អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លីប៊ី៖​សេនាប្រមុខ​ខាលីហ្វា ហាវតារ​កំពុង​ក្លាយ​ជា​តួអង្គ​នយោបាយ​ដែល​សហគមន៍​អន្តរជាតិ​លែង​ហ៊ាន​មើលស្រាល?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​លីប៊ី ទោះ​បី​ជា​មាន​ការ​អំពាវនាវ​ពី​អង្គការ​សហប្រជាជាតិ និង​ពី​សហគមន៍​អន្តរជាតិ​ក៏​ដោយ ក៏​គេ​មិន​អាច​បញ្ចៀស​ការ​ប្រឈម​មុខ​ផ្លូវអាវុធ​យ៉ាង​ហិង្សា​រវាង​កម្លាំងទ័ពជាតិ​លីប៊ី​ដឹក​នាំ​ដោយ​សេនាប្រមុខ​ខាលីហ្វា ហាវតារ និង​កម្លាំងទ័ព​នៃ​រដ្ឋាភិបាលសហភាពជាតិ​របស់​លោក​នាយករដ្ឋមន្រ្តី​ហ្វាយេ អាល់ សារ៉ា​បាន​ដែរ។ តួលេខ​បណ្តោះអាសន្ន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៥នាក់​គិត​តាំង​ពី​ឧត្តមសេនីយ​ហាវតារ​បាន​បើក​ការ​វាយប្រហារ​លើ​ទីក្រុង​ទ្រីប៉ូលី​ក្នុង​ថ្ងៃទី៤ មេសា។ គួរ​រម្លឹក​ថា ក្រោយ​ពី​មេដឹកនាំ​ផ្តាច់ការ កាដាហ្វី​ធ្លាក់​ពី​អំណាច​ក្នុង​ឆ្នាំ ២០១១ និង​តាំង​ពី​លីប៊ី​ធ្លាក់​ក្នុង​សង្រ្គាម​ដណ្តើម​អំណាច​គ្នា​ក្នុង​ឆ្នាំ ២០១៤ មក ទឹកដី​លីប៊ី​បាន​ពុះចែក​ជា​ពីរ​មក​ដល់​សព្វថ្ងៃ ហើយ​ពេល​នេះ មាន​តែ​រដ្ឋាភិបាលសហភាពជាតិ​របស់​លោក​ហ្វាយេ អាល់ សារ៉ា​មួយ​គត់​ដែល​សហគមន៍អន្តរជាតិ​បាន​ទទួល​ស្គាល់។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ គឺ​លោក​ហាវតារ​ដែល​សហគមន៍អន្តរជាតិ​លែង​ហ៊ាន​មើល​ស្រាល។

កម្លាំងទ័ព​របស់​សេនាប្រមុខ​ខាលីហ្វា ហាវតារ​កំពុង​បើក​ប្រតិបត្តិការ​សឹក​វាយយក​ទីក្រុង​ទ្រីប៉ូលី
កម្លាំងទ័ព​របស់​សេនាប្រមុខ​ខាលីហ្វា ហាវតារ​កំពុង​បើក​ប្រតិបត្តិការ​សឹក​វាយយក​ទីក្រុង​ទ្រីប៉ូលី REUTERS/Esam Omran Al-Fetori
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ និង​ទោះ​បី​ជា​សេនាប្រមុខ​ខាលីហ្វា ហាវតារ​ធ្លាប់​បាន​ព្រមាន​វាយប្រហារ​ដណ្តើម​យក​ទីក្រុង​ទ្រីប៉ូលី​ច្រើន​ដង​ក៏​ដោយ ក៏​គ្មាន​ប្រទេស​បស្ចិមលោក​ណា​មួយ​ខ្វាយខ្វល់ និង​យក​ត្រចៀកស្តាប់​ដែរ។ លើស​ពី​នេះ មាន​ប្រទេស​ខ្លះ​ថែម​ទាំង​ហ៊ាន​ប្រដូច​សម្តី​លោក​ហាវតារ​ទៅ​នឹង​ឆ្កែព្រូស​មិន​ដែល​ខាំ និង​ជា​ឧត្តមសេនីយ​កំប្លែង​ម្នាក់​ទៀត​ផង។ តែ​តាម​រយៈ​ការ​បើក​យុទ្ធនាការ​វាយប្រហារ​លើ​ទីក្រុង​ទ្រីប៉ូលី​ពេល​នេះ សេនាប្រមុខ​ហាវតារ​កំពុង​ធ្វើ​ឲ្យ​បស្ចិមលោក​ភ្ញាក់ផ្អើល និង​បើក​ភ្នែក​ធំៗ។ គួរ​រម្លឹក​ថា តាំង​ពី​លីប៊ី​បាន​ផ្តួល​រំលំ​របប​ផ្តាច់ការ​របស់​កាដាហ្វី​ក្នុង​ឆ្នាំ ២០១១ និង​តាំង​ពី​លីប៊ី​ធ្លាក់​ក្នុង​សង្រ្គាម​ដណ្តើម​អំណាច​គ្នា​ក្នុង​ឆ្នាំ ២០១៤ មក ប្រទេស​ជង្រុកប្រេងកាត​នៅ​អាហ្រ្វិក​មួយ​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ​មក​ដល់​សព្វថ្ងៃ។

នៅ​ម្ខាង សេនាប្រមុខ​ខាលីហ្វា ហាវតារ​កំពុង​សោយរាជ្យ​នៅ​តំបន់​ប៉ែកខាងកើត​ជាមួយ​នឹង​កម្លាំងទ័ព​ក្រោម​ឈ្មោះ « កម្លាំងទ័ពជាតិលីប៊ី »។ ចំណែក​នៅ​ម្ខាង​ទៀត នាយរដ្ឋមន្រ្តី​លោក​ហ្វាយេ អាល់ សារ៉ា​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​កំពុង​កាន់​កាប់​ទីក្រុង​ទ្រីប៉ូលី។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ទន្ទឹម​នឹង​ជម្លោះ​ហែកហួរ​ដណ្តើម​អំណាច​របស់​ភាគី​ផ្ទៃក្នុង​ទាំង​ពីរ លីប៊ី​ក៏​ត្រូវ​បាន​ញាំញី​ដោយ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដែរ។ គឺ​ពួក​ជីហាត​នេះ​ឯង​ដែល​មនុស្សខ្លាំង​នៅ​ប៉ែកខាង​កើត​សេនាប្រមុខ​ហាវតារ​មិន​ញញើត​នឹង​បើក​ប្រតិបត្តិការ​បោសសំអាត​ដោយ​ដណ្តើម​បាន​វិញ​នូវ​ស្ថានីយ៍​បូមប្រេងឆៅ​ក្នុង​តំបន់​ឈូងសមុទ្រ​សៀត។

គឺ​ជោគជ័យ​ផ្លូវយោធា​លើ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ជា​បន្តបន្ទាប់​ដែល​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ឧត្តមសេនីយ​ហាវតារ និង​បស្ចិមលោក​មាន​ការ​ផ្លាស់ប្តូរ​ជា​ចំហ​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៦ ឬ​និយាយ​ឲ្យ​ស្រួល​យល់ មនុស្សខ្លាំង​លីប៊ី​រូប​នេះ​ទទួល​បាន​ការ​រាប់រក​ពី​បស្ចិមលោក​កាន់​តែ​ច្រើន។ ពិតណាស់ មនុស្សខ្លាំង​នៅ​លីប៊ី​ដែល​សហគមន៍​អន្តរជាតិ​បាន​ទទួល​ស្គាល់​ស្របច្បាប់ គឺ​លោក​លោក​ហ្វាយេ អាល់ សារ៉ា។ តែ​ក្រោម​ភ្នែក ច្រមុះ​របស់​សហគមន៍​អន្តរជាតិ​ដដែល សេនាប្រមុខ​ហាវតារ​បាន​បំពេញ​ការងារ​ត្រឹមត្រូវ ពិសេស​ក្នុង​ផ្នែក​សន្តិសុខ​នៅ​យុទ្ធនាការ​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម។ គឺ​អសមត្ថភាព និង​កង្វះ​លទ្ធផល​ជាក់ស្តែង​ក្នុង​ការ​បង្រួបបង្រួមជាតិ ពិសេស​ក្នុង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច​របស់​លោក​សារ៉ា​ដែល​បាន​ជួយ​លើក​រូបភាព​សេនាប្រមុខ​ហាវតារ​បន្ថែម​ទៀត​នៅ​ពេល​នេះ។

តើ​ការ​ដែល​ឧត្តមសេនីយ​ហាវតារ​បាន​បើក​ប្រតិបត្តិការសឹក​លើ​ទីក្រុង​ទ្រីប៉ូលី​ពេល​នេះ មិនមែន​ជា​ការ​បំផ្លាញ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ចុង​ក្រោយ និង​មិនមែន​កំពុង​នាំ​ប្រទេស​លីប៊ី​ទៅ​រក​ស្ថានការណ៍​ដូច​កាល​ពី ៥ឆ្នាំ​មុន​ទេ ឬ​យ៉ាង​ណា?។ ក្តីបារម្ភ​របស់​សហគមន៍​អន្តរជាតិ​នៅ​ពេល​នេះ គឺ​ខ្លាច​លីប៊ី​ធ្លាក់​ក្នុង​សង្រ្គាមហែកហួរ​កាន់​តែ​ខ្លាំង ព្រោះ​ចង់ ឬ​មិន​ចង់ វា​ជា​សង្រ្គាម​ប្រឈម​មុខ និង​ជា​ចំហ​រវាង​កម្លាំង​លោក​សារ៉ា និង​កម្លាំង​ឧត្តមសេនីយ​ហាវតារ នោះ​បើ​ទោះ​បី​ជា​ឧត្តមសេនីយ​រូប​នេះ​បាន​បញ្ជាក់​ថា ជា​ប្រតិបត្តិការ​កំចាត់​ពួក​ជ្រុលនិយម​នៅ​ក្នុង​ទីក្រុង​ក៏​ដោយ។ គួរ​រម្លឹក​ថា សហគមន៍​អន្តរជាតិ​ធ្លាប់​បាន​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​ច្រើន​ដង​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​លីប៊ី។

ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៧ និង​ខែ​ឧសភា ឆ្នាំ ២០១៨ កន្លង​ទៅ ប្រទេស​បារាំង​ដោយ​មាន​ការ​រួម​សហការណ៍​ពី​ប្រមុខ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​លីប៊ី​ធ្លាប់​បាន​រៀបចំ​ឲ្យ​មាន​ជំនួប​ពីរ​ដង​រវាង​លោក​សារ៉ា និង​ឧត្តមសេនីយ​ហាវតារ។ សេណារីយ៉ូ និង​ផែនទីចង្អុល​ផ្លូវ​ដែល​ទីក្រុង​ប៉ារីស​ចង់​បាន គឺ​ផ្សះផ្សា និង​ការ​ចែកអំណាច​រវាង​បុរសខ្លាំង​ទាំង​ពីរ​លោក​សារ៉ា និង​លោក​ហាវតារ​តាម​រយៈ​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី និង​ការ​រៀបចំ​បោះឆ្នោត​សភា។ តែ​នៅ​មិន​ទាន់​អាច​ជំនះ​ភាគី​ទាំង​ពីរ​បាន​នៅ​ឡើយ។ នា​ដំណាច់​ខែ​កុម្ភៈ​ថ្មីៗ​កន្លង​ទៅ ពោល​ក្នុង​ពេល​ដែល​សេនាប្រមុខ​ហាវតារ​កំពុង​មាន​កម្លាំង​ខ្លាំង​ជាង​គូប្រជែង​ក្នុង​ផ្លូវ​យោធា កិច្ចប្រជុំ​បន្ទាន់​មួយ​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ទីក្រុង​អាប៊ូដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ តែ​លោក​សារ៉ា និង​លោក​ហាវតារ​បាន​ត្រឹម​ព្រមព្រៀង​ចែក​អំណាច​គ្នា​ត្រឹម​ជា​ពាក្យសម្តី​ដោយ​គ្មាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ជា​សំណេរ​ណា​មួយ​ឡើយ។

គេ​ពិបាក​នឹង​ទម្លាក់​កំហុស​ដាក់​លើ​នរណា​ម្នាក់​ចំពោះ​បរិបទ​នយោបាយ​នៅ​លីប៊ី​ដែល​កំពុង​ឈាន​មក​ដល់​ផ្លូវរបត់​ថ្មី​ពេល​នេះ។ តែ​ក្រុម​អ្នកវិភាគ​ខ្លះ​ហាក់​បាន​ចាត់​ទុក​ជា​បរាជ័យ​របស់​សហគមន៍​អន្តរជាតិ ហើយ​សម្រាប់​ក្រុម​អ្នកវិភាគ​ខ្លះ​ទៀត​បែរ​ជា​បាន​លើក​ឡើង​ពី​ការ​លូកដៃ និង​ពី​ការ​មាន​ជំហរ​មិន​ដូច​គ្នា​របស់​ប្រទេស​នីមួយៗ ពិសេស​ប្រទេស​ក្នុង​តំបន់​ចំពោះ​វិបត្តិ​លីប៊ី។ គឺ​ការ​លូកដៃ និង​ជំហរ​ខុស​គ្នា​នេះ​ហើយ​ដែល​គេ​ពិបាក​បង្រួបបង្រួម​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ។ រហូត​មក​ដល់​ពេល​នេះ សេនាប្រមុខ​ហាវតារ​បាន​ប្រើ​យុទ្ធសាស្រ្ត​ចរចា​ផ្លូវនយោបាយ​ស្រប​គ្នា​នឹង​យុទ្ធសាស្រ្ត​រុញ​កម្លាំងទ័ព​ទៅ​សមរភូមិ។ ចង់ ឬ​មិន​ចង់ យុទ្ធសាស្រ្ត​មួយ​នេះ​ហាក់​កំពុង​ធ្វើ​ឲ្យ​ឧត្តមសេនីយ​ហាវតារ​មាន​ប្រៀប​ជាង​លោក​សារ៉ា និង​បាន​ធ្វើ​ឲ្យ​ឧត្តមសេនីយ​វ័យ ៧៥ឆ្នាំ​រូប​នេះ​កំពុង​ក្លាយ​ជា​តួអង្គ​នយោបាយ​មួយ​យ៉ាង​សំខាន់​ដែល​សហគមន៍​អន្តរជាតិ​លែង​ហ៊ាន​មើលស្រាល​ដូច​មុន​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ