អានតួអត្ថបទ
លីប៊ី

ឧត្តមស្នងការដ្ឋាន​ជនភៀសខ្លួន​អន្តរជាតិ​កំពុង​បារម្ភ​ពី​ជោគវាសនា​របស់​ជនអន្តោប្រវេសន៍​នៅ​លីប៊ី

នៅ​ក្នុង​ប្រទេស​លីប៊ី ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​មាន​រវាង​កម្លាំង​របស់​សេនាប្រមុខ​ខាលីហ្វា ហាវតារ​ដែល​ជា​មនុស្ស​ខ្លាំង​ប្រចាំ​តំបន់​ប៉ែក​ខាងកើត និង​កម្លាំងទ័ព​របស់​នាយករដ្ឋមន្រ្តី​លោក​ហ្វាយេ អាល់ សារ៉ា​ក្នុង​ទីក្រុង​ទ្រីប៉ូលី។ គួរ​រម្លឹក​ថា កម្លាំងទ័ព​របស់​ឧត្តមសេនីយ​ហាវតារ​បាន​បើក​ការ​វាយប្រហារ​លើ​ទីក្រុង​ទ្រីប៉ូលី​តាំង​ពី​ថ្ងៃទី៤ មេសា។ តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ការ​ប្រយុទ្ធ​គ្នា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១២១នាក់ និង​របួស​ជិត ៦០០នាក់​ផ្សេង​ទៀត។ ខណៈ​នេះ និង​អ្វី​ដែល​ឧត្តមស្នងការដ្ឋាន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន HCR កំពុង​បារម្ភ​ខ្លាំង គឺ​ជោគវាសនា​របស់​ជនអន្តោប្រវេសន៍​នៅ​តាម​ជំរុំ​ដែល​ស្ថិត​ក្នុង​តំបន់​ជម្លោះ។ នៅ​ក្នុង​ន័យ​នេះ លោក​តារិក អាហ្កាស់ អ្នក​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​របស់ HCR បាន​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​ជនអន្តោប្រវេសន៍​ទាំង​នោះ​ចេញ​ពី​ជំរំឃុំឃាំង រួច​យក​ពួក​គេ​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង​ឲ្យ​ឆ្ងាយ​ពី​តំបន់​ជម្លោះ។

ឧត្តមស្នងការដ្ឋាន​ជនភៀសខ្លួន​អន្តរជាតិ​កំពុង​បារម្ភ​ពី​ជោគវាសនា​របស់​ជនអន្តោប្រវេសន៍​នៅ​លីប៊ី
ឧត្តមស្នងការដ្ឋាន​ជនភៀសខ្លួន​អន្តរជាតិ​កំពុង​បារម្ភ​ពី​ជោគវាសនា​របស់​ជនអន្តោប្រវេសន៍​នៅ​លីប៊ី REUTERS/Ismail Zitouny
ផ្សាយពាណិជ្ជកម្ម

« នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី មាន​ជនភៀសខ្លួន​ជាង ៣ ០០០នាក់​កំពុង​រស់នៅ​ក្នុង​ជំរំ​ឃុំឃាំង ហើយ​នៅ​តំបន់​ប៉ែកខាងត្បូង មាន​ជំរំ​ឃុំឃាំង​យ៉ាង​តិច​ចំនួន ៣ដែល​ស្ថិត​ក្បែរ​តំបន់​ជម្លោះ និង​ដែល​ក្រុម​ជនភៀសខ្លួន​នៅ​ក្នុង​ជំរំ​ទាំង​នេះ​មិន​អាច​ចាក​ចេញ​បាន​ទេ។ អ៊ីចឹង​ហើយ​បាន​ជា HCR បាន​ស្នើ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង និង​ជម្លៀស​ពួក​គេ​ឲ្យ​បាន​ឆាប់​បំផុត ព្រោះ​រដ្ឋអំណាច​លីប៊ី​មិន​អាច​ធានា​ពី​សន្តិសុខ និង​សុវត្ថិភាព​របស់​ជនភៀសខ្លួន​ទាំង​នោះ​បាន​ទេ។

កាល​ពី​ថ្ងៃ​អង្គារ ទី៩ មេសា​កន្លង​ទៅ ក្រុម​បុគ្គលិក​របស់ HCR បាន​រំដោះ​ជនភៀសខ្លួន​ចំនួន ១៥០នាក់​ពី​ជំរំ​ឃុំឃាំង​ទៅ​ដាក់​ក្នុង​ជំរំ​របស់ HCR ក្នុង​ទីក្រុង​ទ្រីប៉ូលី។ នៅ​ក្នុង​ជំរំ​គ្រប់គ្រង​ដោយ HCR យើង​អាច​ធានា​ពី​សន្តិសុខ និង​សុវត្ថិភាព​របស់​ពួក​គេ តែ​នៅ​សល់​ជនភៀសខ្លួន​ដល់​ទៅ​ជាង ១ ៤០០នាក់​ទៀត​ដែល​កំពុង​រស់នៅ​ក្នុង​ជំរំ​ប៉ែក​ខាងត្បូង​ស្ថិត​ក្បែរ​តំបន់​ជម្លោះ។

ម្យ៉ាង​ទៀត និង​គួរ​ឲ្យ​ស្តាយ រដ្ឋអំណាច​លីប៊ី​មិន​យល់ព្រម​ឲ្យ​មាន​ការ​ដោះលែង និង​ផ្ទេរ​ជនភៀសខ្លួន ជនអន្តោប្រវេសន៍​ពី​ជំរំ​ក្បែរ​តំបន់​ជម្លោះ​ទៅ​ដាក់​នៅ​ជំរំ​ផ្សេង​ដែល​មាន​សន្តិសុខ​ល្អ​ជាង។ អ៊ីចឹង​ហើយ​បាន​ជា​ថ្មី​ម្តង​ទៀត យើង​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​ពួក​គេ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ជ្រកកោណ​កន្លែង​ផ្សេង​គេច​ពី​តំបន់​ដែល​កំពុង​ប្រឈម​នឹង​ជម្លោះ​ប្រដាប់​អាវុធ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ