អាល់ហ្សេរី៖ការប្រកាសចុះពីកៅអីប្រធានាធិបតីរបស់លោកប៊ូតេហ្វ្លីកានៅមិនទាន់អាចរំងាប់បាតុកម្មរបស់ប្រជាជន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១១
នៅក្នុងប្រទេសអាល់ហ្សេរី លោកប្រធានាធិបតីអាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកានឹងចុះពីតំណែងនៅមុនថ្ងៃទី២៨ មេសាដែលជាថ្ងៃបញ្ចប់អាណត្តិទី៤ ផ្លូវការ។ ព័ត៌មានថ្មីចុងក្រោយមួយនេះត្រូវបានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់វិមានប្រធានាធិបតីនារសៀលថ្ងៃចន្ទ ទី១ មេសា។ សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា មុននឹងបញ្ជាក់ថ្ងៃលាឈប់ពីតំណែងជាផ្លូវការ លោកប៊ូតេហ្វ្លីកានឹងត្រូវអនុម័តលើវិធានការសំខាន់ៗមួយចំនួនដើម្បីធានាដំណើរការរបស់ប្រទេសនៅក្នុងសម័យអន្តរកាល។ ទោះជាយ៉ាងនេះក្តី ការប្រកាសលាចុះពីកៅអីប្រធានាធិបតីរបស់លោកប៊ូតេហ្វ្លីកាដែលជាការទាមទារ ចង់បានរបស់ពលរដ្ឋហាក់នៅមិនទាន់អាចរំងាប់ភាពបះបោររបស់ប្រជាជនបាននៅឡើយទេ។
នេះជាដំណឹងមួយដែលគ្រប់គ្នាបានរង់ចាំ និងជាជម្រើសមួយដែលលោកប៊ូតេហ្វ្លីកាគ្មានជម្រើសអ្វីផ្សេង។ គ្មានជម្រើសផ្សេង ព្រោះប្រធានាធិបតីវ័យ ៨២ឆ្នាំដែលកំពុងមានជំងឺ និងដើរខ្លួនឯងមិនកើតរូបនេះបានប្រឈមនឹងបាតុកម្មប្រឆាំងរបស់ប្រជាជនតាំងពីថ្ងៃទី២២ កុម្ភៈ។ នៅក្នុងជំហានដំបូង ជាបាតុកម្មប្រឆាំងនឹងការដែលលោកប៊ូតេហ្វ្លីកាបានប្រកាសឈរឈ្មោះប្រធានាធិបតីអាណត្តិទី៥ សម្រាប់ការបោះឆ្នោតដែលគ្រោងរៀបចំនៅថ្ងៃទី១៨ មេសា។ តែដោយសម្លឹងឃើញក្បួនបាតុកម្មកាន់តែរីករាលដាលធំទៅៗ លោកប៊ូតេហ្វ្លីកាក៏បានសម្រេចដកបេក្ខភាពចេញវិញក្នុងថ្ងៃទី១១ មីនា។ តែទន្ទឹមនឹងឈប់ឈរឈ្មោះសម្រាប់អាណត្តិទី៥ លោកប៊ូតេហ្វ្លីកាក៏បានប្រកាសលើកថ្ងៃបោះឆ្នោតដោយមិនបានកំណត់ថ្ងៃថ្មីទេ។
កាយវិកាយរបៀបនេះបានអនុញ្ញាតឲ្យលោកប៊ូតេហ្វ្លីកាបន្តកាន់តំណែងអាណត្តិទី៤ រហូតដល់ទីបញ្ចប់។ បន្ទាប់ និងអ្វីដែលពលរដ្ឋចង់បានជាបន្ត គឺការលាឈប់ពីតំណែងរបស់លោកប៊ូតេហ្វ្លីកានៅក្នុងអាណត្តិទី៤។ គំនាបលើលោកប៊ូតេហ្វ្លីកាបន្តមានតាមរយៈក្បួនបាតុកម្មដោយមានការចូលរួមពីប្រជាជននៅគ្រប់ស្រទាប់វណ្ណៈ។ ស្រាប់តែនៅល្ងាចថ្ងៃអង្គារ ទី២៦ មីនា អគ្គសេនាធិការកងទ័ពឧត្តមសេនីយអាម៉េដ ហ្កាយ សាឡាបានចូលខ្លួនអន្តរាគមន៍គួរឲ្យភ្ញាក់ផ្អើលដោយស្នើឲ្យប្រើមាត្រាទី១០២ នៃច្បាប់រដ្ឋធម្មនុញ្ញដើម្បីដកតំណែងប្រធានាធិបតីម្នាក់ដែលបានលាចុះពីមុខតំណែង ឬកំពុងមានជំងឺប្រចាំកាយមិនអាចដឹកនាំប្រទេសបាន។
លោកប៊ូតេហ្វ្លីកាបានចូលក្នុងករណីជាប្រធានាធិបតីដែលកំពុងមានជំងឺប្រចាំកាយមិនអាចដឹកនាំប្រទេសបាន។ តែដោយគ្មាននរណាម្នាក់ចាប់អារម្មណ៍ធ្វើដឹង ធ្វើឮនឹងសំណើមួយនេះ ឧត្តមសេនីយសាឡាក៏បានលើកយកសំណើដដែលនេះទៅនិយាយម្តងទៀតកាលពីថ្ងៃទី៣០ មីនាដោយបញ្ជាក់ច្បាស់ៗថា មានតែវិធីសាស្រ្តមួយនេះទើបគេអាចបិទបញ្ចប់វិបត្តិសព្វថ្ងៃបាន។ ឃើញថា គឺការជួយរុញរបស់កងទ័ពដែលបានបង្ខំលោកប៊ូតេហ្វ្លីកាឲ្យប្រកាសចុះចេញពីតំណែងពេលនេះ នោះបើទោះបីមិនមែនជាការប្រើមាត្រាទី១០២ នៃច្បាប់រដ្ឋធម្មនុញ្ញតាមសំណើរបស់ឧត្តមសេនីយសាឡាក៏ដោយ។
ក្រោយពីលោកប៊ូតេហ្វ្លីកាបានចុះពីកៅអីប្រធានាធិបតី
ទន្ទឹមនឹងប្រកាសពីការចុះពីតំណែងរបស់លោកប៊ូតេហ្វ្លីកានៅមុនថ្ងៃទី២៨ មេសាដែលជាថ្ងៃបញ្ចប់អាណត្តិទី៤ ផ្លូវការ វិមានប្រធានាធិបតីក៏បានប្រកាសពីគម្រោងអនុម័តលើវិធានការសំខាន់ៗមួយចំនួនរបស់លោកប៊ូតេហ្វ្លីនាពេលខាងមុខ តែមិនបានលំអិតអ្វីបន្ថែមជុំវិញវិធានការទាំងនោះទេ។ អ្វីដែលគេអាចនិយាយបាន និងដែលមាត្រាទី១០២ នៃច្បាប់រដ្ឋធម្មនុញ្ញបានចែង គឺទាក់ទងនឹងឥស្សរជនដែលត្រូវកាន់តំណែងប្រធានាធិបតីស្តីទី និងសិទ្ធិអំណាចរបស់ប្រធានាធិបតីស្តីទី។ តែនៅក្នុងជំហានដំបូង ក្រុមប្រឹក្សាធម្មនុញ្ញត្រូវបើកកិច្ចប្រជុំមួយដើម្បីបញ្ជាក់ជាផ្លូវការពីកៅអីប្រធានាធិបតីនៅទំនេរដោយបញ្ជូនសេចក្តីប្រកាសព័ត៌មានជាផ្លូវការទៅឲ្យសភាទាំងពីរ។
តែមាត្រាទី១០២ ដដែលមិនបានបញ្ជាក់ពីការដែលសភាទាំងពីរត្រូវបោះឆ្នោតឬអត់ទេ។ បន្ទាប់មក គឺប្រធានក្រុមប្រឹក្សាជាតិជាអ្នកទទួលតំណែងប្រធានាធិបតីស្តីទីសម្រាប់រយៈពេលយ៉ាងច្រើនបំផុត ៩០ថ្ងៃ។ តែបើប្រធានក្រុមប្រឹក្សាជាតិមិនអាចធានារ៉ាប់រងតំណែងនេះបាន ទោះក្រោមហេតុផលអ្វីក៏ដោយ តំណែងប្រធានាធិបតីស្តីទីនឹងត្រូវធ្លាក់ក្នុងដៃប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់រយៈពេលយ៉ាងច្រើនបំផុត ៩០ថ្ងៃដូចគ្នា។ រយៈពេល ៩០ថ្ងៃជារយៈពេលដែលប្រធានាធិបតីស្តីទីត្រូវរៀបចំបោះឆ្នោតប្រធានាធិបតីថ្មី។ តែរូបប្រធានាធិបតីស្តីទីមិនអាចឈរឈ្មោះនៅក្នុងការបោះឆ្នោតនោះបានទេ ហើយគ្មានសិទ្ធិរៀបចំបោះឆ្នោតប្រជាមតិ មិនអាចសើរើច្បាប់រដ្ឋធម្មនុញ្ញ និងក៏គ្មានសិទ្ធិរំលាយសភា។
ដើម្បីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ឬដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពអ្វីមួយ គឺត្រូវមានការយល់ព្រមពីសភា និងព្រឹទ្ធសភាជាមុនសិន។ ចំណែករដ្ឋាភិបាលក្នុងសម័យអន្តរកាលក៏មិនត្រូវអាចរំលាយ ឬរុះរើដោះដូរសមាសភាពនៅមុនការរៀបចំបោះឆ្នោតប្រធានាធិបតីថ្មីដែរ។ បើនាយករដ្ឋមន្រ្តីក្នុងសម័យអន្តរកាលចេញទៅឈរឈ្មោះបេក្ខជនប្រធានាធិបតី នាយករដ្ឋមន្រ្តីរូបនោះនឹងត្រូវលាលែងជាស្វ័យប្រវត្តិ ហើយត្រូវដាក់ជំនួសដោយសមាជិកម្នាក់ក្នុងរដ្ឋាភិបាលដែលតែងតាំងដោយប្រធានាធិបតីស្តីទី។
ក្រុមបាតុករបន្តទាមទារឲ្យគាស់រំលើងប្រព័ន្ធដឹកនាំរបស់លោកប៊ូតេហ្វ្លីកា
បាតុកម្មដំបូងក្នុងថ្ងៃទី២២ កុម្ភៈ ពលរដ្ឋអាល់ហ្សេរីប្រឆាំងនឹងការឈរឈ្មោះប្រធានាធិបតីអាណត្តិទី៥ របស់លោកអាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា។ តែក្រោយពីលោកប៊ូតេហ្វ្លីកាសម្រេចដកបេក្ខភាពចេញវិញមក ពលរដ្ឋបានទាមទារឲ្យលោកលាចេញពីតំណែងក្នុងអាណត្តិទី៤ ព្រមទាំងឲ្យមានការគាស់រំលើងប្រព័ន្ធ និងក្រុមមនុស្សដែលកំពុងដឹកនាំសព្វថ្ងៃនេះទាំងអស់។ ក្រោមភ្នែក ច្រមុះរបស់ពលរដ្ឋអាល់ហ្សេរីទូទៅ ប្រព័ន្ធនយោបាយដឹកនាំផ្តាច់មុខក្រោមអំណាចរបស់លោកប៊ូតេហ្វ្លីការយៈពេល ២០ឆ្នាំបានចាក់ឫសដោយបក្ខពួក គ្រួសារនិយម និងអំពើពុករលួយជាលក្ខណៈប្រព័ន្ធ។
ការប្រកាសលាចុះពីកៅអីប្រធានាធិបតីរបស់លោកប៊ូតេហ្វ្លីកាពេលនេះពិតជាការចង់បានរបស់ពលរដ្ឋ តែវាគ្រាន់ជាជ្រុងមួយនៃការទាមទារប៉ុណ្ណោះ ព្រោះអ្វីដែលដែលពួកគេចង់បានបន្ទាប់ គឺការលាចុះទាំងអស់គ្នា ពោលក្រុមមនុស្សជំនិតជិត ឬឆ្ងាយរបស់លោកប៊ូតេហ្វ្លីកា ពិសេសប្រធានក្រុមប្រឹក្សាជាតិលោកអាប់ឌែលកាឌែរ បេនសាឡា ឬប្រធានក្រុមប្រឹក្សាធម្មនុញ្ញលោកតាយីប ប៊ីលេ។ តាមពិតទៅ ក្រុមបាតុករអាល់ហ្សេរីមិនចង់បាននីតិវិធីអន្តរកាលដូចដែលមានចែងនៅក្នុងមាត្រា ទី១០២ នៃច្បាប់រដ្ឋធម្មនុញ្ញពេលនេះទេ។ អ្វីដែលពួកគេចង់បាន គឺបង្កើតស្ថាប័នឯករាជ្យមួយដើម្បីរៀបចំការបោះឆ្នោតប្រធានាធិបតី។ តើការប្រកាសលាចុះពីតំណែងរបស់លោកប៊ូតេហ្វ្លីកាពេលនេះមិនមែនធ្លាក់មកយឺតពេលពេកទេឬ?។ នេះជាសំណួរដែលគ្រប់គ្នាកំពុងចោទសួរ។
យ៉ាងណាក៏ដោយ ផ្លូវដែលត្រូវដើរនៅវែងឆ្ងាយ និងស្មុគស្មាញខ្លាំងដើម្បីអាចឲ្យប្រទេសអាល់ហ្សេរីត្រឡប់មករកស្ថិរភាព និងភាពប្រក្រតីឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ