អានតួអត្ថបទ

យេម៉ែន ៖ បទឈប់បាញ់​ចូល​ជា​ធរមាន តែ​ស្នូរ​អាវុធ​​នៅ​លាន់​រងំ

កិច្ចព្រមព្រៀង​និង​បទ​ឈប់​បាញ់ ចុះហត្ថលេខា​នៅ​ប្រទេស​ស៊ុយអែត ក្រោម​ម្លប់​ដឹកនាំ​របស់​អង្គការ​សហប្រជាជាតិ ចូល​ជា​ធរមាន​​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រុង​ហូដៃដា ក្រុង​កំពង់ផែ​ជា​យុទ្ធសាស្ត្រ និង​សមរភូមិ​ដ៏​ក្តៅ​គគុក​ក្នុង​សង្គ្រាម​យេម៉ែន បាន​ស្គាល់ភាព​ហិង្សា​ជា​ថ្មី។ នៅ​ថ្ងៃ​នេះ មាន​​ការ​ប្រយុទ្ធ​គ្នា​ និង​បាញ់​ពី​អាកាស​យ៉ាង​សន្ធាប់​ ​ រវាង​កងកម្លាំង​របស់​រដ្ឋាភិបាល​ស្រប​ច្បាប់​និរទេស និង​ពួក​ឧទ្ទាម​ហ៊ូទី។

បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ តែ​ស្នុរ​អាវុធ​នៅ​លាន់​រងំ
បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ តែ​ស្នុរ​អាវុធ​នៅ​លាន់​រងំ STRINGER
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់ នា​ថ្ងៃ​អាទិត្យ​នេះ ស្នូរ​កាំភ្លើង​បាញ់​ត​តាំង​គ្នា​បាន​លាន់​ឮ​ឡើង​ជា​ថ្មី​ នៅ​តាម​ ច្រក​ចូល​​ដឹក​ជំនួយមនុស្សធម៌។ ជា​ពិសេស​ទៅ​ទៀត គឺ​ការ​ប្រយុទ្ធ​គ្នា និង​ការ​បាញ់​រះ​តាម​ផ្លូវ​អាកាស​​ តាំង​ពី​យប់មក​។ គឺ​ជា​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា គិត​ចាប់​តាំង​ពី​ គូបដិបក្ស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ នៅ​ប្រទេស​ស៊ុយអែត នា​ថ្ងៃព្រហស្បតិ៍​ទី​១៣​ធ្នូមក។

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​យុទ្ធជន​២៩នាក់ ក្នុង​នោះ​២២​នាក់​ជា​ឧទ្ទាម​ហ៊ូទី នេះ​បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​រដ្ឋាភិបាល​យេម៉ែន។ ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​ផ្ទៀង​ផ្ទាត់​តុល្យការ​ពី​ខាង​ប្រភព​ឯករាជ្យ​ទេ។​

ចំណែក​ភ្នាក់ងារ​សារព័ត៌មាន​ត្រួត​ត្រា​ដោយ​ពួក​ឧទ្ទាម​ហ៊ូទី បាន​អះអាង​ថា យន្តហោះ​របស់​សម្ព័ន្ធ​អារ៉ាប​ដឹកនាំ​​ដោយ​អារ៉ាប៊ីសាអូឌីត បាន​បន្ត​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ នៅ​ថ្ងៃអាទិត្យ​នេះ ទៅ​លើ​ខេត្ត​ហូដៃដា​ ដោយ​បាន​ចោទ​ប្រកាន់​ទផត ថា​កងកម្លាំង​រដ្ឋាភិបាល​បាន​ទាំង​ទម្លាក់​គ្រាប់​បែក​លើ​សង្កាត់​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ទៀត។

តាម​ការ​ពិត​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់​រើ​ឡើង​វិញ នៅ​ភាគ​ខាង​កើត​និង​ត្បូង​ក្រុងហូដៃដា តាំង​ពី​ថ្ងៃ​ល្ងាច​ថ្ងៃ សុក្រ​ ពោល​គឺ​តែ​មួយ​ថ្ងៃ​ក្រោយ​ការ​ប្រកាស​បទ​ឈប់​បាញ់​ ដែល​ពួក​ឧទ្ទាម​ហ៊ូទី និង​រដ្ឋាភិបាល​ស្របច្បាប់​បាន​ព្រមព្រៀង​គ្នា​នៅជំនួប​ប្រជុំ​នៅ​ប្រទេស​ស៊ុយអែត​ម្ល៉េះ។

បើ​តាម​កិច្ចព្រមព្រៀង​ បទ​ឈប់​បាញ់​ត្រូវ​ចូល​ជាធរមាន​ភ្លាម នៅ​ក្រុង​ហូដៃដា ក្រុង​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាមហ៊ូទី និង​ជា​សមរភូមិ​ដ៏​ក្តៅ​គគុក​នៃ​សង្គ្រាម។​ ចំណែក​ឯ​ការ​ដក​កង​កម្លាំ​ង​ប្រយុទ្ធ​ គ្រោង​ធ្វើ​នៅ​ពីរបី​ថ្ងៃ ខាង​មុខ។ ក្រៅ​ពី​បទ​ឈប់​បាញ់ កិច្ចព្រមព្រៀង​គ្រោង​ធ្វើ​ការ​ដោះដូរ​អ្នកទោស​យោធា​គ្នា​​ប្រមាណ​១៥០០០​នាក់ ព្រមទាំង​សម្រួលការ​ផ្តល់​ជំនួយ​មនុស្សធម៌។​

ថ្វីបើគ្រប់​ភាគី​ទទួល​ស្គាល់​ថា​​បទ​ឈប់​បាញ់​មាន​លក្ខណៈ​ផុយស្រួយ​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​ឧទ្ទាម​ហ៊ូទី បាន​ចាត់​ទុក​ កិច្ចព្រមព្រៀង​នៅ​ស៊ុយអែត​ ថា​ជា​ជោគជ័យ​។ ជាកិច្ចព្រមព្រៀង​លើក​ទីមួយ​គិត​ចាប់តាំង​ពី​ឆ្នាំ​២០១៦​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ