ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT

ហេតុអ្វី​បាន​ជា​ពលរដ្ឋ​អាល់ហ្សេរី​ប្រឆាំង​នឹង​ការ​ឈរ​ឈ្មោះ​ប្រធានាធិបតី​របស់​លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​សម្រាប់​អាណត្តិ​ទី៥?

ហេតុអ្វី​បាន​ជា​ពលរដ្ឋ​អាល់ហ្សេរី​ប្រឆាំង​នឹង​ការ​ឈរ​ឈ្មោះ​ប្រធានាធិបតី​របស់​លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​សម្រាប់​អាណត្តិ​ទី៥?
 
​ពលរដ្ឋ​អាល់ហ្សេរី​ប្រឆាំង​នឹង​ការ​ឈរ​ឈ្មោះ​ប្រធានាធិបតី​របស់​លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​សម្រាប់​អាណត្តិ​ទី៥ REUTERS/Zohra Bensemra

នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ជំទាស់​ពី​សំណាក់​ពលរដ្ឋ​គ្រប់​ជាន់ថ្នាក់​ក៏​ដោយ​ក៏​លោក​ប្រធានាធិបតី​ផុតអាណត្តិ​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​មិន​ដក​ថយ​ដែរ។ បន្ទាប់​ពី​កាន់​តំណែង​បាន ៤អាណត្តិ​អស់​រយៈពេល​ជិត ២០ឆ្នាំ និង​កំពុង​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង លោក​ប៊ូតេហ្វ្លីកាបាន​សម្រេច​ឈរ​ឈ្មោះ​ប្រធានាធិបតី​មួយ​អាណត្តិ​ថ្មី​ទៀត។ តែ​ទន្ទឹម​នឹង​ការ​សម្រេចចិត្ត​នេះ លោក​ប៊ូតេហ្វ្លីកា​បាន​ប្រាប់​ថា បើ​លោក​ជាប់ឆ្នោត​អាណត្តិ​ថ្មី​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃទី១៨ មេសា​ខាង​មុខ លោក​នឹង​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​មុន​កាល​កំណត់ បន្ទាប់​ពី​កាន់​តំណែង​បាន ១ឆ្នាំ។

លោក​ប៊ូតេហ្វ្លីកា​បាន​សន្យា​ទៀត​ថា លោក​នឹង​មិន​ឈរ​ឈ្មោះ​ជា​ថ្មី​នៅ​ក្នុង​ការ​បោះឆ្នោត​មុន​កាល​កំណត់​នោះ​ទេ។ ហេតុអ្វី​បាន​ជា​ពលរដ្ឋ​អាល់ហ្សេរី​ក្តៅក្រហាយ​នឹង​ការ​ឈរ​ឈ្មោះ​ជា​ថ្មី​របស់​លោក​ប៊ូតេហ្វ្លីកា​ពេល​នេះ និង​ថា តើ​អ្វី​ទៅ​ជា​ច្រក​ចេញ​ពី​វិបត្តិ​មួយ​នេះ?។

សម្រាប់​អាណត្តិទី១ អាណត្តិទី២ និង​អាណត្តិទី៣ លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​បាន​ទទួល​ស្វាគមន៍​ដោយ​ដៃ​ទាំង​ពីរ​របស់​ប្រជាជន​ទូទៅ។ ដល់​ចូល​អាណត្តិទី៤ ការ​ទទួល​ស្វាគមន៍​ហាក់​មិន​ដូច ៣អាណត្តិ​មុន​មែន តែ​នៅ​អាច​ទទួល​យក​បាន។ ដល់​ឈាន​ចូល​អាណត្តិទី៥ គឺ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត។ នេះ​ហើយ​ជា​អ្វី​ដែល​ពលរដ្ឋ​អាល់ហ្សេរី​គ្រប់​ជាន់ថ្នាក់​រស់ក្នុង​ស្រុក និង​នៅ​បរទេស ពិសេស​ក្នុង​ប្រទេស​បារាំង​កំពុង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឈរ​ឈ្មោះ​ប្រធានាធិបតី​សម្រាប់​អាណត្តិទី៥ របស់​លោក​ប៊ូតេហ្វ្លីកា។ គួរ​ជម្រាប​ថា គឺ​នៅ​ថ្ងៃទី១០ កុម្ភៈ​ដែល​លោក​ប៊ូតេហ្វ្លីកា​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​ពី​ការ​ឈរ​ឈ្មោះ​ប្រធានាធិបតី​អាណត្តិទី៥ សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃទី១៨ មេសា​ខាង​មុខ។

១០ថ្ងៃ​ក្រោយ​មក ពោល​ក្នុង​ថ្ងៃទី២២ កុម្ភៈ និង​ដោយ​មាន​ការ​អំពាវនាវ​តាម​បណ្តាញ​សង្គម ប្រជាជន​ជា​ច្រើន​ពាន់នាក់​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិទី៥ របស់​លោក​ប៊ូតេហ្វ្លីកា។ ទីបំផុត និង​ទោះ​បី​ជា​ទំហំ​បាតុកម្ម​រីក​រាលដាល​កាន់​តែ​ធំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ក៏​ដោយ ក៏​ប្រធានាធិបតី​ផុតអាណត្តិ​រូប​នេះ​មិន​ព្រម​បោះបង់​ចោល​មហិច្ឆតា​របស់​ខ្លួន​ដែរ។ បន្ទាប់​ពី​បាន​បញ្ជូន​បេក្ខភាព​ជា​ផ្លូវការ​ទៅ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​នា​ថ្ងៃ​អាទិត្យ ទី៣ មីនា​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​មក លោក​ប៊ូតេហ្វ្លីកា​បាន​សរសេរ​សារ​យ៉ាង​វែង​អន្លាយ​ដើម្បី​ប្រាប់​ប្រជាជន​ថា លោក​បាន​ស្តាប់ និង​យល់​ពី​សម្រែក​កំហឹង​របស់​បាតុករ ពិសេស​បាតុករ​ជា​យុវជន​ដែល​កំពុង​បារម្ភ​ពី​អនាគត​របស់​ប្រទេសជាតិ។

នៅ​ក្នុង​សារ​ដដែល លោក​ប៊ូតេហ្វ្លីកា​បាន​សន្យា​ផ្លាស់ប្តូរ​ប្រព័ន្ធដឹកនាំ​តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​ស៊ីជ្រៅ​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គម និង​ស្ថាប័ន។ តែ​ដើម្បី​អាច​ធ្វើ​ការងារ​ទាំង​អស់​ខាង​លើ​បាន លោក​ប៊ូតេហ្វ្លីកា​បាន​ស្នើ​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន​លោក​សម្រាប់​អាណត្តិថ្មី​នៅ​ថ្ងៃទី១៨ មេសា​ខាង​មុខ​ដោយ​សន្យា​ថា បន្ទាប់​ពី​កាន់​តំណែង​បាន ១ឆ្នាំ លោក​នឹង​រៀបចំ​បោះឆ្នោត​មុន​កាល​កំណត់ ហើយ​លោក​នឹង​មិន​ឈរ​ឈ្មោះ​ជា​ថ្មី​ទេ។ លោក​ប៊ូតេហ្វ្លីកា​បាន​ពន្យល់​ថា កម្មវត្ថុ​នៃ​ការ​រៀបចំ​បោះឆ្នោត​មុន​កាល​កំណត់​គឺ​ដើម្បី​ធានា​ពី​ការ​ស្នង​តំណែង​ពី​លោក​នៅ​ក្នុង​លក្ខខណ្ឌ​មួយ​ស្ងប់ស្ងាត់ សេរី និង​តម្លាភាព។ បន្ទាប់​មក​ទៀត លោក​ប៊ូតេហ្វ្លីកា​ក៏​បាន​ប្រកាស​ពី​គម្រោង​តាក់តែង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី និង​ត្រូវ​អនុម័ត​ដោយ​ឆ្លង​ការ​បោះឆ្នោត​ប្រជាមតិ។

បើ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ សំណើ​ទាំង​នេះ​របស់​លោក​ប៊ូតេហ្វ្លីកា​ជា​ដំណឹង​ល្អ​ដែល​ប្រទេស និង​ប្រជាជន​អាល់ហ្សេរី​ទូទៅ​ចង់​បាន។ តែ​បើ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ នេះ​គ្រាន់​ជា​លេស​មួយ​ដើម្បី​បញ្ជាក់​ពី​ការ​ឈរ​ឈ្មោះ​ជា​ថ្មី​របស់​លោក​សម្រាប់​អាណត្តិទី៥ ប៉ុណ្ណោះ ព្រោះ​ជម្រៅ​នៃ​បញ្ហា និង​ហេតុផល​នៃ​ការ​បន្ត​ទាមទារ​តវ៉ា​របស់​ប្រជាជន​ពេល​នេះ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។ អ្វី​ដែល​ពួក​គេ​ចង់​បាន​នៅ​ចំពោះ​មុខ គឺ​សុំ​ឲ្យ​លោក​ប៊ូតេហ្វ្លីកា​ដក​បេក្ខភាព​ចេញ​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី១៨ មេសា​ខាង​មុខ ឬ​និយាយ​ឲ្យ​ស្រួល ពួក​គេ​មិន​ចង់​ឃើញ​លោក​ប៊ូតេហ្វ្លីកា​បន្ត​កាន់​តំណែង​មួយ​អាណត្តិ​ថ្មី​ទៀត​ទេ។ សូម​ជម្រាប​ថា​មាន​អាយុ ៨២ឆ្នាំ លោក​ប៊ូតេហ្វ្លីកា​បាន​ជាប់​ឆ្នោត​អាណត្តិទី១ ក្នុង​ឆ្នាំ ១៩៩៩ និង​បាន​ជាប់​ឆ្នោត​ជា​ថ្មី​នៅ​អាណត្តិ​បន្តបន្ទាប់​ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ជាង ៨០%។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា តាំង​ពី​មាន​ជំងឺ​ដាច់​សរសៃ​ខួរក្បាល​ក្នុង​ឆ្នាំ ២០១៣ មក លោក​ប៊ូតេហ្វ្លីកា​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង និង​មិន​អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន​ទេ។ លោក​ប៊ូតេហ្វ្លីកា​បាន​អង្គុយ​ក្នុង​រទេះរុញ​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​អាណត្តិទី៤ ក្នុង​ឆ្នាំ ២០១៤។ តាំង​ពី​ពេល​នោះ​មក លោក​ប៊ូតេហ្វ្លីកា​មិន​ដែល​បាន​ថ្លែង​សារ​ផ្ទាល់​មាត់​មួយ​ម៉ាត់​ណា​ទៅ​កាន់​ប្រជាជន និង​ក៏​មិន​សូវ​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​ដែរ។ តាំង​ពី​ជាង​មួយ​សប្តាហ៍​នេះ​ទៀត ពោល​ក្នុង​ពេល​ដែល​មាន​ផ្ទុះ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឈរ​ឈ្មោះ​របស់​លោក​សម្រាប់​អាណត្តិទី៥ លោក​ប៊ូតេហ្វ្លីកា​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ដើម្បី​ពិនិត្យ​សុខភាព។ ខណៈ​នេះ គេ​គ្មាន​ព័ត៌មាន​ទាក់ទង​នឹង​ស្ថានភាព​សុខភាព​របស់​លោក ហើយ​ក៏​មិន​ដឹង​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក​នៅ​ពេល​ណា​ដែរ។

អ្វី​ដែល​គេ​ដឹង មាន​បេក្ខជន​សរុប ៨រូប​ដែល​បាន​ដាក់​បេក្ខភាព​ជា​ប្រធានាធិបតី​ដោយ​រាប់បញ្ចូល​លោក​ប៊ូតេហ្វ្លីកា​ម្នាក់​ផង​ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ហើយ​ស្ថាប័នកំពូល​មួយ​នេះ​មាន​រយៈពេល ១០ថ្ងៃ​ដោយ​រាប់​ចាប់​ពី​ថ្ងៃទី៤ មីនា​ទៅ​ដើម្បី​ចេញ​ផ្សាយ​បញ្ជី​បេក្ខជន​ផ្លូវការ។ ចុះ​បើ​មាន​បេក្ខជន​ច្រើន​ប៉ុណ្ណឹង​ដែរ តើ​វា​ទាស់​ខុស​អី​នឹង​វត្តមាន​លោក​ប៊ូតេហ្វ្លីកា​ម្នាក់?។ តាម​ពិត​ទៅ មិនមែន​រូប​លោក​ប៊ូតេហ្វ្លីកា​ទេ​ដែល​កំពុង​ចោទ​ជា​បញ្ហា​នោះ តែ​គឺ​ការ​ឈរ​ឈ្មោះ​របស់​លោក​សម្រាប់​អាណត្តិទី៥ ពិសេស​ក្នុង​ស្ថានភាព​សុខភាព​ទ្រុឌទ្រោម​ខ្លាំង​របស់​លោក​បច្ចុប្បន្ន។ ម្យ៉ាង​ទៀត ប្រជាជន​អាល់ហ្សេរី​ភាគ​ច្រើន ពិសេស​ក្រុម​យុវជន​ចង់​បាន​ការ​ផ្លាស់ប្តូរ និង​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ដឹកនាំ​ជិត ២០ឆ្នាំ​របស់​លោក​ប៊ូតេហ្វ្លីកា​ដែល​ពួក​គេ​យល់​ថា កំពុង​ចាក់​ឫស​ដោយ​បក្ខពួក គ្រួសារនិយម និង​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ។

តែ​ចំណោត​នៅ​ត្រង់​ថា​ពី​ខាង​ក្រុម​គណបក្សប្រឆាំង គេ​មិន​ឃើញ​មាន​ឥស្សរជន​ណា​ម្នាក់​លេចធ្លោ​ខ្លាំង​គួរ​ឲ្យ​ទុកចិត្ត ហើយ​ពួក​គេ​ក៏​ពិបាក​និយាយ​សម្លេង​តែ​មួយ​ដើម្បី​បង្រួម​កម្លាំង​តែ​មួយ​ដែរ។ អ្វី​ដែល​គេ​កំពុង​សម្លឹង​ឃើញ​ពេល​នេះ គឺ​ការ​ប្រកាន់​ជំហរ​រៀង​ខ្លួន​របស់​ភាគី​នីមួយៗ និង​កំណើន​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុមបាតុករ និង​កម្លាំង​ប៉ូលិស​នៅ​សឹង​ទូទាំង​ប្រទេស។ តើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ទឹកដី​អាល់ហ្សេរី​ពេល​នេះ មិនមែន​ជា​ចំហាយ​បដិវត្ត​អារ៉ាប់​ដែល​បាន​ផ្ទុះ​ក្នុង​ប្រទេស​ទុយនីស៊ី​កាល​ពី ៨ឆ្នាំ​មុន​ទេ ឬ​យ៉ាង​ណា?៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង-អាល់ហ្សេរី

    បារាំង-អាល់ហ្សេរី៖​លោក​អេម៉ានុយអែល ម៉ាក្រុង​ថា អាណានិគមកិច្ច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ

    ស្វែងយល់បន្ថែម

  • បារាំង

    ការ​សម្លាប់​ជន​ជាតិ​បា​រាំង​នៅ​អាល់​ហ្សេរី​ជា​«​អំ​ពើ​ដ៏​ឃោ​រឃៅ​ និង​គួរ​ឱ្យ​ស្អប់​ខ្ពើម​»​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ