អានតួអត្ថបទ

កុងហ្គោ​បោះឆ្នោត​ប្រធានាធិបតី ក្នុង​អត្ថន័យជា​ប្រវត្តិសាស្ត្រ តែ​មាន​ហានិភ័យ​ខ្ពស់

បន្ទាប់​ពី​បាន​លើក​ពេលម្តងហើយ​ម្តង​ទៀត និង​រង់​ចាំ​អស់​ពេល​ជា​យូរ នៅទីបំផុត ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​​ថ្មី របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃអាទិត្យ​ទី ៣០ ធ្នូ​២០១៨​នេះ។ ដំណើរ​ការ​បោះឆ្នោត​បាន​ចាប់​ផ្តើម​ដោយ​រអាក់រអួល​បំផុត។ ក្រៅ​អំពី​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​មាន​ផ្ទុះ​អំពើ​​ហិង្សា​ អាកាសធាតុ​ក៏​មិន​អំណោយ​ផល​ទៀត។

ប្រជាពលរដ្ឋ​កុងហ្គោ តម្រង់​ជួរ​ចាំ​បោះឆ្នោត​ ថ្ងៃ​៣០​ ធ្នូ ២០១៨
ប្រជាពលរដ្ឋ​កុងហ្គោ តម្រង់​ជួរ​ចាំ​បោះឆ្នោត​ ថ្ងៃ​៣០​ ធ្នូ ២០១៨ REUTERS/Kenny Katombe
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​កុងហ្គោជិត​៤០​លាន​នាក់​ត្រូវ​ចូល​រួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីថ្មី។ ជាការ​បោះឆ្នោត​ដ៏​សំខាន់ ព្រោះ​​ដោយ​ហេតុ​តែ​ប្រធានាធិបតី​ផុត​អាណត្តិ​ កាន់​តំណែង​បន្ត​ពី​ឪពុក​តាំង​ពី​ឆ្នាំ​២០០១​មក​ ពុំ​អាច​ឈរ​ឈ្មោះ​ជា​​ថ្មី​បាន ការបោះឆ្នោត​ថ្ងៃ​នេះ​អាច​ជា​ឱកាស​នាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោឱ្យ​ស្គាល់​ការ​ផ្លាស់​ប្តូរ​​មេ​ដឹកនាំ ជាលើក​ទី​មួយ​​​ តាម​បែប​ប្រជាធិបតេយ្យ។

តាម​ធម្មតា ការ​បោះឆ្នោត​ប្រធានាធិបតី ត្រូវ​ប្រព្រឹត្ត​ទៅ​តាំង​ពី​ឆ្នាំ ២០១៦​មក​ម្ល៉េះ ប៉ុន្តែ​ដោយហេតុ​វិបត្តិ​ហិង្សា ប្រធានាធិបតី​ផុត​អាណត្តិ​បាន​លេសកាន់​​​អំណាច​​​​​​ពីរ​ឆ្នាំ​បន្ថែម​ ទម្រាំយល់​​ព្រមមិន​ឈរ​ឈ្មោះ​ជា​លើក​ទី​បី ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​​រកមនុស្ស​ជំនិត​មក​ធ្វើ​​អ្នក​ស្នង​ឃើញ​។ ទោះ​បី​ជា​​ត្រូវបាន​​លើក​ពេលដល់​ទៅ​បី​ដង​​ក៏​ដោយ​ ក៏​ដំណើរការ​បោះឆ្នោត​​ថ្ងៃ​នេះ​ហាក់​នៅ​តែ​ពុំ​ប្រព្រឹត្តទៅ​ក្នុង​លក្ខខណ្ឌ​ប្រសើរ​សោះ។

ក្រៅ​អំពី​បញ្ហា​​អាកាសធាតុ មាន​ព្យុះ​ភ្លៀង​ខ្លាំង ​ជា​ហេតុ​ធ្វើ​ឱ្យ​ដំណើរការ​បោះឆ្នោត​អាច​​ចាប់​ផ្តើម​ដោយ​រអាក់​រអួល​បំផុត ​មាន​​ការិយាល័យ​​ខ្លះ​ ពុំ​អាច​បើក​ទ្វារ​បានទ្វារ​បានទេ ដោយ​ខ្វះបុគ្គលិក និង​គ្មានអគ្គីសនី។ លើស​ពី​នេះ​ទៀត​ អ្នកការទូត និង​សង្កេត​ការណ៍​ ព្រួយ​បារម្ភ​ថា​នឹង​អាច​មាន​អំពើ​ហិង្សា​ខ្លាំង ដូច​សម័យ​បោះឆ្នោត​​ឆ្នាំ​២០០៦ និង​២០១១​ដដែល បន្ថែម​ពី​លើ​​អំពើ​ហិង្សា​ជាតិ​ពិន្ធុ​ដ៏ធ្ងន់ធ្ងរ​ដែល​ទើប​ផ្ទុះ ឡើង​ជា​ថ្មី​ទៀត​នៅ ក្នុង​ប្រទេស។

បើ​តាម​ការ​ស្ទង់​មតិ ​របស់​ក្រុម​អ្នក​ស្រាវជ្រាវនៃ​សាកលវិទ្យាល័យ​ញូវយ៉ក​​ស្តី​ពី​កុងហ្កោ​ អតីត​មេដឹកនាំ បក្ស​ប្រឆាំង​មាន​ប្រជាប្រិយភាព​ខ្ពស់ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចង់​បោះឆ្នោត​ឱ្យ​ដល់​ទៅ​៤៧% ទល់​នឹង​១៩%​ប៉ុណ្ណោះ សម្រាប់​បេក្ខជនមក​ពី​បក្ស​កាន់​អំណាច និងដែល​​កូន​អុក​របស់​ប្រធានាធិបតី​ផុត​អាណត្តិ។

ប៉ុន្តែ​តើ​ការ​បោះឆ្នោត​ប្រធានាធិបតី​នេះ​ គួរ​ឱ្យ​ទុកចិត្ត​និង​ស្មើភាព​មែនដែរឬទេ ? នេះ​ជា​ហើយ​ជា​អ្វី​ឱ្យ​បេក្ខជន​បក្ស​ប្រឆាំងសង្ស័យ។ គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត បាន​សន្យា​​តម្លាភាព និង​ប្រកាស​លទ្ធផល​យ៉ាង​យូរ​នៅ​ថ្ងៃទី ៦​មករា។ តែ​បើ​មាន​ករណី​តវ៉ា ប្រឆាំង​នឹង​លទ្ធផល នោះអំពើ​ហិង្សា​ថ្មី​នឹង​ផ្ទុះ​ឡើង​ជាក់​ជាពុំ​ខាន​ ជាពិសេ​នៅភាគ​ខាង​កើត​ប្រទេស ទី​ដែល​មាន​យុទ្ធជន​ប្រដាប់​អាវុធ​សកម្ម​ខ្លាំង​ស្រាប់​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ