អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ទ្វីបអាហ្រ្វិក មាន​ប្រទេស​ចំនួន ១០ បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​របស់​ខ្លួន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ គោលដៅ គឺ​ដើម្បី​ប្តូរ​ពី​ថាមពល​បាន​មក​ពី​ធ្យូង​ថ្ម​ទៅ​ជា​ថាមពល​បាន​មក​ពី​នុយក្លេអ៊ែរ។ នៅ​ក្នុង​រង្វង់​ឆ្នាំ ២០២៥ មាន​ប្រទេស​អាហ្រ្វិក​យ៉ាង​តិច​ចំនួន ៥ នឹង​មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ បច្ចុប្បន្ន​នៅ​អាហ្រ្វិក មាន​តែ​ប្រទេស​អាហ្រ្វិកខាងត្បូង​មួយ​គត់​ដែល​មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បំពាក់​ដោយ​ម៉ាស៊ីនប្រតិកម្ម​ចំនួន ២។ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​សព្វថ្ងៃ ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ដាក់​ពាក្យ​សុំ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មាន ១ភាគ៣ ជា​ប្រទេស​អាហ្រ្វិក។ ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិក​កាន់​តែ​ច្រើន​ងាក​ទៅ​រក​ថាមពល​បាន​មក​ពី​នុយក្លេអ៊ែរ?

មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅ​អាហ្រ្វិក​ខាងត្បូង
មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅ​អាហ្រ្វិក​ខាងត្បូង Wikimedia
ផ្សាយពាណិជ្ជកម្ម

មិន​ថា​ប្រទេសអាហ្រ្វិក ឬ​ប្រទេស​ណា​ផ្សេង​ទេ មិន​ថា​ប្រទេស​អ្នក​មាន ឬ​ប្រទេស​អ្នក​ក្រ​ទេ ថាមពល​ជា​ប្រភព​ដង្ហើម​មិន​អាច​ខ្វះ​បាន​ឡើយ។ សម្រាប់​ទ្វីបអាហ្រ្វិក​និយាយ​ដោយឡែក ពិត​មែន​តែ​ថាមពល​បាន​មក​ពី​ប្រភព​ផ្សេង​ក្រៅ​ពី​នុយក្លេអ៊ែរ ដូច​យ៉ាង​ធ្យូងថ្ម កំដៅព្រះអាទិត្យ កង្ហារយក្ស ឬ​វារីអគ្គិសនី​ក៏​ដោយ ក៏​ក្រោម​ភ្នែក ច្រមុះ​របស់​ប្រទេសអាហ្រ្វិក​ភាគច្រើន ថាមពល​បាន​មក​ពី​នុយក្លេអ៊ែរ​នៅ​បន្ត​ជា​ក្តីស្រម៉ៃ​ចង់​បាន​របស់​ពួក​គេ​គ្រប់​ពេល។ មាន​ហេតុផល​ចំនួន ៣ ដែល​មាន​ប្រទេសអាហ្រ្វិក​ភាគច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ទី១ កំណើន​ចំនួន​ពលរដ្ឋ​ដែល​តម្រូវ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារៈបរិក្ខារ​ឧស្សាហកម្ម ហើយ​ដើម្បី​អាច​អភិវឌ្ឍន៍​លើ​វិស័យ​ទាំង​អស់​នេះ​បាន មាន​ប្រទេស​អាហ្រ្វិក​ភាគច្រើន​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះ​ថាមពល។

មូលហេតុទី២ មាន​តែ​ការ​ប្រើ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទេ​ដែល​អាច​ផ្គត់ផ្គង់​ថាមពលអគ្គិសនី​ទាន់ពេល និង​គ្រប់គ្រាន់​តាម​តម្រូវ​ការ​របស់​ប្រទេស​ដែល​មាន​សន្ទុះ​កំណើន​ពលរដ្ឋ និង​សន្ទុះ​កំណើន​អភិវឌ្ឍន៍។ ផ្អែក​តាម​ក្រុមអ្នកជំនាញ​នុយក្លេអ៊ែរ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដែល​បំពាក់​ដោយ​ម៉ាស៊ីនប្រតិកម្ម​ចំនួន​ពីរ​អាច​ផលិត​ភ្លើងអគ្គិសនី​បាន​ពី ២ ០០០ ទៅ ៣ ០០០មេហ្គាវ៉ាត់។ ចំណែក​មូលហេតុទី៣ ចុង​ក្រោយ គឺ​និមិត្តរូប​នៃ​អានុភាព និង​ភាពទំនើប ព្រោះ​ប្រទេស​មួយ​ដែល​មាន​លទ្ធភាព​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ គឺ​ជា​ប្រទេស​ដែល​បង្ហាញ​ពី​សុខភាព​សេដ្ឋកិច្ចល្អ មាន​ស្ថិរភាព និង​កម្រិត​អភិវឌ្ឍន៍​ខ្ពស់។

អស់​រយៈពេល​ជា​ច្រើន​ទសវត្ស​មក​ហើយ​ដែល​មាន​ប្រទេសអាហ្រ្វិក​ជា​ច្រើន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ឆន្ទៈ​របស់​ខ្លួន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ តាម​ពិត​ទៅ ប្រវត្តិនុយក្លេអ៊ែរ​នៅ​ក្នុង​ទ្វីបអាហ្រ្វិក​មិនមែន​ជា​ប្រធានរឿង​ថ្មីថ្មោង​ទេ គ្រាន់​តែ​ថា​មាន​ប្រទេស​ខ្លះ​ដូច​យ៉ាង​លីប៊ី អាល់ហ្សេរី សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ ម៉ារ៉ុក និង​នីហ្សេរីយ៉ា​ដែល​ធ្លាប់​មាន​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​បម្រើ​ក្នុង​វិស័យ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្រ្ត​ចង់​បង្វែរ​ទៅ​ផលិត​ភ្លើងអគ្គិសនី​វិញ។ បច្ចុប្បន្ន អាហ្រ្វិកខាងត្បូង​ជា​ប្រទេស​អាហ្រ្វិក​តែ​មួយ​គត់​ដែល​មាន​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បម្រើ​ក្នុង​វិស័យ​ស៊ីវិល។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មុន​នឹង​បង្វែរ​ខ្លួន​ចេញ​ពី​កម្មវិធី​នុយក្លេអ៊ែរ​យោធា​ចូល​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល អាហ្រ្វិកខាងត្បូង​ធ្លាប់​ផលិត​បាន​គ្រាប់បែក​បរមាណូ​ចំនួន ៦គ្រាប់​ក្នុង​ចន្លោះ​ឆ្នាំ ១៩៨២ និង ១៩៨៩។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​អាហ្រិ្វកខាងត្បូង​សព្វថ្ងៃ​មាន​បំពាក់​ដោយ​ម៉ាស៊ីនប្រតិកម្ម​ចំនួន​ពីរ​កំពុង​ដំណើរ​ការ​ដើម្បី​ជួយ​បំពេញ​តម្រូវការ​ភ្លើងអគ្គិសនី​ដែល ៩០% បាន​មក​ពី​មជ្ឈមណ្ឌល​ប្រើ​ធ្យូងថ្ម។ តែ​មហិច្ឆតា​របស់​ប្រទេស​អាហ្រ្វិក​មួយ​នេះ គឺ​បំបាត់​ចោល​ធ្យូង​ថ្ម​ទាំង​ស្រុង​តែ​ម្តង។ នៅ​ក្នុង​មហិច្ឆតា​មួយ​នេះ អតីត​ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​លោក Jacob Zuma បាន​ផ្តើម​គម្រោង​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​ថ្មី​ក្រោម​ឈ្មោះ « ឧទ្យាននុយក្លេអ៊ែរ » ដោយ​ចង់​សាងសង់​ម៉ាស៊ីនប្រតិកម្ម​ចំនួន ៦ បន្ថែម​ទៀត​ដែល​អាច​ផលិត​បាន​ភ្លើងអគ្គិសនី​សរុប ៩ ៦០០មេហ្គាវ៉ាត់។ តែ​គម្រោង​ដែល​ត្រូវ​ចំណាយ​លុយ​ដល់​ទៅ​ជាង ៨០ ០០០លានដុល្លារ​មួយ​នេះ​ត្រូវ​បាន​ផ្អាក​វិញ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប្រេតូរីយ៉ា​លើក​យក​ហេតុផល​ពី​ការ​ងាក​ទៅ​រក​ថាមពល​ដែល​កកើត​ឡើង​វិញ។

ទោះបី​ជា​ការ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ត្រូវ​ចំណាយ​លុយ​ច្រើន មាន​ហានិភ័យសន្តិសុខ បរិស្ថាន និង​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ត្រូវ​ជំនះ​ដើម្បី​អាច​ទទួល​បាន​បច្ចេកវិទ្យា​មួយ​នេះ​ក៏​ដោយ ក៏​ថាមពល​បាន​មក​ពី​នុយក្លេអ៊ែរ​នៅ​បន្ត​ជា​សុបិន្ត​របស់​ប្រទេស​អាហ្រ្វិក​ភាគច្រើន។ ការ​សិក្សា​មួយ​ចំនួន​ឲ្យ​ដឹង​ថា អាហ្រ្វិក​ត្រូវ​ការ​ភ្លើងអគ្គិសនី​ចំនួន ១៦០ ០០០មេហ្គាវ៉ាត់​នៅ​ក្នុង​រង្វង់​ឆ្នាំ ២០២៥ និង​ត្រូវ​ការ​កាន់​តែ​ច្រើន​ថែម​ទៀត​នៅ​ក្នុង​រង្វង់​ឆ្នាំ ២០៥០ ពោល​ក្នុង​ពេល​ដែល​ចំនួន​ពលរដ្ឋ​កើន​ពី ១ ៣០០លាននាក់​នា​ពេល​បច្ចុប្បន្ន​ដល់ ២ ០០០លាននាក់។ ពិត​ណាស់​សម្រាប់​ទ្វីបអាហ្រ្វិក ថាមពល​ជា​ប្រភព​ដង្ហើម​នៃ​ការ​អភិវឌ្ឍន៍​ដែល​មិន​អាច​ខ្វះ​បាន។ តែ​សម្រាប់​ក្រុមប្រទេស​អ្នកមាន​បច្ចេកវិទ្យានុយក្លេអ៊ែរ ទ្វីបអាហ្រ្វិក​ពិត​ជា​ទីផ្សារ​សក្តានុពល​នុយក្លេអ៊ែរ​ដែល​ខ្លួន​មិន​អាច​មើល​រំលង​បាន​ទេ។

ចូរ​កុំ​ភ្លេច​ថា បរិមាណ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ចំនួន ២០% ក្នុង​លោក​ស្ថិត​ក្នុង​ទ្វីបអាហ្រ្វិក ហើយ​មាន​ប្រទេស​អាហ្រ្វិក​ចំនួន ៣៤ ដែល​មាន​រ៉ែ​មួយ​នេះ​នៅ​ក្រោមដី​របស់​ខ្លួន ពិសេស​អាហ្រ្វិកខាងត្បូង ម៉ាឡាវី ណាមីប៊ី និង​ប្រទេស​នីហ្សេ។ នីហ្សេ​ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ខ្វះ​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ជាង​គេ​ក្នុង​លោក តែ​ជា​ប្រទេស​ដែល​មាន​បរិមាណ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​លំដាប់​ទី៤ ក្នុង​លោក។ ចាប់​ពី​អំណេះ​ត​ទៅ និង​ដើម្បី​អាច​សម្រេច​មហិច្ឆតា​ក្នុង​ការ​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ប្រទេស​អាហ្រ្វិក​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ស្វែង​រក​ប្រទេស​អ្នកជំនាញ​ខាង​នុយក្លេអ៊ែរ។

ទីផ្សារ​នុយក្លេអ៊ែរ​នៅ​អាហ្រ្វិក​ពេល​នេះ​កំពុង​ត្រូវ​បាន​សម្លឹង​មិន​ដាក់​ភ្នែក​ពី​ក្រុម​ប្រទេស​បស្ចិមលោក ពិសេស​បារាំង​ដែល​កំពុង​មាន​វត្តមាន និង​ឥទ្ធិពល​ស្រាប់​នៅ​ទ្វីបអាហ្រ្វិក​តាម​រយៈ​កិច្ចព្រមព្រៀង​ធ្វើ​អាជីកម្ម​រ៉ែអ៊ុយរ៉ាញ៉ូម។ តែ​គេ​សង្កេត​ឃើញ​ថា​នា​រយៈពេល ១០ឆ្នាំ​កន្លង​ទៅ ទីផ្សារ​មួយ​នេះ​ក៏​កំពុង​ត្រូវ​បាន​ប្រជែង​ដោយ​ប្រទេស​ផ្សេង ពិសេស​រុស្ស៊ី និង​ចិន​ដែល​មិន​ចង់​ទុក​ឲ្យ​នំអាហ្រ្វិក​ធ្លាក់​តែ​ក្នុង​មាត់​ប្រទេស​លោកខាងលិច​ផ្តាច់​មុខ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ