អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​អាល់ហ្សេរី​ឈប់​ឈរឈ្មោះ សម្រាប់​អាណត្តិទី ៥ ប៉ុន្តែ ប្រជាជន​នៅតែ​មិនទុកចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​អាល់ហ្សេរី នៅ​មួយថ្ងៃ​ក្រោយ​ត្រលប់​ចូល​ប្រទេស ដែល​រញ្ជួយ​ដោយ​មហាបាតុកម្ម​ប្រឆាំង​នឹង​ខ្លួន លោក​ប្រធានាធិបតី​អាល់ហ្សេរី អាប់ឌែលឡាហ្ស៊ីស ប៊ូតេផ្លីកា កាលពី​ថ្ងៃ​ចន្ទ​ទី ១១​មីនា បាន​ប្រកាស ដកខ្លួន លែងឈរ​ឈ្មោះ សម្រាប់​អាណត្តិ​ទី៥ ប៉ុន្តែ​ជាមួយ​គ្នា​នោះ លោក​ក៏​បាន​ប្រកាស​លើកពេល​បោះឆ្នោត ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨​មេសា​ខាងមុខ​នេះដែរ។ ការប្រកាស​លែង​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ថ្មី របស់​លោក​ប្រធានាធិបតី ប៊ូតេផ្លីកា មិន​បាន​ធ្វើ​ឲ្យ​ចលនា​ប្រឆាំង​នឹង​លោក​ចុះ​ថយនោះទេ។ ប្រជាជន​អាល់ហ្សេរី គ្រប់​ជាន់ថ្នាក់ ភាគច្រើន​ជា​យុវជន​បាន​ប្រកូកប្រកាស​រួចហើយ ឲ្យ​មាន​មហាបាតុកម្ម​ថ្មី នៅ​ថ្ងៃសុក្រ​សប្តាហ៍​នេះ ដើម្បី​ប្រឆាំង​នឹង​របប​​របស់​លោក​ប្រធានាធិបតី​ប៊ូតេផ្លីកា។ 

ប្រធានាធិបតី​អាល់ហ្សេរី លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេផ្លីកា នៅទីក្រុង​អាល់ហ្សេ ថ្ងៃទី ៩​មេសា ឆ្នាំ ២០១៨
ប្រធានាធិបតី​អាល់ហ្សេរី លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេផ្លីកា នៅទីក្រុង​អាល់ហ្សេ ថ្ងៃទី ៩​មេសា ឆ្នាំ ២០១៨ ©REUTERS/Ramzi Boudina/File Photo
ផ្សាយពាណិជ្ជកម្ម

នៅ​អាល់ហ្សេរី លោក​ប្រធានាធិបតី​អាប់ឌែលឡាហ្ស៊ីស ប៊ូតេផ្លីកា ដែល​កំពុង​រងការរិះគន់ និង​មហាបាតុកម្ម​ប្រឆាំង នៅក្នុង​ប្រទេស ប៉ុន្មាន​សប្តាហ៍​មកហើយនោះ បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោក​នឹង​មិន​ឈរ​ឈ្មោះ សម្រាប់​បន្ត​អាណត្តិ​ទី​៥​នោះទេ។ នេះ​ជា​ដំណឹង​ល្អ​ព្រោះថា វា​ចំណុច​ទាមទារ​របស់​ប្រជាជន​អាល់ហ្សេរី ដែល​បាន​ធ្វើ​បាតុកម្ម​តាំង​ពី​ចុងខែ​កុម្ភៈ​មក។

នៅរដ្ឋធានី​អាល់ហ្សេ កាលពី​យប់ម៉ិញ ប្រជាជន​ត្រេកអរ ស្រែក​ជ័យឃោស​ពេញផ្លូវ នៅពេល​លឺ​សេចក្តី​ប្រកាស​របស់​ប្រធានាធិបតី ប៊ូតេផ្លីកា ដែល​ថា លោក​នឹង​មិន​ឈរ​ឈ្មោះ សម្រាប់​អាណត្តិ​ថ្មី​នោះទេ។

តាំង​ពី​ថ្ងៃទី ២២​កុម្ភៈ ប្រជាជន​អាល់ហ្សេរី​នាំគ្នា​ធ្វើ​បាតុកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ ក៏ដោយសារ​តែ​ពួកគេ​ប្រឆាំង នឹង​បេក្ខភាព​ប្រធានាធិបតី របស់លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេផ្លីកា ដែល​ចង់​ឈរ​ឈ្មោះ សម្រាប់​អាណត្តិ​ទី​៥។ ថ្វីបើ​បាន​លោក ប៊ូតេផ្លីកា​បានឈ្នះឆ្នោត ធ្វើ​ជា​ប្រធានាធិបតី ៤អាណត្តិ​មកហើយ ប៉ុន្តែ សម្រាប់ ប្រជាជន​អាល់ហ្សេរី លោកប៊ូតេផ្លីកា ​លែង​មាន​សមត្ថភាព លទ្ធភាព​ដឹកនាំ​ប្រទេស​ដូចមុន​ទៀតហើយ។ លោក​ប្រធានាធិបតី អាល់ហ្សេរី ដែល​មាន​វ័យ ៨២​ឆ្នាំ មាន​សុខភាព​ទ្រុឌទ្រោម ចាប់តាំង​ពី​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ ដាច់សរសៃឈាម​ខួរក្បាល កាលពី​ឆ្នាំ ២០១៣។ ចាប់តាំង​ពី​ឆ្នាំ ២០១៤ លោក​អង្គុយ​តែ​ក្នុង​រទេះរុញ និង​លែង​បង្ហាញ​មុខ​ជា​សាធារណៈ អស់​ប៉ុន្មាន​ឆ្នាំ​មកហើយ។

ប្រជាជន​នៅតែ​មិនទុកចិត្ត

ជាមួយ​នឹង​សេចក្តីប្រកាស​លែងឈរ​ឈ្មោះ សម្រាប់​បន្ត​អាណត្តិ​ទី៥​របស់​លោក​ប្រធានាធិបតី ប៊ូតេផ្លីកា ប្រជាជន​អាល់ហ្សេរី ត្រេកអរ​លាយ​ជាមួយ​នឹង​ក្តីបារម្ភ ហើយ​និង​ការមិន​ទុកចិត្ត ព្រោះថា លោក​ប៊ូតេផ្លីកា ថ្វី​បើ​ឈប់​លែង​ឈរឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​៥​មែន ប៉ុន្តែ ជាមួយ​គ្នានោះ លោក​ក៏​បាន​ប្រកាស​លើក​ពេល​ថ្ងៃ​បោះឆ្នោត ដោយ​គ្មាន​កាល​កំណត់​ដែរ។ គឺ​នៅ​ត្រង់​ចំណុចនេះហើយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​អាល់ហ្សេរី មិនទុកចិត្ត។

លោក​ប៊ូតេផ្លីកា​ប្រកាស​ថា លោក​គ្មាន​បំណង​ឈរឈ្មោះ សម្រាប់​អាណត្តិ​ថ្មី​នោះទេ ប៉ុន្តែ ជាមួយគ្នានេះ លោក​ក៏​លុបចោល មិន​ឲ្យ​មាន​ការបោះឆ្នោត​ប្រធានាធិបតី ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ នៅ​ខែ​ក្រោយ​នេះ​ដែរ។ លើសពីនោះទេ ដោយសារ​តែ​ថ្ងៃ​បោះឆ្នោត​ត្រូវ​លើកពេល​ដោយ​គ្មាន​កាលកំណត់ លោកប៊ូតេផ្លីកា បាន​និយាយ​ថា លោក​នឹង​បន្ត​ដឹកនាំ​ប្រទេស រហូត នោះបើទោះបី​ជា​អាណត្តិ​របស់​លោក​ត្រូវ​ចប់​នៅ​ថ្ងៃ ទី ២៨​មេសា​ក៏ដោយ ពោល​គឺ រហូត​ដល់​ប្រទេស​មាន​ប្រធានាធិបតី​ថ្មី។ តើ​នេះ មាន​ន័យថា យ៉ាងម៉េច? សម្រាប់​ ប្រជាជន​អាល់ហ្សេរី ផ្ទាល់ នេះ​ជាគំនិត​បោកបញ្ឆោត ប្រជាជន ហើយ​និង​លេស ល្បិចកល​មួយទៀត របស់​លោកប៊ូតេផ្លីកា ដើម្បី កាន់អំណាច យូរតទៅទៀត។ បើគេ​ប្រឆាំង​មិន​ឲ្យ​លោក​ឈរ​ឈ្មោះ សម្រាប់​អាណត្តិ​ទី ៥ នោះ​គឺ​មាន​តែ​លោក​ពន្យារ អាណត្តិ​ទី ៤ ឲ្យ​វែង តទៅទៀត ដោយ​មិន​ចាំបាច់​ឲ្យ​មាន​ការបោះឆ្នោត​ធ្វើអ្វី​នោះទេ។

ជ្រើសរើស​រដ្ឋមន្រ្តី​ការពារជាតិ​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ថ្មី

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់លោកប្រធានាធិបតី ប៊ូតេផ្លីកា​ដែល​គេ​អាន​តាមទូរទស្សន៍​រដ្ឋ កាលពី​ថ្ងៃ​ចន្ទ ទី ១១ មីនា លោកប្រធានាធិបតី​អាល់ហ្សេរី មិន​បាន​លើក​ហេតុផល រដ្ឋធម្មនុញ្ញ ឬ​ច្បាប់​អ្វី​មក​បញ្ជាក់ ដើម្បី​មក​សំអាង ពី​ការលើក​ថ្ងៃ​បោះឆ្នោតនោះទេ។ ផ្ទុយទៅវិញ លោក​គ្រាន់តែ​អះអាងថា លោក​ធ្វើនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់ប្រជាជន​អាល់ហ្សេរី ដែល​ចង់​មាន​ការផ្ទេរ ការដាក់​ដឹកនាំ​ប្រទេស​ទៅ​ឲ្យ​មនុស្ស​ជំនាន់​ថ្មី។ លោក​ប៊ូតេហ្វ្លេកា​បាន​លើកឡើង​ពី​ការផ្ទេរ​អំណាច​ដោយ​រលូន ការធ្វើ​កំណែទម្រង់ តាមរយៈ​ការរៀបចំ​សន្និសីទ​ជាតិមួយ ឲ្យ​បាន​មុន​ដាច់​ឆ្នាំ​នេះ។ តាម លោក​ប៊ូតេផ្លីកា នៅក្នុង​សន្និសីទ​ជាតិ ដែល​នឹង​ដឹកនាំ​ដោយ​អ្នកតំណាង​សង្គម​ស៊ីវិល គេ​នឹង​រៀបចំ​ឲ្យ​មាន​កំណែ​ទម្រង់ រដ្ឋធម្មនុញ្ញ ហើយ​គឺ​នៅក្នុង​ពេល​រៀបចំ​សន្និសីទជាតិ នោះឯង ដែល​គេ​នឹង​កំណត់​ថ្ងៃ​បោះឆ្នោតថ្មី។

ក្នុង​ពេល​រង់ចាំ លោក​ប៊ូតេផ្លីកា​នឹង​នៅតែ​បន្ត​កាន់តំណែង​ប្រធានាធិបតី​អាល់ហ្សេរី​ដដែល។ អ្នកវិភាគ​នយោបាយ ហើយ​និង​អ្នកច្បាប់​អាល់ហ្សេរី វាយតម្លៃថា ដោយ​ប្រកាស​លុបចោល​ថ្ងៃ​បោះឆ្នោត ដោយ​គ្មាន​ហេតុផល​វិបត្តិ​នយោបាយ​អ្វីសោះ លោក​ប៊ូតេផ្លីកា​កំពុង​តែ រំលោភ​ច្បាប់។ ម្យ៉ាងទៀត លោក​ប្រធានាធិបតី កំពុង​តែ​រំលោភ​រដ្ឋធម្មនុញ្ញ ដោយ​បាន​ប្រកាស​បង្កើត​តំណែង​ឧបនាយករដ្ឋមន្រ្តី កាលពី​ថ្ងៃ​ចន្ទ។ នៅ​ថ្ងៃ​ម្សិលមិញ ដើម្បី សម្រាល​កំហឹង ចលនា​ប្រឆាំង​ខ្លួន លោក​ប្រធានាធិបតី ប៊ូតេផ្លីកា បាន​ប្រកាស​រំលាយ​រដ្ឋាភិបាល​បច្ចុប្បន្ន ដោយ​បាន​ជ្រើសតាំង រដ្ឋមន្រ្តី​ការពារ​ជាតិ លោក Noureddine Bedoui ឲ្យ​ជំនួសនាយករដ្ឋមន្រ្តី ដ៏ចម្រូងចម្រូស លោក Ahmed Ouyahia និង​បាន​ជា​ជ្រើសរើស​រដ្ឋមន្រ្តី​ការបរទេស​ឲ្យ​ធ្វើ​ជា​ឧបនាយករដ្ឋមន្រ្តី ដែល​ជា​តំណែង​ត្រូវ​គេ​លុបចោល តាំង​ពី​ឆ្នាំ ២០១២​មក។ សម្រាប់ ប្រជាជន​អាល់ហ្សេរី ដោយ​ប្រកាស​លើកពេល​បោះឆ្នោត លោក​ប៊ូតេផ្លីកា កំពុង​ឆ្លៀតកេង​ចង់​ចំណេញពេល​១ឆ្នាំទៀត ដើម្បី ដាក់​បងប្អូន បក្ស​ពួក​របស់ខ្លួន សម្រាប់​តំណែង​គន្លឹះ សំខាន់ និង​ដើម្បី​ចាក់គ្រឹះ​នៅ​កាន់អំណាច យូរតទៅទៀត នៅ​អាល់ហ្សេរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ