ហេតុអ្វីបានជាពលរដ្ឋអាល់ហ្សេរីប្រឆាំងនឹងការឈរឈ្មោះប្រធានាធិបតីរបស់លោកអាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកាសម្រាប់អាណត្តិទី៥?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៤
នៅក្នុងប្រទេសអាល់ហ្សេរី ទោះបីជាមានការប្រឆាំងជំទាស់ពីសំណាក់ពលរដ្ឋគ្រប់ជាន់ថ្នាក់ក៏ដោយក៏លោកប្រធានាធិបតីផុតអាណត្តិអាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកាមិនដកថយដែរ។ បន្ទាប់ពីកាន់តំណែងបាន ៤អាណត្តិអស់រយៈពេលជិត ២០ឆ្នាំ និងកំពុងមានសុខភាពទ្រុឌទ្រោមខ្លាំង លោកប៊ូតេហ្វ្លីកាបានសម្រេចឈរឈ្មោះប្រធានាធិបតីមួយអាណត្តិថ្មីទៀត។ តែទន្ទឹមនឹងការសម្រេចចិត្តនេះ លោកប៊ូតេហ្វ្លីកាបានប្រាប់ថា បើលោកជាប់ឆ្នោតអាណត្តិថ្មីនៅក្នុងការបោះឆ្នោតនាថ្ងៃទី១៨ មេសាខាងមុខ លោកនឹងរៀបចំបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់ បន្ទាប់ពីកាន់តំណែងបាន ១ឆ្នាំ។ លោកប៊ូតេហ្វ្លីកាបានសន្យាទៀតថា លោកនឹងមិនឈរឈ្មោះជាថ្មីនៅក្នុងការបោះឆ្នោតមុនកាលកំណត់នោះទេ។ ហេតុអ្វីបានជាពលរដ្ឋអាល់ហ្សេរីក្តៅក្រហាយនឹងការឈរឈ្មោះជាថ្មីរបស់លោកប៊ូតេហ្វ្លីកាពេលនេះ និងថា តើអ្វីទៅជាច្រកចេញពីវិបត្តិមួយនេះ?។
សម្រាប់អាណត្តិទី១ អាណត្តិទី២ និងអាណត្តិទី៣ លោកអាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកាបានទទួលស្វាគមន៍ដោយដៃទាំងពីររបស់ប្រជាជនទូទៅ។ ដល់ចូលអាណត្តិទី៤ ការទទួលស្វាគមន៍ហាក់មិនដូច ៣អាណត្តិមុនមែន តែនៅអាចទទួលយកបាន។ ដល់ឈានចូលអាណត្តិទី៥ គឺមិនអាចទទួលយកបានជាដាច់ខាត។ នេះហើយជាអ្វីដែលពលរដ្ឋអាល់ហ្សេរីគ្រប់ជាន់ថ្នាក់រស់ក្នុងស្រុក និងនៅបរទេស ពិសេសក្នុងប្រទេសបារាំងកំពុងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការឈរឈ្មោះប្រធានាធិបតីសម្រាប់អាណត្តិទី៥ របស់លោកប៊ូតេហ្វ្លីកា។ គួរជម្រាបថា គឺនៅថ្ងៃទី១០ កុម្ភៈដែលលោកប៊ូតេហ្វ្លីកាបានប្រកាសឲ្យដឹងជាផ្លូវការពីការឈរឈ្មោះប្រធានាធិបតីអាណត្តិទី៥ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី១៨ មេសាខាងមុខ។
១០ថ្ងៃក្រោយមក ពោលក្នុងថ្ងៃទី២២ កុម្ភៈ និងដោយមានការអំពាវនាវតាមបណ្តាញសង្គម ប្រជាជនជាច្រើនពាន់នាក់នាំគ្នាចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងបេក្ខជនប្រធានាធិបតីសម្រាប់អាណត្តិទី៥ របស់លោកប៊ូតេហ្វ្លីកា។ ទីបំផុត និងទោះបីជាទំហំបាតុកម្មរីករាលដាលកាន់តែធំពីមួយថ្ងៃទៅមួយក៏ដោយ ក៏ប្រធានាធិបតីផុតអាណត្តិរូបនេះមិនព្រមបោះបង់ចោលមហិច្ឆតារបស់ខ្លួនដែរ។ បន្ទាប់ពីបានបញ្ជូនបេក្ខភាពជាផ្លូវការទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញនាថ្ងៃអាទិត្យ ទី៣ មីនាដែលជាថ្ងៃចុងក្រោយមក លោកប៊ូតេហ្វ្លីកាបានសរសេរសារយ៉ាងវែងអន្លាយដើម្បីប្រាប់ប្រជាជនថា លោកបានស្តាប់ និងយល់ពីសម្រែកកំហឹងរបស់បាតុករ ពិសេសបាតុករជាយុវជនដែលកំពុងបារម្ភពីអនាគតរបស់ប្រទេសជាតិ។
នៅក្នុងសារដដែល លោកប៊ូតេហ្វ្លីកាបានសន្យាផ្លាស់ប្តូរប្រព័ន្ធដឹកនាំតាមរយៈការធ្វើកំណែទម្រង់ស៊ីជ្រៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងស្ថាប័ន។ តែដើម្បីអាចធ្វើការងារទាំងអស់ខាងលើបាន លោកប៊ូតេហ្វ្លីកាបានស្នើពលរដ្ឋឲ្យបោះឆ្នោតជូនលោកសម្រាប់អាណត្តិថ្មីនៅថ្ងៃទី១៨ មេសាខាងមុខដោយសន្យាថា បន្ទាប់ពីកាន់តំណែងបាន ១ឆ្នាំ លោកនឹងរៀបចំបោះឆ្នោតមុនកាលកំណត់ ហើយលោកនឹងមិនឈរឈ្មោះជាថ្មីទេ។ លោកប៊ូតេហ្វ្លីកាបានពន្យល់ថា កម្មវត្ថុនៃការរៀបចំបោះឆ្នោតមុនកាលកំណត់គឺដើម្បីធានាពីការស្នងតំណែងពីលោកនៅក្នុងលក្ខខណ្ឌមួយស្ងប់ស្ងាត់ សេរី និងតម្លាភាព។ បន្ទាប់មកទៀត លោកប៊ូតេហ្វ្លីកាក៏បានប្រកាសពីគម្រោងតាក់តែងច្បាប់រដ្ឋធម្មនុញ្ញថ្មី និងត្រូវអនុម័តដោយឆ្លងការបោះឆ្នោតប្រជាមតិ។
បើពិនិត្យមើលមួយភ្លែតទៅ សំណើទាំងនេះរបស់លោកប៊ូតេហ្វ្លីកាជាដំណឹងល្អដែលប្រទេស និងប្រជាជនអាល់ហ្សេរីទូទៅចង់បាន។ តែបើពិនិត្យមើលឲ្យបានស៊ីជម្រៅបន្តិចទៅ នេះគ្រាន់ជាលេសមួយដើម្បីបញ្ជាក់ពីការឈរឈ្មោះជាថ្មីរបស់លោកសម្រាប់អាណត្តិទី៥ ប៉ុណ្ណោះ ព្រោះជម្រៅនៃបញ្ហា និងហេតុផលនៃការបន្តទាមទារតវ៉ារបស់ប្រជាជនពេលនេះនៅមិនទាន់បានដោះស្រាយនៅឡើយទេ។ អ្វីដែលពួកគេចង់បាននៅចំពោះមុខ គឺសុំឲ្យលោកប៊ូតេហ្វ្លីកាដកបេក្ខភាពចេញពីការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី១៨ មេសាខាងមុខ ឬនិយាយឲ្យស្រួល ពួកគេមិនចង់ឃើញលោកប៊ូតេហ្វ្លីកាបន្តកាន់តំណែងមួយអាណត្តិថ្មីទៀតទេ។ សូមជម្រាបថាមានអាយុ ៨២ឆ្នាំ លោកប៊ូតេហ្វ្លីកាបានជាប់ឆ្នោតអាណត្តិទី១ ក្នុងឆ្នាំ ១៩៩៩ និងបានជាប់ឆ្នោតជាថ្មីនៅអាណត្តិបន្តបន្ទាប់ដោយទទួលបានសម្លេងគាំទ្រជាង ៨០%។
តែគេមិនត្រូវភ្លេចនិយាយទេថា តាំងពីមានជំងឺដាច់សរសៃខួរក្បាលក្នុងឆ្នាំ ២០១៣ មក លោកប៊ូតេហ្វ្លីកាមានសុខភាពទ្រុឌទ្រោមខ្លាំង និងមិនអាចដើរដោយខ្លួនឯងបានទេ។ លោកប៊ូតេហ្វ្លីកាបានអង្គុយក្នុងរទេះរុញនៅក្នុងពិធីស្បថចូលកាន់តំណែងអាណត្តិទី៤ ក្នុងឆ្នាំ ២០១៤។ តាំងពីពេលនោះមក លោកប៊ូតេហ្វ្លីកាមិនដែលបានថ្លែងសារផ្ទាល់មាត់មួយម៉ាត់ណាទៅកាន់ប្រជាជន និងក៏មិនសូវបានបង្ហាញមុខជាសាធារណៈដែរ។ តាំងពីជាងមួយសប្តាហ៍នេះទៀត ពោលក្នុងពេលដែលមានផ្ទុះបាតុកម្មប្រឆាំងនឹងការឈរឈ្មោះរបស់លោកសម្រាប់អាណត្តិទី៥ លោកប៊ូតេហ្វ្លីកាកំពុងសម្រាកក្នុងមន្ទីរពេទ្យនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសដើម្បីពិនិត្យសុខភាព។ ខណៈនេះ គេគ្មានព័ត៌មានទាក់ទងនឹងស្ថានភាពសុខភាពរបស់លោក ហើយក៏មិនដឹងការវិលចូលស្រុកវិញរបស់លោកនៅពេលណាដែរ។
អ្វីដែលគេដឹង មានបេក្ខជនសរុប ៨រូបដែលបានដាក់បេក្ខភាពជាប្រធានាធិបតីដោយរាប់បញ្ចូលលោកប៊ូតេហ្វ្លីកាម្នាក់ផងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយស្ថាប័នកំពូលមួយនេះមានរយៈពេល ១០ថ្ងៃដោយរាប់ចាប់ពីថ្ងៃទី៤ មីនាទៅដើម្បីចេញផ្សាយបញ្ជីបេក្ខជនផ្លូវការ។ ចុះបើមានបេក្ខជនច្រើនប៉ុណ្ណឹងដែរ តើវាទាស់ខុសអីនឹងវត្តមានលោកប៊ូតេហ្វ្លីកាម្នាក់?។ តាមពិតទៅ មិនមែនរូបលោកប៊ូតេហ្វ្លីកាទេដែលកំពុងចោទជាបញ្ហានោះ តែគឺការឈរឈ្មោះរបស់លោកសម្រាប់អាណត្តិទី៥ ពិសេសក្នុងស្ថានភាពសុខភាពទ្រុឌទ្រោមខ្លាំងរបស់លោកបច្ចុប្បន្ន។ ម្យ៉ាងទៀត ប្រជាជនអាល់ហ្សេរីភាគច្រើន ពិសេសក្រុមយុវជនចង់បានការផ្លាស់ប្តូរ និងចង់ឲ្យមានការផ្លាស់ប្តូរប្រព័ន្ធដឹកនាំជិត ២០ឆ្នាំរបស់លោកប៊ូតេហ្វ្លីកាដែលពួកគេយល់ថា កំពុងចាក់ឫសដោយបក្ខពួក គ្រួសារនិយម និងអំពើពុករលួយជាលក្ខណៈប្រព័ន្ធ។
តែចំណោតនៅត្រង់ថាពីខាងក្រុមគណបក្សប្រឆាំង គេមិនឃើញមានឥស្សរជនណាម្នាក់លេចធ្លោខ្លាំងគួរឲ្យទុកចិត្ត ហើយពួកគេក៏ពិបាកនិយាយសម្លេងតែមួយដើម្បីបង្រួមកម្លាំងតែមួយដែរ។ អ្វីដែលគេកំពុងសម្លឹងឃើញពេលនេះ គឺការប្រកាន់ជំហររៀងខ្លួនរបស់ភាគីនីមួយៗ និងកំណើននៃការប្រឈមមុខដាក់គ្នារវាងក្រុមបាតុករ និងកម្លាំងប៉ូលិសនៅសឹងទូទាំងប្រទេស។ តើអ្វីដែលកំពុងកើតឡើងនៅក្នុងទឹកដីអាល់ហ្សេរីពេលនេះ មិនមែនជាចំហាយបដិវត្តអារ៉ាប់ដែលបានផ្ទុះក្នុងប្រទេសទុយនីស៊ីកាលពី ៨ឆ្នាំមុនទេ ឬយ៉ាងណា?៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ