ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT

អាល់ហ្សេរី៖​តើ​កងទ័ព​កំពុង​រុញ​លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​ឲ្យ​ចុះ​ចេញ​ពី​កៅអី​ប្រធានាធិបតី​ឬ?

អាល់ហ្សេរី៖​តើ​កងទ័ព​កំពុង​រុញ​លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​ឲ្យ​ចុះ​ចេញ​ពី​កៅអី​ប្រធានាធិបតី​ឬ?
 
ប្រធានាធិបតីអាល់ហ្សេរី លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា និង​​អគ្គសេនាធិការកងទ័ព​​ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​ REUTERS/Ramzi Boudina/File Photo

នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី វិបត្តិនយោបាយ​ដែល​កំពុង​អូសបន្លាយ​ជាង ១ខែ​កន្លង​មក​បាន​ឈាន​ដល់​ផ្លូវរបត់​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​ល្ងាច​ថ្ងៃ​អង្គារ ទី២៦ មីនា។ ផ្លូវរបត់​នោះ គឺ​ការ​ចេញ​អន្តរាគមន៍​របស់​អគ្គសេនាធិការកងទ័ព​ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​ដែល​បាន​ថ្លែង​ជា​ផ្លូវការ​ថា ប្រធានាធិបតី​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​ត្រូវ​ប្រកាស​ពី​ភាព​គ្មាន​សម្បទា​ក្នុង​ការ​បន្ត​កាន់​អំណាច។

ការ​ថ្លែង​យ៉ាង​ដូច​នេះ​ដោយ​ឧត្តមសេនីយ​សាឡា​បាន​លើក​យក​មាត្រា​ទី១០២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ទៅ​សំអាង​ក្នុង​ករណី​ដែល​ប្រធានាធិបតី​លា​ចុះ​ពី​តំណែង ឬ​មួយ​កំពុង​មាន​ជំងឺ​ប្រចាំកាយ​រុំារ៉ែ យូរអង្វែង។ គួរ​រម្លឹក​ថា ពលរដ្ឋ​អាល់ហ្សេរី​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​តាំង​ពី​ជាង ១ខែ​ដើម្បី​ទាមទារ​ឲ្យ​លោក​ប៊ូតេហ្វ្លីកា​ចុះ​ចេញ​ពី​តំណែង។

ការ​ថ្លែង​របស់​ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី២៦ មីនា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ឬ​មួយ​ជា​រឿង​ដែល​គ្រប់​គ្នា​បាន​រង់ចាំ។ ជា​រឿង​ភ្ញាក់ផ្អើល ព្រោះ​គេ​មិន​នឹក​ស្មាន​ថា​ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​ដែល​មាន​អាយុ ៧៩ឆ្នាំ និង​ជា​មនុស្ស​ជំនិត​ខ្លាំង​ម្នាក់​របស់​លោក​ប្រធានាធិបតី​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​ហ៊ាន​ចេញ​មុខ​ប្រកាស​ជា​ចំហ និង​ផ្លូវការ​របៀប​នេះ។ ជា​រឿង​រង់ចាំ ព្រោះ​នៅ​ក្នុង​វិបត្តិ​នយោបាយ​មួយ​ដែល​កំពុង​អូសបន្លាយ​ដូច​ករណី​ប្រទេស​អាល់ហ្សេរី​សព្វថ្ងៃ គ្រប់​គ្នា​កំពុង​ផ្តោត​ចក្ខុ​មើល​ជំហរ​របស់​កងទ័ព។ ជា​ទូទៅ បើ​កងទ័ព​ផ្អៀង​ទៅ​ខាង​ណា គឺ​ខាង​នោះ​ជា​អ្នក​ឈ្នះ។ តែ​គេ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា អន្តរាគមន៍​របស់​ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​ជា​ការ​ប្តូរ​ជំហរ​ពី​ការ​គាំទ្រ​លោក​ប៊ូតេហ្វ្លីកា​ទៅ​គាំទ្រ​ពួក​បាតុករ។

នៅ​ក្នុង​ការ​ថ្លែង​ជា​ចំហ និង​ជា​ផ្លូវការ​តាម​កញ្ជក់​ទូរទស្សន៍ ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​បាន​លើក​យក​មាត្រា​ទី១០២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ជា​សំអាង​ដើម្បី​ស្នើ​ឲ្យ​លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​ចុះ​ចេញ​ពី​កៅអី​ប្រធានាធិបតី។ បន្ទាប់​មក និង​ដើម្បី​បញ្ជាក់​ពី​អន្តរាគមន៍​របស់​លោក​ពេល​នេះ ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​បាន​សង្កត់​ធ្ងន់​ពី​ការ​ធានា​សណ្តាប់ធ្នាប់​សង្គម និង​ទប់ស្កាត់​ហានិភ័យ​សន្តិសុខ​ជា​យថាហេតុ​ដែល​អាច​កើត​ចេញ​ពី​ការ​បះបោរ​របស់​ប្រជាជន​ដែល​នៅ​ជា​បាតុកម្ម​អហិង្សា​មក​ទល់​ពេល​នេះ។ គួរ​រម្លឹក​ថា​ពី​ដំបូង ពលរដ្ឋ​អាល់ហ្សេរី​បាន​ប្រឆាំង​នឹង​ការ​ឈរ​ឈ្មោះ​ប្រធានាធិបតី​សម្រាប់​អាណត្តិទី៥ របស់​លោក​ប៊ូតេហ្វ្លីកា។

តែ​ក្រោយ​ពី​លោក​ប៊ូតេហ្វ្លីកា​បាន​សម្រេច​ដក​បេក្ខភាព​ចេញ​វិញ​ក្នុង​ថ្ងៃទី១១ មីនា និង​លុប​ចោល​ការ​បោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី១៨ មេសា​មក បាតុករ​អាល់ហ្សេរី​បាន​ទាមទារ​ឲ្យ​លោក​ប៊ូតេហ្វ្លីកា​ចុះ​ចេញ​ពី​តំណែង​ក្នុង​អាណត្តិទី៤ នេះ។

ជា​រូបភាព​រដ្ឋប្រហារ​យោធា?

គេ​ប្រហែល​នៅ​មិន​ទាន់​អាច​ប្រៀប​ប្រដូច​រូបភាព​អន្តរាគមន៍​របស់​ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​ទៅ​នឹង​រូបភាព​រដ្ឋប្រហារ​យោធា​នៅ​ឡើយ​ទេ ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ថា ជា​រូបភាព​មួយ​នៃ​ការ​បោះ​មួយ​ជំហាន​ចូល​ក្នុង​រូបភាព​រដ្ឋប្រហារ​យោធា​ក៏​ដោយ។ អ្វី​ដែល​គេ​អាច​និយាយ​បាន និង​ដែល​គ្មាន​នរណា​ម្នាក់​អាច​និយាយ​ផ្ទុយ​ពី​នេះ​នោះ​គឺ​ថា កងទ័ព​ហាក់​បាន​លូកដៃ​កាន់​តែ​ជ្រៅ​នៅ​ក្នុង​វិបត្តិ​ជាង ១ខែ​កន្លង​ទៅ​មួយ​នេះ។ គួរ​បញ្ជាក់​ថា​នៅ​ពេល​ដំបូង ពោល​ក្រោយ​ផ្ទុះ​បាតុកម្ម​បាន ៣សប្តាហ៍ ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​រូប​នេះ​ដដែល​ក៏​ធ្លាប់​បាន​សម្តែង​សមានចិត្ត និង​ទទួល​ស្គាល់​ការ​ទាមទារ​ត្រឹមត្រូវ​របស់​បាតុករ​ដែរ។

ក្នុង​នាម​ជា​អគ្គសេនាធិការកងទ័ព ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​បាន​លើកឡើង​ពី​តួនាទី​របស់​កងទ័ព​ក្នុង​ការ​រក្សា​ស្ថិរភាព​​របស់​ប្រទេសជាតិ។ តែ​ក្រុម​អ្នកវិភាគ​បាន​សម្លឹង​ឃើញ​រូបភាព​ពីរ​នៅ​ក្នុង​អន្តរាគមន៍​របស់​ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា ទី១ គឺ​ដើម្បី​ធានា​ឲ្យ​មាន​ដំណើរការ​អន្តរកាល​មួយ​ដែល​នឹង​បន្ត​គ្រប់គ្រង​ដោយ​ប្រព័ន្ធ និង​ក្រុម​ដដែល បន្ទាប់​ពី​ការ​ចាកចេញ​របស់​លោក​ប៊ូតេហ្វ្លីកា និង​ទី២ គឺ​គឺ​ដើម្បី​ធានា​ឲ្យ​មាន​ដំណើរការ​អន្តរកាល​មួយ​ដែល​នឹង​គ្រប់គ្រង​ដោយ​ប្រព័ន្ធ និង​ក្រុម​មនុស្ស​ថ្មី​ទាមទារ ចង់​បាន​របស់​ពលរដ្ឋ។ គួរ​ជម្រាប​ថា ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​ដែល​ជា​មនុស្ស​ជំនិត​ខ្លាំង​ម្នាក់​របស់​ប្រធានាធិបតី​ប៊ូតេហ្វ្លីកា​ធ្លាប់​បាន​ស្បថ​ថា មិន​ក្បត់ និង​ជូន​ដំណើរ​លោក​ប៊ូតេហ្វ្លីកា​រហូត​ដល់​ទីបញ្ចប់។

គឺ​លោក​ប៊ូតេហ្វ្លីកា​ដែល​បាន​តែងតាំង​លោក​សាឡា​ជា​អគ្គសេនាធិការកងទ័ព​ក្នុង​ឆ្នាំ ២០០៤ ជំនួស​ឧត្តមសេនីយ​ឡាម៉ារី។ ចង់ ឬ​មិន​ចង់ ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​ជំពាក់​គុណ​លោក​ប៊ូតេហ្វ្លីកា​ច្រើន​ណាស់។ តែ​ទីបំផុត ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​រូប​នេះ​បែរ​ជា​កំពុង​គូស​ផ្លូវ​ឲ្យ​លោក​ប៊ូតេហ្វ្លីកា​ដើរ​ទៅ​វិញ។

សេណារីយ៉ូ​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រាទី១០២ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ

មាត្រា​ទី១០២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​អាល់ហ្សេរី​បាន​ចែង​ពីរ​ករណី ទី១ ក្នុង​ពេល​ប្រធានាធិបតី​លា​ចុះ​ពី​តំណែង និង​ទី២ ក្នុង​ពេល​ប្រធានាធិបតី​មិន​អាច​ដឹកនាំ​បាន​ដោយ​មូលហេតុ​សុខភាព។ លោក​ប៊ូតេហ្វ្លីកា​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទី១ ទេ ព្រោះ​លោក​កំពុង​បន្ត​កាន់​តំណែង​អាណត្តិទី៤។ តែ​ជាប់​ក្នុង​ករណី​ទី២ ព្រោះ​តាំង​ពី​មាន​ជំងឺ​ដាច់​សរសៃ​ខួរក្បាល​ក្នុង​ឆ្នាំ ២០១៣ មក លោក​ប៊ូតេហ្វ្លីកា​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង និង​មិន​អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន។ ជាក់ស្តែង​លោក​បាន​អង្គុយ​ក្នុង​រទេះរុញ​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​អាណត្តិទី៤ ក្នុង​ឆ្នាំ ២០១៤។ លើស​ពី​នេះ​តាំង​ពី​ពេល​នោះ​មក លោក​ក៏​មិន​ដែល​បាន​ថ្លែង​សារ​ផ្ទាល់​មាត់​មួយ​ម៉ាត់​ណា​ទៅ​កាន់​ប្រជាជន និង​ក៏​មិន​សូវ​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​ដែរ។

អ្វី​ដែល​ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​បាន​លើក​ឡើង​គ្រាន់​ជា​សំណើទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​លោក​តាយីប ប៊ីឡាយ​ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ និង​ក៏​ជា​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​​ប៊ូតេហ្វ្លីកា​ដែរ។ បើ​លោក​តាយីប ប៊ីឡាយ​ព្រម​ទទួល​យក​សំណើ​របស់​ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា លោក​ប៊ីឡាយ​ត្រូវ​ដាក់​សំណើ​នេះ​ទៅ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​អនុម័ត​ជា​ឯកច្ឆន្ទ។ បន្ទាប់​មក សំណើ​ដដែល​នេះ​នឹង​ត្រូវ​អនុម័ត​ទទួល​យក​ដោយ​សភា និង​ព្រឹទ្ធសភា​ក្នុង​សម្លេង​គំាទ្រ​២ ភាគ៣។ បើ​អ្វីៗ​មាន​ដំណើរការ​ដោយ​រលូន តំណែង​ប្រធានាធិបតី​នឹង​ត្រូវ​ជំនួស​បណ្តោះអាសន្ន​ដោយ​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​លោក​អាប់ឌែលកាឌែរ ប៊េនសាឡា​រយៈពេល ៤៥ថ្ងៃ ឬ​យ៉ាង​យូរ​បំផុត ៩០ថ្ងៃ។ ក្នុង​រយៈពេល​នេះ រដ្ឋាភិបាល​នឹង​ត្រូវ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ដដែល​ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី។

ជា​ផ្លូវការ អ្វី​ដែល​ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រើ​មាត្រាទី១០២ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​គ្រាន់​ជា​សំណើ តែ​សំណើ​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​មាន​ន័យ​ស្មើ​នឹង​ការ​បង្គាប់បញ្ជា​មួយ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ប្រធានាធិបតី​អាល់ហ្សេរី​ឈប់​ឈរឈ្មោះ សម្រាប់​អាណត្តិទី ៥ ប៉ុន្តែ ប្រជាជន​នៅតែ​មិនទុកចិត្ត

    ស្វែងយល់បន្ថែម

  • ប្រធានាធិបតី​អាល់ហ្សេរី​ត្រលប់​ចូល​ប្រទេស​វិញ តែ​សន្ទុះ​បាតុកម្ម​ប្រឆាំង​កាន់​តែ​ខ្លាំង

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ហេតុអ្វី​បាន​ជា​ពលរដ្ឋ​អាល់ហ្សេរី​ប្រឆាំង​នឹង​ការ​ឈរ​ឈ្មោះ​ប្រធានាធិបតី​របស់​លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​សម្រាប់​អាណត្តិ​ទី៥?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ