ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាហ្វ្រិក

ស៊ីមបាវ៉េ៖ សកម្មជន​បក្ស​ប្រឆាំង​ជាង​២០​នាក់ ត្រូវ​បញ្ជូន​ទៅ​តុលាការ

media  
កងទ័ព​ស៊ីមបាវ៉េ ចេញ​បង្ក្រាប​បាតុកម្ម​តវ៉ា ក្រោ​យ​ថ្ងៃ​បោះឆ្នោត។​ ក្រុងហារ៉ារ៉េ ថ្ងៃទី​១ សីហា ២០១៨ ©REUTERS/Mike Hutchings

នៅប្រទេសស៊ីមបាវ៉េ ស្ថានភាពចលាចល និងហិង្សាក្រោយថ្ងៃបោះឆ្នោត នៅមិនទាន់វិលត្រលប់ទៅរកភាពប្រក្រតីវិញទេ។ កាលពីថ្ងៃសៅរ៍ទី៤សីហា​ សកម្មជនគណបក្សប្រឆាំងប្រមាណ២២នាក់​ ត្រូវគេបញ្ជូនទៅកាន់តុលាការ ដោយចោទពីបទប្រព្រឹត្តិសកម្មភាពហិង្សា បំផ្លាញសណ្តាប់ធ្នាប់សាធារណៈ។ សូមបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃចន្ទទី ៣០កក្កដា​ បានបង្ហាញលទ្ធផលឈ្នះយ៉ាងប្រផិតប្រផោយបំផុត របស់លោក អេមឺសុន ម៉ណាំងហ្កាវ៉ា។ តែយ៉ាងណា ក្រុមគណបក្សប្រឆាំង បានតវ៉ាថា ការរាប់សន្លឹកឆ្នោត ប្រឡាក់ទៅដោយភាពមិនប្រក្រតី និងការកេងបន្លំ។

យោងតាមសមាគមមេធាវីការពារសិទ្ធិមនុស្សនៅស៊ីមបាវ៉េ បានឲ្យដឹងថា មានសកម្មជនសមាជិកគណបក្ស "ចលនាដើម្បីការផ្លាស់ប្តូរបែបប្រជាធិបតេយ្យ" ដែលជាគណបក្សប្រឆាំង ចំនួន២២នាក់ ក្នុងនោះស្រី៨នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការក្រុងហារ៉ារ៉េ កាលពីថ្ងៃសៅរ៍ ទី៤សីហា។ មនុស្សទាំងនេះ ត្រូវបានចាប់ខ្លួន នៅក្នុងពេលចុះទៅឆែកឆេ ដល់ទីស្នាក់ការគណបក្សប្រឆាំង បន្ទាប់ពីបានផ្ទុះចលនាបាតុកម្មហិង្សា តវ៉ាលទ្ធផលបោះឆ្នោត។

សូមរំលឹកថា លោក Emmerson Mnangagwa ប្រធានបក្ស Zanu-PF បានឈ្នះបានសម្លេងភាគច្រើន យ៉ាងស្តួចស្តើងបំផុត ពោលគឺប្រមាណ៥០,៨%។ លោក Emmerson Mnangagwa គឺជាអតីមន្ត្រីទ័ព ហើយដែលត្រូវបានគេជ្រើសរើស ឲ្យមកស្នងតំណែងលោកម៉ូហ្កាបេ ក្រោយពេលដែលលោកប្រធានាធិបតីកាន់តំណែងជិត៤០ឆ្នាំរូបនេះ​ ត្រូវបានប្រជាជនធ្វើបាតុកម្មតវ៉ា អូសទំលាក់ពីកៅអី។

កាលពីថ្ងៃពុធ ក្រោយប្រកាសលទ្ធផលឆ្នោត ចលនាបាតុកម្មតវ៉ាបានផ្ទុះឡើង អមដោយអំពើហិង្សា ប្រឈមមុខគ្នាជាមួយអាជ្ញាធរ បណ្តាលឲ្យស្លាប់មនុស្ស៦នាក់។ លោក Emmerson Mnangagwa បានចេញមុខភ្លាមៗ អំពាវនា​​វឲ្យគ្រប់ភាគីបក្សនយោបាយ ក៏ដូច​ជា​សកម្មជនគាំទ្រ ឲ្យមានការស្ងប់ស្ងាត់ចៀសវាង ការស្លាប់បាត់បង់ជីវិតមនុស្សបន្ថែម​ទៀត។ លោកក៏បាន​អះអាងថា មិនអត់ឱនដល់ការប្រើប្រាស់អំពើហិង្សាជាដាច់ខាត ហើយសន្យាធានាថានឹងបើក​ការស៊ើបអង្កេត​ក្នុងរឿងហេតុនេះ ដោយឯករាជ្យ​មិន​​លំអៀង។ ទន្ទឹមនឹងនេះ លោកបានប្រកាសសាជាថ្មីថា ការបោះឆ្នោត ដែលលោកបាន​ជោគជ័យ​នេះ គឺជាការបោះឆ្នោតដោយសេរីយុត្តិធម៌ និងអាចទុកចិត្តបាន។

តែទោះយ៉ាងណា លោកNelson Chamisa វ័យ៤០ឆ្នាំ ប្រធានបក្សប្រឆាំង បានលើកឡើងថា បក្សរបស់លោក​មានសម្លេងឆ្នោតច្រើនជាង ហើយថាលទ្ធផលដែលគេប្រកាស គឺកើតចេញពី​ការ​រាប់​កេងបន្លំ។ មេបក្សប្រឆាំងរូបនេះ បានអះអាងថា មានភស្តុតាងជាច្រើន ដែលបង្ហាញពីភាពមិនប្រក្រតី ហើយបក្សប្រឆាំងនឹងបញ្ជូនបណ្តឹង ទៅកាន់តុលាការ។

សូមបញ្ជាក់ថា ក្រោយការបោះឆ្នោត មន្ត្រីសង្កេតការណ៍អន្តរជាតិជាច្រើន បានចេញរបាយការណ៍បឋម អបអរពីភាពរលូន នៃដំណើរការបោះឆ្នោត។ តែយ៉ាងណា សហភាព​អឺរ៉ុបបានលើកឡើងថា វាជាការបោះឆ្នោត​ដែល​ពុំមាន​សមភាព ខណៈ​ដែល​គណបក្ស​របស់លោក Emmerson Mnangagwa មានឥទ្ធិពល​សឹងតែទាំងស្រុង គ្រប់ទីកន្លែង មិនថាក្នុងកងទ័ព សេវាសាធារណៈ និងបណ្តាញ​​ផ្សព្វផ្សាយព័ត៌មាន។ ដោយឡែក អង្គការ Amnesty International បាន​អំពាវនាវ ឲ្យ​ដោះលែង​សកម្មជន​នយោបាយ​ប្រមាណ​​៦០នាក់ ដែលត្រូវគេចាប់​ ដោយគ្មានភស្តុតាង និងគ្មានបទចោទប្រកាន់ត្រឹមត្រូវ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ