង នឹងប្រពន្ធរបស់លោកមូហ្កាបេ បានអន្តរាគមលូកដៃ ក្នុងរឿងនយោបាយ និងបានជ្រើសរើសអតីតអនុប្រធានាធិបតី គឺលោក Emmerson Mnangagwa ឲ្យធ្វើជាប្រធានាធិបតីស៊ីមបាវ៉េបន្តពីលោកមូហ្កាបេ។ ដោយសារ តែលោកមូហ្កាបេ មេដឹកនាំផ្តាច់ការ ត្រូវគេផ្តួលចេញពីអំណាច ប្រជាជនស៊ីមបាវ៉េ ជាពិសេស យុវជន និងអ្នកនៅទីក្រុង ដែលភាគច្រើនគាំទ្រគណបក្សប្រឆាំង មានទឹកចិត្ត និងក្តីសង្ឃឹមច្រើនថា ការបោះឆ្នោតលើកនេះ ជាឱកាសសម្រាប់ផ្លាស់ប្តូរថ្នាក់ដឹកនាំ។
ទី២ នៅមួយថ្ងៃមុនការបោះឆ្នោត លោកមូហ្កាបេ ដែលនៅតែឈឺចាប់នៅឡើយ នឹងការផ្តួលចេញពីអំណាច ដោយមនុស្សក្នុងបក្សកាន់អំណាច របស់លោក បានអំពាវនាវឲ្យអ្នកគាំទ្រ ស្មោះស្ម័គ្រនឹងលោក កុំឲ្យបោះឆ្នោត ឲ្យគណបក្សកាន់អំណាច។ ការនេះធ្វើឲ្យគេជឿថា លោកមូហ្កាបេ ដើម្បីសងសឹកនឹងគណបក្សកាន់អំណាចរបស់លោក បានទៅបោះឆ្នោត គាំទ្របក្សប្រឆាំងវិញ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ