អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាល់ហ្សេរី៖​ការ​ប្រកាស​ចុះ​ពី​កៅអី​ប្រធានាធិបតី​របស់​លោក​ប៊ូតេហ្វ្លីកា​នៅ​មិន​ទាន់​អាច​រំងាប់​បាតុកម្ម​​របស់​ប្រជាជន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី លោក​ប្រធានាធិបតី​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​នឹង​ចុះ​ពី​តំណែង​នៅ​មុន​ថ្ងៃទី២៨ មេសា​ដែល​ជា​ថ្ងៃ​បញ្ចប់​អាណត្តិទី៤ ផ្លូវការ។ ព័ត៌មាន​ថ្មី​ចុង​ក្រោយ​មួយ​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​វិមាន​ប្រធានាធិបតី​នា​រសៀល​ថ្ងៃ​ចន្ទ ទី១ មេសា។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា មុន​នឹង​បញ្ជាក់​ថ្ងៃ​លា​ឈប់​ពី​តំណែង​ជា​ផ្លូវការ លោក​ប៊ូតេហ្វ្លីកា​នឹង​ត្រូវ​អនុម័ត​លើ​វិធានការ​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ធានា​ដំណើរការ​របស់​ប្រទេស​នៅ​ក្នុង​សម័យ​អន្តរកាល។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ប្រកាស​លា​ចុះ​ពី​កៅអី​ប្រធានាធិបតី​របស់​លោក​ប៊ូតេហ្វ្លីកា​ដែល​ជា​ការ​ទាមទារ ចង់​បាន​របស់​ពលរដ្ឋ​ហាក់​នៅ​មិន​ទាន់​អាច​រំងាប់​ភាព​បះបោរ​របស់​ប្រជាជន​បាន​នៅ​ឡើយ​ទេ។

ប្រធានាធិបតីអាល់ហ្សេរី​ លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា
ប្រធានាធិបតីអាល់ហ្សេរី​ លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា REUTERS/Ramzi Boudina/File Photo
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ដំណឹង​មួយ​ដែល​គ្រប់​គ្នា​បាន​រង់ចាំ និង​ជា​ជម្រើស​មួយ​ដែល​លោក​ប៊ូតេហ្វ្លីកា​គ្មាន​ជម្រើស​អ្វី​ផ្សេង។ គ្មាន​ជម្រើស​ផ្សេង ព្រោះ​ប្រធានាធិបតី​វ័យ ៨២ឆ្នាំ​ដែល​កំពុង​មាន​ជំងឺ និង​ដើរ​ខ្លួន​ឯង​មិន​កើត​រូប​នេះ​បាន​ប្រឈម​នឹង​បាតុកម្ម​ប្រឆាំង​របស់​ប្រជាជន​តាំង​ពី​ថ្ងៃទី២២ កុម្ភៈ។ នៅ​ក្នុង​ជំហាន​ដំបូង ជា​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដែល​លោក​ប៊ូតេហ្វ្លីកា​បាន​ប្រកាស​ឈរ​ឈ្មោះ​ប្រធានាធិបតី​អាណត្តិទី៥ សម្រាប់​ការ​បោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី១៨ មេសា។ តែ​ដោយ​សម្លឹង​ឃើញ​ក្បួន​បាតុកម្ម​កាន់​តែ​រីករាលដាល​ធំ​ទៅៗ លោក​ប៊ូតេហ្វ្លីកា​ក៏​បាន​សម្រេច​ដក​បេក្ខភាព​ចេញ​វិញ​ក្នុង​ថ្ងៃទី១១ មីនា។ តែ​ទន្ទឹម​នឹង​ឈប់​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិទី៥ លោក​ប៊ូតេហ្វ្លីកា​ក៏​បាន​ប្រកាស​លើក​ថ្ងៃ​បោះឆ្នោត​ដោយ​មិន​បាន​កំណត់​ថ្ងៃ​ថ្មី​ទេ។

កាយវិកាយ​របៀប​នេះ​បាន​អនុញ្ញាត​ឲ្យ​លោក​ប៊ូតេហ្វ្លីកា​បន្ត​កាន់​តំណែង​អាណត្តិទី៤ រហូត​ដល់​ទីបញ្ចប់។ បន្ទាប់ និង​អ្វី​ដែល​ពលរដ្ឋ​ចង់​បាន​ជា​បន្ត គឺ​ការ​លា​ឈប់​ពី​តំណែង​របស់​លោក​ប៊ូតេហ្វ្លីកា​នៅ​ក្នុង​អាណត្តិទី៤។ គំនាប​លើ​លោក​ប៊ូតេហ្វ្លីកា​បន្ត​មាន​តាម​រយៈ​ក្បួន​បាតុកម្ម​ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាជន​នៅ​គ្រប់​ស្រទាប់​វណ្ណៈ។ ស្រាប់​តែ​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី២៦ មីនា អគ្គសេនាធិការ​កងទ័ព​ឧត្តមសេនីយ​អាម៉េដ ហ្កាយ សាឡា​បាន​ចូល​ខ្លួន​អន្តរាគមន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ​ស្នើ​ឲ្យ​ប្រើ​មាត្រាទី១០២ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​ដើម្បី​ដក​តំណែង​ប្រធានាធិបតី​ម្នាក់​ដែល​បាន​លា​ចុះ​ពី​មុខ​តំណែង ឬ​កំពុង​មាន​ជំងឺ​ប្រចាំកាយ​មិន​អាច​ដឹកនាំ​ប្រទេស​បាន។

លោក​ប៊ូតេហ្វ្លីកា​បាន​ចូល​ក្នុង​ករណី​ជា​ប្រធានាធិបតី​ដែល​កំពុង​មាន​ជំងឺ​ប្រចាំកាយ​មិន​អាច​ដឹកនាំ​ប្រទេស​បាន។ តែ​ដោយ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ធ្វើ​ដឹង ធ្វើ​ឮ​នឹង​សំណើ​មួយ​នេះ ឧត្តមសេនីយ​សាឡា​ក៏​បាន​លើក​យក​សំណើ​ដដែល​នេះ​ទៅ​និយាយ​ម្តង​ទៀត​កាល​ពី​ថ្ងៃទី៣០ មីនា​ដោយ​បញ្ជាក់​ច្បាស់ៗ​ថា មាន​តែ​វិធីសាស្រ្ត​មួយ​នេះ​ទើប​គេ​អាច​បិទបញ្ចប់​វិបត្តិ​សព្វថ្ងៃ​បាន។ ឃើញ​ថា គឺ​ការ​ជួយ​រុញ​របស់​កងទ័ព​ដែល​បាន​បង្ខំ​លោក​ប៊ូតេហ្វ្លីកា​ឲ្យ​ប្រកាស​ចុះ​ចេញ​ពី​តំណែង​ពេល​នេះ នោះ​បើ​ទោះ​បី​មិនមែន​ជា​ការ​ប្រើ​មាត្រាទី១០២ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​តាម​សំណើ​របស់​ឧត្តមសេនីយ​សាឡា​ក៏​ដោយ។

ក្រោយ​ពី​លោក​ប៊ូតេហ្វ្លីកា​បាន​ចុះ​ពី​កៅអី​ប្រធានាធិបតី

ទន្ទឹម​នឹង​ប្រកាស​ពី​ការ​ចុះ​ពី​តំណែង​របស់​លោក​ប៊ូតេហ្វ្លីកា​នៅ​មុន​ថ្ងៃទី២៨ មេសា​ដែល​ជា​ថ្ងៃ​បញ្ចប់​អាណត្តិទី៤ ផ្លូវការ វិមាន​ប្រធានាធិបតី​ក៏​បាន​ប្រកាស​ពី​គម្រោង​អនុម័ត​លើ​វិធានការ​សំខាន់ៗ​មួយ​ចំនួន​របស់​​លោក​ប៊ូតេហ្វ្លី​នា​ពេល​ខាង​មុខ តែ​មិន​បាន​លំអិត​អ្វី​បន្ថែម​ជុំ​វិញ​វិធានការ​ទាំង​នោះ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន និង​ដែល​មាត្រា​ទី១០២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ចែង គឺ​ទាក់ទង​នឹង​ឥស្សរជន​ដែល​ត្រូវ​កាន់​តំណែង​ប្រធានាធិបតី​ស្តីទី និង​សិទ្ធិអំណាច​របស់​ប្រធានាធិបតី​ស្តីទី។ តែ​នៅ​ក្នុង​ជំហាន​ដំបូង ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវ​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​កៅអី​ប្រធានាធិបតី​នៅ​ទំនេរ​ដោយ​បញ្ជូន​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​ទៅ​ឲ្យ​សភា​ទាំង​ពីរ។

តែ​មាត្រា​ទី១០២ ដដែល​មិន​បាន​បញ្ជាក់​ពី​ការ​ដែល​សភា​ទាំង​ពីរ​ត្រូវ​បោះឆ្នោត​ឬ​អត់​ទេ។ បន្ទាប់​មក គឺ​ប្រធាន​ក្រុមប្រឹក្សាជាតិ​ជា​អ្នក​ទទួល​តំណែង​ប្រធានាធិបតី​ស្តីទី​សម្រាប់​រយៈពេល​យ៉ាង​ច្រើន​បំផុត ៩០ថ្ងៃ។ តែ​បើ​ប្រធាន​ក្រុមប្រឹក្សាជាតិ​មិន​អាច​ធានា​រ៉ាប់រង​តំណែង​នេះ​បាន ទោះ​ក្រោម​ហេតុផល​អ្វី​ក៏​ដោយ តំណែង​ប្រធានាធិបតី​ស្តីទី​នឹង​ត្រូវ​ធ្លាក់​ក្នុង​ដៃ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រាប់​រយៈពេល​យ៉ាង​ច្រើន​បំផុត ៩០ថ្ងៃ​ដូច​គ្នា។ រយៈពេល ៩០ថ្ងៃ​ជា​រយៈពេល​ដែល​ប្រធានាធិបតី​ស្តីទី​ត្រូវ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី។ តែ​រូប​ប្រធានាធិបតី​ស្តីទី​មិន​អាច​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ​បាន​ទេ ហើយ​គ្មាន​សិទ្ធិ​រៀបចំ​បោះឆ្នោត​ប្រជាមតិ មិន​អាច​សើរើ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា។

ដើម្បី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ឬ​ដើម្បី​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​អ្វី​មួយ គឺ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​សភា និង​ព្រឹទ្ធសភា​ជាមុន​សិន។ ចំណែក​រដ្ឋាភិបាល​ក្នុង​សម័យ​អន្តរកាល​ក៏​មិន​ត្រូវ​អាច​រំលាយ ឬ​រុះរើ​ដោះដូរ​សមាសភាព​នៅ​មុន​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​ដែរ។ បើ​នាយករដ្ឋមន្រ្តី​ក្នុង​សម័យ​អន្តរកាល​ចេញ​ទៅ​ឈរ​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី នាយករដ្ឋមន្រ្តី​រូប​នោះ​នឹង​ត្រូវ​លាលែង​ជា​ស្វ័យប្រវត្តិ ហើយ​ត្រូវ​ដាក់​ជំនួស​ដោយ​សមាជិក​ម្នាក់​ក្នុង​រដ្ឋាភិបាល​ដែល​តែងតាំង​ដោយ​ប្រធានាធិបតី​ស្តីទី។

ក្រុម​បាតុករ​បន្ត​ទាមទារ​ឲ្យ​គាស់រំលើង​ប្រព័ន្ធ​ដឹកនាំ​របស់​លោក​ប៊ូតេហ្វ្លីកា

​បាតុកម្ម​ដំបូង​ក្នុង​ថ្ងៃទី២២ កុម្ភៈ ពលរដ្ឋ​អាល់ហ្សេរី​ប្រឆាំង​នឹង​ការ​ឈរ​ឈ្មោះ​ប្រធានាធិបតី​អាណត្តិទី៥ របស់​លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា។ តែ​ក្រោយ​ពី​លោក​ប៊ូតេហ្វ្លីកា​សម្រេច​ដក​បេក្ខភាព​ចេញ​វិញ​មក ពលរដ្ឋ​បាន​ទាមទារ​ឲ្យ​លោក​លា​ចេញ​ពី​តំណែង​ក្នុង​អាណត្តិទី៤ ព្រម​ទាំង​ឲ្យ​មាន​ការ​គាស់រំលើង​ប្រព័ន្ធ និង​ក្រុម​មនុស្ស​ដែល​កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ​ទាំង​អស់។ ក្រោម​ភ្នែក ច្រមុះ​របស់​ពលរដ្ឋ​អាល់ហ្សេរី​ទូទៅ ប្រព័ន្ធនយោបាយ​ដឹកនាំ​ផ្តាច់មុខ​ក្រោម​អំណាច​របស់​លោក​ប៊ូតេហ្វ្លីកា​រយៈពេល ២០ឆ្នាំ​បាន​ចាក់​ឫស​ដោយ​បក្ខពួក គ្រួសារនិយម និង​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ។

ការ​ប្រកាស​លា​ចុះ​​ពី​កៅអី​ប្រធានាធិបតី​របស់​លោក​ប៊ូតេហ្វ្លីកា​ពេល​នេះ​ពិត​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ តែ​វា​គ្រាន់​ជា​ជ្រុង​មួយ​នៃ​ការ​ទាមទារ​ប៉ុណ្ណោះ ព្រោះ​អ្វី​ដែល​​ដែល​ពួក​គេ​ចង់​បាន​បន្ទាប់ គឺ​ការ​លា​ចុះ​ទាំង​អស់​គ្នា ពោល​ក្រុម​មនុស្ស​ជំនិត​ជិត ឬ​ឆ្ងាយ​របស់​លោក​ប៊ូតេហ្វ្លីកា ពិសេស​ប្រធាន​ក្រុមប្រឹក្សាជាតិ​លោក​អាប់ឌែលកាឌែរ បេនសាឡា ឬ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លោក​តាយីប ប៊ីលេ។ តាម​ពិត​ទៅ ក្រុម​បាតុករ​អាល់ហ្សេរី​មិន​ចង់​បាន​នីតិវិធី​អន្តរកាល​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ទី១០២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ពេល​នេះទេ។ អ្វី​ដែល​ពួក​គេ​ចង់​បាន គឺ​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី។ តើ​ការ​ប្រកាស​លា​ចុះ​ពី​តំណែង​របស់​លោក​ប៊ូតេហ្វ្លីកា​ពេល​នេះ​មិនមែន​ធ្លាក់​មក​យឺត​ពេល​ពេក​ទេ​ឬ?។ នេះ​ជា​សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ។

យ៉ាង​ណា​ក៏​ដោយ ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែងឆ្ងាយ និង​ស្មុគស្មាញ​ខ្លាំង​ដើម្បី​អាច​ឲ្យ​ប្រទេស​អាល់ហ្សេរី​ត្រឡប់​មក​រក​ស្ថិរភាព និង​ភាព​ប្រក្រតី​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ