អានតួអត្ថបទ
លីប៊ី

លីប៊ី៖​សេនាប្រមុខ​ហាវតារ​បញ្ជា​ឲ្យ​កងទ័ព​វាយដណ្តើម​យក​ទីក្រុង​ទ្រីប៉ូលី

នៅ​ក្នុង​ប្រទេស​លីប៊ី សេនាប្រមុខ​ខាលីហ្វា ហាវតារ​ដែល​ជា​មនុស្ស​ខ្លាំង​ប្រចាំ​តំបន់​ប៉ែក​ខាងកើត​នៃ​ប្រទេស​លីប៊ី​បាន​ចេញ​បញ្ជា​ឲ្យ​កម្លាំងទ័ព​របស់​ខ្លួន​វាយ​ចូល​ទីក្រុង​ទ្រីប៉ូលី។ លោក​ហាវតារ​បាន​ចេញ​បញ្ជា​នេះ​ពី​បន្ទប់​ប្រតិបត្តិការ​នៃ​មូលដ្ឋានទ័ព​ក្នុង​ទីក្រុង​បេនហ្គាហ្ស៊ី​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មេសា។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​បង្ខំ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​កោះ​ប្រជុំ​បន្ទាន់​មួយ​នៅ​យប់​ថ្ងៃ​សុក្រ ទី៥ មេសា​នេះ។

នៅ​លីប៊ី ​សេនាប្រមុខ​ហាវតារ​បញ្ជា​ឲ្យ​កងទ័ព​វាយដណ្តើម​យក​ទីក្រុង​ទ្រីប៉ូលី
នៅ​លីប៊ី ​សេនាប្រមុខ​ហាវតារ​បញ្ជា​ឲ្យ​កងទ័ព​វាយដណ្តើម​យក​ទីក្រុង​ទ្រីប៉ូលី Reuters TV via REUTERS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​វាយ​យក​បាន​ស្រុក​ចំនួន​ពីរ​ស្ថិត​ប៉ែក​ខាង​កើត និង​ខាង​លិច​ទីក្រុង​ទ្រីប៉ូលី​មក គឺ​ទីក្រុង​ទ្រីប៉ូលី​ដែល​ជា​គោលដៅ​ចុង​ក្រោយ​របស់​កម្លាំង​ស្មោះស្ម័គ្រ​នឹង​សេនាប្រមុខ​ខាលីហ្វា ហាវតារ មេបញ្ជាការ​កងទ័ពជាតិ​លីប៊ី។ គួរ​រម្លឹក​ថា មនុស្សខ្លាំង​លីប៊ី​ប្រចាំ​តំបន់​ប៉ែកខាង​កើត​រូប​នេះ​មិន​ដែល​លាក់កំបាំង​នូវ​មហិច្ឆតា និង​ដំណោះស្រាយ​ផ្លូវ​យោធា​សម្រាប់​ប្រទេស​លីប៊ី ហើយ​ធ្លាប់​បាន​បញ្ជាក់​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ពី​បំណង​វាយ​យក​ទីក្រុង​ទ្រីប៉ូលី។ នៅ​ក្នុង​សារសំឡេង​មួយ​ផ្សាយ​តាម​បណ្តាញ​សង្គម Facebook នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មេសា សេនាប្រមុខ​ហាវតារ​បាន​សន្យា​បញ្ចៀស​ការ​ប៉ះពាល់​ដល់​ស្ថាប័ន​របស់​រដ្ឋ ការ​ស្លាប់​ជនស៊ីវិល និង​ជន​បរទេស។

ចំណែក​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​កងទ័ពជាតិ​លីប៊ី​បាន​បង្ហាញ​នូវ​រូបភាព​ក្បួន​រថយន្ត​ទាហាន និង​កម្លាំង​កងទ័ព​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទីតាំង​កំណត់​មួយ។ ព័ត៌មាន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា កម្លាំងទ័ព​របស់​សេនាប្រមុខ​ហាវតារ​កំពុង​បោះ​ទីតាំង​នៅ​ក្នុង​ស្រុក​ពីរ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៦០គីឡូម៉ែត្រ​នៅ​ប៉ែក​ខាងកើត និង​ខាងលិច​ទីក្រុង​ទ្រីប៉ូលី។ ប្រតិបត្តិការ​ថ្មី និង​ជា​លើកទី១ ទៅ​កាន់​ទីក្រុង​ទ្រីប៉ូលី គឺ​ដើម្បី​បោស​សំអាត​ពួក​ភេរវជន និង​កម្លាំង​ស៊ីឈ្នួល នេះ​ជា​ការ​បញ្ជាក់​របស់​លោក​អាម៉េដ អាល់ មីស្មារី អ្នកនាំពាក្យ​របស់​កងទ័ពជាតិ​លីប៊ី។

ប្រឈម​នឹង​ស្ថានការណ៍​ដែល​មិន​បាន​រង់ចាំ​មួយ​នេះ លោក​ហ្វាយេ អាល់ សារ៉ា ប្រមុខ​រដ្ឋាភិបាល​សហភាពជាតិ​នៅ​ទីក្រុង​ទ្រីប៉ូលី​បាន​បរិហារ​លើ​ទង្វើ​បង្ក​រឿង​របស់​សេនាប្រមុខ​ហាវតារ និង​បាន​ប្រកាស​ដាក់​កម្លាំងទ័ព​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​ដើម្បី​ប្រយុទ្ធ​ទល់​នឹង​កម្លាំង​របស់​សេនាប្រមុខ​ហាវតារ។ គួរ​បញ្ជាក់​ថា ទឹកដី​លីប៊ី​កំពុង​ពុះចែក​ជា​ពីរ នៅ​ប៉ែក​ខាង​កើត​កំពុង​កាន់កាប់​ដោយ​សេនាប្រមុខ​ហាវតារ និង​នៅ​ទីក្រុង​ទ្រីប៉ូលី​កំពុង​កាន់កាប់​ដោយ​រដ្ឋាភិបាល​សហភាពជាតិ​របស់​លោក​ហ្វាយេ អាល់ សារ៉ា​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍អន្តរជាតិ។

ទីក្រុង​វ៉ាស៊ីនតោន ប៉ារីស និង​ឡុងដ៏​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគីជម្លោះ​កាត់​បន្ថយ​ភាព​តានតឹង​ភ្លាមៗ។ ចំណែក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ដែល​កំពុង​មាន​វត្តមាន​ក្នុង​ទីក្រុង​ទ្រីប៉ូលី​ពេល​នេះ​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ជម្លោះ​មាន​ការ​អត់ធ្មត់។ នៅ​ទីក្រុង​ញូយ៉ក​នា​យប់​ថ្ងៃ​សុក្រ ទី៥ មេសា​នេះ ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​កោះ​ប្រជុំ​បន្ទាន់​មួយ​តាម​សំណើ​របស់​ប្រទេស​អង់គ្លេស​ដើម្បី​និយាយ​ពី​ស្ថានការណ៍​នៅ​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ