អានតួអត្ថបទ

ប្រមុខ​យោធា​ស៊ូដង់ ប្រកាស​បញ្ចប់​សករាជ​របស់​លោក Omar El Bechir

ស៊ូដង់​កំពុង​ស្ថិតស្ថានភាព​​ច្របូកច្របល់ ក្រោម​ក្រសែ​ភ្នែក​តាមដាន​ពី​សំណាក់​សហគមន៍​​​អន្តរជាតិ​​។ ប្រធានាធិបតី​ស៊ូដង់ លោកអូម៉ារ អេលបាស្ហៀរ Omar el Béchir ដែលកាន់អំណាច​តាំង​ពី​ឆ្នាំ​១៩៨៩មក ​បាន​​លាលែង​ចេញ​ពី​តំណែង។​ ការ​ពិគ្រោះ​យោបល់​​រៀប​ចំ​ក្រុម​ប្រឹក្សា​ដឹកនាំ​ប្រទេស​ឆ្លង​​អន្តរកាល ទំនង​កំពុង​ចាប់​ផ្តើម។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយ​អះអាង​ទៀត​ថា ក្រុមប្រឹក្សា​យោធា​ ត្រូវ​ទទួល​បន្ទុក​ដឹកនាំ​ប្រទេសជំនួស​រយៈ​ពេល​ពីរ​ឆ្នាំ។

ក្រុម​អ្នក​ប្រឆាំង​នឹង​លោក Omar el-Béchir បាន​ចូល​រួម​ជាមួយ​យោធា​មក​កាន់កាប់​ចំណុច​សំខាន់ៗ​នៅ​រដ្ឋ​ធានី
ក្រុម​អ្នក​ប្រឆាំង​នឹង​លោក Omar el-Béchir បាន​ចូល​រួម​ជាមួយ​យោធា​មក​កាន់កាប់​ចំណុច​សំខាន់ៗ​នៅ​រដ្ឋ​ធានី AFP
ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍​ជាតិ​ស៊ូដង់​បាន​ប្រកាស​តាំង​ពី​ព្រឹក​ថ្ងៃព្រហស្បតិ៍​មក​ថា យោធា​ត្រៀម​ចេញ​ “សេចក្តីថ្លែងការណ៍​ដ៏​សំខាន់​មួយ” ហើយ​កងកម្លាំង​យោធា ទាំង​កងៗ ​ក៏​បាន​មក​កាន់​កាប់​​ទីតាំង សំខាន់ៗ និង​ជា​​យុទ្ធសាស្ត្រ​​នៃ​រដ្ឋធានី ខាទុំ។ ទីស្នាក់ការ​ចលនា​អ៊ីស្លាម​ជ្រុលនិយម​របស់​លោក​បាស្ហៀរ ក៏​ត្រូវ​បាន​យោធា​ចូល​កាន់កាប់​ដែរ។ នេះ​បើ​តាម​ប្រភពអ្នកសារព័ត៌មាន​​Reuters។ ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ ពលរដ្ឋ​រាប់​សិប​នាក់ និង​កាន់​តែ​ច្រើនឡើងៗ​ បាន​បន្ត​គ្នា​បន្ត​​ប្រមូល​ផ្តុំ​គ្នា នៅ​តាម​ដង​ផ្លូវ ពិសេស​នៅ​មុខ​ទីស្នាក់ការ​ក្រសួង​ការពារជាតិ ដែល​ពួក​គេ​បាន​មក​បោះជំរំ​តាំងទី តាំង​ពី​អាទិត្យ​មុន​មក។

ចំណែក​​ប្រធានាធិបតី​ស៊ូដង់ លោក អូម៉ារ អេលបាស្ហៀរ ដែល​កាន់​អំណាច​​តាំង​ពីឆ្នាំ​១៩៨៩មក ត្រូវ​បា​ន​ដក​​តំណែង​ហើយនិង​កំពុង​ត្រូវ​បាន​គេយក​ទៅ​​​​ឃុំ​ឃាំង​នៅ​ក្នុង​​កន្លែង​មាន​សុវត្ថិភាព​មួយ។ ការងារ​​ដឹកនាំ​ប្រទេសឆ្លង​អន្តរកាល​ ត្រូវ​ស្ថិត​នៅ​ក្រោម​បន្ទុក​របស់​ក្រុមប្រឹក្សា​យោធា រយៈ​ពេលពីរ​ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ លោក Awad Ahmed Benawf។

សូម​បញ្ជាក់​ថា ​ស្ថានការណ៍ប្រទេស​បាន​ធ្លាក់​ដល់​កំរិត​​ថ្ងៃ​នេះ កើត​ចេញ​ពី​កម្លាំង​​​របស់​ប្រជាពលរដ្ឋ​ស៊ូដង់ ដែល​បាន​នាំ​គ្នា​ក្រោក​ឈរ​ធ្វើ​បាតុកម្ម ជា​បន្ត​បន្ទាប់​​ តាំង​ពីថ្ងៃទី ១៩​ធ្នូ​មក ដើម្បី​បរិហារ​ ការ​ឡើង​ថ្លៃទំនិញ​និ​ងឱនភាព។ ​បាតុកម្ម​ក៏​បាន​ប្រែទម្រង់​បន្តិចម្តងៗ ក្លាយ​ជា​បាតុកម្ម​ប្រឆាំង​នឹងនយោបាយដឹកនាំ​របស់​លោក អូម៉ារ អេលបាស្ហៀរ ។ បាតុកម្ម​បាន​ស្គាល់​របត់​ថ្មី ដោយ​កាលពីចុង​​សប្តាហ៍មុន​ដោយ​​ក្រុមយោធា​បាន​​ចូល​ធ្វើ​អន្តរាគមន៍​ការពារ​បាតុករ​ និងមាន​ការ​ប៉ះទង្គិច​ជាមួយក្រុម​ភ្នាក់ងារ​ចារកិច្ច និង​សន្តិសុខ​​របស់​រដ្ឋាភិបាល រហូត​មានស្លាប់១១​នាក់ ក្នុង​នោះ​៦​នាក់​ជា​​យោធា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ